មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2026 - 14:53

ពង្រីក​តួ​នា​ទី​បក្ខ​ជន​ក្នុង​កិច្ច​ការ​សមា​គម​នា​រី​នៅ​មូល​ដ្ឋាន​ 

ជា​មួយ​ស្មារតី​ឈាន​មុខ ទទួល​ការ​ខុស​ត្រូវ និង​ការ​ប្ដេជ្ញា​ចិត្ត បង​ស្រី​ដាវ​ធី​ណា​លី ជា​បក្ខ​ជន​ជន​ជាតិ​ខ្មែរ និង​ជា​ប្រ​ធាន​សាខា​សមា​គម​នា​រី​មណ្ឌល​តឹង​ណាម សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ បាន​ក្លាយ​ជា​បង្អែក​ដ៏​ទំ​នុក​ចិត្ត​សម្រាប់​សមា​ជិកា​នា​រី​ក្រី​ក្រ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​អង្គ​ភាព​សមា​គម និង​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច -សង្គម​នៅ​ភូមិ​ភាគ។

  បង​ស្រី ដាវ​ធី​ណា​លី ជា​បង្អែក​ដ៏​ទំនុក​ចិត្ត​សម្រាប់​សមា​ជិ​កា​នា​រី​ខ្មែរ។

ផ្សារ​ភ្ជាប់​ជា​មួយ​កិច្ច​ការ​សមា​គម​នា​រី​ចាប់​តាំង​ពី​ឆ្នាំ ២០០៥ និង​មាន​កិត្តិ​យស​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​នៅ​ឆ្នាំ ២០០៨ បង​ស្រី ណា​លី តែង​ចង​ចាំ​ក្នុង​ចិត្ត​ជា​និច្ច​ថា ការ​ទទួល​ខុស​ត្រូវ​របស់​បក្ខ​ជន​គឺ​ត្រូវ​បង្ហាញ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ជា​មុន​សិន។ នៅ​ភូមិ​ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ជីវ​ភាព​ពឹង​ផ្អែក​លើ​ការ​ធ្វើ​កសិ​កម្ម​និង​វា​រី​វប្ប​កម្ម​ជា​ចម្បង បង​ស្រី​បាន​យល់​ច្បាស់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គឺ​ជា​គន្លឹះ​ដើម្បី​ប្រ​មូល​ផ្តុំ និង​ផ្សារ​ភ្ជាប់​សមា​ជិកា។ បច្ចុប្បន្ន បង​ស្រី​បាន​ចូល​រួម​គ្រប់​គ្រង​ក្រុម​បុល​ទុន​បម្រើ​ឱ្យ ៥០ គ្រួ​សារ។ មិន​ត្រឹម​តែ​ណែ​នាំ​បែប​បទ​ប៉ុណ្ណោះ​ទេ បង​ស្រី​ថែម​ទាំង​តាម​ដាន​ជាប់​ជា​ប្រ​ចាំ ផ្តល់​ប្រឹក្សា​ដល់​បង​ប្អូន​ប្រើ​ប្រាស់​ដើម​ទុន​ចំ​គោល​ដៅ ជៀស​វាង​ភាព​ខ្ជះ​ខ្ជាយ។

ពិ​សេស​ ដើម្បី​បំ​ផុស​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ផលិត បង​ស្រី​បាន​ចលនា​បង្កើត​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​មណ្ឌល​ផ្នោ​ធំ ដោយ​មាន​សមា​ជិក ១០ រូប​។ អា​ស្រ័យ​ដោយ​ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​បាន​បើក​ទូ​លាយ បង​ប្អូន​នា​រី​បាន​មោះ​មុត​វិនិ​យោគ​ដាំ​ដុះ​ដំ​ណាំ​ដូច​ជា ខ្ទឹម​ក្រ​ហម ម្ទេស ម្រះ​ននោង ។ល។ ទម្រង់​នេះ​មិន​ត្រឹម​តែ​បង្ក​ការ​ងារ​ធ្វើ​នៅ​នឹង​កន្លែង បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​ទម្លាប់​នៃ​ការ​ត​ភ្ជាប់ និង​ចែក​រំលែក​បទ​ពិ​សោធន៍​ក្នុង​ការ​ដាំ​ដុះ​រវាង​បង​ប្អូន​ជន​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ស្រុក​ទៀត​ផង។

