ឆ្ពោះដល់ទិវាវប្បធម៌វៀតណាមនិងពិធីបុណ្យអកអំបុកឆ្នាំ ២០២៦ ក្រុមសិល្បៈរស្មីប្រទីបខេត្តវិញឡុង បានផ្តុំកម្លាំងហាត់សមឈុតឆាកចម្រៀង របាំ សហការសម្តែងឡើងវិញនូវពិធីសែនព្រះខែ និងប្រគំភ្លេងពិណពាទ្យ រួមចំណែកឧទ្ទេសនាមលក្ខណៈវប្បធម៌ខ្មែរដ៏ពិសេសទៅកាន់ប្រជាជននិងភ្ញៀវទេសចរ។

សិល្បករ -សីល្បការិនីហាត់សមត្រៀមសម្តែងបម្រើក្នុងពិធីបុណ្យអកអំបុក។
ក្រុមសិល្បៈរស្មីប្រទីប គឺជាអង្គភាពបុព្វហេតុរដ្ឋ ចំណុះមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តវិញឡុង ដែលសម្តែងសិល្បៈរបាំ ចម្រៀងតន្ត្រីចម្រុះ និងល្ខោនយូកេរ។ បច្ចុប្បន្ន ក្រុមមានបុគ្គលិកចំនួន ៤២ នាក់។ ទន្ទឹមនឹងសកម្មភាពជាប្រចាំ សមូហភាពកម្មាភិបាល សិល្បករ - សីល្បការិនីនិងតន្ត្រីករ ផ្តុំកម្លាំងត្រៀមរៀបចំកម្មវិធីបម្រើពិធីបុណ្យ ធានាដំណើរការការងារដែលបានប្រគល់ជូន។
លោក ត្រឹងវ៉ាន់ដាយ ប្រធានការិយាល័យរដ្ឋបាលនៃក្រុមសិល្បៈរស្មីប្រទីប បានឱ្យដឹង អនុវត្តតាមផែនការ និងសាច់រឿងកម្មវិធីនៃពិធីបុណ្យ តាមកិច្ចចង្អុលការរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តវិញឡុង អង្គភាពបានចាត់តន្ត្រីករចំនួន ៩ នាក់ ប្រគំភ្លេងពិណពាទ្យ ព្រមទាំងចូលរួមសម្តែងលើឆាកនៅរមណីយដ្ឋានគូស្រះស្រី។ ចំពោះកម្មវិធីសិល្បៈ ក្រុមបានហាត់សមឈុតរបាំ “ក្អម” ដែលមានសិល្បករ-សីល្បការិនីចំនួន ១០ នាក់ សម្តែងបម្រើឱ្យការបើកឆាក ក្រៅកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់; និងឈុតរបាំ “គោះត្រឡោក” ដែលមានសិល្បករ-សីល្បការិនី ១៤ នាក់ចូលរួម បម្រើឱ្យការសម្តែងបើកឆាកក្នុងកម្មវិធីផ្សាយតាមរលកធាតុអាកាស។ សិល្បករ-សីល្បការិនី បានសហការជាមួយតន្ត្រីករដើម្បីហាត់សម កែលម្អកាយវិការ ទម្រង់ជួរ និងការរួមបញ្ចូលគ្នារវាងតន្ត្រីនឹងការសម្តែង។ ពិសេស ក្រុមបានសហការជាមួយអ្នកនិពន្ធ ថាច់មុនី ដើម្បីរៀបចំកម្មវិធីសម្តែងឡើងវិញនូវពិធីសែនព្រះខែ ដែលមានរយៈពេល ៣០ នាទី។ អង្គភាពបានសហការជ្រើសរើសបទចម្រៀង និងហាត់សមឈុតរាំច្រៀងរួមគ្នាជាសហគមន៍ បម្រើក្នុងរាត្រីថ្ងៃ ២៣ ខែវិច្ឆិកា ផងដែរ។ ការងារទាំងអស់នេះបានផ្សព្វផ្សាយតាមតម្រូវការនៃកម្មវិធី រួមចំណែកបង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីក្នុងពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។

សិល្បករ -សីល្បការិនីហាត់សមកម្មវិធីសម្តែងឡើងវិញនូវពិធីសែនព្រះខែ ត្រៀមសម្តែងក្នុងពិធីបុណ្យអកអំបុក។
តាមប្រសាសន៍លោក ត្រឹងវ៉ាន់ដាយ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦ ក្រុមសិល្បៈរស្មីប្រទីបបានសម្តែងចំនួន ៦០ លើក សម្រេចជាស្ថាពរតាមផែនការប្រចាំឆ្នាំ ទាក់ទាញទស្សនិកជនចូលរួមយ៉ាងកុះករ។ អង្គភាពក៏បានចាត់តាំងការសម្តែងបម្រើភារកិច្ចនយោបាយចំនួន ១៤ លើក ដោយទាក់ទាញទស្សនិកជនបាន ៨.៧៥០ នាក់; ក្រុមបានសហការជាមួយ VTV៥ តីណាមបូ ថតរឿងល្ខោនយូកេរចំនួន ៣ រឿង រួមមាន៖ “នាងពៅម្លិះលា” “ល្បែងអបាយមុខ - ជង្រុកហិនហោច” និង “វិសិទ្ធិវង្ស”; ព្រមទាំងបានចងក្រងសាច់រឿងល្ខោនយូកេរ ២ រឿងទៀតគឺ៖ “ចន្ទទេវីភក្តីស្នេហ៍” និង “នាងសុវណ្ណបញ្ចា”។ ក្រៅពីនេះ សមូហភាពកម្មាភិបាល សិល្បករ - សីល្បការិនី និងតន្ត្រីករ ថែមទាំងបន្តហាត់សម និងសម្រិតសម្រាំងឈុតឆាកសម្តែងផ្សេងៗ ត្រៀមជាស្រេចសម្តែងបម្រើប្រជាជនក្នុងពិធីបុណ្យ។ តាមរយៈកម្មវិធីដែលប្រកបដោយលក្ខណៈអត្តសញ្ញាណខ្មែរ ក្រុមសិល្បៈរស្មីប្រទីបបានរួមចំណែកអភិរក្សសិល្បៈប្រពៃណី ឆ្លើយតបនឹងតម្រូវការកម្សាន្តរបស់មហាជន និងបង្កចំណុចលេចធ្លោបន្ថែមទៀតផ្នែកវប្បធម៌សម្រាប់ពិធីបុណ្យអកអំបុកឆ្នាំ ២០២៦៕
ទីទុយ - លីសៀ