ដោយទឹកចិត្តស្រឡាញ់អាជីពរបស់គ្រូ និងមោទនភាពជនជាតិដ៏ជ្រាលជ្រៅ អ្នកគ្រូថាច់ធីវណ្ណធា គ្រូបង្រៀនសាលាវិទ្យាល័យអន្តេវាសិកវិញឡុង(នៅឃុំតាមប៊ិញ ខេត្តវិញឡុង) បានផ្គួបផ្សាំការបង្រៀនភាសាខ្មែរជាមួយនឹងសកម្មភាពឆ្លងបទពិសោធន៍ជាក់ស្ដែង។ ការខិតខំប្រឹងប្រែងដោយស្ងៀមស្ងាត់ទាំងនោះ មិនត្រឹមតែរួមចំណែកលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់បក្ស និងរដ្ឋស្ដីពីការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិភាគតិចក្នុងសម័យថ្មីទៀតផង។
នាំបេតិកភណ្ឌវប្បធម៌ចូលក្នុងគម្រោងមេរៀន

ឈុតសម្ដែងរបាំឆៃយ៉ាំដ៏ពិសេសទាក់ទាញសិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកវិញឡុងចូលរួមយ៉ាងច្រើនកុះករក្នុងរាត្រីពិធីផ្សព្វផ្សាយអត្ថន័យបុណ្យអកអំបុក។
ក្នុងបរិវេណនៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកវិញឡុងភ្លឺចិញ្ចាច អ៊ូអរក្នុងបរិយាកាសនៃពិធីប្រឡងផ្សព្វផ្សាយអត្ថន័យបុណ្យអកអំបុក។ សំឡេងភ្លេងពិណពាទ្យបន្លឺឡើងលាយឡំជាមួយចង្វាក់ស្គរឆៃយ៉ាំដ៏អ៊ឹកធឹក រួមនឹងពន្លឺប្រទីបដែលភ្លឺព្រោងព្រាត ថាសគ្រឿងដង្វាយប្រពៃណីមានអំបុកទន់ក្រអូប និងកសិផលពិសេស ដែលសិស្សរៀបចំដោយផ្ទាល់ បានបង្ហាញឡើងវិញយ៉ាងរស់រវើកនូវទិដ្ឋភាពវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរណាមបូ។ នៅពីក្រោយភាពជោគជ័យនៃកម្មវិធី គឺជាការយកចិត្តទុកដាក់របស់ក្រុមគ្រូបង្រៀននៅសាលា គួរឱ្យកត់សម្គាល់បំផុតគឺស្នាដៃរបស់អ្នកគ្រូថាច់ធីវណ្ណធា អនុលេខាសម្ព័ន្ធយុវជនសាលា និងជាគ្រូបង្រៀនវិញ្ញាសាភាសាខ្មែរ។ មិនត្រឹមតែបំពេញល្អភារកិច្ចក្នុងការបង្ហាត់បង្រៀនប៉ុណ្ណោះទេ អ្នកគ្រូថែមទាំងផ្ដល់គំនិតដោយផ្ទាល់ ណែនាំសិស្សរៀបចំឈុតសម្ដែងសិល្បៈ ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី ជួយឱ្យប្អូនៗជ្រួតជ្រាបកាន់តែជ្រាលជ្រៅពីប្រពៃណីរបស់ជនជាតិផងខ្លួន។
សេចក្ដីស្រឡាញ់ចំពោះភាសាកំណើតរបស់អ្នកគ្រូធា បានបណ្តុះឡើងតាំងពីកុមារភាព ដែលផ្សារភ្ជាប់នឹងវត្តខ្មែរ ជាកន្លែងរក្សានូវឃ្លាំងចំណេះដឹង និងវប្បធម៌ប្រពៃណីរបស់ភូមិស្រុក។ ដោយឆាប់យល់ដឹងពីតម្លៃដ៏ពិសិដ្ឋនៃភាសានិងអក្សរសាស្ត្រជនជាតិ ពេលឈរបង្ហាត់បង្រៀន អ្នកគ្រូតែងគិតថា ការបង្រៀនភាសាខ្មែរមិនត្រឹមតែជាភារកិច្ចជំនាញសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវនយោបាយ និងជាភារកិច្ចរួមចំណែករក្សាឫសគល់វប្បធម៌សម្រាប់យុវជនជំនាន់ក្រោយទៀតផង។
