ផ្តើមពីដីស្រែ៣កុង ដែលឪពុកម្ដាយចែកឱ្យក្រោយពីរៀបការ បងគឹមសាផន (ហៅភាព) នៅភូមិង្វៀកឡាង C ឃុំ ប៊ិញភូ ខេត្តវិញឡុង ជាជំហានអភិវឌ្ឍចិញ្ចឹមសត្វ ដាំដុះ ឈានឡើងធ្វើមានបាន។ នៅពេលសេដ្ឋកិច្ចលំនឹង បងបង្កការងារធ្វើជូនពលករជនបទ ជួយមាមីងអភិវឌ្ឍការផលិត និងឧបត្ថម្ភដល់គ្រួសារក្រីក្រ។
រំលឹកអំពីថ្ងៃដំបូងដែលចាប់ផ្តើមអាជីព បងផនឱ្យដឹង៖ ជាមួយផ្ទៃដីតិចតួច បងត្រូវគិតគូរពីរបៀបធ្វើការរកស៊ីដើម្បីលើកស្ទួយជីវភាព។ ដំបូង បងចិញ្ចឹមសាកល្បងគោពូជបន្តចំនួន ៥ ក្បាល។ ដោយឃើញការចិញ្ចឹមសត្វនាំមកប្រសិទ្ធភាព បងបន្តពង្រីកហ្វូងគោ គួបផ្សំចិញ្ចឹមគោបន្តពូជ ជាមួយនឹងគោបន្ធាត់។ ផ្តើមពីគោប៉ុន្មានក្បាលដំបូង ហ្វូងគោពង្រីកឡើងដល់ប្រមាណ ១០០ ក្បាល មានពេលខ្លះលើសពី ១០០ ក្បាលទៀតផង។ ទន្ទឹមនឹងហ្វូងគោរបស់គ្រួសារ បងក៏បានទិញគោមកចិញ្ចឹមបន្ធាត់ និងលក់កូនគោឱ្យអ្នកដែលមានតម្រូវការចិញ្ចឹម។ ការគួបផ្សំចិញ្ចឹមជាមួយនិងការលក់គោ ជួយឱ្យបងបើកទូលាយការផលិត បង្កើតប្រភពចំណូលដល់គ្រួសារ។

បងគឹមសាផន ថែទាំហ្វូងគោ។
ដើម្បីម្ចាស់ការប្រភពចំណី បងដាំស្មៅលើផ្ទៃដី ៣០ កុងផ្គត់ផ្គង់ចំណីដល់ហ្វូងគោ។ ក្រៅពីនេះ បងធ្វើស្រែ ១៥ កុង ដើម្បីយកចំបើងធ្វើជាចំណីគោ; កិនស្រូវធ្វើជាកន្ទក់ លាយជាមួយចំណីផ្សេងៗទៀតរួចដណ្តាំជាបបរសម្រាប់ឱ្យគោបន្ធាត់។ បើតាមបង នៅពេលហ្វូងគោកើនឡើង តម្រូវការចំណីក៏កាន់តែច្រើនដែរ ដូច្នេះត្រូវគិតគូរប្រភពផ្គត់ផ្គង់ឱ្យស្របតាមទ្រង់ទ្រាយដែលចិញ្ចឹម។ ឆ្លៀតប្រើប្រាស់ផលិតផលពីស្រែ និងផ្ទៃដីដាំស្មៅ ជួយគ្រួសារបន្ថយចំណាយទិញចំណី មានលក្ខណៈរក្សាហ្វូងគោ។ នេះក៏ជាវិធីដែលបងផ្សារភ្ជាប់ដាំដុះទៅនឹងការចិញ្ចឹមសត្វ ប្រើប្រាស់ដីផលិតមានប្រសិទ្ធភាព។ មិនត្រឹមតែចិញ្ចឹមគោប៉ុណ្ណោះទេ បងផន ថែមទាំងដាំក្រូចថ្លុង និងក្រូចពោធិ៍សាត់ចំនួន ១០ កុង រកបានចំណូលរាប់រយលានដុងទៀតផង។ ម្យ៉ាងទៀត រាល់សកម្មភាពផលិតរបស់គ្រួសារ បានបង្កើតការងារលំនឹងជូនពលករជនបទ ៥ នាក់ផងដែរ។ ផ្តើមពីផ្ទៃដីដែលឪពុកម្តាយចែកឱ្យ ជាជំហានបងបើកទូលាយទ្រង់ទ្រាយរកស៊ី ពង្រីកប្រភពចំណូល។ លទ្ធផលទាំងនេះបង្ហាញពីការស៊ូទ្រាំ និងចេះគិតគូរក្នុងការផលិតរបស់កសិករ។ ចំពោះពលករដែលបងបានបង្កើតការងារធ្វើ រកបានចំណូលពីការងារប្រចាំថ្ងៃជួយពួកគាត់ដោះស្រាយជីវភាព គិតគូរដល់គ្រួសារ។

