20/11/2026 - 08:43

មាន​ទូក​ ងជាង​ ៨០ ទូក បាន​ត្រៀម​ជា​ស្រេច​សម្រាប់​រដូវ​កាល​ប្រ​ណាំង​ 

ក្រោយ​ពី​រយៈ​ពេល​ហាត់​សម​ដោយ​ស្មារតី​សាមគ្គី ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្រុម​ទូក ង​បុរស​និង​នា​រី​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​រដូវ​កាល​ប្រ​ណាំង ឆ្ពោះ​ដល់​ទិស​ដៅ​ប្រ​កួត​ប្រ​ណាំង​អស់​ពី​សមត្ថ​ភាព​និង​ដណ្តើ​មយក​ជ័យ​លា​ភី​នៅ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក -ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦។

​ ​កី​ឡា​ករ​ទូក ង វត្ត​ជ្រោយ​ទឹម​ចាស់ សកម្ម​ហាត់​សម​ត្រៀម​ជា​ស្រេច​សម្រាប់​រដូវ​កាល​ប្រ​ណាំង។

ទូក ង វត្ត​ជ្រោយ​ទឹម​ចាស់ ជា​ទូក​ដែល​មាន​ឈ្មោះ​បោះ​សំ​ឡេង​ក្នុង​ពិ​ធី​ប្រ​ណាំង​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ហើយ​តែង​ឋិត​ក្នុង​ចំ​ណោម​ទូក​ពូ​កែៗ ម្ល៉ោះ​ហើយ​តែង​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍ និង​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​មា​មីង​ពុទ្ធ​បរិ​ស័ទ និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។ ពិ​សេស ទូក​របស់​វត្ត​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ ៤ ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ឆ្នាំ​២០២៥ លទ្ធ​ផល​នេះ បាន​ផ្តល់​ជា​កម្លាំង​ចិត្ត​ដើម្បី​វត្ត​និង​កី​ឡា​ករ​ត្រៀម​បម្រុង​ឱ្យ​បាន​ហ្មត់​ចត់​សម្រាប់​រដូវ​ប្រ​ណាំង​ថ្មី។ តាម​ថេរ​ដី​កា​របស់​ព្រះ​តេជ ព្រះ​គុណ ថាច់​បេន ព្រះ​ចៅ​អធិការ​វត្ត​ជ្រោយ​ទឹម​ចាស់ ធម្ម​តា​ក្រោយ​ពី​បុណ្យ​សែន​ដូន​តា ទើប​កី​ឡា​ករ ចាប់​ផ្តើម​ហាត់​សម។ ប៉ុន្តែ អា​ស្រ័យ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ ៤ នៅ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​កាល​ពី​ឆ្នាំ​កន្លង ដូច្នេះ​ឆ្នាំ​នេះ ក្រុម​កី​ឡា​ករ​ទូក​ ងរបស់​វត្ត​បាន​សម្រេច​ចិត្ត​ឆាប់​ហាត់​សម​ជាង​រាល់​ឆ្នាំ ដើម្បី​មាន​ពេល​លត់​ដំ​កាយ​សម្ប​ទា លើក​កម្ពស់​បច្ចេក​ទេស ឆ្ពោះ​ដល់​ទិស​ដៅ​រក្សា​ស្នា​ដៃ​ទទួល​បាន​រង្វាន់​ខ្ពស់។ ទន្ទឹម​នឹង​ការ​ពង្រឹង​កង​ជួរ​កី​ឡា​ករ ឆ្នាំ​នេះ វត្ត​ក៏​បាន​វិនិ​យោគ​បោះ​ទូក​ថ្មី មាន​ចំ​ណុះ​កី​ឡា​ករ ៧០​នាក់។ ការ​ងារ​ហ្វឹក​ហាត់​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ និង​ផ្តោត​សំ​ខាន់​លើ​ការ​ពង្រឹង​កម្លាំង​ស៊ូ​ទ្រាំ បច្ចេក​ទេស​និង​លទ្ធ​ភាព​សហ​ការ​រវាង​កី​ឡា​ករ។ លោក​ស៊ើង​ថាយ​ហៀង​ គ្រូ​បង្វឹក​ទូក ង​វត្ត​ជ្រោយ​ទឹម​ចាស់ ចែក​រំលែក៖ “ឆ្នាំ​នេះ បង​ប្អូន​កី​ឡា​ករ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ប្តេជ្ញា​ចិត្ត​សម្រេច​បាន​ស្នា​ដៃ​កាន់​តែ​ល្អ​ប្រ​សើរ។ គណៈ​គ្រូ​បង្វឹក​នឹង​ខិត​ខំ​ជួយ​កី​ឡា​ករ​លើក​កម្ពស់​កាយស​ម្បទា បច្ចេក​ទេស សហ​ការ​បាន​ល្អ ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​បំ​ផុត”។