អ្នកគ្រូធា រ៉ាយរ៉ាប់៖ “ដោយសារបានរៀនភាសាខ្មែរនៅវត្តតាំងពីតូច ខ្ញុំតែងមានបំណងចង់បង្រៀនបន្តនូវមត៌កដ៏មានតម្លៃនេះដល់សិស្ស។ ដើម្បីដាស់ស្មារតីស្រឡាញ់ចូលចិត្ត និងភាពជឿជាក់ដល់សិស្ស ខ្ញុំផ្តោតលើការបញ្ចូលការអប់រំវប្បធម៌ តាមរយៈសកម្មភាពឆ្លងបទពិសោធន៍ជាក់ស្តែង ដូចជាការសម្តែងឡើងវិញនូវពិធីបុណ្យ ការបង្ហាញសម្លៀកបំពាក់ប្រពៃណី ការហាត់ច្រៀង និងរាំរបាំប្រជាប្រិយ។ ពេលបានចូលរួមក្នុងលំហវប្បធម៌ សិស្សទទួលយកបានយ៉ាងលឿន ហើយកាន់តែផ្សារភ្ជាប់នឹងសាលា បន្ថយការនឹកផ្ទះ ពេលមករៀនឆ្ងាយពីគ្រួសារ”។ ភាពបត់បែន ការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនតាមទិសដៅផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែងបានធ្វើឱ្យម៉ោងរៀនភាសាខ្មែរកាន់តែមានភាពរស់រវើកនិងជិតស្និទ្ធ។

សិស្សសាលាវិទ្យាល័យអន្តេវាសិកវិញឡុងរៀបចំផ្កា ផ្លែឈើ និងគ្រឿងដង្វាយតាមប្រពៃណីបម្រើសកម្មភាពឆ្លងបទពិសោធន៍ក្នុងពិធីបុណ្យអកអំបុក។
រីកសាយភាយការទទួលខុសត្រូវក្នុងការអភិរក្សវប្បធម៌ក្នុងយុវជនជំនាន់ក្រោយ
វាយតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រូថាច់ធីវណ្ណធា លោកគ្រូ លីកុងចាញ់ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកវិញឡុងបានកត់សម្គាល់ថា នេះជាគ្រូបង្រៀនវ័យក្មេងដែលសកម្ម ពោរពេញដោយឆន្ទៈ មានការទទួលខុសត្រូវ និងតែងអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុអប់រំនៅតំបន់ជនជាតិភាគតិច។ តាមរយៈភាពម្ចាស់ការ និងគំនិតផ្លាស់ថ្មី អ្នកគ្រូធា បានបញ្ចូលយ៉ាងប៉ិនប្រសប់នូវតម្លៃបេតិកភណ្ឌខ្មែរចូលក្នុងជីវភាពសាលារៀន បង្កកម្លាំងរីកសាយភាយវិជ្ជមាន និងដាស់ស្មារតីស្រឡាញ់ការសិក្សាដល់សិស្ស។
