19/11/2026 - 08:31

វត្ត​សិលា​ទ្រ (ថ្ម​ទល់) យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្រៀន​ភា​សា​បា​លី​-ខ្មែរ​ 

វត្ត​សិលា​ទ្រ (ថ្ម​ទល់) ស្ថិត​នៅ​អនុ​សង្កាត់ ១៣ សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង បាន​រក្សា​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​និង​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ភូមិ ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ។ ក្រៅ​ពី​នោះ វត្ត​ក៏​បាន​បង្ក​លក្ខណៈ​ដល់​ព្រះ​សង្ឃ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​មហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​វិជ្ជា រក្សា​ភា​សា អក្សរ​សាស្ត្រ​និង​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។

 សមណ​សិស្ស​និង​យុវ​សិស្ស ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​គ្រូ​បង្រៀន​វត្ត​សិលា​ទ្រ​(ថ្ម​ទល់)។

ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​ពុទ្ធ​សាស​នា​ខ្មែរ​ទាំង​១៥ នៅ​តំ​បន់​ទី​១ ខេត្ត​វិញ​ឡុង វត្ត​សិលា​ទ្រ (ថ្ម​ទល់) មិន​ត្រឹម​តែ​ជា​កន្លែង​ប្រ​ជុំ​ជីវ​កិច្ច​ជំ​នឿ​សាសនា​របស់​មា​មីង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កន្លែង​បើក​ថ្នាក់​បង្រៀន​និង​រៀន​ពុទ្ធិក​សិក្សា​បឋម​ភូមិ។ តាម​រយៈ​ថ្នាក់​រៀន​នេះ វត្ត​ក៏​បាន​បង្ក​លក្ខណៈ​ដើម្បី​ព្រះ​សង្ឃ សិស្សា​នុសិស្ស​បង្កើន​ចំ​ណេះ​ដឹង ហាត់​ពត់​សមត្ថ​ភាព​អាន​និង​សរ​សេរ​អក្សរ​ខ្មែរ ព្រម​ទាំង​ស្វែង​យល់​បន្ថែម​ពី​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់​រំ​បាន​ក្លាយ​ជា​សកម្ម​ភាព​មួយ​ដ៏​មាន​អត្ថ​ន័យ​ជាក់​ស្តែង​របស់​វត្ត​ចំ​ពោះ​សហ​គមន៍។

ព្រះ​តេជ​ព្រះ​គុណ ថាច់​គឹម​ថាយ ព្រះ​ចៅ​អធិ​ការ​វត្ត​សិលា​ទ្រ (ថ្ម​ទល់) និង​ជា​លេខា​ធិ​ការ​គណៈ​ពុទ្ធិក​សិក្សា​តំ​បន់​ទី​១ ខេត្ត​វិញ​ឡុង មាន​ថេរ​ដី​កា៖ រៀង​រាល់​ឆ្នាំ​នៅ​រដូវ​វិស្សម​កាល វត្ត​រក្សា​ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី​៤ ដោយ​មាន​សិស្ស ១២០ អង្គ​និង​រូប។ ថ្នាក់​រៀន​ទាំង​នេះ ជួយ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ឆ្លៀត​ពេល​ឈប់​សម្រាក​រដូវ​វិស្សម​កាល​ដើម្បី​មក​សិក្សា​ភា​សា​កំ​ណើត ពង្រឹង​ចំ​ណេះ​ដឹង ហាត់​អាន​និង​សរ​សេរ​អក្សរ។ តាម​រយៈ​ការ​សិក្សា​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​ប្អូនៗ​បាន​បង្កើន​ចំ​ណេះ​ដឹង​អំ​ពី​ភា​សា​ខ្មែរ ជា​ជំ​ហានៗ​លើក​កម្ពស់​ស្មារតី​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។ ទន្ទឹម​នឹង​ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​រដូវ​វិស្សម​កាល បច្ចុប្បន្ន វត្ត​សិលា​ទ្រ (ថ្ម​ទល់) ក៏​បាន​បើក​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម ភូមិ​ឆ្នាំ​ទី​១ ទី​២ ទី​៣​និង​ទី​៤ ដោយ​មាន​សិស្ស ៨១ អង្គ​និង​រូប។ ការ​បើក​ថ្នាក់​រៀន​តាម​កម្រិត​នី​មួយៗ ជួយ​ឱ្យ​សិស្សា​នុសិស្ស​ងាយ​ស្រួល​បន្ត​ចុះ​ឈ្មោះ​ចូល​រៀន ព្រោះ​នៅ​ជិត​ផ្ទះ។ ទន្ទឹម​នឹង​នោះ វត្ត​ក៏​បាន​បង្ក​លក្ខណៈ​ដល់​ព្រះ​សង្ឃ ១០ អង្គ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​មហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ​នៅ​សា​កល វិទ្យា​ល័យ​ត្រា​វិញ មាន​ឱ​កាស​បន្ត​ការ​សិក្សា​និង​លើក​កម្ពស់​កម្រិត​វិជ្ជា។ តាម​ថេរ​ដី​កា​របស់​ព្រះ​តេជ​ព្រះ​គុណ ថាច់​គឹម​ថាយ វត្ត​សិ​លា​ទ្រ (ថ្ម​ទល់) កំ​ពុង​ត្រៀម​រៀប​ចំ​ពិ​ធី​ប្រ​ឡង​បញ្ចប់​ឆ្នាំ​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី១ ទី២ ទី​៣ ឆ្នាំ​សិក្សា​២០២៦-​២០២៧ ដោយ​មាន​បេក្ខ​សិស្ស​ចូល​រួម​ប្រ​ឡង ១៩៨ អង្គ​និង​រូប ដែល​សិក្សា​នៅ​តាម​បណ្តា​វត្ត​ចំ​នួន ១០ ចំ​ណុះ​តំ​បន់​ទី១។ នេះ​ក៏​ជា​ឱ​កាស​វាយ​តម្លៃ​ការ​រៀន​សូត្រ​របស់​សិស្ស​ក្រោយ​ពី​រយៈ​ពេល​សិក្សា​នៅ​តាម​វត្ត។ ជា​មួយ​តួ​នា​ទី​ជា​មណ្ឌល​ចាត់​តាំង​ពិ​ធី​ប្រ​ឡង​វត្ត​សិលា​ទ្រ (ថ្ម​ទល់) បន្ត​រួម​ចំ​ណែក​ក្នុង​សកម្ម​ភាព អប់​រំ​នៅ​ក្នុង​តំ​បន់។

ការ​រក្សា​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​និង​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ភូមិ និង​ការ​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ដល់​ព្រះ​សង្ឃ​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​មហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ​និង​ការ​ត្រៀម​បម្រុង​ចាត់​តាំង ពិ​ធី​ប្រ​ឡង​បញ្ចប់​ឆ្នាំ​សិក្សា ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​១ ទី​២ ទី​៣ ទាំង​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​វត្ត​សិលា​ទ្រ (ថ្ម​ទល់) ចំ​ពោះ​ការ​ងារ​អប់​រំ។ តាម​រយៈ​នោះ វត្ត​បាន​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​សិក្សា រក្សា​ភា​សា អក្សរ​សាស្ត្រ អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ៕

 

ទីទុយ​-មុនី​

 

ចែករំលែកអត្ថបទ