ប៉ុន្មានថ្ងៃមកនេះ ឱ្យតែដល់ពេលរសៀល ដងព្រែក Maspero នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ តែងមានភាពអ៊ូអរនិងពោរពេញដោយសម្ទុះជីវិត។ សំឡេងកញ្ចែបញ្ជាលាយឡំនឹងចង្វាក់អុំយ៉ាងញាប់ និងសំឡេងហ៊ោកញ្ជ្រៀវគាំទ្រនៅសងខាងមាត់ព្រែក បង្កបានជាបរិយាកាសថ្ងៃបុណ្យយ៉ាងអធិកអធម សាយភាយមោទនភាពក្នុងជនរួមជាតិខ្មែរ ដែលជាសញ្ញាបង្ហាញថា បុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ កំពុងខិតជិតមកដល់ហើយ។
តាមផែនការ ពានរង្វាន់ប្រណាំងទូក-ងក្នុងក្របខ័ណ្ឌបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ នឹងប្រព្រឹត្តឡើងក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ២៣ និងទី ២៤ ខែវិច្ឆិកា។ កាន់តែកៀកជិតដល់ថ្ងៃបើកវគ្គប្រណាំង បរិយាកាសហាត់សមនៅដងព្រែក Maspero កាន់តែមានភាពមមាញឹក និងស្វិតស្វាញខ្លាំងឡើងៗ។ នៅពេលរសៀល ក្រុមទូក-ងនានាបានប្រមូលផ្តុំគ្នាមកទីនេះហាត់សម ដើម្បីឱ្យធ្លាប់ជាមួយនឹងស្ថានភាពទឹក ខ្សែទឹកហូរ និងលត់ដំបច្ចេកទេស ពិសេសគឺការបង្កើនល្បឿនលឿនលើខ្សែទឹកប្រណាំងជាក់ស្តែង។ ឆ្នាំនេះ បានទាក់ទាញក្រុមទូក-ងបុរស និងក្រុមទូក-ងនារីចូលរួមប្រកួតដណ្តើមពានរង្វាន់ចំនួន ៨៤ ទូក សន្យានឹងនាំមកនូវការប្រកួតដណ្តើមយ៉ាងស្វិតស្វាញ និងទាក់ទាញអារម្មណ៍មិនខាន។

បរិយាកាសហាត់សមរបស់ក្រុមទូក-ងនានានៅដងព្រែក Maspero កាន់តែមមាញឹក និងស្វិតស្វាញ។
បច្ចុប្បន្ន នៅដងព្រែក Maspero មានវត្តមានរបស់ទូក-ងជាច្រើនដូចជា៖ ទូក-ងវត្តទំនប់ វត្តបឹងក្រចាប់ថ្មី វត្តព្រះបួនព្រះភ័ក្រ្ត វត្តចំប៉ា វត្តព្រែកអណ្តើក វត្តបាយឆៅ... ទូក-ងទាំងនោះបន្តអុំកាត់រលក បង្កើនល្បឿននៅលើខ្សែទឹកប្រណាំង បានទាក់ទាញប្រជាជនរាប់រយនាក់មកទស្សនាតាមដាន និងលើកទឹកចិត្តយ៉ាងកុះករនៅតាមមាត់ព្រែកទាំងសងខាង។ ចំណុចពិសេសនៃពានរង្វាន់ឆ្នាំនេះ គឺការវិលត្រឡប់មកវិញរបស់ទូក-ងវត្តបាយឆៅ ក្រោយពីអវត្តមានជាង ៣០ ឆ្នាំនៅលើខ្សែទឹកប្រណាំង។ ការបង្ហាញខ្លួនសាជាថ្មីនេះ បាននាំមកនូវសេចក្តីរំភើបយ៉ាងខ្លាំងចំពោះពុទ្ធបរិស័ទ និងមាមីងនៅក្នុងភូមិស្រុក។ ដើម្បីត្រៀមដល់ការវិលត្រឡប់មកលើកនេះពោរពេញដោយអត្ថន័យនោះ វត្តបានកៀរគរកីឡាករប្រមាណ ៣០០ នាក់ ចូលរួមហាត់សមទូក-ង ២ គ្រឿង។ កីឡាករទាំងអស់កំពុងលត់ដំកម្លាំងកាយ សហការអុំស៊ីចង្វាក់គ្នា ប្តេជ្ញាដណ្តើមយកជ័យលាភីខ្ពស់។
