ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ នឹងបើកព្រឹត្តិការណ៍នៅវេលាម៉ោង ៨ រាត្រី ទី ២១ ខែវិច្ឆិកា នៅសួនច្បារ ៣០ មេសា សង្កាត់ភូឡើយ។
លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ ផ្នែក និងភូមិភាគនានា ដើម្បីត្រួតពិនិត្យល្បឿនដំណើរការត្រៀមលក្ខណៈទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦។

លោក ង្វៀងមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ធ្វើរបាយការណ៍អំពីសល្បឿនដំណើរការនៃផ្នែកការងារ។
តាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុង មកដល់ពេលនេះ ការងារត្រៀមបម្រុងសម្រាប់សកម្មភាពទិវាវប្បធម៌វៀតណាម និងបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ជាសារវន្តសម្រេចតាមផែនការដាក់ចេញ។ ពានរង្វាន់ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ដណ្តើមពានរង្វាន់ ញឿ ប៊ិញមិញ ដោយមានទូក-ង ចុះឈ្មោះចូលរួម ៨៤ ទូក (ក្នុងនោះ ទូក-ងផ្នែកបុរស ៦៧ ទូក និងទូក-ងផ្នែកនារី ១៧ ទូក) មានកីឡាករ-កីឡាការិនីជាង ៧.០០០ នាក់។
ទីតាំងប្រណាំងនៅដងព្រែក Maspero បានត្រួតពិនិត្យរួចរាល់ ហើយមានវិធានការរៀបចំវេទិកាមានសមត្ថភាពផ្ទុកកន្លែងអង្គុយជាង ១.០០០ កៅអី ក៏បានកសាងដើម្បីបម្រើប្រជាជននិងភ្ញៀវទេសចរ។
សកម្មភាពសំខាន់ៗនៃពិធីបុណ្យរួមមាន៖ កម្មវិធីសិល្បៈបើកវគ្គ ពានរង្វាន់ប្រណាំងទូក-ង ពិធីសំពះព្រះខែ បណ្តែតប្រទីបនិងទូកគែហ៊ៅ ផ្សារណាត់ជំរុញដំណើរការពាណិជ្ជកម្មផលិតផល OCOP និងផលិតផលប្រណីតប្រចាំតំបន់។
ការងារឃោសនា ផ្សព្វផ្សាយបានអនុវត្តលើមធ្យោបាយព័ត៌មានមហាជន ប្រព័ន្ធឃោសនាដោយផ្ទាល់និងថ្នាលឌីជីថល។ មធ្យោបាយធានាសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល អនាម័យសុវត្ថិភាពម្ហូបអាហារ និងបរិស្ថាន កំពុងបានអនុគណៈកម្មការជំនាញផ្សព្វផ្សាយអនុវត្ត។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ថ្លែងក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រី ង្វៀងធីង៉ុកឌេប សំណូមពរមន្ទីរ ផ្នែក និងភូមិភាគនានា បន្តត្រួតពិនិត្យនូវភារកិច្ចដែលបានប្រគល់ មិនទុកឱ្យឆ្លកឬយឺតយ៉ាវល្បឿនការងារឡើយ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅតាមទីតាំងចាត់តាំងពិធីបុណ្យ។
កងកម្លាំងនគរបាលសហការជាមួយរដ្ឋអំណាចភូមិភាគបង្កើនការដើរល្បាត គ្រប់គ្រង រៀបចំកងកម្លាំងនៅតាមតំបន់ដែលមានមនុស្សច្រើនកុះករ ដំឡើងប្រព័ន្ធកាមេរ៉ាឃ្លាំមើលនៅតំបន់ប្រព្រឹត្តឡើងពានរង្វាន់ប្រណាំងទូក-ង ម្ចាស់ការបង្ការទប់ស្កាត់ និងវិនិច្ឆ័យបានទាន់ពេលចំពោះស្ថានការណ៍ដែលកើតឡើង។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ក៏បានរំលឹកអំពីការងារអនាម័យបរិស្ថាន ប្រមូលសំរាមនៅលើដងព្រែក Maspero; ធានាលក្ខណៈសុខាភិបាល និងសុវត្ថិភាពម្ហូបអាហារ រួមចំណែកចាត់តាំងពិធីបុណ្យប្រកបដោយសុវត្ថិភាព ស៊ីវិល័យ និងប្រសិទ្ធភាព៕
អាយនឿង - វិមាន