អស់រយៈពេលជាងកន្លះសតវត្សរ៍ ដែលផ្សារភ្ជាប់ជីវិតជាមួយនឹងសិល្បៈតន្ត្រីប្រពៃណីខ្មែរ លោកថាច់ធារសិរី នៅភូមិលិចក្ដី ឃុំទីវកឹង ខេត្តវិញឡុង តែងយកចិត្តទុកដាក់និងលះបង់កម្លាំងកាយចិត្តក្នុងការសម្តែង និពន្ធបទភ្លេងនិងបង្រៀនលេងឧបករណ៍តន្ត្រីប្រពៃណីជនជាតិ។ ដោយសេចក្តីស្រឡាញ់ចំពោះសិល្បៈ លោកបានរួមចំណែកថែរក្សាបទភ្លេងប្រពៃណី ព្រមទាំងបន្តបណ្តុះនូវចំណង់ចំណូលចិត្តនេះទៅកាន់យុវជនជំនាន់ក្រោយ។

លោកថាច់ធារសិរី កំពុងប្រគំឧបករណ៍តន្ត្រីប្រពៃណីខ្មែរ។
សេចក្តីស្រឡាញ់ចំពោះសិល្បៈតន្ត្រីរបស់លោក ថាច់ធារសិរី បានចាប់ផ្តើមតាំងពីកុមារភាពមកម្ល៉េះ។ នៅអាយុប្រមាណ ១០ ឆ្នាំ ក្នុងអំឡុងពេលឃ្វាលក្របី លោកបានរៀនធ្វើខ្លុយដោយខ្លួនឯងនិងហាត់ផ្លុំខ្លុយ។ ដោយសង្កេតឃើញក្មេងប្រុសរូបនេះមានទេពកោសល្យខាងតន្ត្រី លោកគ្រូ ថាច់សឹម ដែលមានចំណេះដឹងនិងជំនាញខាងសិល្បៈតន្ត្រីប្រពៃណី ហើយនៅក្បែរផ្ទះ ក៏បានណែនាំលោកឱ្យរៀនលេងទ្រ ឃឹម និងឧបករណ៍តន្ត្រីមួយចំនួនទៀត។
ចាប់តាំងពីពេលនោះមក លោកបានចូលរួមក្នុងក្រុមតន្ត្រីរបស់លោកគ្រូសឹម ដើម្បីសម្តែងតាមពិធីមង្គលការ និងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។ នៅឆ្នាំ ១៩៧៨ លោកក៏បានអញ្ជើញឱ្យចូលរួមក្រុមសិល្បៈរស្មីប្រទីបខេត្តគឺវឡុង។ ក្នុងអំឡុងពេលបំពេញការងារនៅក្រុមសិល្បៈ លោកជាសិល្បករសម្តែងផងនិងទទួលតួនាទីជាប្រធានក្រុមតន្ត្រីផង ព្រមទាំងបានចូលរួមក្នុងកម្មវិធីសិល្បៈជាច្រើន។ ក្រោយពីបានផ្សារភ្ជាប់ជីវិតជាមួយក្រុមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដោយសារស្ថានភាពគ្រួសារជួបការលំបាក លោកក៏បានត្រឡប់មកស្រុកកំណើតវិញ ហើយប្រកបរបរធ្វើស្រែ និងលក់ដូរបន្តិចបន្តួចដើម្បីលំនឹងជីវភាពគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ចំណង់ចំណូលចិត្តចំពោះសិល្បៈតន្ត្រីរបស់លោកនៅតែពុះពោរដដែល តាមរយៈការចូលរួមសម្ដែងក្នុងកម្មវិធីមហោស្រពសិល្បៈ និងការបង្រៀនបន្តដល់អ្នកជំនាន់ក្រោយ។
ក្រៅពីការចូលរួមប្រគំ លោកក៏បាននិពន្ធបទចម្រៀងជាភាសាខ្មែរ ក្នុងនោះ មានបទចម្រៀងកុមារមួយចំនួនសម្រាប់ទូរទស្សន៍ VTV5 កឹងធើ និងស្នាដៃខ្លះទៀតបានផ្សាយលើរលកធាតុអាកាសរបស់វិទ្យុផ្សាយសំឡេងវៀតណាមជាភាសាខ្មែរ។ បទចម្រៀងលេចធ្លោមួយចំនួនរបស់លោកមានដូចជា "អំបុកស្រីដាល" និង "សប្បាយថ្ងៃបុណ្យអកអំបុក"។ ជាមួយគ្នានេះ លោកក៏បានចូលរួមជាច្រើនលើកក្នុងការប្រឡងផ្នែកប្រគំតន្ត្រីទោលនិងប្រគំតន្ត្រីជាក្រុម ដោយប្រើឧបករណ៍តន្ត្រីជនជាតិនៅថ្នាក់ខេត្ត តំបន់និងទូទាំងប្រទេស ព្រមទាំងទទួលបានមេដាយ លិខិតសរសើរនិងប័ណ្ណសរសើរជាច្រើន។ លោកថាច់ធារសិរី ចែករំលែក៖ "សម្រាប់ខ្ញុំ តន្ត្រីមិនត្រឹមតែជាចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ថែមទាំងជាមុខរបរសម្រាប់ចិញ្ចឹមជីវិតផងដែរ។ ជីវិតរបស់ខ្ញុំបានផ្សារភ្ជាប់ជាមួយនឹងសិល្បៈតន្ត្រី។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមសម្តែង និងរៀបចំកម្មវិធីសិល្បៈនៅក្នុងការប្រឡងនិងមហោស្រពសិល្បៈជាច្រើន"។
