ដោយការស្រឡាញ់និងចំណង់ចំណូលចិត្ត ក្រោយមកទទួលបានការបង្ហាត់បង្រៀនពីឪពុក បងថាច់ង៉ុកថាញ់ នៅភូមិឡុងធើយ ឃុំតឹងហ្វា ខេត្តវិញឡុង បានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាក្រុមរបាំឆៃយ៉ាំ។ មិនត្រឹមតែចូលរួមសម្តែងក្នុងពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ បងក៏បានចូលរួមបង្ហាត់បង្រៀនរបាំនេះដោយឥតគិតថ្លៃដល់យុវជននិងកុមារ ដើម្បីរួមចំណែកថែរក្សានិងផ្សព្វផ្សាយពីលក្ខណៈផូរផង់នៃវប្បធម៌ខ្មែរ។
ថ្ងៃមួយ នៅពេលយើងខ្ញុំទៅដល់ផ្ទះបងថាច់ង៉ុកថាញ់ យើងខ្ញុំបានឃើញលោកកំពុងយកចិត្តទុកដាក់លាបពណ៌របាំងមុខ ដើម្បីសម្រាប់ការសម្តែងរបាំឆៃយ៉ាំ ក្នុងពិធីបុណ្យកឋិនទានក្នុងភូមិ។ ការងារនេះបានផ្សារភ្ជាប់ជាមួយបងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលផុសចេញពីទឹកចិត្តស្រឡាញ់ចំពោះសិល្បៈនិងរីកដុះដាលតាំងពីកុមារភាព។

បងថាច់ង៉ុកថាញ់ កំពុងយកចិត្តទុកដាក់លាបពណ៌របាំងមុខ និងរៀបចំសម្ភារៈសម្រាប់ការសម្តែងរបាំឆៃយ៉ាំក្នុងពិធីបុណ្យកឋិន។
ង៉ុកថាញ់ បានឱ្យដឹងថា បងបានទទួលការបង្ហាត់បង្រៀនរបាំឆៃយ៉ាំពីឪពុករបស់ខ្លួន តាំងពីអាយុ ១២ ឆ្នាំមកម្ល៉េះ។ កាលនោះ ដោយសារជីវភាពគ្រួសារមានការលំបាក ឪពុករបស់បងបានកែច្នៃធុងបាញ់ថ្នាំកសិកម្មធ្វើជាស្គរដោយខ្លួនឯងដើម្បីបង្កើតក្រុមឆៃយ៉ាំ និងចូលរួមសម្តែងបម្រើក្នុងឱកាសពិធីបុណ្យប្រពៃណីនៅក្នុងភូមិស្រុក។ ក្រោយមក ដោយការឧបត្ថម្ភពីសប្បុរសជនឈ្មោះ ថាច់ធីចួង ដែលបានទិញស្គរឆៃយ៉ាំមួយឈុតជូនក្រុម តាំងពីនោះក្រុមក៏មានលក្ខណៈកាន់តែប្រសើរឡើងក្នុងការហាត់សមនិងសម្តែង។ ដោយសារបញ្ហាសេដ្ឋកិច្ច សមាជិកក្នុងក្រុមបានទៅធ្វើការរកស៊ីនៅស្រុកឆ្ងាយ ម្ល៉ោះហើយក្រុមឆៃយ៉ាំក៏ត្រូវផ្អាកដំណើរការ។ ដល់ឆ្នាំសិក្សាថ្នាក់ទី១១ ដោយមិនចង់ឱ្យទម្រង់សិល្បៈដែលឪពុកធ្លាប់ស្រឡាញ់និងយកចិត្តទុកដាក់បាត់បង់ទៅ ង៉ុកថាញ់ បានសម្រេចចិត្តទៅរៀនរបាំឆៃយ៉ាំនេះពីលោកគ្រូ គឹមប័ន នៅស្រុកថ្កូវ ដើម្បីឱ្យទម្រង់សិល្បៈដែលខ្លួនធ្លាប់បានរៀននោះ មានលក្ខណៈវិជ្ជាជីវៈច្បាស់លាស់ ហើយបានចូលរួមសម្តែងជាមួយក្រុមរបាំរបស់លោកគ្រូគឹមប័ន។ ក្រោយពីបានសន្សំ បទពិសោធន៍អស់មួយរយៈ នៅឆ្នាំ២០១៨ ង៉ុកថាញ់ បានប្តេជ្ញាចិត្តបង្កើតក្រុមរបាំឡើងវិញនៅក្នុងភូមិ ដោយចលនាយុវជនក្នុងភូមិឱ្យចូលរួមហាត់សមនិងបន្តសិល្បៈរបាំឆៃយ៉ាំនេះជាមួយគ្នា។
