រាត្រីទី២៣ ខែវិច្ឆិកា នៅវត្តឃ្លាំង សង្កាត់សុកត្រាំង ទីក្រុងកឹងធើ បានចាត់តាំងពិធីសែនព្រះខែប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។ នេះគឺជាសកម្មភាពវប្បធម៌ និងជំនឿសាសនាដ៏លេចធ្លោមួយ ក្នុងក្របខណ្ឌនៃពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញចូលរួមក្នុងពិធីសែនព្រះខែ។
ពិធីសែនព្រះខែ គឺជាពិធីបុណ្យប្រពៃណីដែលជនរួមជាតិខ្មែរប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មី ខែកត្តិក (តាមចន្ទគតិ) ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចន្ទ ដែលតាមជំនឿប្រជាប្រិយ គឺជាទេវតាដែលបានជួយថែរក្សា ប្រទាននូវទឹកភ្លៀងអំណោយភោគផលដំណាំទទួលបានផលច្រើន និងជីវភាពប្រកបដោយសុខដុមរមនា និងសុភមង្គល។
អញ្ជើញចូលរួមក្នុងពិធីនេះ មានសមមិត្ត ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; សមមិត្ត ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថរ ក្នុងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងជនរួមជាតិខ្មែរច្រើនកុះករ។

សមមិត្ត ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចូលរួមពិធីសែនព្រះខែ។
ថ្លែងក្នុងពិធីនេះ លោក ង្វៀងមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ អះអាង៖ ពិធីសែនព្រះខែមិនត្រឹមតែញ៉ាំងឱ្យបរិយាកាសវប្បធម៌នៃពិធីបុណ្យកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចផងដែរ។ តាមរយៈនោះ បានធ្វើឱ្យទៅជាភាពជាក់ស្តែងនូវគោលនយោបាយរបស់បក្ស និងរដ្ឋ ស្តីពីការកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ប្រកបដោយអត្តសញ្ញាណជាតិ ផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍទេសចរណ៍តភ្ជាប់តំបន់ផងដែរ។
ទីកន្លែងប្រារព្ធពិធីបានរៀបចំតុបតែងយ៉ាងឱឡារិក ដោយមានគ្រឿងរណ្តាប់ជាច្រើនដែលប្រកបដោយអត្ថន័យខាងផ្លូវចិត្តយ៉ាងជ្រាលជ្រៅរបស់ប្រជាកសិករ។ រាជវ័តិធ្វើពីបង្គោល ២ ដើម តំណាងឱ្យ “រង្វង់ចក្រវាឡ”; តុសែនតំណាងឱ្យ “ផែនដី”; អំពៅ ២ ដើម ជានិមិត្តរូបនៃការរស់រានមានជីវិត; ទៀន ៣ ដើម តំណាងឱ្យរដូវទាំងបីក្នុងមួយឆ្នាំ (រដូវប្រាំង រដូវលំហើយ និងរដូវវស្សា)។ នៅលើរាជវ័តិនិងតុពិធី ក៏មានរៀបចំស្លឹកម្លូ ១២ សន្លឹក តំណាងឱ្យខែទាំង ១២ និងឆ្នាំទាំង ១២; ផ្លែស្លា ៧ ផ្លែ ចិតជារូបសត្វកន្លង់ តំណាងឱ្យថ្ងៃទាំង ៧ ក្នុងមួយសប្តាហ៍; ស្លឹកម្លូ ៣០ សន្លឹកនៅខាងស្តាំ និង ២៩ សន្លឹកនៅខាងឆ្វេង តំណាងឱ្យខែគ្រប់ និងខែខ្វះ; រួមជាមួយនឹងផលិតផលដ៏ពិសេសៗដូច៖ អំបុក ដូង ចេក ដំឡូងជ្វា ត្រាវ នំប៉ៀ នំពុម្ព។ល។ ថ្វាយដល់ព្រះចន្ទ ដើម្បីបួងសួងសុំឱ្យឆ្នាំថ្មីមានសេចក្តីសុខ-ចម្រើន ជីវភាពធូរធារ និងសុភមង្គល។

ព្រះសង្ឃ និងលោកអាចារ្យ ប្រារព្ធពិធីសែនព្រះខែ សម្តែងនូវការដឹងគុណដល់ព្រះចន្ទដែលបានប្រទានទឹកភ្លៀងអំណោយភោគផលដំណាំសម្បូរហូរហៀរ។
ក្រោមពន្លឺព្រះចន្ទពេញបូណ៌មីដ៏ភ្លឺថ្លា លោកអាចារ្យ ព្រះសង្ឃ រួមជាមួយពុទ្ធបរិស័ទច្រើនកុះករ បានប្រារព្ធពិធីអុជធូប សូត្រធម៌ប្រសិទ្ធពរជ័យ និងអកអំបុកដល់កុមារា កុមារី ប្រាថ្នាចង់បានអ្វីសុំឱ្យបានដូចបំណង និងបួងសួងសុំឱ្យមានសេចក្តីសុខ និងសុខភាពល្អ។ ទន្ទឹមនឹងពិធីដ៏ឱឡារិកនេះ មានសម្តែងការដាល់អំបុកដែលលាន់ឮសំឡេងអង្រែយ៉ាងកងរំពង បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនដែលចូលរួមទទួលបទពិសោធន៍ បង្កើតបានជាទស្សនីយភាពនៃជីវភាពវប្បធម៌សហគមន៍ដ៏កក់ក្តៅ ប្រកបដោយអត្តសញ្ញាណរបស់ជនរួមជាតិខ្មែរលើទឹកដីតីដូ។

លោកអាចារ្យ ប្រារព្ធពិធីអកអំបុកដល់យុវជន យុវនារី។
ហុងទើ - លីធាន - លីសៀ