តាំងពីយូរលង់ណាស់មកហើយ វត្តខ្មែរមិនត្រឹមតែជាទីសក្ការបូជា ជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាដំបូលផ្ទះរួមយ៉ាងកក់ក្តៅ ទទួលរ៉ាប់រងអ្នកដែលមានជីវភាពទ័លក្រទៀតផង។ នៅវត្តពាមបួនថ្មី (សង្កាត់ភូឡើយ ទីក្រុងកឹងធើ) ព្រះតេជព្រះគុណ ឌិញ ហ្វាងស៊ឺ បាននិងកំពុងអនុវត្តនូវរឿងរ៉ាវដ៏ប្រពៃ ជំរុញបំភ្លឺក្តីសង្ឃឹដល់សិស្សានុសិស្សខ្មែររាប់សិបនាក់ដែលមានជីវភាពលំបាក។
មានទីតាំងនៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ វត្តពាមបួនថ្មីពីយូរលង់ណាស់មកហើយបានផ្សារភ្ជាប់ជាមួយជីវភាពផ្លូវចិត្តរបស់ជនរួមជាតិខ្មែរ និងប្រជាជនភូមិភាគ។ មិនត្រឹមតែល្បីល្បាញដោយសារស្ថាបត្យកម្មមានលក្ខណៈពិសេសនោះទេ ទីនេះបានគេស្គាល់ថាជាទីបង្អែកនៃក្តីស្រឡាញ់ ទទួលរ៉ាប់រង និងបង្កលក្ខណសម្បត្តិដល់សិស្សក្រីក្រដែលស្វែងរកចំណេះដឹងទៀតផង។ ជិតមួយទសវត្សរ៍កន្លងមកនេះ កម្មវិធីគាំពារសិស្សមានជីវភាពលំបាក ដែលផ្តួចផ្តើមឡើងដោយព្រះចៅអធិការ ឌិញហ្វាងស៊ឺ ចាប់ពីឆ្នាំ ២០១៨ បានក្លាយជាកម្លាំងចលករផ្នែកស្មារតីមិនអាចកាត់ថ្លៃបាន។ ការប្រកបមុខរបរចិញ្ចឹមជីវីតដ៏លំបាក វត្តអារាមបានក្លាយជាទីស្ងប់ស្ងាត់ជួយឱ្យប្អូនៗកុមារទទួលបានការចែករំលែកទាន់ពេលទាំងផ្នែកសម្ភារៈ និងស្មារតី ដើម្បីបន្តដំណើរទៅសាលា ចៀសវាងហានិភ័យបោះបង់ការរៀនសូត្រ។

ព្រះតេជព្រះគុណឌិញហ្វាងស៊ឺ លើកទឹកចិត្តឱ្យប្អូនៗខិតខំរៀនសូត្រ។
ចែករំលែកអំពីឧបនិស្ស័យដែលផ្សារភ្ជាប់ជាមួយប្អូនៗកុមារ ព្រះតេជព្រះគុណ ឌិញហ្វាងស៊ឺ – ព្រះចៅអធិការវត្តពាមបួនថ្មី មានថេរដីកា៖ “ដោយឃើញប្អូនៗគ្រួសារមានជីវភាពលំបាក ឪពុកម្តាយចេញទៅធ្វើការឆ្ងាយ ម្ល៉ោះហើយទើបអាត្មាភាពទទួលគាំពារប្អូនៗ។ អាត្មាភាពតែងលើកទឹកចិត្តប្អូនៗឱ្យខិតខំរៀនសូត្រ ព្រោះទៅអនាគតត្រូវមានចំណេះដឹងទើបអាចជួយប្អូនៗបាន។ ក្រៅពីនេះ អាត្មាភាពក៏បានឱ្យប្អូនៗរៀនភ្លេងពិណពាទ្យ និងស្គរឆៃយ៉ាំ។ល។ ដើម្បីឱ្យប្អូនៗស្គាល់ និងរួមគ្នាអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ”។
ដោយមានជំនួយកម្លាំងខ្ជាប់ខ្ជួនពីព្រះចៅអធិការ សិស្សក្រីក្រជិត ៣០ នាក់ បានបោះជំហានឈានទៅមុខឆ្លងកាត់ស្ថានភាពលំបាក ទទួលបានស្នាដៃរៀនសូត្រល្អ និងក្លាយជាកូនល្អ សិស្សល្អ។ មិនត្រឹមតែបង្ហាត់បង្រៀនចំណេះដឹងវប្បធម៌ប៉ុណ្ណោះទេ វត្តថែមទាំងយកចិត្តទុកដាក់អប់រំទូន្មានប្អូនៗអំពីសុជីវធម៌ ការរស់នៅប្រកបដោយក្តីស្រឡាញ់ និងចេះជួយគ្នាទៅវិញទៅមកទៀតផង។ ជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលកំពុងស្នាក់អាស្រ័យ និងរៀនសូត្រក្នុងវត្ត ប្អូនគឹមតឹងហ្វី ចែករំលែក៖ “ប្អូននៅវត្ត បានព្រះចៅអធិការឱ្យទៅរៀននៅសាលា ពេលត្រឡប់មកវត្តវិញក៏បានរៀនបន្ថែមអក្សរខ្មែរ និងរៀនធម៌វិន័យ រៀនភ្លេងពិណពាទ្យទៀតផង បច្ចុប្បន្នប្អូនរៀនបានពីរបទហើយ”។
ស្ថិតក្នុងស្ថានភាពដូចគ្នា ប្អូនឡាលីវត្វឹងកៀក (នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ) រំភើបឱ្យដឹង៖ “នៅផ្ទះ ឪពុកម្តាយប្អូនមានជីវភាពលំបាក ម្តាយប្អូនទៅដេរខោអាវឈ្នួល ឯឪពុកធ្វើជាងសំណង់ ម្ល៉ោះហើយប្អូនសុំមកវត្តនៅអាស្រ័យរៀនសូត្រ។ នៅវត្តបានព្រះចៅអធិការផ្តល់អាហារហូបចុកគ្រប់គ្រាន់ ឱ្យប្រាក់ទិញនំចំណីទៅរៀន ព្រះអង្គបង្រៀនអក្សរខ្មែរដល់ប្អូន និងបង្រៀនឱ្យប្អូនៗចេះស្រឡាញ់គ្នា ចែករំលែកម្ហូបអាហារ ភេសជ្ជៈឱ្យគ្នាទៅវិញទៅមក”។
អ្វីដែលបង្កើតបានជាតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅនៅវត្តពាមបួនថ្មី គឺផ្តើមចេញពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយទាំងជីវភាពសម្ភារៈ និងស្មារតីរបស់ប្អូនៗ។ រៀងរាល់ពេលល្ងាច នៅពេលសំឡេងស្គរសាលារៀនបានបញ្ចប់ ហើយពន្លឺព្រះអាទិត្យរៀបអស្តង្គតមកដល់បរិវេណវត្តប្រែជាអ៊ូអរទៅដោយសំឡេងនៃ “ថ្នាក់រៀនពិសេសមួយ”។ នោះគឺថ្នាក់បង្រៀនភ្លេងពិណពាទ្យប្រពៃណី-ដែលជាបេតិកភណ្ឌវប្បធម៌អរូបីមួយដ៏មានតម្លៃរបស់ជនរួមជាតិខ្មែរណាមបូ បានវត្តរក្សាជាច្រើនឆ្នាំមកហើយ។ ពេលយប់ជួបជុំគ្នាអមដោយសំឡេងតន្ត្រី មិនត្រឹមតែជួយប្អូនៗលម្ហែអារម្មណ៍បន្ទាប់ពីមួយថ្ងៃរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈនោះ ព្រះតេជព្រះគុណ ឌិញ ហ្វាងស៊ឺ ក៏បានផ្តាំផ្ញើបំណងប្រាថ្នាដាស់ស្មារតីមោទនភាព ពូនផ្តុំស្មារតីអភិរក្សបេតិកភណ្ឌវប្បធម៌ជនជាតិនៅក្នុងអារម្មណ៍ក្មេងដែលមិនទាន់ដឹងក្តីទៀតផង។
ទម្រង់គាំពារសិស្សក្រីក្រគួបផ្សំនឹងបង្ហាត់បង្រៀនសិល្បៈជនជាតិនៅវត្តពាមបួនថ្មី មិនត្រឹមតែជាការបន្តដំណើរឱ្យប្អូនៗទៅសាលាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សតម្លៃវប្បធម៌ជនជាតិផងដែរ។ ពន្លកទាំងនោះ នៅពេលខាងមុខនឹងធំដឹងក្តី ដោយនាំយកចំណេះដឹង ទឹកចិត្តសប្បុរស និងសេចក្តីស្រឡាញ់ភូមិស្រុក ដើម្បីជឿជាក់លើខ្លួនឯងក្នុងដំណើរជីវិត សាងអនាគតភ្លឺស្វាងសម្រាប់ខ្លួន គ្រួសារ និងសង្គមជាតិ៕
ថាញហ៊ុង - លីសៀ