របាំឆៃយ៉ាំ គឺជាទម្រង់សិល្បៈប្រពៃណីខ្មែរដ៏រស់រវើកនិងពេញនិយម ដែលរួមបញ្ចូលគ្នារវាងការវាយស្គរ ក្បាច់រាំដៃ ក្បាច់គោះជើង ជាលក្ខណៈនៃក្បាច់គុនបុរាណ។ អ្នកសម្តែងស្ពាយស្គរពាក់នៅខាងមុខពោះ ហើយប្រើបាតដៃ កែងដៃ ជង្គង់ និងកែងជើង ដើម្បីបង្កចង្វាក់ស្គរដ៏រន្ថើន ព្រមទាំងផ្សំជាមួយក្បាច់រាំកំប្លុកកំប្លែង ក្រមិចក្រមើម បន្ទន់ខ្លួន ដំត្រឡប់ និងក្បាច់ឡើងស្គរទប់លំនឹង ដែលទាមទារមានបច្ចេកទេសខ្ពស់។ ការសហការគ្នាយ៉ាងស៊ីសង្វាក់រវាងសមាជិកក្នុងក្រុម បានបង្កើតជាឈុតសម្តែងដ៏រស់រវើក បង្ហាញពីកម្លាំងនិងភាពប៉ិនប្រសប់របស់អ្នកសម្តែង។ ក្នុងឱកាសពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ សូរស្គរដែលបន្លឺឡើងប្រកបដោយភាពសប្បាយរីករាយ បង្ហាញពីបំណងប្រាថ្នាចង់បានសេចក្តីសុខសាន្ត និងស្មារតីសាមគ្គីភាពក្នុងសហគមន៍។
ដោយការតស៊ូព្យាយាម និងក្តីស្រឡាញ់ចំពោះសិល្បៈប្រពៃណី ង៉ុកថាញ់ បានខិតខំថែរក្សារបាំឆៃយ៉ាំទាំង២ក្រុម គឺក្រុមបុរសនិងក្រុមនារី ដែលមានសមាជិកសរុបជាង ២០ នាក់ ភាគច្រើនជាសិស្សានុសិស្ស។ ជារៀងរាល់នៅរដូវវិស្សមកាល ង៉ុកថាញ់ តែងឆ្លៀតពេលបង្ហាត់បង្រៀនដោយឥតគិតថ្លៃឱ្យប្អូនៗ។ រដូវវិស្សមកាលឆ្នាំ២០២៥ មានកុមារនិងយុវជនជិត ៥០ នាក់ ដែលមានអាយុពី ១២ ដល់ ១៨ ឆ្នាំ បានមកហាត់រៀនរបាំនៅទីធ្លាផ្ទះរបស់បង។ ង៉ុកថាញ់ បានបង្រៀនដោយផ្ទាល់អំពីរបៀបវាយស្គរ ក្បាច់រាំ និងការសហការជាមួយដៃគូសម្តែង។ ចំពោះក្បាច់រាំដែលមិនទាន់បានស៊ីសង្វាក់គ្នា បងតែងអត់ធ្មត់កែតម្រូវនិងណែនាំម្តងមួយៗ។ យុវជននិងកុមារជាច្រើននាក់ បន្ទាប់ពីបានរៀនហើយនៅតែបន្តចូលរួមជាមួយក្រុមរបាំ ព្រមទាំងចូលរួមសម្តែងបម្រើក្នុងឱកាសពិធីបុណ្យប្រពៃណី។

ក្រុមរបាំឆៃយ៉ាំរបស់បង ថាច់ង៉ុកថាញ់ បន្ទាប់ពីបញ្ចប់ការសម្តែងបម្រើពិធីបុណ្យក្នុងវត្ត។
