បណ្តាសកម្មភាពនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ (ហៅកាត់ថា ពិធីបុណ្យ) បានប្រព្រឹត្តឡើងនៅសង្កាត់ភូឡើយ និងសង្កាត់សុកត្រាំង។ ហេតុនោះ ភូមិភាគទាំង ២ នេះបានយកចិត្តទុកដាក់រៀបចំតុបតែងសោភ័ណភាពទីក្រុង ជំរុញល្បឿនដំណើរការបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធ សហការអនុវត្តវិធានការចាត់តាំងចរាចរណ៍ ធានាសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលដើម្បីប្រជាជន និងភ្ញៀវទេសចរចូលរួមបណ្តាសកម្មភាពពិធីបុណ្យ។
ជំរុញល្បឿនដំណើរការ រៀបចំតុបតែងសោភ័ណភាពទីក្រុង
នៅសង្កាត់ភូឡើយ គម្រោងកែលម្អឧទ្យាន៣០-៤ មានទុនវិនិយោគសរុប ២៧,៣ ពាន់លានដុង បានម្ចាស់គម្រោងវិនិយោគ និងអ្នកម៉ៅការប្រមូលផ្តុំកម្លាំងពលកម្ម មធ្យោបាយ ជំរុញល្បឿនសាងសង់បណ្តាផ្នែកសំណង់ ហើយបានសម្រេចរួចរាល់ដាក់ឱ្យប្រើប្រាស់មុនថ្ងៃបើកពិធីបុណ្យ។ ទន្ទឹមនឹងនោះ ភូមិភាគបានជំរុញខ្លាំងការរៀបចំតុបតែងសោភ័ណភាពទីក្រុង អនាម័យបរិស្ថាន បង្កើនកម្រិតបណ្តាខ្សែផ្លូវក្នុងក្រុង ដូចជា៖ ផ្លូវត្រឹងហឹងដាវ ផ្លូវផាងបូយចូវ ផ្លូវលីធឿងគៀក និងបណ្តាខ្សែផ្លូវសំខាន់ៗផ្សេងទៀត។

រង្វង់មូលផ្លូវម៉ាក់ឌិញជី - ឡេយ្វឹង នៅសង្កាត់ភូឡើយ។
លោកត្រឹងវ៉ាំងញ៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ភូឡើយ បានឱ្យដឹង៖ “ភូមិភាគបានកំណត់ការរៀបចំតុបតែងសោភ័ណភាពទីក្រុង ការធ្វើឱ្យសម្រេចរួចរាល់បណ្តាសំណង់ និងធានាបណ្តាលក្ខខណ្ឌបម្រើពិធីបុណ្យ គឺជាភារកិច្ចស្នូល។ សង្កាត់បានសហការជិតដិតជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ដើម្បីក្រើនរំលឹកជំរុញល្បឿនដំណើរការសាងសង់ ពិនិត្យឡើងវិញនូវផ្នែកសំណង់ដែលត្រូវផ្តល់អាទិភាព ព្រមទាំងបង្កើនការអនាម័យបរិស្ថាន រៀបចំតុបតែងបណ្តាដងផ្លូវ និងមណ្ឌលសហគមន៍។ ភូមិភាគក៏បានកសាងវិធានការសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បង្កលក្ខណៈងាយស្រួលដើម្បីប្រជាជន និងភ្ញៀវទេសចរចូលរួមបណ្តាសកម្មភាពពិធីបុណ្យផងដែរ”។
