(អនឡាញ) លោកដោថាញប៊ិញ លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ សង្កត់ធ្ងន់ថា តម្រូវការដាក់ចេញនាពេលនេះ គឺត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិតអភិវឌ្ឍវប្បធម៌ ទៅជាការអភិវឌ្ឍតាមរយៈវប្បធម៌ ដោយយកតម្លៃវប្បធម៌និងសមត្ថភាពច្នៃប្រតិដ្ឋរបស់ប្រជាជនទីក្រុងកឹងធើ ធ្វើជាធនធានសម្រាប់អភិវឌ្ឍទីក្រុង។
នៅមជ្ឈមណ្ឌលវប្បធម៌សិល្បៈទីក្រុង គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានប្រារព្ធពិធីជួបជុំខួបអនុស្សាវរីយ៍ទិវាវប្បធម៌វៀតណាម ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ យ៉ាងឱឡារិក។

កម្មវិធីសម្តែងសិល្បៈបើកកម្មវិធីជួបជុំ។ រូបថត៖ យ៉ីខូយ
អញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំនេះ មានលោក ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានប្រតិភូតំណាងរដ្ឋសភានៃទីក្រុងកឹងធើ លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ព្រមទាំងសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង សមាជិកគណៈប្រតិបត្តិនៃគណៈកម្មាធិការបក្សទីក្រុង និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនានារបស់ទីក្រុង។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះ នៅទាំងមានអតីតថ្នាក់ដឹកនាំគណៈឃោសនាអប់រំ និងអតីតថ្នាក់ដឹកនាំផ្នែកវប្បធម៌នៃខេត្តហូវយ៉ាង ខេត្តសុកត្រាំង និងទីក្រុងកឹងធើក្នុងអាណត្តិកាលកន្លង ថ្នាក់ដឹកនាំសង្កាត់ ឃុំ និងពិសេសគឺសិល្បករ សិប្បករ កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងកម្មករនិយោជិតផ្នែកវប្បធម៌របស់ទីក្រុងជាច្រើនរូបទៀត។

អ្នកតំណាងចូលរួមក្នុងកម្មវិធីជួបជុំ។ រូបថត៖ យ៉ីខូយ
នៅក្នុងកម្មវិធីនេះ អ្នកតំណាងបានទស្សនាភាពយន្តឯកសារស្តីពី "ប្រភពដើមនៃវប្បធម៌ - កម្លាំងចលកររបស់ទីក្រុងកឹងធើ" ដែលកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ រៀបរៀង។

លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកម្មវិធីជួបជុំ។ រូបថត៖ យ៉ីខូយ
ថ្លែងក្នុងកម្មវិធីជួបជុំ លោកដោថាញប៊ិញ បានសង្កត់ធ្ងន់៖ ទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែ វិច្ឆិកា) ប្រចាំឆ្នាំ មិនត្រឹមតែជាឱកាសដើម្បីដាស់ស្មារតីមោទនភាពជាតិ លើកតម្កើងអត្តសញ្ញាណនិងព្រលឹងជាតិវៀតណាម ព្រមទាំងសម្តែងការដឹងគុណចំពោះអ្នកដែលបានខិតខំថែរក្សានិងកសាងមូលដ្ឋានគ្រឹះវប្បធម៌ជាតិគ្រប់ជំនាន់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់គ្រប់ថ្នាក់ គ្រប់ផ្នែកនិងទូទាំងសង្គម ពិនិត្យឱ្យកាន់តែស៊ីជម្រៅអំពីតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ដ៏ផូរផង់ កសាងមនុស្សវៀតណាមឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី។
ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីឋានៈ និងតួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍទីក្រុងកឹងធើ បានផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យជាក់ស្ដែងគោលការណ៍របស់មជ្ឈិម ទៅជាសកម្មភាពជាក់ស្តែង ពិសេសគឺសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម តាមរយៈកម្មវិធី សេចក្តីសម្រេចចិត្ត និងគម្រោងនានា ។ល។ ទីក្រុងបន្តពង្រីកអត្តសញ្ញាណវប្បធម៌ បំផុសស្មារតីច្នៃប្រតិដ្ឋ កសាងវប្បធម៌និងមនុស្សកឹងធើ ឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ សក្តិសមជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេ គឺវឡុង។
លោកដោថាញប៊ិញ បានសង្កត់ធ្ងន់៖ តម្រូវការដាក់ចេញគឺត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិតអភិវឌ្ឍវប្បធម៌ ទៅជាការអភិវឌ្ឍតាមរយៈវប្បធម៌ដោយយកតម្លៃវប្បធម៌ និងសមត្ថភាពច្នៃប្រតិដ្ឋរបស់ប្រជាជនទីក្រុងកឹងធើ ធ្វើជាធនធានសម្រាប់អភិវឌ្ឍទីក្រុង។ វប្បធម៌ត្រូវបញ្ជ្រាបចូលទៅក្នុងរាល់សេចក្តីសម្រេចចិត្ត វិធីសាស្ត្រអនុវត្តការងាររដ្ឋបាល ការរៀបចំផលិត ធ្វើអាជីវកម្ម និងការប្រាស្រ័យទំនាក់ទំនងក្នុងសហគមន៍។ ការវិនិយោគលើវិស័យវប្បធម៌ គឺជាការវិនិយោគលើមនុស្ស លើសមត្ថភាពច្នៃប្រតិដ្ឋនិងអនាគតរបស់ទីក្រុងកឹងធើ។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អញ្ជើញទស្សនាល្វែងតាំងបង្ហាញផលិតផល OCOP ឆ្នើមៗរបស់ទីក្រុង។ រូបថត៖ យ៉ីខូយ
ដើម្បីសម្រេចបាននូវទិសដៅនេះ លេខាគណៈកម្មាធិការបក្សទីក្រុង បានសំណូមពរឱ្យគ្រប់ថ្នាក់ គ្រប់ផ្នែក ភូមិភាគ និងកងជួរសីល្បករ - សីល្បការិនីនៅក្នុងទីក្រុង បន្តពង្រឹងការដឹកនាំរបស់បក្ស និងលើកកម្ពស់ការយល់ដឹងអំពីឋានៈ និងតួនាទីរបស់វប្បធម៌។ ត្រូវបន្តកែលម្អយន្តការ គោលនយោបាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើវិស័យវប្បធម៌។ ជំរុញការផ្លាស់ប្ដូរឌីជីថលក្នុងការគ្រប់គ្រង ការអភិរក្សបេតិកភណ្ឌ និងការផ្សព្វផ្សាយរូបភាពភូមិស្រុកនិងមនុស្សកឹងធើ។ ទន្ទឹមនឹងនោះ បើកលំហូរប្រភពធនធាន ជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ក្នុងនោះ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងការកសាងម៉ាកយីហោវប្បធម៌កឹងធើនៅក្នុងតំបន់វាលរាបទន្លេគឺវឡុង។
ទីក្រុងបានកំណត់ការអាទិភាពអភិវឌ្ឍលើវិស័យដែលមានឧត្តមភាព ដូចជា ទេសចរណ៍វប្បធម៌ សីល្បៈសម្តែង សិប្បកម្មហត្ថកម្ម និងពិធីបុណ្យប្រពៃណី។
បន្តសិក្សាស្រាវជ្រាវ និងធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយជំនួយ ព្រមទាំងរបបលើកទឹកចិត្តឱ្យបានសមស្រប ដើម្បីបង្កលក្ខណៈអំណោយផលឱ្យក្រុមសីល្បករ - សិល្បការិនី សិប្បករ អ្នកបំពេញការងារក្នុងវិស័យវប្បធម៌និងអាជីវកម្មដែលប្រតិបត្តិការក្នុងវិស័យនេះ អាចបញ្ចេញនូវសមត្ថភាពនិងសក្តានុពលច្នៃប្រតិដ្ឋ។
"បុព្វហេតុនៃការកសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សកឹងធើ ទាមទារឱ្យមានការរួមកម្លាំង ការឯកភាពក្នុងទូទាំងប្រព័ន្ធនយោបាយនិងទូទាំងប្រជាជន។ ក្នុងនោះ ប្រជាជនគឺជាតួអង្គនៃការប្រតិដ្ឋនិងជាអ្នកទទួលផលវប្បធម៌; រីឯកងជួរអ្នកបញ្ញវន្ត សីល្បករ-សីល្បការិនី កម្មាភិបាលវប្បធម៌និងអាជីវករ គឺជាកងកម្លាំងដ៏សំខាន់បំផុតក្នុងការថែរក្សា ពង្រីកតម្លៃវប្បធម៌ បំផុសសេចក្តីប្រាថ្នា រួមចំណែកនិងកសាងមនុស្ស កឹងធើ ឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ" លេខាគណៈកម្មា ធិការបក្សទីក្រុង បានបញ្ជាក់ដូច្នេះ។

