មិនត្រឹមតែអនុវត្តភារកិច្ចពិនិត្យព្យាបាលជំងឺដំបូងប៉ុណ្ណោះទេ ដំណាក់សុខាភិបាលឃុំញូយ៉ា ទីក្រុងកឹងធើ នៅទាំងពង្រីកតួនាទីស្នូលក្នុងការអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យរកជំងឺដោយឥតគិតថ្លៃ និងបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជនទៀតផង។ តាមរយៈនោះ បានរួមចំណែកនាំយកសេវាកម្មសុខាភិបាលមកដល់សហគមន៍ លើកកម្ពស់ស្មារតីម្ចាស់ការបង្ការជំងឺ និងលើកកម្ពស់គុណភាពថែទាំសុខភាពពីសុខាភិបាលមូលដ្ឋានជាបណ្តើរៗ។

កម្មាភិបាលដំណាក់សុខាភិបាលឃុំញូយ៉ា កំពុងពិនិត្យជំងឺជូនមាមីង។
កំណត់ច្បាស់ការថែទាំសុខភាពដំបូងគឺជាភារកិច្ចសំខាន់ ដំណាក់សុខាភិបាលឃុំញូយ៉ា បានម្ចាស់ការសហការជាមួយគណៈ ផ្នែកនិងអង្គការមហាជន អនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃជូនប្រជាជនក្នុងឆ្នាំ ២០២៦។ ដោយឧត្តមភាពនៅជិតប្រជាជន និងច្បាមភូមិឋាន ហេតុនោះ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាល តែងចូលរួមយ៉ាងសកម្មក្នុងការចាត់ តាំងណែនាំ និងជួយប្រជាជនកៀកជិតសេវាកម្មសុខាភិបាលទំនើប។ អ្នកមីង ថាច់ថារី ប្រជាជននៅភូមិភាគមកពិនិត្យជំងឺ ឱ្យដឹង៖ “អ្នកដែលមកពិនិត្យជំងឺភាគច្រើនសុទ្ធតែជាអ្នកមានវ័យចំណាស់ អ្នកពិការ ដូច្នេះការពិនិត្យចំណាយពេលយូរបន្តិច។ ប៉ុន្តែដោយសារការណែនាំអស់ពីចិត្តរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ម្ល៉ោះហើយអ្នកណាក៏ពេញចិត្តទាំងអស់ សង្ឃឹមថានឹងមានការពិនិត្យជំងឺដូច្នេះច្រើនលើកទៀត”។
តាមស្ថិតិមកដល់ពេលនេះ ទូទាំងឃុំមានអ្នកមកពិនិត្យសុខភាព ៦.៤០១ នាក់ នៃចំនួនប្រជាជនសរុប ៣៨.២៦១ នាក់ សម្រេចអត្រា ១៦,៧២%។ ពិសេស ការពិនិត្យសុខភាពដល់កុមារ និងសិស្សបានយកចិត្តទុកដាក់អនុវត្តដោយមានប្អូនៗស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងបានមកពិនិត្យសុខភាព៦.៤៩០នាក់ សម្រេចអត្រា១០០%។ ទន្ទឹមនឹងពិនិត្យនិងព្យាបាលជំងឺ ដំណាក់នៅទាំងយកចិត្តទុកដាក់ផ្សព្វផ្សាយ ណែនាំប្រជាជនលើកកម្ពស់ស្មារតីថែទាំសុខភាព ពិសេសការពិនិត្យជំងឺតាមកាលកំណត់ ដើម្បីឆាប់ប្រទះឃើញរោគសញ្ញា។ ព្រមទាំងប្រមូលផ្តុំបង្កើត និងធ្វើបច្ចុប្បន្នភាពសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជន។ ការធ្វើឌីជីថលព័ត៌មានសុខភាព មិនត្រឹមតែជួយគ្រប់គ្រងប្រវត្តិជំងឺលទ្ធផលពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ថែមទាំងបង្កភាពងាយស្រួលសម្រាប់តាមដាន ពិគ្រោះនិងថែទាំសុខភាពយូរអង្វែង និងជួយលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងសុខភាពសហគមន៍ឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរឌីជីថលលើវិស័យសុខាភិបាល។
វេជ្ជបណ្ឌិត ឡឹមធីភឿងឡង នាយិការងដំណាក់ សុខាភិបាលឃុំញូយ៉ា ឱ្យដឹង៖ “នៅពេលខាងមុខ ដំណាក់សុខាភិបាលឃុំនឹងបន្តលើកកម្ពស់គុណភាពមុខជំនាញ ជំរុញការឃោសនាចលនាប្រជាជនចូលរួមពិនិត្យសុខភាពតាមកាលកំណត់ បង្កើនការ គ្រប់គ្រងក្រុមមុខសញ្ញានានា ទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្នភាពសំណុំឯកសារសុខភាពអេឡិចត្រូនិក ឱ្យបានគ្រប់គ្រាន់។ តាមរយៈនោះ ពង្រីកតួនាទីជួរមុខក្នុងការថែទាំសុខភាពដំបូង ឆ្ពោះដល់ទិសដៅប្រជាជនគ្រប់រូបបានកៀកជិតសេវាកម្មសុខាភិបាលចាំបាច់និងមានគុណភាពនៅភូមិភាគ”។
ជាមួយនឹងភាពម្ចាស់ការរបស់ដំណាក់សុខាភិបាលឃុំ ព្រមជាមួយកិច្ចសហការរបស់បណ្តាផ្នែក និងអង្គការមហាជន ទើបការងារថែទាំសុខភាពដំបូងនៅឃុំញូយ៉ា បានពង្រឹងជាបណ្តើរៗ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីកសាងប្រព័ន្ធសុខាភិបាលមូលដ្ឋានកៀកជិតប្រជាជន និងរួមចំណែកលើកកម្ពស់គុណភាពនៃការរស់នៅជូនប្រជាជន៕
ថាញវ៉ាង - វិមាន