រួមជាមួយនឹងនិន្នាការអនុវត្តបច្ចេកវិទ្យាក្នុងការងារធានាសន្តិសុខសណ្តាប់ធ្នាប់ ឃុំតឹងហឹង ខេត្តកាម៉ាវ បានអនុវត្តទម្រង់ “សន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្លាតវៃ” យ៉ាងមានប្រសិទ្ធភាព។ តាមរយៈនោះ ប្រព័ន្ធកាមេរ៉ាសន្តិសុខរបស់ទម្រង់នេះ បានបម្រើការងារគ្រប់គ្រងភូមិឋាន មុខសញ្ញា និងស្វែងរករូបភាពសម្រាប់ស៊ើបអង្កេតករណីដែលជាប់ពាក់ព័ន្ធ។

នគរបាលឃុំតឹងហឹង គ្រប់គ្រងប្រព័ន្ធកាមេរ៉ាសន្តិសុខ។
តាមនោះ បច្ចុប្បន្ននៅលើភូមិឋានឃុំតឹងហឹង មានកាមេរ៉ាសន្តិសុខ ២០ គ្រឿង ដែលនគរបាលឃុំគ្រប់គ្រង បានដំឡើងនៅទីតាំង សំខាន់ៗ ១១ កន្លែង នៅតាមដងផ្លូវគមនាគមន៍ តំបន់តាំងទីលំនៅ ទីស្នាក់ការស្ថាប័ន និងតំបន់ដែលស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់; ទន្ទឹមនឹងនោះ តភ្ជាប់បន្ថែមកាមេរ៉ា ៥ គ្រឿងដែលប្រជាជនវិនិយោគដំឡើងនិងស្ម័គ្រចិត្តតភ្ជាប់ជាមួយប្រព័ន្ធរួម។ ទិន្នន័យទាំងអស់បានប្រមូលផ្តុំនៅនគរបាលឃុំ ដើម្បីបម្រើការងារគ្រប់គ្រង តាមដាន និងដោះស្រាយស្ថានការណ៍ដែលកើតឡើងអំពីសន្តិសុខ សណ្តាប់ធ្នាប់។ ទម្រង់នេះមានលក្ខន្តិកៈសកម្មភាពច្បាស់លាស់ កំណត់ជាក់ស្តែងនូវការទទួលខុសត្រូវរបស់កម្លាំងនគរបាលម្នាក់ៗ ដំណើរការទទួលនិងដោះស្រាយព័ត៌មាន និងយន្តការសហការតាមរយៈនោះ បានលើកកម្ពស់ប្រសិទ្ធភាពបង្ការទប់ស្កាត់ រកឃើញ ប្រយុទ្ធប្រឆាំងនឹងបទល្មើសនានានិងអំពើរំលោភបំពានច្បាប់។
លោកវរសេនីយ៍ឯកបម្រុង ង្វៀងថាញង្វៀន ប្រធាននគរបាលឃុំតឹងហឹង ឱ្យដឹង៖ “ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅភូមិភាគ បានកៀរគរកម្លាំងសាមគ្គីពីរណសិរ្សមាតុភូមិ អង្គការមហាជន អង្គការនយោបាយ - សង្គម កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន និងមហាជនចូលរួមជាច្រើន។ បច្ចុប្បន្ន ឃុំតឹងហឹង កំពុងអនុវត្តទម្រង់ “សន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្លាតវៃ” បានដំណើរការដោយផ្អែកលើលក្ខន្តិកៈសកម្មភាពច្បាស់លាស់ កំណត់ជាក់ស្តែងនូវការទទួលខុសត្រូវរបស់កម្លាំងនគរបាលម្នាក់ៗ ដំណើរការទទួលព័ត៌មាន និងយន្តការសហការប្រយុទ្ធប្រឆាំង។ តាមរយៈនោះ បានលើកកម្ពស់ប្រសិទ្ធភាពបង្ការទប់ស្កាត់ចំពោះបទល្មើស”។
ប្រសិទ្ធភាពរបស់ទម្រង់មិនត្រឹមតែបង្ហាញតាមរយៈចំនួនពេលផ្សព្វផ្សាយ ឬប្រភពព័ត៌មានដែលទទួលបានប៉ុណ្ណោះទេ ថែមទាំងជាការផ្សារភ្ជាប់រវាងកម្លាំងនគរបាលនិងប្រជាជន។ លោកវរសេនីយ៍ឯក ឡេម៉ាញ់ហុង នាយករងនគរបាលខេត្តកាម៉ាវ បញ្ជាក់៖ “ផ្តើមពីការអនុវត្តជាក់ស្តែងនូវទម្រង់អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការបង្ការ ទប់ស្កាត់បទល្មើសនៅឃុំតឹងហឹង បាននាំមកនូវប្រសិទ្ធភាព ជាវិជ្ជមានក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅភូមិភាគ។ ពេលប្រជាជនយល់ច្បាស់អំពីផលប្រយោជន៍របស់ទម្រង់ “សន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្លាតវៃ” ពួកគាត់នឹងស្ម័គ្រចិត្តរួមចំណែក ថវិកា និងផ្តល់ព័ត៌មានថ្កោលទោសបទល្មើស។ ដោយសារមានកាមេរ៉ាតាមដាន កម្លាំងនគរបាលមូលដ្ឋានបន្ថយបានការចាត់ចែងប្រចាំការតាមបែបប្រពៃណី ប្តូរមកម្ចាស់ការក្តោបក្តាប់ស្ថានភាព និងបង្ការទប់ស្កាត់បទល្មើសពីចម្ងាយពីដំបូង”។
ប្រព័ន្ធ “កាមេរ៉ាតាមដាន” មិនត្រឹមតែជួយកម្លាំងនគរបាលរក្សាលំនឹងភូមិឋានប៉ុណ្ណោះទេ ថែមទាំងបង្កើនការផ្សារភ្ជាប់រវាងទឹកចិត្តប្រជាជនជាមួយនឹងរដ្ឋអំណាចទៀតផង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីនគរបាលខេត្តកាម៉ាវបន្តពង្រីកទម្រង់រក្សា ជីវភាពសុខសាន្ត និងសុភមង្គលជូនប្រជាជននៅតំបន់ចុងប៉ូលខាងត្បូងនៃមាតុភូមិ៕
យ្វីអាញ - វិមាន