ក្រោយរយៈពេលស្វែងយល់ រៀនសូត្របទពិសោធន៍ បងគឹមង៉ុកឡាង ប្រធានសាខាសមាគមកសិករភូមិផ្នោដើមច្រេស ឃុំថ្កូវ ខេត្តវិញឡុង មានការមោះមុតដាំម្ទេសខ្មាំងក្នុងរោងសំណាញ់ គួបផ្សំជាមួយប្រព័ន្ធស្រោចស្រពផ្សែងក្រូច។ បច្ចុប្បន្ន ដំណាំម្ទេសកំពុងលូតលាស់ល្អ ត្រៀមប្រមូលផល បើកចេញនូវទិសដៅផលិតថ្មីសម្រាប់គ្រួសារ។

បង គឹមង៉ុកឡាង (ខាងស្តាំ) ដោះដូរជាមួយកម្មាភិបាលភូមិភាគអំពីបទពិសោធន៍ដាំដំណាំរួមផ្សំ។
បង គឹមង៉ុកឡាង បានឱ្យដឹង៖ កាលពីមុន គ្រួសារខ្ញុំសំខាន់ដាំដុះតាមទម្លាប់ប្រពៃណី ប៉ុន្តែប្រសិទ្ធភាពមិនសូវខ្ពស់នោះទេ។ ដោយមានបំណងចង់ស្វែងរកទិសដៅផលិតសមស្រប បងបានស្វែងយល់ រៀនសូត្របទពិសោធន៍ពីទម្រង់ដាំដំណាំព្រមទាំងចូលរួមវគ្គហ្វឹកហាត់វិទ្យាសាស្ត្របច្ចេកទេស។ ផ្តើមពីចំណេះដឹងដែលទទួលបាន បងអនុវត្តដាំម្ទេសខ្មាំងក្នុងរោងសំណាញ់លើផ្ទៃដី ២ កុង ។ រោងសំណាញ់ជួយបន្ថយសត្វល្អិតចូលស៊ីបំផ្លាញ បន្ថយជំងឺលើដំណាំម្ទេស។ គួបផ្សំជាមួយប្រព័ន្ធស្រោចស្រពផ្សែងក្រូច ការស្រោចទឹក និងថែទាំដំណាំក៏មានភាពងាយស្រួលផងដែរ។ តាមរយៈការតាមដាន បងកត់សម្គាល់ឃើញថា ម្ទេសលូតលាស់ល្អ ហើយបច្ចុប្បន្នកំពុងត្រៀមប្រមូលផល។ បើតាមបង ក្រោយពីដាំបានប្រមាណ ៧០ ថ្ងៃ ម្ទេសអាចនឹងចាប់ផ្តើមប្រមូលផលបានហើយ។

បងគឹម ង៉ុកឡាង ពិនិត្យសត្វល្អិតលើដំណាំពោតបារាំង។
ក្នុងដំណើរការដាំដុះ បងតែងពិនិត្យចម្ការម្ទេសជាប្រចាំ តាមដានស្ថានភាពសត្វល្អិតដើម្បីថែទាំឱ្យបានសមស្រប។ តាមបទពិសោធន៍របស់បងឡាង នៅពេលដំណាំម្ទេសជិតនឹងចេញផ្កា បងលើកជើងសំណាញ់ឡើងឱ្យខ្យល់ចេញចូលបានល្អ បង្កលក្ខណៈឱ្យផ្កាក្រេបលម្អង និងធ្វើឱ្យដើមជាប់ផ្លែច្រើន។ ជាមួយផ្ទៃដី ២.០០០ ម៉ែត្រការ៉េ បងរំពឹងសម្រេចបរិមាណពី ២ - ៣ តោនក្នុងមួយរដូវ។ លក់ឱ្យឈ្មួញក្នុងតម្លៃពី ៥០.០០០ - ១៥០.០០០ ដុង/គីឡូក្រាម មានពេលខ្លះឡើងដល់ ២០០.០០០ ដុង/គីឡូក្រាម។ បងគឹមង៉ុកឡាង សង្ឃឹមថា ប្រសិនបើទិន្នផលនិងតម្លៃលក់អំណោយផល ទម្រង់នឹងនាំមកប្រាក់ចំណេញខ្ពស់ជាងបើធៀបនឹងដំណាំរួមផ្សំ ឯទៀត។ ទន្ទឹមនឹងនោះ បងក៏បានដាំពោតបារាំងជាង ១ កុងទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។
លោក យឿងកុងឌឹក អនុប្រធានសមាគមកសិករឃុំថ្កូវ វាយតម្លៃ៖ បងគឹមង៉ុកឡាង គឺជាកសិករម្នាក់ក្នុងចំណោមកសិករដែលខិតខំរកស៊ី ប្រឹងប្រែងរៀនសូត្រ ចូលរួមវគ្គហ្វឹកហាត់ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេសក្នុងការដាំដុះ។ បច្ចុប្បន្ន គ្រួសារកសិករមួយចំនួនលើភូមិឋានក៏កំពុងដាំម្ទេសផងដែរ។ ថ្វីដ្បិតតែដូច្នោះក្តី ការប្រមូលទិញនៅជួបការលំបាក មាមីងសំខាន់លក់ឱ្យឈ្មួញ ម្ល៉ោះហើយពេលខ្លះត្រូវឈ្មួញបញ្ចុះតម្លៃ។ តាមលោកឌឹក ភូមិភាគកំពុងពិនិត្យលើគម្រោងចងសម្ព័ន្ធការប្រមូលទិញ ឆ្ពោះដល់ការបង្កើតសហករណ៍ និងតភ្ជាប់ជាមួយឈ្មួញ ដើម្បីរួមចំណែកលំនឹងច្រកចេញ ជួយកសិករស្ងប់ចិត្តផលិត៕
ទីទុយ - លីសៀ