ដោយមានក្តីបារម្ភចំពោះហានិភ័យនៃការបាត់បង់សិល្បៈប្រពៃណី នៅឆ្នាំ ២០២២ លោកថាច់ធារសិរី បានបង្កើតក្លឹបតន្ត្រីប្រពៃណីមួយដែលមានឈ្មោះថា "ក្រុមយុវជនអភិរក្សសិល្បៈតន្ត្រី"។ រៀងរាល់រដូវវិស្សមកាល លោកតែងរៀបចំបង្រៀនលេងឧបករណ៍តន្ត្រីដោយឥតគិតថ្លៃឱ្យ សិស្សានុសិស្សចេះផ្លុំខ្លុយ លេងទ្រ ឃឹម តាខេ និងឧបករណ៍តន្ត្រីផ្សេងៗទៀតនៅ។ តាមរយៈម៉ោងសិក្សាទាំងនេះ ក្មួយៗមិនត្រឹមតែបានហ្វឹកហាត់ជំនាញលេងឧបករណ៍តន្ត្រីប៉ុណ្ណោះទេ ថែមទាំងកាន់តែស្រឡាញ់សិល្បៈតន្ត្រី និងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនថែមទៀត។
លោកធារសិរី រៀបរាប់ដោយក្តីបារម្ភ៖ "ខ្ញុំមានវ័យចំណាស់ហើយ ប្រសិនបើមិនបន្តបង្រៀនដល់អ្នកជំនាន់ក្រោយទេនោះ ទម្រង់សិល្បៈមួយចំនួន ជាពិសេសឧបករណ៍តន្ត្រីប្រពៃណី ដូចជា ខ្លុយ ទ្រ ឃឹម តាខេ និងវង់ភ្លេងពិណពាទ្យអាចនឹងត្រូវបាត់បង់បន្តិចម្តងៗ។ ពេលឃើញក្មួយៗចូលចិត្ត ខិតខំរៀនសូត្រ និងចេះលេងឧបករណ៍តន្ត្រីបានច្រើនប្រភេទ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់"។ បងថាច់ចម្រុង ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សរបស់លោក ឱ្យដឹង៖ "ដោយសារបានរៀនលេងឧបករណ៍តន្ត្រីពីលោកគ្រូធារសិរី ខ្ញុំបានបង្កើតក្រុមភ្លេងពិណពាទ្យមួយវង់និងបានបន្តរក្សាសកម្មភាពអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ លោកគ្រូធារសិរី មានចំណេះដឹងទូលំទូលាយ ពីឧបករណ៍តន្ត្រីខ្មែរ ហើយតែងយកចិត្តទុកដាក់បង្រៀនសិស្សពិសេសគឺយុវជនជំនាន់ក្រោយ។ តាមអ្វីដែលខ្ញុំបានដឹង បច្ចុប្បន្ន មានក្រុមវង់ភ្លេងជាង ១០ ក្រុម កំពុងដំណើរការទាំងក្នុងនិងក្រៅភូមិភាគ ដែលក្នុងនោះមានសមាជិកជាច្រើនធ្លាប់បានសិក្សានិងទទួលការណែនាំពីលោក"។
តាមប្រសាសន៍អ្នកស្រី ង្វៀងភឿងធ្វី ប្រធានការិយាល័យវប្បធម៌-សង្គមឃុំទីវកឹង បានឱ្យដឹង លោកថាច់ធារសិរី បានរួមចំណែកដោយស្ងៀមស្ងាត់ក្នុងការថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិ។ ការដែលសិល្បករមានជំនាញផ្នែកខាងសិល្បៈ ស្ម័គ្រចិត្តបើកថ្នាក់បង្រៀនដោយឥតគិតថ្លៃ គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការងារអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិច។ សកម្មភាពដែលលោកបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននេះ បានរួមចំណែកថែរក្សានិងបន្តជំរុញឱ្យសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរនៅតែមានវត្តមានក្នុងសហគមន៍។
ពីក្មេងប្រុសម្នាក់ ដែលតែងស្វែងយល់និងរៀនធ្វើខ្លុយដោយខ្លួនឯង រហូតក្លាយជាសិល្បករ អ្នកនិពន្ធបទភ្លេងនិងជាអ្នកបង្រៀនឧបករណ៍តន្ត្រីរបស់ជនជាតិ លោកថាច់ធារសិរី បានលះបង់ពេលវេលាអស់រយៈពេលជាងកន្លះសតវត្សរ៍ផ្សារភ្ជាប់ជាមួយវប្បធម៌ខ្មែរ។ សម្រាប់លោក មោទនភាពធំបំផុតគឺការបានឃើញយុវជនជំនាន់ក្រោយ បន្តបណ្តុះនូវចំណង់ចំណូលចិត្តចំពោះសិល្បៈតន្រ្តី ដើម្បីធ្វើឱ្យសូរសំឡេងទ្រនិងខ្លុយប្រពៃណីខ្មែរ បន្តបន្លឺឡើងក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ន៕
ពេជ្រ សឿន