ចំពោះអ្នកមីង លីធូវ៉ឹង ប្រធានសាខាសមាគមនារីភូមិហូយទ្រុង ឃុំលិតហូយធឿង ទីក្រុងកឹងធើ ក្តីរីករាយក្នុងការងារសមាគមមិនត្រឹមតែឃើញបណ្តាចលនាបានសមាជិកាសមាគមគាំទ្រប៉ុណ្ណោះទេ ថែមទាំងនៅពេលឃើញបងប្អូននារីម្នាក់ៗជម្នះការលំបាក មានការងារធ្វើ រកបានប្រាក់ចំណូលស្ថិរភាព ហើយជីវភាពកាន់តែធូរធារ។ ដោយការអស់ពីចិត្តពីថ្លើមចំពោះការងារជាង១៥ឆ្នាំកន្លង អ្នកមីងបានក្លាយជាទីបង្អែកដ៏គួរទុកចិត្ត ជាអ្នកតភ្ជាប់ទឹកចិត្តមេត្តាករុណា រួមចំណែកកសាងអង្គការសមាគមកាន់តែរឹងមាំ។
ផ្សារភ្ជាប់ជាមួយការងារសមាគមតាំងពីឆ្នាំ២០០៥ លុះដល់ឆ្នាំ២០១០ អ្នកមីងវ៉ឹង ក៏ទទួលបានការទំនុកចិត្តបោះឆ្នោតជ្រើសរើសធ្វើជាប្រធានសាខាសមាគមនារីភូមិហូយទ្រុង។ ពេលទទួលភារកិច្ចថ្មី អ្នកមីងតែងគិតក្នុងចិត្តថា បើចង់ចលនាសមាជិកាធ្វើតាម ខ្លួនយើងត្រូវតែធ្វើជាគំរូមុនសិន; បើចង់ឱ្យបងប្អូននារីផ្សារភ្ជាប់នឹងអង្គការសមាគម មុនដំបូងត្រូវយកចិត្តទុកដាក់ គិតគូរដល់ជីវភាពនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់។ គំនិតនេះបានក្លាយជាកម្លាំងជំរុញឱ្យអ្នកមីងខិតខំឥតឈប់ឈរ លះបង់ចិត្តគំនិតជាច្រើនសម្រាប់ការងារសមាគម។

អ្នកមីង លីធូវ៉ឹង (ខាងស្ដាំ) ជាគំរូឆ្នើមនៃប្រធានសាខាសមាគមនារីភូមិហូយទ្រុងដែលអស់ពីចិត្តចំពោះសមាជិកា។
នឹកដល់ថ្ងៃដំបូងទទួលតួនាទីជាប្រធានសាខាសមាគម អ្នកមីងវ៉ឹង បានឱ្យដឹង៖ "ពេលនោះសាខាសមាគមមានសមាជិកាត្រឹមតែដប់ម្ភៃនាក់ប៉ុណ្ណោះ ភាគច្រើនប្រកបរបរកសិកម្ម ប្រាក់ចំណូលមិនទៀងទាត់ ជីវភាពនៅខ្វះខាតច្រើន។ យល់ពីការលំបាករបស់បងប្អូននារី ខ្ញុំតែងរិះរកវិធីជួយសមាជិកាឱ្យមានមុខរបរចិញ្ចឹមជីវិតបន្ថែម កែលម្អប្រាក់ចំណូល។ ខ្ញុំម្ចាស់ការស្វែងយល់ស្ថានភាពគ្រួសារនីមួយៗ ក្តាប់ច្បាស់ចិត្តគំនិត បំណងប្រាថ្នា ដើម្បីមានទិសដៅជំនួយសមស្រប។ សម្រាប់ខ្ញុំ ជួយឱ្យសមាជិកាមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចមិនត្រឹមតែជាការទំនួលខុសត្រូវរបស់កម្មាភិបាលសមាគមប៉ុណ្ណោះទេ ថែមទាំងជាក្តីរីករាយពេលឃើញបងប្អូននារីជាជំហានៗរីកចម្រើនដោយកម្លាំងពលកម្មរបស់ខ្លួន"។ ចាប់ពីក្តីខ្វល់ខ្វាយទាំងនោះ អ្នកមីងបានសហការ ស្នើធនាគារគោលនយោបាយសង្គមបង្កលក្ខណៈឱ្យសមាជិកាកៀកជិតប្រភពទុនបុលអាទិភាព។ ជាមធ្យមរៀងរាល់ឆ្នាំមានសមាជិកា ប្រមាណ២០នាក់បានជំនួយបុលទុន ដោយចំនួនទឹកប្រាក់សរុប១ពាន់លានដុង ដើម្បីវិនិយោគលក់ដូរតូចតាច ដាំដំណាំ ចិញ្ចឹមជ្រូក...។ ពេលបុលបានដើមទុន បងប្អូននារីក៏បានវិនិយោគអភិវឌ្ឍការផលិត ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល និងលំនឹងជីវភាព។ មិនត្រឹមតែជួយឱ្យបងប្អូននារីកៀកជិតទុនបុលប៉ុណ្ណោះទេ អ្នកមីងថែមទាំងបំផុសស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកតាមរយៈទម្រង់ហ៊ុនទុន។ មកដល់ពេលនេះ អ្នកមីងបានកៀរគរសមាជិកាជិត៦០នាក់ចូលរួម ម្នាក់ៗចូលរួម១០០.