20/11/2026 - 08:43

អង្គ​ការ​បរ​ទេស​ត្រូវ​តែ​ចុះ​ផ្សាយ​ព័ត៌​មាន​ជ្រើស​រើស​ពល​ករ​វៀត​ណាម​នៅ​លើ​ទី​ផ្សារ​ការ​ងារ​ជាតិ​ 

អង្គ​ការ បុគ្គល​បរ​ទេស​ពេល​មាន​តម្រូវ​ការ​ជ្រើស​រើស​ពល​ករ​វៀត​ណាម ត្រូវ​តែ​ប្រ​កាស​ជា​សា​ធា​រណៈ​នូវ​ព័ត៌​មាន​ជ្រើស​រើស​ពល​ករ​នៅ​លើ​ទី​ផ្សារ​ការ​ងារ​ជាតិ ឬ​តាម​ច្រក​ព័ត៌​មាន​ការ​ងារ​ស្រប​ច្បាប់​ផ្សេងៗ​ទៀត។

ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា អង្គ​ការ​បរ​ទេស​ជ្រើស​រើស​ពល​ករ​វៀត​ណាម​ត្រូវ​តែ​ចុះ​ផ្សាយ​ព័ត៌​មាន​នៅ​លើ​ទី​ផ្សារ​ការ​ងារ​ជាតិ។ រូប​ថត៖ ធូ​ហាំង​

ឧប​នា​យក​រដ្ឋ​មន្ត្រី​ ផាម​ធី​ថាញ​ត្រា ជំ​នួស​មុខ​រដ្ឋា​ភិបាល​បាន​ចុះ​ហត្ថ​លេខា​ប្រ​កាស ឱ្យ​ប្រើ​អនុ​ក្រឹត្យ​លេខ ៣៧១/​២០២៦​/NĐ-CP កំ​ណត់​លម្អិត​អំ​ពី​ការ​ជ្រើស​រើស និង​គ្រប់​គ្រង​ពល​ករ​វៀត​ណាម​ធ្វើ​ការ​ឱ្យ​បណ្តា​អង្គ​ការ បុគ្គល​បរ​ទេស​នៅ​វៀត​ណាម។

តាម​សេច​ក្តី​កំ​ណត់​ថ្មី ពេល​មាន​តម្រូវ​ការ​ជ្រើស​រើស​ពល​ករ​វៀត​ណាម អង្គ​ការ​បុគ្គល​បរ​ទេស​ត្រូវ​តែ​ជូន​ដំ​ណឹង​ដល់​ស្ថា​ប័ន អង្គ​ការ​ដែល​បាន​ប្រ​គល់​ភារ​កិច្ច​គ្រប់​គ្រង​ពល​ករ​វៀត​ណាម ក្នុង​នោះ ត្រូវ​បញ្ជាក់​ច្បាស់​តំ​ណែង​មុខ​ការ​ងារ និង​ចំ​នួន​ត្រូវ​ការ​ជ្រើស​រើស។

ជា​មួយ​គ្នា​នោះ ព័ត៌​មាន​ជ្រើស​រើស​ពល​ករ ត្រូវ​ប្រ​កាស​ជា​សា​ធា​រណៈ​នៅ​លើ​ទី​ផ្សារ​ការ​ងារ​ជាតិ (vieclam.gov.vn) ឬ​ច្រក​ព័ត៌​មាន​ការ​ងារ​ស្រប​ច្បាប់​ផ្សេង​ទៀត ឬ​លើ​គេ​ហ​ទំ​ព័រ​ផ្លូវ​ការ​របស់​អង្គ​ការ។

អង្គ​ការ បុគ្គល​បរ​ទេស​អាច​ជ្រើស​រើស​ពល​ករ​វៀត​ណាម​ដោយ​ផ្ទាល់ ឬ​ស្នើ​ឱ្យ​ស្ថា​ប័ន អង្គ​ការ​គ្រប់​គ្រង​ជំ​នួយ​ការ​ជ្រើស​រើស។ ករណី​បាន​ស្នើ ស្ថា​ប័ន​គ្រប់​គ្រង​មាន​ភារ​កិច្ច​ជ្រើស​រើស និង​ឧទ្ទេស​នាម​បេក្ខ​ជន​តាម​តម្រូវ​ការ និង​រៀប​រាប់​អំ​ពី​ការ​ងារ​ដែល​អង្គ​ការ បុគ្គល​បរ​ទេស​ផ្តល់​ជូន។

រយៈ​ពេល ១០ ថ្ងៃ​ដើម្បី​ឱ្យ​អង្គ​ការ​បរ​ទេស​ប្រ​កាស​រាយ​ការណ៍​អំ​ពី​ពល​ករ​

អនុ​ក្រឹត្យ​ក៏​បាន​កំ​ណត់​ជាក់​ស្តែង​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​គ្រប់​គ្រង​ពល​ករ​វៀត​ណាម បន្ទាប់​ពី​បាន​ជ្រើស​រើស។