មិន​ខុស​ពី​ទូក ង​ដទៃៗ​ឡើយ ទូក ង វត្ត​បួន​មុំប្រ​ជុំ​មាន​ជ័យ ថ្នល់​ថ្មី នៅ​ឃុំ​ឡឹម​តឹង ក៏​បាន​ត្រៀម​បម្រុង​សម្រាប់​រដូវ​កាល​ប្រ​ណាំង។ ជា​មួយ​ទូក​ទើប​បោះ​ថ្មី កង​ជួរ​កី​ឡា​ករ​វ័យ​ក្មេង​មាន​សុខ​ភាព​មាំ​មួន សន្យា​នឹង​នាំ​មក​ការ​ប្រ​កួត​ប្រ​ណាំង​ដ៏​ទាក់​ទាញ។ ក្រុម​កី​ឡា​ករ​ទូក​ ង កំ​ពុង​ខិត​ខំ​ហ្វឹក​ហាត់ ពង្រីក​ស្មារតី​សាម​គ្គី ប្តេជ្ញា​ប្រ​កួត​អស់​ពី​សមត្ថ​ភាព រួម​ចំ​ណែក​អភិ​រក្ស​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន រួម​ជាតិ​ខ្មែរ។ ចែក​រំលែក​ពី​ដំ​ណើ​ការ​ហ្វឹក​ហាត់ បង​ថាច់​តាយ​សែម ឱ្យ​ដឹង៖ “មក​ដល់​បច្ចុប្បន្ន ក្រុម​កី​ឡា​ករ​ទូក ង​វត្ត​ថ្នល់​ថ្មី​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​រដូវ​កាល​ប្រ​ណាំង។ កី​ឡា​ករ​ទាំង​អស់​មាន​ក្តី​សប្បាយ​រីក​រាយ ហាត់​សម​យ៉ាង​ផុល​ផុស បេ្តជ្ញា​ប្រ​កួត​ប្រ​ណាំង​អស់​ពី​សមត្ថ​ភាព ដើម្បី​សម្រេច​បាន​ស្នា​ដៃ​ល្អ​បំ​ផុត”។

ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់ ស្មារតី​ហ្វឹក​ហាត់​ម៉ឺង​ម៉ាត់ ព្រម​ទាំង​ការ​ឧបត្ថម្ភ​របស់​វត្ត​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ ក្រុម​កី​ឡា​ករ​ទូក ង វត្ត​ជ្រោយ​ទឹម​ចាស់​និង​ទូក ង​វត្ត​ថ្នល់​ថ្មី កាន់​តែ​មាន​កម្លាំង​ចិត្ត ហាត់​សម​ឈាន​ដល់​រដូវ​កាល​ប្រ​ណាំង​ថ្មី​។ ទូក ង នី​មួយៗ សុទ្ធ​តែ​មាន​ការ​ប្តេជ្ញា ដើម្បី​ទទួល​បាន​រង្វាន់​ខ្ពស់​បំ​ផុត ព្រម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ពិ​ធី​ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​អំ​ឡុង​ពេល ២ ថ្ងៃ នៅ​ថ្ងៃ​ទី​២៣ ទី​២៤ ខែ​វិច្ឆិកា លើ​ដង​ព្រែក Maspero សង្កាត់​សុក​ត្រាំង ដោយ​មាន​ទូក ង​បុរស​និង​ទូក ង នា​រី​ជាង ៨០ ទូក នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង​ចូល​រួម​អុំ​ប្រ​ណាំង៕

ថាញ​វ៉ាង​-មុនី​

ចែករំលែកអត្ថបទ