ការធ្វើដំណើរចេញទៅលំហសមុទ្រតែងអូសបន្លាយពេលវេលារាប់សប្តាហ៍ឬរាប់ខែ ដែលស្ថិតកណ្តាលខ្យល់រលកបោកបក់ខ្លាំងឥតគណនា ទាមទារអ្នកនេសាទត្រូវតែមានកាយសម្បទា និងស្មារតីរឹងមាំ។ ថ្វីដ្បិតដូច្នោះ ផ្តើមពីភាពតឹងតែងនៃរបរនេសាទ បាបគ្រោះគ្រឿងញៀនបាននិងកំពុងប្រជ្រៀតចូលទៅក្នុងឃ្លុបកប៉ាល់ និងកំពង់ផែ។ ចំពោះតថភាពនេះ កងកម្លាំងនគរបាល និងកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានម្ចាស់ការអនុវត្តនូវវិធានការព្រមៗគ្នាជាច្រើន បង្កជា "ស្រទាប់ការពារដែកថែប" ការពារសុវត្ថិភាពដល់អ្នកនេសាទផង និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់សមុទ្រចុងប៉ូលខាងត្បូងរបស់មាតុភូមិផង។
.jpg)
កម្មាភិបាលយុទ្ធជននគរបាល និងកងទ័ពការពារព្រំដែនផ្សព្វផ្សាយបង្ការទប់ស្កាត់គ្រឿងញៀនដល់អ្នកនេសាទ។
តាមប្រសាសន៍វរសេនីយ៍ឯក ឌាំងវុាំងហឺវ ប្រធានប៉ូលិសស៊ើបអង្កេតបទល្មើសអំពីគ្រឿងញៀននៃនគរបាលខេត្តកាម៉ាវ ការប្រើប្រាស់គ្រឿងញៀននៅលំហសមុទ្រមិនត្រឹមតែបំពានច្បាប់ប៉ុណ្ណោះទេ ថែមទាំងជាមូលហេតុផ្ទាល់ញ៉ាំងឱ្យគ្រោះថ្នាក់គួរឱ្យអាណិតទៀតផង។ អាម្មណ៍ស្រមើស្រមៃដោយសារការប្រើប្រាស់គ្រឿងញៀនបង្កឡើង ធ្វើឱ្យបាត់ម្ចាស់ការលើខ្លួនឯង បណ្តាលឱ្យកប៉ាល់ប៉ះទង្គិចគ្នា ឬជម្លោះរវាងកម្មករ។ ចំពោះស្ថានភាពនោះ នគរបាលខេត្តបានសហការជាមួយកងទ័ពការពារព្រំដែនខេត្ត ប្តេជ្ញាអនុវត្តផែនការពិនិត្យផ្ទៀងផ្ទាត់ ត្រួតពិនិត្យមើល និងធ្វើតេស្តរកគ្រឿងញៀនចំពោះនាវិក និងកម្មករដែលប្រកបរបរសមុទ្រ។
តាមរយៈនោះ កម្លាំងសមត្ថកិច្ចបានដំណើរការត្រួតពិនិត្យរដ្ឋបាល ក្រដាសស្នាមផ្ទាល់ខ្លួនរបស់នាវិកនៅតាមមធ្យោបាយដែលកំពុងបោះយុថ្កា ឬធ្វើបែបបទចេញចូលកំពង់ផែ; ទន្ទឹមនឹងនោះក៏យកសំណាកទឹកនោមធ្វើតេស្តគ្រឿងញៀនរហ័សនៅនឹងកន្លែង។ ដំណើរការត្រួតពិនិត្យប្រព្រឹត្តឡើងយ៉ាងម៉ឺងម៉ាត់ បើកចំហរ សត្យានុម័ត និងគោរពតាមសេចក្តីកំណត់របស់ច្បាប់យ៉ាងតឹងរ៉ឹង។ ទន្ទឹមនឹងនោះ កម្មាភិបាលយុទ្ធជនអត់ធ្មត់វែកញែក ដើម្បីអ្នកនេសាទយល់ច្បាស់ពីគោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីការពារអាយុជីវិត សុខភាពរបស់សាមីខ្លួនពួកគាត់ និងធានាសុវត្ថិភាពដល់កប៉ាល់ទាំងមូលទៀតផង។ វរសេនីយ៍ឯកបម្រុង ត្រឹងវុាំងឌឹក ប្រធាននគរបាលសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ ឱ្យដឹង៖ “រយៈពេលកន្លង អង្គភាពបានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនញ៉ាម៉ាក ចាត់តាំងបើកយុទ្ធនាការត្រួតពិនិត្យរដ្ឋបាល និងធ្វើតេស្តគ្រឿងញៀនរហ័ស។ នៅថ្ងៃដំបូង មានមធ្យោបាយធ្វើនេសាទជាង ១០ គ្រឿង ដោយមាននាវិក ៥៨ នាក់បានត្រួតពិនិត្យ និងសំណាកធ្វើតេស្ត១០០% អវិជ្ជមាន។ នេះគឺជាសញ្ញាវិជ្ជមាន បង្ហាញពីប្រសិទ្ធភាពដំបូងនៃការបង្ការ ទប់ស្កាត់ និងព្រមាន”។