ហ្វូងគោរបស់បងគឹមសាផនផ្គត់ផ្គង់ដល់គ្រួសារដែលមានតម្រូវការចិញ្ចឹម។
ពេលមានលក្ខណៈធូរធារ បងផនយកចិត្តទុកដាក់ជួយអ្នកខ្វះខាតតាមរយៈការងារជាក់ស្តែង។ ចំពោះគ្រួសារក្រីក្រ ក្បែរក្រចង់ចិញ្ចឹមគោ ប៉ុន្តែខ្វះទុន បងលក់បណ្តាក់ ដើម្បីឱ្យមាមីងយកទៅចិញ្ចឹម។ វិធីជួយនេះបានជួយមាមីងមានទុនតិចមានគោញីដើម្បីចិញ្ចឹម ជាជំហានពង្រីកហ្វូងគោ និងកែលម្អប្រាក់ចំណូល។ ផ្តើមពីបទពិសោធន៍ផ្ទាល់ខ្លួន បងយល់ច្បាស់មានគោញីចិញ្ចឹមដំបូង គឺជារឿងសំខាន់ណាស់សម្រាប់គ្រួសារដែលចង់រកស៊ីតែខ្វះដើមទុន។ ការចែករំលែករបស់បងផ្សារភ្ជាប់នឹងតម្រូវការជាក់ស្តែង ជួយមាមីងមានលក្ខណៈឈានឡើង។
ចំពោះគ្រួសារក្រីក្រដែលមានពិធីបុណ្យសព បងជួយឧបត្ថម្ភក្តារមឈូស; ក្នុងករណីខ្លះ បងថែមទាំងជួយជួលរោងបុណ្យទៀតផង។ បងក៏បានវិនិយោគប្រាក់ ៣៦០ លានដុង ទិញឆវរថតម្កល់ទុកនៅវត្ត ដោយចេញថ្លៃសាំង និងថ្លៃជួសជុលដោយខ្លួនឯង ដើម្បីបម្រើជូនមាមីងក្រីក្រដោយឥតគិតថ្លៃ។ ការជួយឧបត្ថម្ភទាំងនេះជួយគ្រួសារក្រីក្របន្ថយចំណាយក្នុងពេលជួបការលំបាក មានលក្ខណៈរៀបចំពិធីបុណ្យសពជូនសាច់ញាតិ។ ការងារជាក់ស្តែងទាំងនេះ បានបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់បងចំពោះសហគមន៍។
លោកស្រី ង្វៀង ធីធ្វីអាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងជាប្រធានសមាគមកសិករឃុំប៊ិញភូ ឱ្យដឹង៖ បងផន ជាកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត ខិតខំធ្វើការរកស៊ី និងសកម្មចូលរួមក្នុងចលនាភូមិភាគ។ ទន្ទឹមនឹងនោះ បងថែមទាំងបង្កការងារធ្វើ ជំនួយគោបន្តពូជ ឬលក់បណ្តាក់ឱ្យគ្រួសារក្រីក្រ ក្បែរក្រ។ ជាមួយការរួមចំណែកទាំងនេះ បងទទួលបានលិខិតសរសើរ និងបណ្ណសរសើរជាច្រើនពីគ្រប់ថ្នាក់ ។ ពីការខិតខំធ្វើមានធ្វើបាន រួមជាមួយស្មារតីចែករំលែក បានជួយឱ្យបងក្លាយជាគំរូក្នុងជនរួមជាតិខ្មែរ បានមាមីងស្រឡាញ់រាប់អាន៕
ទីទុយ