ដំណើរការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW បញ្ហាប្រឈមធំបំផុតរបស់ទីក្រុងកឹងធើបច្ចុប្បន្នគឺសមត្ថភាពអនុវត្ត។ ទីក្រុងកំពុងផ្តោតកៀរគរធនធាន ពង្រឹងការតភ្ជាប់ និងអនុវត្តដំណោះស្រាយដោយបត់បែន ដើម្បីនាំវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល ឱ្យក្លាយជាកម្លាំងជំរុញលោតផ្លោះ ជំរុញកំណើន។
* សម្រេចភារកិច្ចជាង៩៧%
រហូតដល់ពេលនេះ ទីក្រុងកឹងធើបានសម្រេច១៧៧/១៨១ភារកិច្ចតាមសេចក្តីសម្រេចចិត្តលេខ៥៧-NQ/TW ដែលមានកាលកំណត់ អាស្រ័យមជ្ឈិមប្រគល់ជូន (សម្រេចអត្រា៩៧,៧៩%) ហើយកំពុងអនុវត្តត្រូវតាមកាលកំណត់ចំនួន៤ភារកិច្ច។ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងបានដាក់ចេញសេចក្តីសម្រេចចិត្តចំនួន១០ និងសេចក្តីសម្រេច លិខិតបទដ្ឋានគតិយុត្តចំនួន១៤ ក្នុងនោះមានគោលនយោបាយជំនួយបច្ចេកវិទ្យាឌីជីថលសំខាន់ៗ បន្ទះឈីប មជ្ឈមណ្ឌលទិន្នន័យ AI និងធនធានមនុស្សបច្ចេកវិទ្យាឌីជីថល។ ក្រៅពីនេះ ទីក្រុងបានដាក់ចេញចំណោទធំៗចំនួន១៦ដើម្បីកម្មង់ទិញពីអ្នកវិទ្យាសាស្ត្រ អាជីវកម្ម; បង្កើតមូលនិធិអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកទេសនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ ជាមួយទុនចុះបញ្ជី១០០ពាន់លានដុង។

បុគ្គលិក Viettel កើ - ដ ជួយប្រជាជនប្តូរពីបណ្តាញ ២G ទៅ ៤G/៥G។
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទិន្នន័យនិងប្រព័ន្ធគ្រប់គ្រងបានរលូនដល់ឃុំ សង្កាត់ទាំង១០៣; ឯកសារទាំង១០០% បានដោះស្រាយនៅលើបរិស្ថានអេឡិចត្រូនិក។ ឃ្លាំងទិន្នន័យប្រើប្រាស់រួមមានទិន្នន័យជិត៤០០លានជួរ។ ទីក្រុងបានចាប់ផ្តើមអនុវត្ត AI ចូលក្នុងមជ្ឈមណ្ឌលតាមដាន ដឹកនាំឆ្លាតវៃ បម្រើសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ ទទួលយោបល់ពីប្រជាជន; ឃុំ សង្កាត់ជាច្រើនបានម្ចាស់ការអនុវត្តទម្រង់ដូចជា Kiosk AI ណែនាំបែបបទរដ្ឋបាល។
ក្រៅពីការខិតខំក្នុងផ្ទៃក្នុង ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថលរបស់ទីក្រុងកឹងធើក៏មានការជំនួយកម្លាំងពីវិទ្យាស្ថាន សាលារៀន អាជីវកម្មបច្ចេកវិទ្យានៅក្នុងនិងក្រៅទីក្រុង។ ថ្មីៗនេះ ក្រុមហ៊ុនភាគហ៊ុនទិន្នន័យកង់ទិច (DataQ) បានប្រគល់មន្ទីរពិសោធន៍កង់ទិចនិម្មិត (VQLab) ជូនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងកឹងធើ។ លោកង្វៀងស្វឹងដុង តំណាង DataQ ឱ្យដឹង៖ “VQLab ជាឧបករណ៍គាំទ្រជាក់ស្តែងសម្រាប់សកម្មភាពបណ្តុះបណ្តាល អនុវត្តនិងស្រាវជ្រាវបច្ចេកវិទ្យាកង់ទិច ជាពិសេសនៅសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវនិងគ្រឹះស្ថានបណ្តុះបណ្តាល។ បច្ចុប្បន្ន VQLab រួមមាន៩ដែនបច្ចេកវិទ្យាជាមួយ៣៨ប្លុកក្លែងធ្វើ ពង្រីកចាប់ពីទំនាក់ទំនងកង់ទិច ការបង្កើតលេខចៃដន្យកង់ទិច ឧបករណ៍ចាប់សញ្ញាកង់ទិច ផ្នែករឹងកុំព្យូទ័រកង់ទិច សៀគ្វីហ្វូតូនិចបញ្ចូលគ្នា រហូតដល់ប្លុកអេឡិចត្រូនិកនៅកម្រិតសៀគ្វី។ វិសាលភាពនេះបង្កឱកាសឱ្យសាស្ត្រាចារ្យ និស្សិតនិងអ្នកស្រាវជ្រាវកៀកជិតសមាសភាគបច្ចេកវិទ្យាកង់ទិចជាច្រើនក្នុងបរិយាកាសក្លែងធ្វើឯកភាពមួយ”។
* ឈានចូលជម្រៅ បង្កកម្លាំងរីកសាយភាយ
ទន្ទឹមនឹងលទ្ធផលសម្រេចបានដែលគួរឱ្យស្ងើចសរសើរ ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TWនៅទីក្រុងកឹងធើក៏នៅមានចំណុចរាំងស្ទះ ភាពនៅមានកម្រិតជាច្រើនដូចជា ប្រភពវិនិយោគសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល មិនទាន់ទទួលបានកម្រិត ៣% ដូចការរំពឹងទុក; ល្បឿនផ្តល់ផ្ទេរថវិកានៅឃុំ សង្កាត់មួយចំនួននៅយឺត។ ទិន្នន័យនៅផ្នែកមួយចំនួនមិនទាន់សម្រេចតាមស្តង់ដារ មិនទាន់ធានាការតភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យមជ្ឈិម; ធនធានមនុស្សជំនាញខ្ពស់អំពី AI ទិន្នន័យ សុវត្ថិភាពព័ត៌មាននៅខ្វះ កម្មាភិបាលផ្លាស់ប្តូរឌីជីថលភាគច្រើនបំពេញការងារបន្ថែម; អាជីវកម្មបច្ចេកវិទ្យារបស់ទីក្រុងភាគច្រើនតូចនិងមធ្យម មិនទាន់មានអាជីវកម្មនាំមុខដឹកនាំ។
លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បញ្ជាក់៖ ជាមួយតួនាទីជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង កឹងធើមិនអាចគ្រាន់តែជាកន្លែងទទួលបច្ចេកវិទ្យាប៉ុណ្ណោះទេ ត្រូវតែជាកន្លែងដាក់ចេញចំណោទ សាកល្បងដំណោះស្រាយនិងរីកសាយភាយដល់ទូទាំងតំបន់។ តម្រូវការដាក់ចេញគឺផ្លាស់ប្តូរពី "មានធ្វើ" ទៅ "ធ្វើឱ្យដល់ទីបំផុត" ដោយយកការពេញចិត្តរបស់ប្រជាជន អាជីវកម្មធ្វើជាការវាស់វែង។ មន្ទីរហិរញ្ញវត្ថុត្រូវផ្តោតធ្វើតុល្យភាព ផ្តល់អាទិភាពចាត់ចែងធនធានសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល; អង្គភាពដែលបានប្រគល់ទុនត្រូវជំរុញល្បឿនផ្តល់ផ្ទេរថវិកា។ វិទ្យាស្ថាន សាលារៀនពង្រីកការបណ្តុះបណ្តាល AI វិទ្យាសាស្ត្រទិន្នន័យ; រួមជាមួយទីក្រុងដោះស្រាយចំណោទធំៗនិងផ្ទេរលទ្ធផលស្រាវជ្រាវទៅក្នុងការអនុវត្តជាក់ស្តែង។ អាជីវកម្មបច្ចេកវិទ្យាចែករំលែកដំណោះស្រាយជាក់លាក់ អាចអនុវត្តបាន សហការជាមួយទីក្រុងអំពីហេដ្ឋារចនាសម្ព័ន្ធត្រៀមខ្លួនសម្រាប់ AI; សុវត្ថិភាពព័ត៌មាន; សង្កាត់ ឃុំឌីជីថល; សេដ្ឋកិច្ចកម្រិតទាប...
