23/11/2026 - 10:35

ផ្ទះឧបការគុណ ពូនជ្រំក្តីទុកចិត្តក្នុងប្រជាជន 

ដើម្បីធ្វើឱ្យទៅជាភាពជាក់ស្តែងនូវគោលការណ៍របស់បក្ស និងរដ្ឋ អំពីធានាសុខុមាលភាពសង្គម មិនទុកចោលនរណាម្នាក់នៅខាងក្រោយ កម្មវិធីឧបត្ថម្ភសង់ផ្ទះ ១.០០០ ខ្នង អាស្រ័យនគរបាលទីក្រុងកឹងធើបំផុសចលនា បានរីកសាយភាយយ៉ាងទូលំទូលាយនូវស្មារតីមនុស្សធម៌នៅមូលដ្ឋាន។ នៅឃុំញូយ៉ា ផ្ទះថ្មីស្អាតបាតមិនត្រឹមតែជួយគ្រួសារគោលនយោបាយ និងគ្រួសារលំបាកសម្រេចក្តីប្រាថ្នា​ "មានផ្ទះសម្បែងសមរម្យ ស្ងប់អារម្មណ៍រកស៊ី" ប៉ុណ្ណោះទេ ថែមទាំងពូនជ្រំក្តីទុកចិត្តរបស់ប្រជាជនចំពោះកម្លាំងនគរបាល ព្រមទាំងពង្រឹងជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនផ្សារភ្ជាប់នឹងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជនទៀតផង។

ក្នុងនាមជាយុទ្ធជនពិការ ៣/៤ ពេលផ្ទះថ្មីបានសង់សម្រេចរួចរាល់ និងដាក់ឱ្យប្រើប្រាស់ លោកឡឹមក្វាងស៊ុម នៅភូមិព្រែកអណ្តើក ឃុំញូយ៉ា មានក្តីរំភើបក្រៃលែង។ ចំពោះយុទ្ធជនពិការដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីមាតុភូមិ នេះគឺជាអំណោយដែលដិតដាមដោយមនោសញ្ចេតនា បង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់កម្លាំងនគរបាល និងសហគមន៍ចំពោះអ្នកមានគុណបំណាច់។ ពីមុន គ្រួសារគាត់រស់នៅក្នុងផ្ទះដាច់ទ្រុឌទ្រោម ពេលដល់រដូវភ្លៀងឬខ្យល់ព្យុះម្តងៗ គាត់មានការបារម្ភយ៉ាងខ្លាំងពីព្រោះផ្ទះដាចរហុយ ទឹកភ្លៀងលេចគ្រប់កន្លែង ជញ្ជាំងទ្រេត។ ប្រាក់ចំណូលគ្រាន់តែគ្រប់ចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ ហេតុនោះការសង់ផ្ទះថ្មីរឹងមាំគឺហួសពីលទ្ធភាពរបស់គ្រួសារ។ លោកស៊ុម ឱ្យដឹង៖ "មានផ្ទះថ្មីស្អាតបាត ខ្ញុំត្រេកអរណាស់! កាលពីមុន ពេលភ្លៀងម្តងៗ ខ្ញុំមានការបារម្ភយ៉ាងខ្លាំង ពីព្រោះផ្ទះលេចទឹកភ្លៀងគ្រប់កន្លែង រស់នៅមានការលំបាក។ ឥឡូវនេះ បាននគរបាលទីក្រុងឧបត្ថម្ភថវិកាសង់ផ្ទះរឹងមាំដូច្នេះ គ្រួសារខ្ញុំអរគុណនិងដឹងគុណខ្លាំងណាស់។ មានកន្លែងនៅលំនឹង ខ្ញុំស្ងប់ចិត្តពលកម្ម  រស់នៅដោយសប្បាយក្នុងវ័យចំណាស់ មិនបារម្ភដូចពីមុនទៀត"។

តំណាងថ្នាក់ដឹកនាំឃុំញូយ៉ា ប្រគល់ផ្ទះជូនលោក ឡឹមក្វាងស៊ុម។

រួមនឹងក្តីរីករាយនោះ  គឺលោកកេវហ្វាងម៉ាយ សមាជិកសមាគមអតីតយុទ្ធជនភូមិទ្រុងហ្វា ឃុំញូយ៉ា ក៏ទើបរៀបចំចូលនៅក្នុងផ្ទះថ្មីដ៏រឹងមាំផងដែរ។ ចំពោះប្តីប្រពន្ធលោកម៉ាយ សេដ្ឋកិច្ចគ្រួសារខ្វះមុខខ្វះក្រោយ ជីវភាពពឹងផ្អែកលើចិញ្ចឹមមាន់ ទា និងដាំបន្លែបង្ការជុំវិញផ្ទះ ជីវភាពមានការលំបាក  ហេតុនោះក្តីប្រាថ្នា​មានផ្ទះស្អាតរឹងមាំគឺជាប្រការហួសវិស័យ។ ការឧបត្ថម្ភទាន់ពេលពីកម្មវិធីបានជួយឱ្យគ្រួសារគាត់ជម្នះបានស្ថានភាពលំបាក។ លោកម៉ាយ ឱ្យដឹង៖ "ប្តីប្រពន្ធខ្ញុំត្រេកអរណាស់ដែលបានឧបត្ថម្ភសង់ផ្ទះថ្មី។ ពីមុន យើងខ្ញុំមិនដែលនឹកស្មានថានឹងសង់បានផ្ទះស្អាតដូច្នេះសោះ។ នេះគឺជាការឧបត្ថម្ភដ៏ធំធេងចំពោះគ្រួសារខ្ញុំ។ មានកន្លែងនៅលំនឹង ប្តីប្រពន្ធខ្ញុំនឹងខិតខំធ្វើការរកស៊ី អភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព"។