នៅសង្កាត់សុកត្រាំង ភូមិភាគយកចិត្តទុកដាក់កែលម្អទេសភាព អនាម័យបរិស្ថាន ធានាសណ្តាប់ធ្នាប់ទីក្រុងនៅតំបន់រៀបចំការប្រណាំងទូក-ង បណ្តាដងផ្លូវតភ្ជាប់ និងកន្លែងដែលប្រមូលផ្តុំមនុស្សកុះករ។ ភូមិភាគក៏បានសហការជាមួយបណ្តាកងកម្លាំងសមត្ថកិច្ច ត្រៀមបម្រុងបណ្តាលក្ខខណ្ឌស្តីពីការបែងចែកផ្លូវចរាចរណ៍ រៀបចំកន្លែងផ្ញើយានយន្ត ណែនាំប្រជាជន និងភ្ញៀវទេសចរមកទស្សនា គាំទ្រលើកទឹកចិត្តបណ្តាក្រុមទូក-ង។
លោកហ្វិញឌឹកយុង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់សុកត្រាំង បានផ្តល់ព័ត៌មាន៖ “សង្កាត់កំណត់តំបន់ព្រែក Maspéro និងវេទិកាប្រណាំងទូក-ង គឺជាទីតាំងប្រមូលផ្តុំមនុស្សកុះករក្នុងបណ្តាថ្ងៃប្រារព្ធពិធីបុណ្យ។ ហេតុដូច្នេះ ភូមិភាគកំពុងសហការជាមួយបណ្តាផ្នែកសមត្ថកិច្ច ពិនិត្យឡើងវិញបណ្តាដងផ្លូវ មណ្ឌលសហគមន៍ ចាត់កងកម្លាំងជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន។ ទន្ទឹមនឹងនោះ បង្កើនការឃោសនា ចលនាប្រជាជនលើកកម្ពស់ស្មារតីគោរពសេចក្តីកំណត់ មិនរំលោភបំពាន ចិញ្ចើមផ្លូវ រួមចំណែកកសាងរូបភាពភូមិភាគអារ្យធម៌និងរួសរាយរាក់ទាក់”។
ម្ចាស់ការបែងចែកផ្លូវចរាចរណ៍ ធានាសុវត្ថិភាពចរាចរណ៍
រួមចំណែកដល់ភាពជោគជ័យនៃពិធីបុណ្យ មន្ទីរសាងសង់បានសហការជាមួយនគរបាលទីក្រុង និងបណ្តាអង្គភាពពាក់ព័ន្ធ កសាងផែនការរៀបចំបែងចែកផ្លូវចរាចរណ៍។ យោងតាមនោះ នៅតំបន់សួនច្បារ ៣០-មេសា ចាប់ពីម៉ោង ១៨ ថ្ងៃទី ២១ ខែវិច្ឆិកា ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើដងផ្លូវង្វៀងហ្វែ (កំណាត់ចាប់ពីផ្លូវហាយបាទ្រឹង ដល់ផ្លូវសូវៀតង៉ែទិញ) ផ្លូវ ៣០-មេសា (កំណាត់ចាប់ពីផ្លូវង្វៀងទ្រុងទ្រឹក ដល់ផ្លូវត្រឹងហឹងដាវ) និងមួយផ្នែកនៃផ្លូវត្រឹងហឹងដាវ។ បណ្តាមធ្យោបាយធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះ បានណែនាំឱ្យធ្វើដំណើរតាមបណ្តាដងផ្លូវកាច់ម៉ាងថាងតាម ផ្លូវផាងជូទ្រិញ ផ្លូវត្រឹងក្វាងយីវ និងផ្លូវលីទឺទ្រុង។
នៅតំបន់ចាត់តាំងការប្រកួតប្រណាំងទូកង ចាប់ពីម៉ោង ១០ ថ្ងៃទី ២៣ខែវិច្ឆិកា ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើដងផ្លូវកាវថាំង (កំណាត់ចាប់ពីផ្លូវឡេយ្វឹង ដល់ផ្លូវហ្វិញគឿង) និងផ្លូវលីធឿងគៀក (កំណាត់ចាប់ពីផ្លូវឡេយ្វឹង ដល់ផ្លូវក្រវាត់ក្រុង ២)។ បណ្តាមធ្យោបាយបានណែនាំឱ្យធ្វើចរាចរណ៍តាមផ្លូវផាមហ៊ុង ផ្លូវម៉ាក់ឌិញជី និងបណ្តាទិសដៅសមស្រប។
