ផ្តើមពីការអុំប្រណាំងយ៉ាងស្វិតស្វាញរបស់ក្រុមទូក-ង លើដងព្រែក Maspero រហូតដល់ពិធីសែនព្រះខែដ៏ពិសិដ្ឋនៅតាមវត្តខ្មែរ ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង នាំមកនូវការឆ្លងបទពិសោធន៍វប្បធម៌ដ៏ពិសេស រួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិ និងបង្កភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ភូមិភាគ។

ក្រុមកីឡាករទូក-ង ចូលរួមអុំប្រណាំងលើដងព្រែក Maspero។
ប៉ុន្មានថ្ងៃពិធីបុណ្យ ទីក្រុងកឹងធើ មានភាពអ៊ូអរជាងថ្ងៃធម្មតា។ នៅសងខាងដងព្រែក Maspero ប្រជាជននិងភ្ញៀវទេសចរច្រើនកុះករ មកទស្សនាការប្រណាំងទូក-ង ៨៤ទូក ដែលមានចម្ងាយខ្សែទឹក ១.២០០ ម៉ែត្រសម្រាប់ទូកបុរស និង១.០០០ ម៉ែត្រសម្រាប់ទូកនារី។ ការអុំប្រណាំងយ៉ាងស្វិតស្វាញ អមដោយសំឡេងហ៊ោអបអរសាទរយ៉ាងកងរំពង បង្កភាពទាក់ទាញដោយឡែកនៃកីឡាប្រពៃណីដែលផ្សារភ្ជាប់តាំងពីយូរលង់មករបស់ជន រួមជាតិខ្មែរណាមបូ។ បងង្វៀងហាយទ្រេវ ជាភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ ចែករំលែក៖ “ពីឆ្នាំមុន ខ្ញុំក៏បានមកទីក្រុងកឹងធើចំថ្ងៃបុណ្យអកអំបុក ប្រណាំងទូក-ង ដូច្នេះខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាប្រណាំងទូក-ងនេះ។ ក្រុមប្រណាំង សហការអុំស៊ីចង្វាក់ ខិតខំប្រឹងប្រែងអុំទៅកាន់គោលដៅ បង្ហាញពីស្មារតីសាមគ្គីខ្ពស់។ មិនត្រឹមតែទស្សនា ការប្រណាំងទូក-ងប៉ុណ្ណោះទេ ខ្ញុំក៏បានស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ។ ពិធីបុណ្យអកអំបុក បានបន្សល់នូវចំណាប់អារម្មណ៍ មិនអាចបំភ្លេចបានសម្រាប់ខ្ញុំ ដូច្នេះ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃបុណ្យអុំទូកខ្ញុំតែងមកទស្សនាជានិច្ច”។
ទន្ទឹមនឹងការប្រណាំងទូក-ង ភ្ញៀវទេសចរនៅទាំងបានសម្របខ្លួនជាមួយចង្វាក់រាំវង់ ទស្សនាសិល្បៈល្ខោនយូរកេរ ទស្សនាល្វែងតាំងពិព័រណ៍វប្បធម៌ខ្មែរ ស្វែងយល់ពីផលិតផលពិសេសរបស់ភូមិភាគនិងផលិតផល OCOP។ ពិសេស ពេលរាត្រីមានបណ្តែតលយប្រទីបរំលេចភ្លើងចម្រុះពណ៌ ភ្លឺចិញ្ចាចលើផ្ទៃទឹកនៃដងព្រែក Maspero បង្កជាទិដ្ឋភាពកាន់តែស្រស់ស្អាត។ បងថាច់រឹទ្ធិ ជាភ្ញៀវទេសចរមកពីខេត្តអាងយ៉ាង ឱ្យដឹង៖ “ខ្ញុំចូលចិត្តបំផុតគឺសកម្មភាពពេលយប់ ពិសេសគឺបានគយគន់ការបណ្តែតលយប្រទីប រាំវង់និងស្វែងយល់ពីទំនៀមទម្លាប់ពិធីសែនព្រះខែ។ សកម្មភាពនីមួយៗនៅក្នុងថ្ងៃបុណ្យអុំទូក សុទ្ធតែមានលក្ខណៈដោយឡែកៗ បន្សល់នូវចំណាប់អារម្មណ៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ”។
ប្រសិនបើការប្រណាំងទូក-ងនាំមកនូវបរិយាកាស អ៊ូអរ ដូច្នេះ ពិធីសែនព្រះខែនៅតាមវត្តខ្មែរក៏បង្កលក្ខណៈដ៏ពិសិដ្ឋមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ ព្រះតេជព្រះគុណ យឿងហ្វាងសឺ ព្រះចៅអធិការវត្តសិរីប្រជុំវង្ស ពាមបួនថ្មី មានថេរដីកា៖ “ជារៀងរាល់ឆ្នាំ វត្តតែងចាត់តាំងពិធីសែនព្រះខែដើម្បីបង្ហាញ ពីទឹកចិត្តដឹងគុណធម្មជាតិសូមឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះទទួលបានភោគផលល្អប្រសើរ ប្រជាជនមានភាពសុខដុមរមនានិងសុភមង្គល។ ក្រៅពីនោះ វត្តក៏បានចាត់តាំងសកម្មភាពសិល្បៈច្រៀង រាំបម្រើមាមីងនិងភ្ញៀវទេសចរដើម្បីឧទ្ទេសនាមពីលក្ខណៈវប្បធម៌ខ្មែរ ជួយឱ្យយុវជនជំនាន់ក្រោយបានយល់ដឹងចេះស្រឡាញ់និងព្រួតដៃថែរក្សាទំនៀមទំម្លាប់ប្រពៃណីរបស់ជនជាតិ”។
ក្នុងបរិយាកាសប្រកបដោយភាពអ៊ូអូរនៃពិធីបុណ្យអកអំបុក ដៃច្រវាបោះពួយលឿនលយទៅមុខ និងប្រទីបចម្រុះពណ៌ភ្លឺផ្លេកបណ្ដែតលើផ្ទៃទឹកកំពុងបង្ក ភាពទាក់ទាញដោយឡែកសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ។ តាមរយៈការរួមបញ្ចូលសមស្របរវាងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរនិងការអភិវឌ្ឍទេសចរណ៍ ទីក្រុងកឹងធើជាជំហានៗជំរុញអត្តសញ្ញាណវប្បធម៌ប្រពៃណីក្លាយជាប្រភពធនធានរបស់ភូមិភាគ ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍ៕
យ្វីអាញ-មុនី