០០០ដុងក្នុងមួយខែ ដើម្បីបង្ក ប្រភពទុនវិលជុំជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។ ទឹកប្រាក់ទាំងនេះថ្វីត្បិតតែមិនច្រើន ប៉ុន្តែពោរពេញដោយមនោសញ្ចេតនា ជួយបងប្អូននារីមានលក្ខណៈវិនិយោគលើការផលិតបន្ថែម។ ចាប់ពីកិច្ចការទាំងនេះ មានសមាជិកាជាច្រើនបានជម្នះការលំបាក ឈានឡើងចាកផុតពីភាពក្រីក្រ។ នោះក៏ជាការលើកទឹកចិត្តឱ្យអ្នកមីងបន្តផ្សារភ្ជាប់ លះបង់សម្រាប់ចលនាសមាគម។

អ្នកមីង លីធូវ៉ឹង (ខាងឆ្វេង) សហការជាមួយអង្គការ សមាគមឃោសនាអំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋដល់ប្រជាជន។
ក្រៅពីគិតគូរដល់ជីវភាពសមាជិកាសមាគម អ្នកមីងវ៉ឹង ថែមទាំងចលនាបងប្អូននារីចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មីយ៉ាងសកម្ម។ ចាប់ពីកិច្ចការសាមញ្ញៗដូចជា កាប់ឆ្ការគុម្ពោតព្រៃ ជម្រះស្មៅ ថែទាំផ្កានៅតាមដងផ្លូវ រហូតដល់ឃោសនាអំពីចំណេះដឹងថែទាំសុខភាព ប្រជាសាស្ត្រ អ្នកមីងតែងចូលរួមដោយផ្ទាល់និងចលនាសមាជិការួមគ្នាអនុវត្ត។ ជាពិសេស ដោយចិត្តចែករំលែកជាមួយស្ថានភាពជួបអាសន្នអន់ក្រ រៀងរាល់ឆ្នាំអ្នកមីងថែមទាំងចលនាសប្បុរសជនជំនួយអំណោយប្រមាណ៥០ចំណែកជូនដល់គ្រួសារក្រ អ្នកមានស្ថានភាពលំបាក។ អំណោយទាំងនោះថ្វីត្បិតតែមានតម្លៃសម្ភារៈមិនច្រើន ប៉ុន្តែប្រកបដោយទឹកចិត្តចែករំលែក ការយកចិត្តទុកដាក់ រួមចំណែកសាយភាយស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។ អ្វីដែលគួរឱ្យកោតសរសើរចំពោះអ្នកមីងវ៉ឹង គឺទោះបីទទួលបន្ទុកការងារច្រើនក៏ដោយ អ្នកមីងនៅរក្សាភាពជិតស្និទ្ធ ស្មោះត្រង់ជាមួយសមាជិកាជានិច្ច។ ក្នុងការឃោសនា ចលនា អ្នកមីងមិនត្រឹមតែនិយាយដោយពាក្យសម្តីប៉ុណ្ណោះទេ ថែមទាំងបញ្ចុះបញ្ចូលបងប្អូននារីដោយ សកម្មភាពជាគំរូរបស់ខ្លួននិងគ្រួសារ។ ហេតុនេះ អ្នកមីងបង្កទំនុកចិត្ត ការឯកភាព រួមចំណែកធ្វើឱ្យចលនាសមាគមកាន់តែមានរបៀបរៀបរយល្អ។
លោកស្រី ថាច់ធីសាផាយ ប្រធានសមាគមសហព័ន្ធនារីឃុំលិតហូយធឿង បានឱ្យដឹង៖ "អ្នកមីងវឹង តែងលើកកម្ពស់ស្មារតីធ្វើជាគំរូ ឈានមុខ អស់ពីចិត្តក្នុងការងារសមាគម ជាពិសេសក្នុងការឃោសនាគោលការណ៍គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ ដោយស្មារតីយកខ្លួនឯងធ្វើជាគំរូ យកគ្រួសាររបស់ខ្លួនធ្វើជាភស្តុតាង ដូច្នេះរាល់សកម្មភាពឃោសនារបស់អ្នកមីងតែងសម្រេចបានប្រសិទ្ធភាពខ្ពស់ បង្កការផ្សារភ្ជាប់រវាងសមាជិកាសមាគមជាមួយគ្នា រួមចំណែកជួយឱ្យចលនាសមាគមកាន់តែអភិវឌ្ឍ"៕
ថាញវ៉ាង - សុផន