រយៈពេលជាង ៣២ ឆ្នាំផ្សារភ្ជាប់នឹងបុព្វហេតុអប់រំ ក្នុងនោះ ២៩ ឆ្នាំបំពេញតួនាទីជាចាងហ្វាងសាលាមត្តេយ្យ អ្នកគ្រូ គឹមធីហ្វាង ចាងហ្វាងសាលាមត្តេយ្យភូកឹង ឃុំទីវកឹង ខេត្តវិញឡុង តែងបំពេញការងារដោយការយកចិត្តទុកដាក់និងអស់ពីចិត្តដើម្បីកុមារជាទីស្រឡាញ់។ សម្រាប់អ្នកគ្រូ រៀងរាល់ថ្ងៃមកកាន់សាលាគឺជាថ្ងៃដ៏រីករាយ ជាទីកន្លែងដែលកុមារទទួលបានការស្រឡាញ់ ការថែទាំនិងការអភិវឌ្ឍក្នុងបរិស្ថានប្រកបដោយសុវត្ថិភាពនិងសុភមង្គល។

អ្នកគ្រូ គឹមធីហ្វាង ចាងហ្វាងសាលាមត្តេយ្យភូកឹង តែងយកចិត្តទុកដាក់និងមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិងដឹកនាំសកម្មភាពរបស់សាលា។
ឆ្លងកាត់ការបំពេញការងារអស់រយៈពេលជាច្រើនឆ្នាំ អ្នកគ្រូហ្វាង តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវនិងធ្វើជាគំរូ។ បច្ចុប្បន្ន សាលាមតេ្តយ្យភូកឹងមាន ១២ បន្ទប់ មានកុមារ ២៦៨ នាក់ និងមានគ្រូបង្រៀន ២៤ នាក់។ ទោះបីការងារគ្រប់គ្រងមានភាពមមាញឹកយ៉ាងណាក៏ដោយ អ្នកគ្រូតែងឆ្លៀតពេលចុះទៅតាមបន្ទប់រៀននីមួយៗ សាកសួរសុខទុក្ខគ្រូបង្រៀន សង្កេតមើលសកម្មភាពសិក្សានិងលេងកម្សាន្ត ព្រមទាំងជជែកលេងជាមួយកុមារ។ តាមរយៈនោះ អ្នកគ្រូអាចយល់ដឹងទាន់ពេលវេលាអំពីស្ថានភាពជាក់ស្តែង ចែករំលែកការលំបាកជាមួយគ្រូបង្រៀន និងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់កុមារ។
ដោយកំណត់ច្បាស់ គ្រូបង្រៀនជាកត្តាសំខាន់ក្នុងការសម្រេចគុណភាពអប់រំ អ្នកគ្រូបានយកចិត្តទុកដាក់កសាងការសាមគ្គីក្នុងផ្ទៃក្នុង លើកកម្ពស់ស្មារតីប្រជាធិបតេយ្យនិងការទទួលខុសត្រូវ; ព្រមទាំងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើកទឹកចិត្តឱ្យគ្រូបង្រៀនផ្លាស់ថ្មីវិធីសាស្ត្របង្រៀន និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ អ្នកគ្រូ ស៊ើងធីធាវី គ្រូបង្រៀនរបស់សាលា ចែករំលែក៖ “ភាពរវៀសរវៃនិងសេចក្តីស្រឡាញ់ចំពោះអាជីពរបស់អ្នកគ្រូចាងហ្វាង គឺជាកម្លាំងចិត្តដ៏ធំធេងដែលបានបង្រៀនយើងខ្ញុំអំពីការទទួលខុសត្រូវ និងចំណង់ចំណូលចិត្តចំពោះការងារដែលខ្លួនបានជ្រើសរើស”។
ដោយគោលបំណងធ្វើឱ្យរាល់ថ្ងៃដែលកុមារមកសាលាគឺជាថ្ងៃដ៏រីករាយ អ្នកគ្រូហ្វាង បានយកចិត្តទុកដាក់កសាងបរិស្ថានអប់រំប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល លើកកម្ពស់គុណភាពនៃការថែទាំ ការចិញ្ចឹមបីបាច់ និងការអប់រំកុមារ។ ឆ្នាំ២០២៥ សាលាមត្តេយ្យភូកឹង បានទទួលស្គាល់ជាសាលាសម្រេចស្តង់ដារជាតិកម្រិតទី១ និងបានទទួលស្គាល់សម្រេចគុណភាពអប់រំកម្រិតទី២។ ទន្ទឹមនឹងនេះ សាលាក៏បានអនុវត្តគម្រោងនានាស្តីពីការពង្រឹងសមត្ថភាពភាសាវៀតសម្រាប់កុមារមត្តេយ្យ និងការផ្លាស់ប្ដូរឌីជីថលក្នុងវិស័យអប់រំ ព្រមទាំងយកចិត្តទុកដាក់កសាងបរិស្ថានសាលារៀនបៃតង ជ្រះ ស្អាតនិងសុវត្ថិភាព ព្រមទាំងសហការជាមួយក្រុមគ្រួសារក្នុងការថែទាំនិងអប់រំកុមារ។