នៅឃុំញូយ៉ា កម្មវិធីឧបត្ថម្ភសង់ផ្ទះរបស់នគរបាលទីក្រុងកឹងធើឧបត្ថម្ភ ១.០០០ ខ្នង បានគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគសហការអនុវត្តព្រមៗគ្នា ផ្ទះចំនួន ១០ ខ្នងប្រគល់ជូនគ្រួសារដែលមានការលំបាកអំពីលំនៅឋាន កម្រិតឧបត្ថម្ភ ៦០ លានដុងក្នុងមួយខ្នង។ ដើម្បីប្រភពធនធានចំមុខសញ្ញា ការត្រួតពិនិត្យ ជ្រើសរើសបានអនុវត្តដោយបើកចំហ ប្រជាធិបតេយ្យ អាទិភាពគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារក្បែរក្រ សមាជិកសមាគមអតីតនគរបាលប្រជាជន និងកងកម្លាំងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ វរសេនីយ៍ទោ ខាវុាំងង៉ែ អនុប្រធាននគរបាលឃុំញូយ៉ា អំណះអំណាង៖ "កម្មវិធីនេះមានអត្ថន័យនយោបាយ និងមនុស្សធម៌ដ៏ជ្រាលជ្រៅ ជួយឱ្យមាមីងមានផ្ទះសម្បែងសមរម្យ លំនឹងជីវភាព។ តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ ប្រជាជនកាន់តែជឿទុកចិត្ត ផ្សារភ្ជាប់ស្អិតល្មួតជាមួយកម្លាំងនគរបាល ផ្តើមពីនោះចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ រួមចំណែកការពារភាពសុខសាន្តផ្តើមពីមូលដ្ឋាន"។

លោក ង៉ោមិញល្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញូយ៉ា ប្រគល់ផ្ទះជូនលោក កេវហ្វាងម៉ាយ។

ជាមួយនឹងស្មារតី "បទបញ្ជាពីបេះដូង" កម្មវិធីឧបត្ថម្ភសង់ផ្ទះ ១.០០០ ខ្នងរបស់នគរបាលទីក្រុងកឹងធើ ដាក់ទិសដៅសម្រេចយ៉ាងហោចណាស់ ៥០០ ខ្នងក្នុងឆ្នាំ២០២៦ និងប្រគល់គ្រប់ ១.០០០ ខ្នងនៅចុងឆ្នាំ ២០២៧ ។ ដើម្បីធានាសម្ទុះល្បឿន និងគុណភាព គណៈនាយកនគរបាលទីក្រុងតែងធ្វើការត្រួតពិនិត្យ ដាស់តឿនដោយផ្ទាល់នៅនឹងមូលដ្ឋាន។ ឧត្តមសេនីយ៍ត្រី ហ្វិញវៀតហ្វា នាយកនគរបាលទីក្រុងកឹងធើ បញ្ជាក់៖ កម្មវិធីមិនត្រឹមតែជួយប្រជាជនលំនឹងជីវភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកាតព្វកិច្ចនយោបាយរបស់កងកម្លាំងនគរបាលចំពោះការងារសុខុមាលភាពសង្គមទៀតផង។ សមមិត្តសំណូមពរឱ្យអង្គភាពនានាប្តេជ្ញាចិត្តសង់ផ្ទះសម្រេចយ៉ាងហោចណាស់ ៥០០ ខ្នងក្នុងឆ្នាំ២០២៦; គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគប្បីយកចិត្តទុកដាក់ឧបត្ថម្ភតភ្ជាប់អគ្គិសនី ទឹកស្អាត អង្គភាពសាងសង់ឧបត្ថម្ភបច្ចេកទេស និងប្រជាជនចូលរួមកម្លាំង ដើម្បីសំណង់បានកសាងស្អាតបាត និងរឹងមាំបានយូរអង្វែង។

តម្លៃរបស់កម្មវិធីឧបត្ថម្ភសង់ផ្ទះ ១.០០០ ខ្នង មិនត្រឹមតែស្ថិតនៅលើតួលេខប៉ុណ្ណោះទេ ថែមទាំងដក់ជាប់នូវសុភមង្គល ក្តីជឿទុកចិត្តនិងក្តីស្រឡាញ់ក្នុងចិត្តប្រជាជន។ ផ្ទះឧបការគុណនៅឃុំញូយ៉ាថ្ងៃនេះ គឺជាភស្តុតាងនៃប្រសិទ្ធភាពចលនាប្រឡងប្រណាំង "ដើម្បីសន្តិសុខមាតុភូមិ" បន្តសាយភាយនូវរូបភាពយុទ្ធជននគរបាលប្រជាជនមានភាពអង់អាច មនុស្សធម៌ "ដើម្បីប្រទេសជាតិហ៊ានលះបង់ ដើម្បីប្រជាជនធ្វើការបម្រើ"៕

យ្វីអាញ - វិមាន

ចែករំលែកអត្ថបទ