15/09/2026 - 05:37

ប៉ុស្តិ៍ការពារព្រំដែនវិញចូវ តភ្ជាប់ក្តីសប្បុរសធម៌ ពូនជ្រុំមនោសញ្ចេតនាកងទ័ពនិងប្រជាជន 

មិនត្រឹមតែបំពេញល្អនូវភារកិច្ចគ្រប់គ្រង និងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញចូវ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង​កឹង​ធើ នៅទាំងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជន។ ផ្តើមពីផ្ទះសម្បែងដែលបានសាងសង់និងអំណោយដែលជូនដល់ដៃគ្រួសារក្រលំបាក កងទ័ពការពារព្រំដែនបានក្លាយជាស្ពានតភ្ជាប់ នាំយកទឹកចិត្តសប្បុរសធម៌មកជូនប្រជាជន រួមចំណែក​ពូនជ្រុំមនោសញ្ចេតនាកងទ័ពនិងប្រជាជនឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ផ្ទះថ្មីរបស់បងស្រី ថាច់ធីធឿង  នៅមណ្ឌលវិញប៊ិញ  សង្កាត់វិញចូវ ក្នុងប៉ុន្មានថ្ងៃនេះមានភាពអ៊ូអរជាងធម្មតា។ ជាច្រើនឆ្នាំរស់នៅក្នុងផ្ទះដំបូលស្លឹកនិងលិចទឹក ឥឡូវនេះ មានផ្ទះរឹងមាំមួយដើម្បីបាំងក្ដៅបាំងភ្លៀង។ ផ្ទះនេះមានតម្លៃ ៤០ លានដុង អាស្រ័យប៉ុស្តិ៍ការពារព្រំដែនវិញចូវ សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញចូវ គណៈប្រជាជនមណ្ឌលវិញប៊ិញ និងសប្បុរសជននានាជួយឧបត្ថម្ភ។ ស្ថានភាពគ្រួសារបងស្រីធឿង មានភាពលំបាកខ្លាំង គ្មានការងារធ្វើលំនឹង ជីវភាពពឹងលើការលក់ឆ្នោតជាតិ​។ ប្តីជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ប៉ះពាល់ដល់សមត្ថភាពចលនា និងត្រូវព្យាបាលក្នុងរយៈពេលយូរអង្វែង។ ចំណែកបងស្រីធឿងផ្ទាល់មានជំងឺបេះដូង និងគ្មានកូនចៅមើលថែទាំឡើយ។ ហេតុដូច្នេះ ក្តីស្រមៃចង់បានផ្ទះរឹងមាំមួយខ្នងហាក់ដូចជាមិនអាច​មានឡើយ​។ បងស្រីធឿង បានរំភើបចែករំលែក៖ “មានផ្ទះថ្មី ប្តីប្រពន្ធខ្ញុំសប្បាយចិត្តណាស់! នេះជាការជួយឧបត្ថម្ភយ៉ាងធំធេងសម្រាប់គ្រួសារខ្ញុំ។ ឥឡូវនេះពេលភ្លៀងធ្លាក់ ខ្ញុំលែងបារម្ភរឿងលិចទឹក ឬភ្លៀងស្រក់ទៀត។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះពូៗកងទ័ពការពារព្រំដែន និងសប្បុរសជនដែលបានជួយខ្ញុំឱ្យមានផ្ទះថ្មីសមរម្យ និងមានភាពកក់ក្តៅ”។ ក្នុងឱកាសនេះ គ្រួសារបងស្រីធឿង ក៏ទទួលបានគ្រែដែក ពូក អង្ករ ២០០ គីឡូក្រាម គ្រឿងឧបភោគនិងរបស់ប្រើប្រាស់ជាច្រើនទៀត សរុបតម្លៃប្រមាណ ១០ លានដុង។ អំណោយទាំងនេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំពោះមុខជូនគ្រួសារប៉ុណ្ណោះទេ ថែមទាំងនាំមកនូវការលើកទឹកចិត្ត និងទំនុកចិត្តដើម្បីឱ្យពួកគាត់ឈានឡើងជម្នះការលំបាកជាបណ្តើរៗ។