លោកគ្រូលីកុងចាញ់ បានបញ្ជាក់៖ “ដោយជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈរបស់បក្សស្ដីពីការកសាង និងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ គណៈចាងហ្វាងសាលាតែងកំណត់ថា កិច្ចការអភិរក្សតម្លៃវប្បធម៌ប្រពៃណី ជាភារកិច្ចសំខាន់បំផុត ដើរទន្ទឹមជាមួយការលើកកម្ពស់គុណភាពបង្រៀន និងរៀន។ ការរួមចំណែកជាក់ស្ដែងរបស់អ្នកគ្រូធា បានរួមដំណើរជាមួយសមូហភាពគ្រូបង្រៀនអនុវត្តភារកិច្ចយ៉ាងប្រសិទ្ធភាព គឺទាំងលើកកម្ពស់ចំណេះដឹងវិទ្យាសាស្ត្រ ទាំងបំពេញបានល្អនូវភារកិច្ចថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិតាំងពីក្នុងសាលារៀន”។

អ្នកគ្រូថាច់ធីវណ្ណធា (ទី៣រាប់ពីឆ្វេង) រួមជាមួយកម្មាភិបាលគ្រូបង្រៀននិងសិស្សសាលាក្បែរទីតាំងតុបតែងបុណ្យអកអំបុក។
ការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលរបស់គណៈកម្មាធិការបក្ស គណៈចាងហ្វាងសាលាពិតជាទីបង្អែកដ៏រឹងមាំដើម្បីអ្នកគ្រូធា រួមជាមួយក្រុមគ្រូបង្រៀនបន្តលើកកម្ពស់ស្មារតីឈានមុខ ច្នៃប្រតិដ្ឋ នាំវប្បធម៌ប្រពៃណីរីកសាយភាយយ៉ាងជម្រៅក្នុងជីវភាពសាលារៀន។ ជាសិស្សចូលរួមយ៉ាងសកម្មក្នុងចលនាវប្បធម៌នៅសាលា ប្អូនថាច់មិញធឿង សិស្សថ្នាក់ ១២B បានចែករំលែកដោយរីករាយ៖ “ដោយសារការណែនាំយ៉ាងយកចិត្តទុកដាក់ និងការលើកទឹកចិត្តទាន់ពេលរបស់អ្នកគ្រូធា ពួកប្អូនមិនត្រឹមតែយល់ច្បាស់អំពីអត្ថន័យដ៏ជ្រាលជ្រៅនៃពិធីបុណ្យអកអំបុកប៉ុណ្ណោះទេ ថែមទាំងបានហ្វឹកហាត់ស្មារតីសាមគ្គី និងភាពជឿជាក់លើខ្លួនឯង ពេលចូលរួមក្នុងសកម្មភាពរួម។ តាមរយៈបទពិសោធន៍នីមួយៗ ខ្ញុំកាន់តែមានមោទនភាពអំពីប្រពៃណីជនជាតិ និងយល់ដឹងច្បាស់អំពីការទទួលខុសត្រូវរបស់យុវវ័យជំនាន់ក្រោយក្នុងការរក្សា និងផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏ល្អប្រពៃទាំងនោះក្នុងជីវភាពរស់នៅសព្វថ្ងៃ”។
សំឡេងស្គរឆៃយ៉ាំ និងពន្លឺប្រទីបនៃរាត្រីជួបជុំបានកន្លងផុតទៅ ប៉ុន្តែគ្រាប់ពូជនៃសេចក្ដីស្រឡាញ់ និងមោទនភាពជាតិ ដែលអ្នកគ្រូថាច់ធីវណ្ណធា ខិតខំបណ្តុះ នៅតែលូតលាស់ពន្លកខៀវស្រងាត់ជារៀងរាល់ថ្ងៃ។ លើសពីការបង្ហាត់បង្រៀនភាសា អ្នកគ្រូកំពុងរួមចំណែកពូនជ្រុំភាពរឹងមាំខាងវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីសិស្សម្នាក់ៗ ពេលចាកចេញពីដំបូលសាលាវិទ្យាល័យជនជាតិអន្តេវាសិក សុទ្ធតែមានសម្ពាយយ៉ាងពេញលេញទាំងចំណេះដឹង និងស្មារតី បន្តដំណើរថែរក្សា និងធ្វើឱ្យអត្តសញ្ញាណវប្បធម៌ខ្មែរកាន់តែរីកដុះដាល ក្នុងចរន្តអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕
ថាច់ធី