លោកឡេថាញ់ថាញ នាយករងមន្ទីរឧស្សាហ-ពាណិជ្ជកម្មទីក្រុងកឹងធើ ឱ្យដឹង៖ តាមផែនការលើកកម្ពស់សន្ទស្សន៍ផ្លាស់ថ្មីច្នៃប្រតិដ្ឋថ្នាក់ភូមិភាគ (PII) ដំណាក់កាល ២០២៦-២០៣០ មន្ទីរឧស្សាហ-ពាណិជ្ជកម្មទីក្រុងទទួលបន្ទុកចម្បង៤សន្ទស្សន៍សមាសភាគ រួមមានគម្រោងក្នុងបណ្ដុំឧស្សាហកម្ម សន្ទស្សន៍ផលិតឧស្សាហកម្ម តម្លៃនាំចេញធៀបនឹង GRDP ល្បឿនកំណើនទិន្នផលពលកម្ម។ មន្ទីរនឹងរៀបចំបញ្ជីសន្ទស្សន៍ PII ស្ថិតក្នុងផ្នែក ចាត់ចែងឱ្យការិយាល័យ អង្គភាពនីមួយៗទទួលបន្ទុក ដាក់ចូលផែនការឆ្នាំ២០២៧ និងតាមដានតាមត្រីមាស មិនរង់ចាំលទ្ធផលប្រកាសនៅចុងឆ្នាំ។ ក្នុងពេលជាមួយគ្នា ផ្តល់អាទិភាពដល់ការកែច្នៃស៊ីជម្រៅផលិតផលកសិកម្ម ជលផល ឧស្សាហកម្មគាំទ្រ បច្ចេកវិទ្យាស្អាត; តភ្ជាប់អាជីវកម្មធំជាមួយអ្នកផ្គត់ផ្គង់ភូមិភាគដើម្បីសាយភាយបច្ចេកវិទ្យា។ បច្ចុប្បន្នទីក្រុងមានគោលនយោបាយជំនួយវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសបណ្ដុំឧស្សាហកម្ម ហើយភារកិច្ចរបស់មន្ទីរគឺនាំយកគោលនយោបាយនេះចូលទៅក្នុងការអនុវត្តជាក់ស្តែងដើម្បីមានគម្រោងផលិតបន្ថែមក្នុងបណ្ដុំ តាមរយៈនោះកែលម្អដោយផ្ទាល់នូវសន្ទស្សន៍អំពីគម្រោងក្នុងបណ្ដុំឧស្សាហកម្ម។
តាមលោកង៉ោអាញ់ទិន នាយកមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងកឹងធើ ទីក្រុងបានបង្កើតមូលដ្ឋានគ្រឹះសំខាន់ៗអំពីស្ថាបត្យកម្ម បញ្ជីទិន្នន័យ LGSP ឃ្លាំងទិន្នន័យប្រើប្រាស់រួមនិង IOC។ ដូច្នេះ បញ្ហាបន្ទាប់គឺកែលម្អការគ្រប់គ្រង លើកកម្ពស់គុណភាពទិន្នន័យ ធានាការតភ្ជាប់និងចែករំលែកត្រឹមត្រូវតាមបទប្បញ្ញត្តិ នាំទិន្នន័យចូលបម្រើដោយផ្ទាល់ដល់ការគ្រប់គ្រង ដឹកនាំនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទីក្រុងត្រូវចាត់តាំងព្រមៗគ្នានូវដំណោះស្រាយដូចជា ធ្វើឱ្យសុក្រឹតលិខិតបទដ្ឋានគតិយុត្តនិងកំណត់ទំនួលខុសត្រូវ; អភិវឌ្ឍវេទិកាប្រើប្រាស់រួម តភ្ជាប់គ្នា; ធ្វើឱ្យសម្រេចស្តង់ដារ ចែករំលែកទិន្នន័យតាមអាទិភាព; ភ្ជាប់ការទាញយកជាមួយចំណោទជាក់ស្តែង; វាស់ប្រសិទ្ធភាពដោយគុណភាព កម្រិតប្រើប្រាស់ឡើងវិញនិងផលប៉ះពាល់ចំពោះស្ថាប័នរដ្ឋ ប្រជាជន អាជីវកម្ម។ ពីព្រោះទិន្នន័យអាចក្លាយជាធនធានអភិវឌ្ឍនៅពេលអាចគ្រប់គ្រងទុកចិត្តបាន ធ្វើបច្ចុប្បន្នភាពជាប្រចាំ ចែករំលែកដោយទំនួលខុសត្រូវនិងទាញយកត្រឹមត្រូវតាមទិសដៅ។
មីថាញ - សុផន