ប៉ុស្តិ៍ការពារព្រំដែនវិញចូវ រួមជាមួយសប្បុរសជន និងរដ្ឋអំណាចភូមិភាគ ប្រគល់ផ្ទះជូនបងស្រី ថាច់ធីធឿង។

បន្ទាប់ពីផ្ទះមួយខ្នងៗ និងអំណោយមួយចំណែកៗដែលបានជូនដល់ប្រជាជន សុទ្ធសឹងជាការតភ្ជាប់របស់កងទ័ពការពារព្រំដែន ជាមួយអង្គការនិងសប្បុរសជននានា។ ក្នុងនោះ លោក​ហ្វិញថាញសាង គឺជាសប្បុរសជនម្នាក់ដែលតែងតែរួមដំណើរជាមួយប៉ុស្តិ៍ការពារព្រំដែនវិញ​ចូវ នាំក្រុមសប្បុ​រសជនទៅជួយដល់គ្រួសារលំបាកក្នុងភូមិឋាន។ តាមរយៈការឧស្ទេសនាម និងការតភ្ជាប់ពីសំណាក់កម្មា​ភិបាល យុទ្ធជនការពារព្រំដែន គ្រួសារលំបាកជាច្រើនទទួលបានការចែករំលែកទាន់ពេល និងត្រូវតាមតម្រូវការជាក់ស្តែង។ ពេលថ្មីៗនេះ អង្គភាពនិងសប្បុ​រសជនបានចុះទៅអង្កេតគ្រួសារមួយដែលកំពុងរស់នៅក្នុងផ្ទះដោយផ្ទាំងកៅស៊ូជាបណ្តោះអាសន្ន។ តាមរយៈការស្វែងយល់ពីស្ថានភាពជាក់ស្តែង សប្បុរសជនបានបន្តជួយសាងសង់ផ្ទះថ្មីជូនគ្រួសារបងស្រីសើងធីអ៊ុក  នៅមណ្ឌលវិញប៊ិញ។ សប្បុរសជន ហ្វិញថាញសាង បានចែករំលែក៖ “ខ្ញុំឃើញកម្មាភិបាល និងយុទ្ធជនការពារព្រំដែនវិញចូវ ជិតស្និទ្ធជាមួយប្រជាជន និងយល់ច្បាស់ពីស្ថានភាពគ្រួសារក្រីក្រនីមួយៗ ។ ហេតុដូច្នេះ ពេលអង្គភាពតភ្ជាប់ យើងខ្ញុំមានក្តីទំនុកចិត្ត និងស្ម័គ្រចិត្តរួមដំណើរ។ រយៈពេលកន្លង តាមរយៈការតភ្ជាប់របស់ប៉ុស្តិ៍ការពារព្រំដែនវិញចូវ យើងខ្ញុំបានយល់ដឹងបន្ថែមអំពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅទីនេះ។ ផ្តើមពីនោះ ក្រុមសប្បុរសជនរបស់យើងខ្ញុំនឹងបន្តរួមដំណើរជាមួយប៉ុស្តិ៍ការពារព្រំដែនដើម្បី​ជូនអំណោយ សាងសង់ផ្ទះ អាហារូបករណ៍... ជូនដល់គ្រួសារនិងសិស្សានុសិស្សក្រីក្រ ដើម្បីជួយពួកគាត់ឈានឡើងជម្នះការលំបាក និងសិស្សានុសិស្សបន្តរៀនសូត្របានល្អ”។