ចែករំលែកអំពីទស្សនៈនៃការគ្រប់គ្រង អ្នកគ្រូហ្វាង រៀបរាប់ដោយក្តីរំភើប៖ “ក្នុងនាមជាចាងហ្វាងសាលា និយាយរួមមិនមែនជាអ្នកឈរលើអ្នកដទៃដើម្បីបញ្ជានោះទេ ប៉ុន្តែជាអ្នកនៅពីក្រោយដើម្បីសម្របសម្រួលឱ្យដំណើរការការងារដែលវេញត្របាញ់ជាឆ្លុងមួយ ដើម្បីឱ្យគ្រូបង្រៀនម្នាក់ៗអាចបញ្ចេញសមត្ថភាពរបស់ខ្លួននៅពេលបង្រៀន ហើយកុមារគ្រប់រូបមានអារម្មណ៍សប្បាយរីករាយនៅពេលមកសាលា”។ ទស្សនៈនេះបានបង្ហាញតាមរយៈការងារដែលមានភាពជិតស្និទ្ធ ចេះស្តាប់ ចេះរួមដំណើរ និងបង្កលក្ខណ:ឱ្យគ្រូបង្រៀនបញ្ចេញសមត្ថភាព រួមចំណែកកសាងបរិស្ថានអប់រំដោយយកកុមារជាស្នូល។
មិនត្រឹមតែយកចិត្តទុកដាក់លើជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ អ្នកគ្រូហ្វាង តែងដាក់ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកុមារនិងសហគមន៍ភូមិភាគ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិខ្មែរ ឆ្នាំ២០២៥ បុណ្យសែនព្រះខែ និងបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ២០២៦ អ្នកគ្រូបានរួមជាមួយសមូហភាពសាលា រៀបចំសកម្មភាពលេងកម្សាន្ត និងចលនាសប្បុរសជនឱ្យជួយឧបត្ថម្ភនំ និងទឹកដោះគោ ដើម្បីចែកជូនដល់កុមារក្នុងសាលា។ ជាមួយគ្នានេះ ក៏បានជូនអំណោយដល់គ្រូបង្រៀន កុមារដែលមានជីវភាពលំបាក និងគ្រួសារមួយចំនួនក្នុងភូមិភាគ។ ថវិកាសរុបសម្រាប់សកម្មភាពទាំង ៣ លើកនេះជាង ៨០ លានដុង ដែលបានរួមចំណែកនាំមកនូវសេចក្តីរីករាយដល់កុមារ និងផ្សព្វផ្សាយស្មារតីចែករំលែកក្នុងសហគមន៍។

អ្នកគ្រូគឹមធីហ្វាង តែងយកចិត្តទុកដាក់តាមដានសកម្មភាពបង្រៀន និងការថែទាំកុមារ។
មានប្រសាសន៍វាយតម្លៃចំពោះអ្នកគ្រូហ្វាង លោកហូញឺបៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំទីវកឹង ឱ្យដឹង៖ “អ្នកគ្រូហ្វាង តែងខិតខំលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់ខ្លួន និងតាមដានយ៉ាងជិតស្និទ្ធនូវផែនការ និងភារកិច្ចប្រចាំឆ្នាំសិក្សារបស់ផ្នែកអប់រំ។ អ្នកគ្រូមានស្មារតីទទួលខុសត្រូវនិងអនុវត្តបានល្អក្នុងការដឹកនាំគ្រប់គ្រងកងជួរគ្រូបង្រៀន។ សមិទ្ធផលដែលសម្រេចបានរួមចំណែកកសាងសាលាឱ្យក្លាយជាសមូហភាពរឹងមាំនិងសម្រេចបានស្នាដៃជាច្រើន”។
ការរួមចំណែកក្នុងបុព្វហេតុអប់រំក៏បានទទួលស្គាល់ដ៏សក្តិសម អ្នកគ្រូគឹមធីហ្វាង មានកិត្តិយសទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី ដោយមានស្នាដៃក្នុងការងារអប់រំនិងបណ្តុះបណ្តាល ឆ្នាំ២០២៥ សាលាមត្តេយ្យភូកឹង បានទទួលស្គាល់កិត្តិនាមសមូហភាពសម្រេចឆ្នើមភារកិច្ច។
អស់រយៈពេលជាងបីទសវត្សរ៍ផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀននេះ អ្នកគ្រូហ្វាង នៅតែបន្តការខិតខំប្រឹងប្រែងក្នុងបេសកកម្មថែទាំ អប់រំនិងបណ្តុះបណ្តាលកុមារជំនាន់ក្រោយ។ សម្រាប់អ្នកគ្រូ រង្វាន់ដែលមានអត្ថន័យបំផុតមិនមែនតែកិត្តិនាមដែលទទួលបាននោះទេ ប៉ុន្តែគឺការរីកចម្រើនរបស់កុមារ ការជឿទុកចិត្តរបស់អាណាព្យាបាលសិស្ស និងការរួបរួមសាមគ្គីរបស់មិត្តរួមការងារ។ ព្រោះសាលារៀនដែលពោរពេញដោយសុភមង្គល គឺចាប់ផ្តើមពីសេចក្តីស្រឡាញ់ ការទទួលខុសត្រូវ និងការលះបង់អស់ពីចិត្តរបស់អ្នកប្រកបវិជ្ជាជីវៈអប់រំ៕
ពេជ្រ សឿន