ទន្ទឹមនឹងនោះ កងកម្លាំងនគរបាល និងកងការពារព្រំដែនបានផ្សព្វផ្សាយនៅនឹងស្ពានកំពង់ផែ និងដំណាក់ត្រួតពិនិត្យ។ ក្នុងរយៈពេលរង់ចាំសម្រេចបែបបទចេញពីកំពង់ផែ អ្នកនេសាទបានស្តាប់ផ្សព្វផ្សាយពីចំណេះដឹងផ្លូវច្បាប់ដោយសង្ខេប និងងាយយល់។ កម្លាំងសមត្ថកិច្ចបញ្ជាក់ច្បាស់អំពីផលប៉ះពាល់ថ្នាំញៀនថ្នាំម៉ាទឹកកក បដិសេធទស្សនៈយល់ច្រឡំអំពី "ការប្រើប្រាស់គ្រឿងញៀនដើម្បីបំបាត់ភាពនឿយហត់" ទន្ទឹមនឹងនោះ ព្រមានឧបាយកអូសទាញរបស់ឧក្រិដ្ឋជន។ ព្រមជាមួយនោះ កម្មាភិបាលយុទ្ធជនក៏បានផ្គួបបញ្ចូលការឃោសនាអំពីទប់ស្កាត់នឹងការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ និងមិនតាមសេចក្តីកំណត់ (IUU) ផ្សព្វផ្សាយព្រំដែនសមុទ្រវៀតណាម ណែនាំបំណិនដោះស្រាយស្ថានការណ៍ពេលជួបអាកាសធាតុមិនល្អ និងរក្សាព័ត៌មានទំនាក់ទំនងពេលកើតមានឧប្បត្តិហេតុនៅលើសមុទ្រ។
.jpg)
អ្នកនេសាទស្ម័គ្រចិត្តចុះហត្ថលេខាមិនប្រព្រឹត្តបទល្មើសអំពីគ្រឿងញៀន។
តាមរយៈការឃោសនារបស់កម្លាំងសមត្ថកិច្ច សហគមន៍អ្នកនេសាទបានឯកភាព និងគាំទ្រ។ មានម្ចាស់កប៉ាល់ អ្នកបើកបរ និងនាវិកជាច្រើនបានចុះហត្ថលេខាដោយស្ម័គ្រចិត្តមិនបំពានច្បាប់អំពីគ្រឿងញៀន មិនលាក់បំពួន និងប្តេជ្ញាមិនជួលកម្មករញៀនគ្រឿងញៀន។ លោក វ៉ូវវុាំងអាញ នៅឃុំហ្គាញ់ហាវ ឱ្យដឹង៖ "សុវត្ថិភាពនៃការធ្វើដំណើរនេសាទនៅសមុទ្រមួយលើកៗ មិនត្រឹមតែអាស្រ័យលើអាកាសធាតុ ឬរលកប៉ុណ្ណោះទេ ថែមទាំងឋិតលើការប្រុងប្រយ័ត្នរបស់កម្មករម្នាក់ៗនៅលើកប៉ាល់ទៀតផង។ នាវិកម្នាក់ៗរបស់យើងខ្ញុំប្តេជ្ញាថា "មិន" ចំពោះគ្រឿងញៀន គឺកំពុងការពារអាយុជីវិតរបស់ខ្លួន និងរក្សាគ្រួសារសុភមង្គលនៅលើដីគោក"។
កិច្ចសហការយ៉ាងរលូនរវាងកងកម្លាំងនគរបាល និងកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បាននិងកំពុងពង្រីកប្រសិទ្ធភាពជាក់ស្តែងក្នុងការបង្ការទប់ស្កាត់គ្រឿងញៀននៅច្រកទ្វារសមុទ្រ។ ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងស្នាមញញឹមដ៏រីករាយពេលទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន ព្រមជាមួយនឹងលិខិតសន្យាដែលបានចុះហត្ថលេខានៅកំពង់ផែ មិនត្រឹមតែជាទីបង្អែកដ៏រឹងមាំប៉ុណ្ណោះទេ ថែមទាំងជួយរក្សាភូមិឋានគ្មានបាបគ្រោះសង្គម និងពង្រឹងជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន និងការពារប្រទេសទូទាំងប្រជាជននៅតាមខ្សែបន្ទាត់សមុទ្រទៀតផង។ ឆ្លងតាមរយៈនោះ ជួយឱ្យអ្នកនេសាទកាម៉ាវចេញដំណើរទៅសមុទ្រដោយទំនុកចិត្ត អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផង និងអំណះអំណាងអធិបតេយ្យដ៏ពិសិដ្ឋរបស់ប្រទេសជាតិនៅតំបន់ចុងប៉ូលសមុទ្រខាងត្បូងរបស់មាតុភូមិផង៕
យ្វីអាញ - វិមាន