យុវតីថាច់ង៉ោខាញ់វី ជាសិស្សថ្នាក់ទី១២ ដែលបានចូលរួមក្រុមរបាំអស់រយៈពេលជាង ២ ឆ្នាំ ចែករំលែក៖ "រៀងរាល់រដូវវិស្សមកាល ខ្ញុំតែងទៅផ្ទះពូង៉ុកថាញ់ ដើម្បីរៀនរបាំឆៃយ៉ាំ។ ការសម្ដែងឆៃយ៉ាំ ជួយឱ្យខ្ញុំលត់ដំសុខភាព។ ខ្ញុំពិតជាចូលចិត្តទម្រង់សិល្បៈនេះ ព្រោះមានភាពសប្បាយរីករាយនិងរស់រវើក ព្រមទាំងបានរួមចំណែកក្នុងការថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ"។ ដើម្បីរក្សាក្រុមរបាំឆៃយ៉ាំឱ្យបន្តដំណើរការ ង៉ុកថាញ់ ត្រូវឆ្លៀតពេលក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃ។ ក្រៅពីមើលថែការងារស្រែចម្ការ បងក៏ទៅធ្វើការឈ្នួលបញ្ជាដ្រូនបាញ់ថ្នាំកសិកម្ម ជួយបង្កើនប្រាក់ចំណូលគ្រួសារ។ ង៉ុកថាញ់ រៀបរាប់ដោយក្តីរំភើប៖ "ដំបូងឡើយ ខ្ញុំរក្សាក្រុមរបាំនេះដោយសារក្តីស្រឡាញ់និងចំណង់ចំណូលចិត្តរបស់ខ្លួន ហើយចង់បន្តការងារដែលឪពុកធ្លាប់បានផ្សារភ្ជាប់។ នៅពេលឃើញប្អូនៗខិតខំហាត់រៀនដោយក្តីស្រឡាញ់ ខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងរសាយបាត់នូវភាពនឿយហត់បន្ទាប់ពីពលកម្មពេញមួយថ្ងៃ។ បំណងប្រាថ្នារបស់ខ្ញុំ គឺចង់ឱ្យសូរស្គរឆៃយ៉ាំនៅតែបន្លឺឡើងក្នុងពិធីបុណ្យនានានិងទទួលបានការគាំទ្រ ព្រមទាំងឱ្យយុវជនជំនាន់ក្រោយស្នងបន្តថែរក្សា"។
អ្នកស្រី ថាច់ធីច័ន្ទសុខា ប្រធានគណៈប្រជាជនភូមិឡុងធើយ បានឱ្យដឹង៖ ង៉ុកថាញ់ គឺជាយុវជនល្អម្នាក់ ដែលមានស្មារតីយកចិត្តទុកដាក់ថែរក្សាវប្បធម៌ប្រពៃណីជនជាតិ។ ទោះបីមានការមមាញឹក ង៉ុកថាញ់ នៅតែឆ្លៀតពេលនិងលះបង់កម្លាំងកាយចិត្តក្នុងការរក្សាក្រុមរបាំឆៃយ៉ាំ ព្រមទាំងរៀបចំបង្រៀនដោយឥតគិតថ្លៃក្នុងឱកាសវិស្សមកាល ដើម្បីបង្កជាសួនកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងមានប្រយោជន៍ដល់យុវជននិងកុមារ។
ដោយក្តីស្រឡាញ់ចំពោះសិល្បៈដែលទទួលបានការបណ្តុះបណ្តាលនិងបន្តពីលោកឪពុក ថាច់ង៉ុកថាញ់ មិនត្រឹមតែបន្តថែរក្សាសិល្បៈរបាំឆៃយ៉ាំប៉ុណ្ណោះទេ ថែមទាំងបានដាស់ស្មារតីស្រឡាញ់វប្បធម៌ប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយ។ សូរស្គរដែលបន្លឺឡើងក្នុងរដូវពិធីបុណ្យនាពេលបច្ចុប្បន្ននេះ គឺជាភស្តុតាងបង្ហាញពីភាពរស់រវើកនៃអត្តសញ្ញាណវប្បធម៌ខ្មែរ នៅពេលដែលយុវជនជំនាន់ក្រោយចេះស្រឡាញ់ ចេះឱ្យតម្លៃ ថែរក្សានិងបន្តផ្ទេរទៅកាន់ជំនាន់ក្រោយ។ សកម្មភាពជាក់ស្តែងទាំងនេះ បានរួមចំណែកធ្វើឱ្យខឿនវប្បធម៌វៀតណាមកាន់តែមានភាពសម្បូរបែប៕
ពេជ្រ សឿន