មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/10/2026 - 08:04

កសិ​ករ​ខ្មែរ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ 

ដោយ​ចរិត​ឧស្សា​ហ៍ព្យា​យាម ស៊ូ​ទ្រាំ​ការ​លំ​បាក និង​ក្លា​ហាន​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ក្នុង​ការ​ផលិត កសិ​ករ​ខ្មែរ ឡឹម​ថាញ់​ហុង នៅ​ភូមិ​ព្រែក​ពិន្ទង ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ ឈាន​ឡើង​ធ្វើ​មាន​និង​ក្លាយ​ជា​កសិ​ករ​ខ្មែរ​គំ​រូ​ឆ្នើម​ក្នុង​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​នៅ​ភូមិ​ភាគ។

លោក​ឡឹម​ថាញ់​ហុង កសិ​ករ​ខ្មែរ​គំ​រូ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​នៅ​ឃុំ​មី​ហឿង កំ​ពុង​ជ្រើស​រើស​ឪ​ឡឹក​លក់​ឱ្យ​អា​ជីវ​ករ។

មាន​ឱ​កាស​បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​លោក ឡឹម​ថាញ់​ហុង យើង​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​អំ​ពី​ស្ថាន​ភាព ក៏​ដូច​ជា​ឆន្ទៈ​ឈាន​ឡើង​របស់​កសិ​ករ​ដែល​មាន​ដើម​កំ​ណើត​ជា​អ្នក​ស្រែ​ចម្ការ សុទ្ធ​សាធ គាត់​តែង​ស្វែង​រក​គ្រប់​វិធី​ដើម្បី​ជម្នះ​ភាព​ក្រ​លំ​បាក។ “រៀប​ការ​នៅ​ឆ្នាំ ១៩៩០ ចេញ​រស់​នៅ​ដោយ​ឡែក​ជា​មួយ​នឹង​ដី​ស្រែ ៣ កុង ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ។ ទោះ​ជា​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​ទម្លាប់​ដាំ​ដុះ​ឱន​ថយ លក្ខណៈ​ដាំ​ដុះ​ជួប​ការ​លំ​បាក ទិន្ន​ផល​ស្រូវ​មិន​បាន​ខ្ពស់​ ជីវ​ភាព​គ្រួ​សារ​តែង​ខ្វះ​មុខ​ខ្វះ​ក្រោយ”  លោក​ហុង បាន​ចែក​រំលែក​ដូច្នេះ។ អា​ស្រ័យ​បាន​កម្មា​ភិបាល​សមា​គម​កសិ​ករ​ឃុំ បំ​ផុស​ចលនា​ឱ្យ​ចូល​រួម​សមា​គម លោក​ហុង បាន​ទៅ​ទស្សនា​ទម្រង់​ធ្វើ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព។ ចាប់​ពី​ពេល​នោះ លោក​បាន​រៀន​សូត្រ​បទ ពិ​សោធន៍​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ដែល​សម​ស្រប​នឹង លក្ខណៈ​ភូមិ​ភាគ ដើម្បី​យក​មក​អនុ​វត្ត​លើ​ទម្រង់​ផលិត​របស់​គ្រួ​សារ។ បន្ទាប់​ពី​ខិត​ខំ​ធ្វើ​អា​ជីវ​កម្ម​ជា​ច្រើន​ឆ្នាំ ដោយ​ការ​គិត​គូរ​ចេះ​ប្រិត​សំ​ចៃ គ្រួ​សារ​លោក​សន្សំ​ប្រាក់​ទិញ​បាន​ដី ៥ កុង ដើម្បី​ពង្រីក​ការ​ផលិត។ ឆ្នាំ ២០០១ ដោយ​បាន​ភូមិ​ភាគ​លើក​ទឹក​ចិត្ត​ឱ្យ​ផ្លាស់​ប្តូរ​ទម្រង់​ផលិត លោក​ហុង បាន​ប្តេជ្ញា​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​ស្រែ ៣ រដូវ​ដែល​ផ្តល់​ទិន្ន​ផល​ទាប មក​ធ្វើ​ស្រែ ២ រដូវ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ ១ រដូវ​វិញ។ ក្រោយ​មក ដោយ​ឃើញ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ លោក ហុង​ បាន​សម្រេច​ចិត្ត​កែ​ប្រែ​ដី​ស្រែ ៧ កុង​មក​ដាំ​ដំ​ណាំ​រួម​មាន៖ ត្រប់​វែង​ ម្ទេស និង​ឪ​ឡឹក ៣ រដូវ​ក្នុង​មួយ​ឆ្នាំ។ ប្រាក់​ចំ​ណូល​ពី​ការ​ធ្វើ​ស្រូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ បាន​ជួយ​ឱ្យ​គ្រួ​សារ​លោក​ហុង មាន​ជីវ​ភាព​ធូរ​ធារ​ជាង​មុន និង​ទិញ​ដី​ស្រែ​បន្ថែម ផ្តើម​ពី​នោះ​មក​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់។ រហូត​មក​ទល់​ពេល​នេះ គ្រួ​សា​រលោក​ហុង មាន​ដី​ស្រែ ២៧ កុង និង​ដី​ចម្ការ ៧ កុង ដោយ​រក​បាន​ប្រាក់​ចំ​ណូល​មធ្យម​ប្រ​មាណ ៣៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ ក្រៅ​ពី​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ លោក ឡឹម​ថាញ់​ហុង ថែម​ទាំង​សកម្ម​ចូល​រួម​ចល​នា​របស់​សមា​គម​ជា​គំ​រូ​ក្នុង​ការ​បរិច្ចាគ​នូវ​មូល​និធិ​ផ្សេងៗ​ដែល​ភូមិ​ភាគ​បាន​បំ​ផុស​ចលនា ព្រម​ទាំង​មាន​ទឹក​ចិត្ត​ចែក​រំលែក​បទ​ពិ​សោធន៍​ផលិត ដើម្បី​ឱ្យ​មា​មីង​រួម​គ្នា​ឈាន​ឡើង លំ​នឹង​ជីវ​ភាព។

តាម​ប្រ​សាសន៍​លោក ថាច់​ខេម​រា ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “លោក​ហុង ជា​សមា​ជិក​សមា​គម​កសិ​ករ​ដែល​ឧស្សាហ៍​ព្យា​យាម និង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ផលិត ដូច្នេះ​តែង​ជោគ​ជ័យ​ក្នុង​ទម្រង់​សេដ្ឋ​កិច្ច​កសិ​កម្ម។ ផ្តើម​ពី​ការ​ជោគ​ជ័យ​នោះ លោក​បាន​សកម្ម​ចែក​រំលែក​បទ​ពិសោធន៍​ដល់​សមា​ជិក​ដទៃ​ទៀត ដើម្បី​រួម​គ្នា​ផលិត បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព និង​រួម​ចំ​ណែក​ជំ​រុញ​សេដ្ឋ​កិច្ច​- សង្គម​នៅ​ភូមិ​ភាគ​ឱ្យ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព”៕

                                 ថាញ់​វ៉ាង​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