ចំពោះកម្មវិធីបណ្ដែតលយប្រទីប និងទូកគែហ៊ៅលើដងព្រែក Maspéro ចាប់ពីម៉ោង ១៦ ថ្ងៃទី ២១ខែវិច្ឆិកា ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើដងផ្លូវដៀងបៀងភូ និងផ្លូវលីធឿងគៀក តាមទិសចាប់ពីផ្លូវហាយបាទ្រឹង ដល់ផ្លូវសូវៀតង៉ែទិញ រៀបចំការធ្វើចរាចរណ៍មួយទិស តាមទិសចាប់ពីផ្លូវសូវៀតង៉ែទិញ មកផ្លូវហាយបាទ្រឹង។ បណ្តាចំណតរថយន្តសម្រាប់គណៈប្រតិភូ ក៏បានរៀបចំនៅតាមដងផ្លូវមួយចំនួនចំណុះសង្កាត់ទាំង ២ គឺសង្កាត់ភូឡើយ និងសង្កាត់សុកត្រាំង។

សួនច្បារ ៣០-៤ ជាមួយនឹងលំហធំទូលាយ ស្រឡះស្រឡំ បានត្រៀមលក្ខណៈរួចរាល់សម្រាប់រាត្រីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម និងបើកពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ឆ្នាំ ២០២៦។
លោកវ៉ហ្វាងឌៀងផុង នាយករងមន្ទីរសាងសង់ទីក្រុងកឹងធើ បានឱ្យដឹង៖ “មន្ទីរនឹងសហការជិតដិតជាមួយនគរបាលទីក្រុង រដ្ឋអំណាចភូមិភាគ និងបណ្តាអង្គភាពពាក់ព័ន្ធ ផ្សព្វផ្សាយអនុវត្តការបែងចែកផ្លូវ សម្រួលមធ្យោបាយចរាចរណ៍ រៀបចំបណ្តាចំណតរថយន្តឱ្យបានសមស្រប។ ទន្ទឹមនឹងនោះ សំណូមពរប្រជាជនម្ចាស់ការតាមដានព័ត៌មាន គោរពតាមការណែនាំរបស់កងកម្លាំងសមត្ថកិច្ច ជ្រើសរើសផ្លូវធ្វើដំណើរសមស្រប ដើម្បីធានាសុវត្ថិភាព និងមានភាពងាយស្រួល”។
ទិវាវប្បធម៌វៀតណាម (២៤-វិច្ឆិការ) និងបើកពិធីបុណ្យ ព្រមទាំងបណ្តាសកម្មភាពផ្សេងទៀតបានខិតជិតមកដល់ហើយ ទីក្រុងកំពុងមមាញឹករៀបចំតុបតែងទិដ្ឋភាពទីក្រុងឱ្យមានសោភ័ណភាពស្រស់បំព្រង និងធានាបណ្តាសកម្មភាពប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព មានភាពងាយស្រួល រួមចំណែកកសាងរូបភាពទីក្រុងកឹងធើអារ្យធម៌ រួសរាយរាក់ទាក់ក្នុងក្រសែភ្នែកប្រជាជន និងភ្ញៀវទេសចរ។
Box
| កម្មវិធីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម (២៤-១១) និងបើកពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ប្រព្រឹត្តទៅនៅវេលាម៉ោង ២០ ថ្ងៃទី ២១-១១-២០២៦ នៅសួនច្បារ ៣០-៤ សង្កាត់ភូឡើយ។ ការប្រកួតប្រណាំងទូក-ង បានរៀបចំចាប់ពីថ្ងៃទី ២៣-២៤/១១ នៅវេទិកាក្បែរដងព្រែក Maspéro សង្កាត់សុកត្រាំង។ កម្មវិធីបណ្ដែតលយប្រទីប និងទូកគែហ៉ៅក៏ត្រូវបានចាត់តាំងនៅលើដងព្រែក Maspéro ផងដែរ។ |
ថាញតឹម - ថាច់ធី