លោកចៅអូន តែងមានមុខនៅមាត់ព្រែក Maspero ក្នុងអំឡុង ៥ ថ្ងៃកន្លង ដើម្បីតាមដានក្រុមទូក-ងរបស់វត្តហាត់សម គាត់ឱ្យដឹងដោយក្តីរីករាយ៖ "ពេលឮដំណឹងថាទូក-ងរបស់វត្តបានវិលត្រឡប់មកប្រណាំងវិញក្រោយពីអវត្តមានជាងបីទសវត្សរ៍ មាមីងនៅក្នុងភូមិស្រុកអ្នកណាក៏ត្រេកអរ រសៀលណាក៏បបួលគ្នាមកមើល និងលើកទឹកចិត្តទាំងអស់។ ឃើញបងប្អូនហាត់សមយ៉ាងស្វាហាប់ដូច្នេះ អ្នកណាក៏រីករាយ ហើយបរិយាកាសឆ្នាំនេះមានភាពអ៊ូអរ និងកុះករជាងរាល់ឆ្នាំទៅទៀត។ មកទីនេះ ទើបឃើញក្រុមទូក-ងនីមួយៗសុទ្ធតែមានយុទ្ធសាស្ត្រ របៀបហាត់សមរៀងៗខ្លួន ប៉ុន្តែមានការប្តេជ្ញាចិត្តតែមួយដូចគ្នា គឺចង់ដណ្តើមយកជ័យលាភីខ្ពស់ នាំកិត្តិយសជូនវត្តអារាម"។
ចំពោះកីឡាករ បានចូលរួមប្រណាំងនៅលើទូក-ងរបស់វត្ត មិនត្រឹមតែជាភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជាមោទនភាព ទទួលខុសត្រូវក្នុងការរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ លោក ថាច់ហ្វាងហាយ កីឡាករទូក-ងវត្តបាយឆៅ ទើបចូលរួមអុំទូក-ងលើកដំបូង និងបានហាត់សមជាងមួយខែមកហើយ គាត់ឱ្យដឹង៖ "ខ្ញុំពិតជាមានមោទនភាពណាស់ពេលវត្តមានទូក-ង។ ទោះបីជាលើកដំបូងបានចុះទូកអុំក៏ដោយ ប៉ុន្តែដោយបានការណែនាំរបស់គ្រូបង្វឹក ខ្ញុំនិងបងប្អូនក្នុងក្រុមសាមគ្គីភាពគ្នាណាស់ ហើយប្តេជ្ញាប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីកិត្តិយសនិងមោទនភាពរបស់វត្ត"។

កីឡាករទូក-ងកំពុងបញ្ចេញកម្លាំងហាត់សមនៅដងព្រែក Maspero។
មិនចំពោះតែវត្តបាយឆៅនោះទេ ក្រុមទូក-ងផ្សេងៗទៀតក៏កំពុងសស្រាក់សស្រាំត្រៀមខ្លួនសម្រាប់ប្រកួតប្រណាំងផងដែរ។ បង ត្រាថៃ ជាកីឡាករផ្សារភ្ជាប់នឹងក្រុមទូក-ងវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ឱ្យដឹង៖ "ខ្ញុំបានចូលរួមអុំទូក-ងជាង ១០ ឆ្នាំមកហើយ ប៉ុន្តែទើបឃើញបរិយាកាសត្រៀមបម្រុងរដូវកាលប្រកួតឆ្នាំនេះមានភាពពុះកញ្ជ្រោលយ៉ាងនេះ។ ពានរង្វាន់ឆ្នាំនេះ មានទូក-ងផ្នែកបុរស និងនារីចូលរួមដល់ទៅ ៨៤ ទូក ច្រើនបំផុតតាំងពីមុនមក ម្ល៉ោះហើយក្រុមណាក៏ហាត់សមយ៉ាងហ្មត់ចត់ទាំងអស់ ដោយសង្ឃឹមថានឹងនាំកិត្តិយសជូនវត្តអារាម។ ក្រុមទូក-ងយើងខ្ញុំក៏បានត្រៀមយ៉ាងហ្មត់ចត់ដែរ ហើយប្តេជ្ញាប្រកួតឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំកិត្តិយសជូនវត្ត និងភូមិស្រុក"។
ការហាត់សមយ៉ាងពុះពោរនៅលើដងព្រែក Maspero មិនត្រឹមតែបង្ហាញពីស្មារតីកីឡា ការត្រៀមបម្រុងយ៉ាងហ្មត់ចត់របស់ក្រុមទូកមុនពេលប្រណាំងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអំណះអំណាងពីសម្ទុះជីវិតនៃលក្ខណៈវប្បធម៌ប្រពៃណីក្នុងជនរួមជាតិខ្មែរណាមបូទៀតផង។ ជាមួយនឹងស្មារតីពុះកញ្ជ្រោល និងការគាំទ្រដោយអស់ពីចិត្តរបស់ប្រជាជន ដងព្រែក Maspero សន្យាថានឹងមានភាពអធិកអធមក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៣ និងទី ២៤ ខែវិច្ឆិកា ដោយនាំមកនូវការប្រកួតដណ្តើមដ៏ជក់ចិត្ត និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗក្នុងចិត្តប្រជាជន និងភ្ញៀវទេសចរជាមិនខាន៕
យ្វីអាញ - វិមាន