ទន្ទឹម​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ជីវ​ភាព បង​ស្រី ណា​លី បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ និង​ដាក់​ឱ្យ​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​ទី ៨ ស្តី​ពី “អនុ​វត្ត​សម​ភាព​យេន​ឌ័រ និង​ដោះ​ស្រាយ​បណ្តា​បញ្ហា​បន្ទាន់​ចំ​ពោះ​នា​រី​និង​កុមារ​” ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច។ ចាប់​យក​និន្នា​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល កម្មា​ភិបាល​សមា​គម​ខ្មែរ​ដ៏​ស្វា​ហាប់​រូប​នេះ ថែម​ទាំង​ចេះ​បត់​បែន​ប្រើ​ប្រាស់​បណ្តាញ​សង្គម Zalo និង Facebook ដើម្បី​បញ្ជូន​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​រដ្ឋ និង​សេច​ក្តី​ជូន​ដំ​ណឹង​នា​នា​ជា​ច្រើន​ទៀត​ដល់​បង​ប្អូន​នា​រី។ ដំ​ណោះ​ស្រាយ​នេះ​បាន​ជួយ​ឱ្យ​ការ​ត​ភ្ជាប់​ជា​មួយ​សមាជិកា​ប្រ​ព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន ងាយ​ស្រួល ជា​ពិ​សេស​ចំ​ពោះ​នា​រី​ដែល​រវល់​នឹង​ការ​ងារ​ស្រែ​ចម្ការ។

បង​ស្រី ណា​លី រៀប​រាប់៖ “ក្នុង​នាម​ជា​បក្ខ​ជន ខ្ញុំ​តែង​ខិត​ខំ​លត់​ដំ​ស្មារតី​ឈាន​មុខ ធ្វើ​ជា​គំ​រូ ជិត​ស្និទ្ធ ព្រម​ទាំង​ស្តាប់​នូវ​បំ​ណង​ប្រាថ្នា​របស់​បង​ប្អូន ដើម្បី​ឱ្យ​អង្គ​ការ​សមា​គម​ក្លាយ​ជា​ផ្ទះ​រួម​ដ៏​កក់​ក្តៅ ជួយ​ឱ្យ​នា​រី​មាន​ជំ​នឿ​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព​”។ វាយ​តម្លៃ​អំ​ពី​បង​ស្រី ណា​លី លោក​ស្រី ឡឹម​ប៊ិច​ដាវ ប្រ​ធាន​សមា​គម​នា​រី​សង្កាត់​វិញ​ភឿក ឱ្យ​ដឹង៖ “បង​ស្រី ណា​លី គឺ​ជា​កម្មា​ភិបាល​សមា​គម​មូល​ដ្ឋាន​ដ៏​គំ​រូ ឧស្សាហ៍ ព្យា​យាម លះ​បង់​និង​មាន​គំ​និត​ផ្តួច​ផ្តើម​ជា​ច្រើន​ក្នុង​ការ​ឧបត្ថម្ភ​នា​រី​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ព្រម​ទាំង​ចេះ​ផ្លាស់​ប្តូរ​ថ្មី​នូវ​វិធី​សាស្ត្រ​ប្រ​មូល​ផ្តុំ​សមា​ជិកា។ រាល់​ការ​រួម​ចំ​ណែក​ដ៏​សកម្ម​របស់​គាត់ ក៏​ត្រូវ​បាន​ថ្នាក់​លើ ទទួល​ស្គាល់​តាម​រយៈ​ប័ណ្ណ​សរ​សើរ​ជា​ច្រើន”។

ជាង ២០ ឆ្នាំ​ឧស្សាហ៍​ព្យា​យាម លះ​បង់ បង​ស្រី ដាវ​ធី​ណា​លី បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​គុណ​សម្បត្តិ​ឈាន​មុខ​របស់​បក្ខ​ជន​ខ្មែរ​ដ៏​គំ​រូ ជា​បង្អែក​ដ៏​រឹង​មាំ​ជួយ​សមា​ជិកា​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន៕

ហុង​ទើ - ថាច់​ធី​

ចែករំលែកអត្ថបទ