ចំពោះគ្រួសារដែលជួប​ការលំបាកខាងលំនៅឋាន ផ្ទះរឹងមាំមួយខ្នងៗមិនត្រឹមតែជាតម្លៃសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកដើម្បីពួកគាត់ស្ងាប់ចិត្តក្នុងការពលកម្ម និងលំនឹងជីវភាព។ ផ្តើមពីសកម្មភាពជាក់ស្តែងទាំងនោះ រូបភាពកងទ័ពការពារព្រំដែនកាន់តែជិតស្និទ្ធនៅក្នុងបេះដូងប្រជាជន។ លោកវរសេនីយ៍ទោ ង្វៀងវុាំងហៀង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញចូវ បានឱ្យដឹង៖ “ក្រៅពីបំពេញភារកិច្ចគ្រប់គ្រង និងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ គឺកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនវិញចូវ តែងតែចាត់ទុកប្រជាជនជាបង្អែកដ៏សំខាន់។ ដូច្នេះ អង្គភាពសកម្មយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គម ជួយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារមានស្ថានភាពលំបាក គឺជាសកម្មភាពជាក់ស្តែងមួយដើម្បីពង្រឹងកម្លាំងសាមគ្គីរវាងកងទ័ពនិងប្រជាជន។ ចាប់តាំងពីដើមឆ្នាំមក អង្គភាពបានតភ្ជាប់ជាមួយសប្បុរសជន រួមជាមួយរដ្ឋអំណាចភូមិភាគចាត់តាំងសកម្មភាពសុខុមាលភាពសង្គម យកចិត្តទុកដាក់ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារមានស្ថានភាព​លំបាក។ ឆ្លងតាមរយៈសកម្មភាពនេះ ជួយឱ្យកម្មាភិបាល យុទ្ធជនជិតស្និទ្ធជាមួយប្រជាជន យល់ពីប្រជាជន រួមជាមួយភូមិភាគយកចិត្តទុកដាក់ដល់ជីវភាពប្រជាជនបានល្អជាង រួមចំណែកកសាង "គោលជំហរទឹកចិត្តប្រជាជន" នៅតំបន់ព្រំដែនសមុទ្រឱ្យកាន់តែរឹងមាំ”។

លោកវរសេនីយ៍ឯកបម្រុង ផាំងង្វៀងថេភុង ប្រធានស្នងការនយោបាយ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ រួមជាមួយសប្បុរសជនជូនអំណោយដល់សិស្សក្រីក្រនៅប៉ុស្តិ៍ការពារព្រំដែនវិញចូវ។

ចាប់ពីដើមឆ្នាំមក ប៉ុស្តិ៍ការពារព្រំដែនវិញចូវ បានសហការជាមួយរដ្ឋអំណាច អង្គការមហាជន និងសប្បុរសជន ជូនអំណោយចំនួន ៧២៤ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារមានស្ថានភាពលំបាក។ ប្រគល់ជូនផ្ទះ ១ ខ្នង ដល់គ្រួសារក្រីក្រ; ជូនអាហារូបករណ៍ ៤១ ចំណែកដល់សិស្សក្រីក្រខិតខំរៀនសូត្រ និងសកម្មភាពវប្បធម៌ សិល្បៈ កីឡា ទម្រង់ "ល្វែងទំនិញសូន្យដុង", "ទូអាវខោមនុស្សធម៌ - ផ្តល់ភាពកក់ក្តៅដល់ប្រជានេសាទ" និងទម្រង់របររកស៊ីចិញ្ចឹមជីវិតមួយក៏បានអនុវត្ត... ដោយថវិកាសរុបជាង ៤០០ លានដុង។ ផ្តើមពីសកម្មភាពជាក់ស្តែងទាំងនេះ ប៉ុស្តិ៍ការពារព្រំដែនវិញចូវ មិនត្រឹមតែរួមចំណែកគិតគូរដល់សុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបង្កបានជាស្ពានមនោសញ្ចេតនា ដើម្បីប្រភពធនធានក្នុងសង្គមបានទៅដល់ចំកន្លែង ចំមនុស្ស។ នោះក៏ជាវិធីដែលកងទ័ពនៅតំបន់សមុទ្រពូនជ្រុំ "គោលជំហរទឹកចិត្តប្រជាជន" រួមជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចកសាងភូមិឋានព្រំដែនសមុទ្រឱ្យកាន់តែមានភាពលំនឹង និងប្រជាជនមានជីវភាពកាន់​តែល្អប្រសើរឡើង៕

យ្វីអាញ-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