ដោយស្មារតីទទួលខុសត្រូវ ភាពរួសរាយរាក់ទាក់និងទឹកចិត្តគិតគូរដល់សហគមន៍ លោកជុំតាយ នៅភូមិបឹងកំពត ឃុំតាយវ៉ាំង ទីក្រុងកឹងធើ គឺជាគំរូម្នាក់ក្នុងចំណោមគំរូអ្នកមានប្រិយភាពដ៏លេចធ្លោ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមូបនីយកម្មនៅភូមិភាគ។ មិនត្រឹមជាអ្នកនាំមុខក្នុងការចលនាកសាង ស្ពាន ផ្លូវជនបទ និងឧបត្ថម្ភសម្ភារៈចាំបាច់ដល់គ្រួសារក្រីក្រប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់បង្កើតនិងថែរក្សាក្លឹបភ្លេងឆៃយ៉ាំរបស់ជនជាតិខ្មែរ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីទៀតផង។

លោកជុំតាយ នៅភូមិបឹងកំពត កំពុងសម្អាតថែទាំមុខខ្មុករបស់ក្លឹបភ្លេងឆៃយ៉ាំដែលគាត់បង្កើត។
ជាអ្នកមានប្រិយភាពក្នុងសហគមន៍ និងជាលេខាសាខាបក្សភូមិបឹងកំពត ឃុំតាយវ៉ាំង លោកជុំតាយ តែងយល់ឃើញថា ដើម្បីឱ្យភូមិស្រុកកាន់តែរីកចម្រើន និងជីវភាពប្រជាជនកាន់តែប្រសើរឡើង គឺទាមទារមានការចូលរួមសហការពីសហគមន៍ទាំងមូល។ ផ្ដើមពីគំនិតនេះហើយ ទើបលោកបានរួមជាមួយសាខាបក្ស ធ្វើការផ្សព្វផ្សាយ ចលនាអង្គការ បុគ្គល សប្បុរសជន និងប្រជាជនចូលរួមអនុវត្តគម្រោងនានា និងកិច្ចការជាក់ស្តែងដែលបម្រើដល់ជីវភាពប្រជាជន។ ក្នុងសកម្មភាពសង្គមូបនីយកម្ម លោកយកចិត្តទុកដាក់ពិសេសចំពោះការចលនាថវិកា កសាងស្ពាន ផ្លូវជនបទ ជួសជុលនិងបង្កើនកម្រិតផ្លូវ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរ ជួញដូរទំនិញនិងសិស្សានុសិស្សទៅសាលារៀន។ លោកជុំតាយ ឱ្យដឹង៖ “រយៈពេលកន្លង ខ្ញុំបានចលនាសប្បុរសជនកសាងស្ពានជនបទប្រមាណ ២០ កន្លែង កសាងផ្លូវបេតុងថ្មីឡើងវិញចំនួន ៥ ជាមួយសរុបប្រវែងជិត ១.០០០ ម៉ែត្រ ចលនាដំឡើងអំពូលភ្លើងបំភ្លឺផ្លូវជនបទជាង ១០០ ដើម និងរក្សាអនាម័យបរិស្ថានដោយសម្អាតស្មៅព្រៅតាមដងផ្លូវក្នុងភូមិបឹងកំពត”។
មិនត្រឹមតែយកចិត្តទុកដាក់ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ លោកជុំតាយ នៅទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាជនដែលមានជីវភាពលំបាក។ លោកបានសកម្មក្នុងការចលនាឧបត្ថម្ភអំណោយរាប់រយចំណែក និងសម្ភារៈចាំបាច់ដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក ដើម្បីជួយមាមីងសម្រាលបន្ទុកក្នុងជីវភាព។ អំណោយទោះបីជាតម្លៃមិនធំធេងក៏ដោយ ប៉ុន្តែនោះគឺជាការចែករំលែកនិងស្មារតីនៃការស្រឡាញ់រាប់អានគ្នា រួមចំណែកផ្សព្វផ្សាយតម្លៃមនុស្សធម៌ដ៏ល្អប្រពៃក្នុងសហគមន៍។ ប្រការដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងការរួមចំណែករបស់លោកជុំតាយ គឺការយកចិត្តទុកដាក់បង្កើតក្លឹប ភ្លេងឆៃយ៉ាំ។ នេះមិនត្រឹមតែជាសួនកម្សាន្តផ្នែកវប្បធម៌និងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសម្រាប់បងប្អូនជួបជុំគ្នា ដោះដូរ ពង្រឹងសាមគ្គីភាព និងរួមគ្នាថែរក្សា លើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ តាមរយៈសកម្មភាពរបស់ក្លឹបតម្លៃវប្បធម៌ដ៏លេចធ្លោបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ រួមចំណែកលើកកម្ពស់ជីវភាពស្មារតី និងមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ប្រជាជនម្នាក់ៗ។
លោកស្រី ហ្វិញញឺអ៊ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតាយវ៉ាំង បានឱ្យដឹង៖ “សកម្មភាពរបស់លោកជុំតាយ ទោះបីជាសាមញ្ញ ប៉ុន្តែមានអត្ថន័យជាក់ស្ដែង។ លោកមិនត្រឹមតែជាអ្នករួមចំណែកយ៉ាងសកម្មដោយកម្លាំងកាយប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ដ៏សំខាន់ក្នុងការចលនា និងប្រមូលផ្ដុំកម្លាំងសាមគ្គីភាពរបស់សហគមន៍។ តាមរយៈនោះ រួមចំណែកជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ អនុវត្តល្អនូវចលនាប្រឡងប្រណាំងស្នេហាជាតិ ការងារបន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិរក្សនិងលើកកម្ពស់តម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិ”៕
ដាលីន - ថាច់ធី