ល្វែងតាំងពិព័រណ៍សៀវភៅ បម្រើជូនអ្នកតំណាងអញ្ជើញចូលរួមកម្មវិធីជួបជុំ។ រូបថត៖ យ៉ីខូយ
ទីក្រុងកឹងធើ បន្ទាប់ពីរួមបញ្ចូលបានប្រមូលផ្តុំនូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រនិងប្រពៃណីសហគមន៍ដែលបានបង្កើតឡើង និងពូនជ្រំជាច្រើនជំនាន់។ ការប្រមូលផ្តុំតម្លៃទាំងនេះ បានធ្វើឱ្យអត្តសញ្ញាណវប្បធម៌ កឹងធើកាន់តែសម្បូរបែប ព្រមទាំងបើកចេញនូវលទ្ធភាពនៃការតភ្ជាប់នូវតម្លៃវប្បធម៌ ឱ្យក្លាយជាធនធាន រួមសម្រាប់បម្រើការអភិវឌ្ឍទីក្រុង។
ចំពោះសកម្មភាពអក្សរសិល្ប៍ សិល្បៈ បច្ចុប្បន្នទីក្រុងមានសមាគមអក្សរសិល្ប៍និងសិល្បៈចំនួន ៩ និងសាខាសមាគមឯកទេសមួយ ដោយមានសមាជិកសរុប ១.១៥៩ នាក់។ ប្រព័ន្ធស្ថាប័នវប្បធម៌ចាប់ពីមូលដ្ឋានដល់ទីក្រុង កំពុងបានពង្រឹងនិងលើកកម្ពស់គុណភាពជាបណ្តើរៗ។ ការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌" កាន់តែមានភាពស៊ីជម្រៅនិងទទួលបានលទ្ធផលជាវិជ្ជមានក្នុងជីវភាពវប្បធម៌នៅតាមមូលដ្ឋាន។

កម្មវិធីជួបជុំបានផ្សាយបន្តផ្ទាល់តាមរលកធាតុអាកាសកាសែតនិងវិទ្យុ
ទូរទស្សន៍កឹងធើ។ រូបថត៖ យ៉ីខូយ
បច្ចុប្បន្ន ទីក្រុងមានបេតិកភណ្ឌចំនួន ១០៩ បានចាត់ចំណាត់ថ្នាក់ និងមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៦ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ការងារអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍បានយកចិត្តទុកដាក់។ សកម្មភាពពិធីបុណ្យ ព្រឹត្តិការណ៍វប្បធម៌ និងការសម្តែងសិល្បៈ កាន់តែមានភាពសម្បូរបែប មានភាពច្នៃប្រតិដ្ឋ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

សីល្បករ -សីល្បការិនី និងសិប្បករឆ្នើមៗ ចូលរួមដោះដូរយោបល់ក្នុងកម្មវិធី។ រូបថត៖ យ៉ីខូយ
នៅក្នុងកម្មវិធីនេះ មានសីល្បករ-សីល្បការិនី និងសិប្បករឆ្នើមៗ បានចែករំលែកនូវមនោសញ្ចេតនា ការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវប្បធម៌ទីក្រុងកឹងធើ នាពេលខាងមុខ៕
ដាំងហ្វិញ - ពេជ្រសឿន