21/10/2026 - 22:20

លីវ​ទូ​គិត​គូរ​ការ​អប់​រំ​ផ្សារ​ភ្ជាប់​ជា​មួយ​អភិ​រក្ស​អក្សរ​សាស្រ្ត​ជាតិ​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ​ តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​អប់​រំ​សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តាម​រយៈ​ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ លើក​កម្ពស់​លក្ខ​ណៈរៀន​សូ​ត្រ​ និង​រក្សា​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​សា​លា​រៀន​។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ជួយ​សិស្ស​ឈាន​ឡើង​ក្នុង​ការ​រៀន​សូ​ត្រ​ អភិ​រក្ស​ភា​សា​កំ​ណើត​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។

ម៉ោង​រៀន​អក្សរ​ខ្មែរ​ រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​និង​អក្សរ​របស់​ជន​ជាតិ​។

បច្ចុប្បន្ន​ ឃុំ​លីវ​ទូ​ មាន​សា​លា​រៀន​រដ្ឋ​ចំ​នួន​ ៣ រួម​មាន​៖ សា​លាម​ត្តេយ្យ​ ១ សា​លា​បឋម​សិក្សា​ ១ និង​អនុ​វិទ្យា​ល័យ​ ១ ដោយ​មាន​ ១៥៣ ថ្នាក់​ និង​មាន​សិស្ស​សរុប​ចំ​នួន​ ៤.៤៤០ នាក់​។ ក្នុង​នោះ​ សិស្ស​ជន​ជាតិ​ភាគ​តិច​មាន​ ៣.៥៥៦ នាក់​ ស្រូប​អត្រា​ប្រ​មា​ណ​ ៨០% នៃ​ចំ​នួន​សិស្ស​សរុប​ក្នុង​ទូ​ទាំង​ឃុំ​។ អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​ច្រើន​យ៉ាង​នេះ​ បាន​ដាក់​ចេញ​នូវ​តម្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​លក្ខ​ណៈរៀន​សូ​ត្រ​ ជីវ​ភាព​គ្រួ​សារ​ និង​តម្រូវ​ការ​ជំនួយ​របស់​សិស្ស​ម្នាក់​ៗ។ ទន្ទឹម​នឹង​សកម្ម​ភាព​បង្ហាត់​បង្រៀន​ សា​លា​នីមួយៗ​បាន​ផ្តោត​សំ​ខាន់​សហ​ការ​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស​ ក្តាប់​ពី​ស្ថាន​ភាព​រៀន​សូ​ត្រ​ លើក​ទឹក​ចិត្ត​សិស្ស​ជម្នះ​ការ​លំ​បាក​បាន​ទាន់​ពេល​ បន្ថយ​ហា​និភ័យ​សិស្ស​បោះ​បង់​ការ​រៀន​សូ​ត្រ​ពាក់​កណ្តា​ល។

ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សា​លា​ បណ្តា​គោ​លន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ បាន​ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​គ្រួ​សារ​សិស្ស​ផង​ដែរ​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​សិក្សា​មក​ទល់​ពេល​នេះ​ ឃុំ​លីវ​ទូ​ មាន​សិស្ស​ចំ​នួន​ ៣.១៦១ នាក់​ បាន​ទទួល​ផល​ពី​គោ​លន​យោ​បាយ​តាម​បទ​ប្បញ្ញត្តិ​មាន​ចែង​ក្នុង​អនុ​ក្រឹត្យ​នា​នា​របស់​រដ្ឋា​ភិបាល​ ដោយ​មាន​ថវិកា​ផ្តល់​ជូន​សរុប​ជាង​ ១,៧៧ ពាន់​លាន​ដុង​។ ប្រ​ភព​កម្លាំង​នេះ​ រួម​ចំ​ណែក​ឧបត្ថម្ភ​ចំ​ណាយ​លើ​ការ​រៀន​សូ​ត្រ​ បង្ក​លក្ខ​ណៈបន្ថែម​ដើម្បី​សិស្ស​បន្ត​ទៅ​សា​លា​រៀន​។

អ្នក​ស្រី​ វ៉ូ​ធី​ញ៉ី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ ឱ្យ​ដឹង​៖ “ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​អប់​រំ​ ពិ​សេស​គឺ​ការ​អប់​រំ​សិស្ស​ជន​ជាតិ​ភាគ​តិច​។ រយៈ​ពេល​ខាង​មុខ​ ឃុំ​បន្ត​អនុ​វត្ត​បណ្តា​របប​ និង​គោ​លន​យោ​បាយ​តាម​បទ​ប្បញ្ញត្តិ​ ព្រម​ទាំង​សហ​ការ​ជិត​ដិត​ជា​មួយ​សា​លា​ គ្រួ​សារ​ និង​អង្គ​ការ​សង្គម​នា​នា​ ដើម្បី​ចលនា​សិស្ស​ឱ្យ​ចូល​សា​លា​ យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ករ​ណី​ដែល​មាន​ការ​លំ​បាក​ រួម​ចំ​ណែក​រក្សា​ការ​រៀន​សូ​ត្រ​ និង​លើក​កម្ពស់​គុណ​ភាព​អប់​រំ​នៅ​លើ​ភូមិ​ឋាន​”។