ក្នុង​រយៈ​ពេល ១០ ថ្ងៃ​ធ្វើ​ការ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​កិច្ច​សន្យា​ការ​ងារ​រួច អង្គ​ការ បុគ្គល​បរ​ទេ​សត្រូវ​ជូន​ដំ​ណឹង​ដល់​ស្ថា​ប័ន អង្គ​ការ​គ្រប់​គ្រង​អំ​ពី​ពល​ករ ដែល​បាន​ជ្រើស​រើស រួម​មាន៖ គោត្ត​នាម លេខ​អត្ត​សញ្ញាណ​បុគ្គល មុខ​តំ​ណែង​ការ​ងារ និង​ពេល​វេលា​ចាប់​ផ្តើម​ធ្វើ​ការ។

ក៏​ក្នុង​រយៈ​ពេល ១០ ថ្ងៃ​ធ្វើ​ការ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​កិច្ច​សន្យា​ជា​មួយ​អង្គ​ការ បុគ្គល​បរ​ទេស ពល​ករ​វៀត​ណាម​ត្រូវ​ដាក់​សំ​ណុំ​លិ​ខិត​គ្រប់​គ្រង​តាម​សេច​ក្តី​កំ​ណត់​ជូន​ស្ថា​ប័ន អង្គ​ការ​គ្រប់​គ្រង។

បន្ទាប់​ពី​បាន​ទទួល​សេច​ក្តី​ជូន​ដំ​ណឹង និង​សំ​ណុំ​លិ​ខិត​គ្រប់​គ្រាន់ ស្ថា​ប័ន អង្គ​ការ​គ្រប់​គ្រង​មាន​រយៈ​ពេល ១០ ថ្ងៃ​ធ្វើ​ការ ដើម្បី​ផ្ញើ​សេច​ក្តី​ជូន​ដំ​ណឹង​ទៅ​អង្គ​ការ បុគ្គល​បរ​ទេស​អំ​ពី​ការ​ទទួល​គ្រប់​គ្រង​ពល​ករ។

ពេល​កិច្ច​សន្យា​ការ​ងារ​បញ្ចប់ អង្គ​ការ បុគ្គល​បរ​ទេ​សត្រូវ​ជូន​ដំ​ណឹង​ដល់​ស្ថា​ប័ន​គ្រប់​គ្រង​ក្នុង​រយៈ​ពេល ១០ ថ្ងៃ​ធ្វើ​ការ ដោយ​បញ្ជាក់​ច្បាស់​មូល​ហេតុ បញ្ចប់​កិច្ច​សន្យា។ ក្នុង​រយៈ​ពេល ៣ ថ្ងៃ​ធ្វើ​ការ​គិត​ចាប់​ពី​ពេល​ទទួល​សេច​ក្តី​ជូន​ដំ​ណឹង ស្ថា​ប័ន​គ្រប់​គ្រង​ត្រូវ​បញ្ជាក់​អំ​ពី​ការ​បញ្ចប់​ការ​គ្រប់​គ្រង និង​ប្រ​គល់​សំ​ណុំ​លិ​ខិត​ជូន​ពល​ករ​វិញ។

អនុ​ក្រឹត្យ​បាន​កំ​ណត់​អង្គ​ការ​បរ​ទេស​នៅ​វៀត​ណាម រួម​មាន៖ ស្ថា​ប័ន​តំ​ណាង​ការ​ទូត ស្ថា​ប័ន​កុង​ស៊ុល​បរ​ទេស ស្ថា​ប័ន​តំ​ណាង​បណ្តា​អង្គ​ការ​អន្តរ​ជាតិ​ចំ​ណុះ​ប្រ​ព័ន្ធ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ អង្គ​ការ​អន្តរ​ជាតិ អន្តរ​រដ្ឋា​ភិ​បាល បណ្តា​អង្គ​ការ​តំ​បន់​និង​អនុ​តំ​បន់; ការិយា​ល័យ​តំ​ណាង​អង្គ​ការ​ចំ​ណុះ​រដ្ឋា​ភិបាល​បរ​ទេស; កា​រិយា​ល័យ​ប្រ​ចាំ​ការ​ស្ថា​ប័ន​សារ​ព័ត៌​មាន​កា​សែត វិទ្យុ ទូរ​ទស្សន៍​បរ​ទេស និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​បរ​ទេស​ដែល​បាន​ផ្តល់​លិ​ខិត បញ្ជាក់​ចុះ​បញ្ជី​សកម្ម​ភាព​នៅ​វៀត​ណាម។

អនុ​ក្រឹត្យ​លេខ ៣៧១ ជំ​នួស​ឱ្យ​សេច​ក្តី​កំ​ណត់​អំ​ពី​ការ​ជ្រើស​រើស និង​គ្រប់​គ្រង​ពល​ករ​វៀត​ណាម​ធ្វើ​ការ​ឱ្យ​អង្គ​ការ បុគ្គល​បរ​ទេស​នៅ​វៀត​ណាម តាម​អនុ​ក្រឹត្យ​លេខ ១៥២ ឆ្នាំ ២០២០ និង​អនុ​ក្រឹត្យ​លេខ ៧០ ឆ្នាំ ២០២៣ ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិ​កា៕

          យោង​តាម​៖ thanhnien.vn - ថាច់​ធី​

ចែករំលែកអត្ថបទ