ទន្ទឹម​នឹង​គិត​គូ​រល​ក្ខណៈ​រៀន​សូ​ត្រ​ ការ​អភិ​រក្ស​ភា​សា​ អក្សរ​និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​សកម្ម​ភាព​អប់​រំ​នៅ​ភូមិ​ភាគ​ផង​ដែរ​។ នៅ​អនុ​វិទ្យា​ល័យ​លីវ​ទូ​ (សាខា​សា​លា​) វិញ្ញាសា​ខ្មែរ​បាន​បង្ហាត់​បង្រៀន​តាម​កម្ម​វិធី​របស់​មន្ទីរ​អប់​រំ​ និង​បណ្តុះ​បណ្តា​ល។ ម៉ោង​រៀន​ទាំង​នោះ​ជួយ​សិស្ស​ហ្វឹក​ហាត់​ជំ​នាញ​អាន​ សរ​សេរ​ ព្រម​ទាំង​យល់​ដឹង​បន្ថែម​អំ​ពី​ភា​សា​និង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​។ ប្អូន​ស្រី​ គឹម​ ធី​អាញ​ដាវ​ សិស្ស​ថ្នាក់​ទី​ ៩A៧ ចែក​រំលែក​៖ “ប្អូន​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​លោក​គ្រូ​ អ្នក​គ្រូ​យក​ចិត្ត​ទុក​ដាក់​ សា​លា​បាន​ជំនួយ​សិក្ខូបករណ៍​ និង​បង្ក​លក្ខ​ណៈឱ្យ​ប្អូន​បាន​ចូល​រៀន​។ ពិ​សេស​ ការ​រៀន​អក្សរ​ខ្មែរ​បាន​ជួយ​ប្អូន​យល់​ដឹង​បន្ថែម​អំ​ពី​វប្ប​ធម៌​ជន​ជាតិ​ ផ្តើម​ពី​នោះ​លើក​កម្ពស់​ស្មារតី​អភិ​រក្ស​ ភា​សារ​ អក្សរ​ របស់​ជន​ជាតិ​ខ្លួន​”។

តាម​អ្នក​គ្រូ​ លី​ ធី​សា​វឿង គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៅ​អនុ​វិទ្យា​ល័យ​លីវ​ទូ​ ទោះ​បី​ក្នុង​មួ​យស​ប្តា​ហ៍មាន​ត្រឹម​តែ​ ៣ ម៉ោង​រៀន​ក៏​ដោយ​ ប៉ុន្តែ​សិស្ស​នៅ​តែ​ព្យា​យាម​រៀន​យ៉ាង​ល្អ​។ នា​ឱ​កាស​វិស្សម​កាល​ សិស្ស​មួយ​ចំ​នួន​ថែម​ទាំង​បាន​ទៅ​រៀន​បន្ថែម​នៅ​តាម​វត្ត​ និង​សា​លា​ទាន​ ដើម្បី​ពង្រឹង​ចំ​ណេះ​ដឹង​។ សា​លា​ក៏​បាន​ចាត់​តាំង​បំប៉ន​សិស្ស​ពូ​កែ​ភា​សា​ខ្មែរ​ បង្ក​លក្ខ​ណៈដើម្បី​ប្អូន​ៗលើក​កម្ពស់​សមត្ថ​ភាព​ និង​ចូល​រួម​សម័យ​ប្រឡង​ថ្នាក់​ទី​ក្រុង​។ ឆ្នាំ​សិក្សា​កន្លង​ សា​លា​ក៏​មាន​សិស្ស​ពូ​កែ​ភា​សា​ខ្មែរ​ថ្នាក់​ទី​ក្រុង​ផង​ដែរ​។

ការ​រក្សា​ម៉ោង​រៀន​អក្សរ​ខ្មែរ​ ព្រម​ទាំង​សកម្ម​ភាព​បំប៉ន​សិស្ស​ពូ​កែ​ រួម​ចំ​ណែក​ផ្តល់​កម្លាំង​ចលករ​រៀន​សូ​ត្រ​ លើក​ទឹក​ចិត្ត​ឱ្យ​ប្អូន​ៗពង្រីក​សមត្ថ​ភាព​ និង​ចូល​ចិត្ត​ចំ​ពោះ​ភា​សា​ជន​ជាតិ​។ កិច្ច​សហ​ការ​រវាង​សា​លា​ គ្រួ​សារ​ និង​សហ​គម​ន៍ ក្នុង​នោះ​មាន​វត្ត​អា​រាម​ និង​សា​លា​ទាន​ ក៏​បាន​បង្ក​បរិយាកាស​បន្ថែម​ដើម្បី​សិស្ស​បាន​ក្រេប​ជញ្ជក់​ និង​ហ្វឹក​ហាត់​អក្សរ​ខ្មែរ​។

ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ផ្នែក​អប់​រំ​ សា​លា​និង​គ្រួ​សារ​ ឃុំ​លីវ​ទូ​ បន្ត​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ ធា​នា​ឱ​កាស​រៀន​សូ​ត្រ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​។ គិគូរ​ការ​រៀន​សូ​ត្រ​ផ្សារ​ភ្ជាប់​នឹង​អភិ​រក្ស​អក្សរ​ខ្មែរ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពូន​ផ្តុំ​ស្មារតី​អភិ​រក្ស​វប្ប​ធម៌​ បង្កើត​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​ដើម្បី​យុវ​វ័យ​ជំ​នាន់​ក្រោយ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​ឈាន​ទៅ​អនាគត​។

 ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