កំណត់ច្បាស់សុខភាពសិស្សគឺជាមូលដ្ឋានគ្រឹះ ដើម្បីលើកកម្ពស់គុណភាពអប់រំ ហេតុនោះសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ធានាសុវត្ថិភាពអនាម័យម្ហូបអាហារ លើកកម្ពស់គុណភាពអាហារប្រចាំថ្ងៃ។ ផ្តើមពីការគ្រប់គ្រងប្រភពវត្ថុធាតុដើមរហូតដល់ការចម្អិន ផ្គត់ផ្គង់ និងដំណាក់ការនីមួយៗសុទ្ធតែបានអនុវត្តយ៉ាងហ្មត់ចត់ រួមចំណែកបង្កបរិយាកាសរៀនសូត្រនិងរស់នៅដោយសុវត្ថិភាព ជួយកូនចៅខ្មែរស្ងប់អារម្មណ៍ក្នុងការរៀនសូត្រនិងលត់ដំ។

សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង តែងធានាសុវត្ថិភាពម្ហូបអាហារដល់សិស្ស។
រៀងរាល់ថ្ងៃតាំងពីព្រឹកព្រលឹម ពេលសិស្សត្រៀមចូលថ្ងៃសិក្សាថ្មី អ្នកចម្អិនអាហារនៅវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង តែងមមាញឹកនឹងការត្រៀមបម្រុងម្ហូបអាហារ។ ចាប់ពីផ្នែកទទួលការលាងសម្អាតនិងចម្អិន សុទ្ធតែបានអនុវត្តដោយប្រុងប្រយ័ត្ន ធានាសុវត្ថិភាពអនាម័យម្ហូបអាហារ និងផ្គត់ផ្គង់អាហារជូនសិស្សត្រូវតាមពេលវេលា។
ដើម្បីគ្រប់គ្រងគុណភាពម្ហូបអាហារ សាលាបានធ្វើការត្រួតពិនិត្យជា ៣ ជំហាន តាំងពីពិនិត្យវត្ថុធាតុដើម ពិនិត្យមើលដំណើរការចម្អិនរហូតដល់ពិនិត្យម្ហូបអាហារមុនពេលសិស្សបរិភោគ។ ម្ហូបអាហារទាំងអស់បានយកសំណាកបិទបោះត្រា និងរក្សាទុកតាមសេចក្តីកំណត់។ បងស្រី ទ្រិញធីលី ប្រធានក្រុមចិញ្ចឹមថែទាំសិស្សបានផ្សារភ្ជាប់នឹងផ្ទះបាយសាលា ១៩ ឆ្នាំ ឱ្យដឹង៖ “ខ្ញុំចាត់ទុកសិស្សទាំងអស់ដូចជាកូនចៅក្នុងគ្រួសារ។ ព្រោះហេតុនោះ ការធានាសុវត្ថិភាពម្ហូបអាហារ និងត្រៀមបម្រុងម្ហូបអាហារមានអាហារូបត្ថម្ភគ្រប់គ្រាន់គឺសំខាន់ណាស់។ យើងខ្ញុំតែងខិតខំអនុវត្តដោយប្រុងប្រយ័ត្នគ្រប់ផ្នែក មិនទុកឱ្យកើតមានករណីណាមួយប៉ះពាល់ដល់សុខភាពសិស្សឡើយ”។
បច្ចុប្បន្នសាលាមានសិស្សកំពុងរៀននិងស្នាក់នៅអន្តេវាសិក ៦២០ នាក់។ បញ្ជីមុខម្ហូបបានផ្លាស់ប្តូររៀងរាល់សប្តាហ៍ ធានាមានអាហារូបត្ថម្ភគ្រប់គ្រាន់ ត្រូវមាត់នឹងទម្លាប់ទទួលទានរបស់សិស្ស។ ប្អូនត្រឹងធីមិញធឺ សិស្សថ្នាក់ទី១២A-C២ ឱ្យដឹង៖ “អាហារនៅសាលារៀនមានម្ហូបច្រើនមុខ ដូចជា៖ ឆា ស្ល ម្ហូបប្រៃ និងមានផ្លែឈើជម្រះមាត់ទៀតផង។ មុខម្ហូបបានផ្លាស់ប្តូររាល់ថ្ងៃ ហើយធានាឱ្យសិស្សហូបឆ្អែតជានិច្ច ហេតុនោះពួកប្អូនមានសុខភាពគ្រប់គ្រាន់ដើម្បីរៀនសូត្រ និងលេងកីឡា”។ ចំណែកប្អូនថាច់ធីហ្វិញអាយ សិស្សថ្នាក់ទី១២B ឱ្យដឹង៖ “មណ្ឌលផ្ទះបាយស្រឡះស្រឡំ ស្អាតបាត និងមុខម្ហូបមានរសជាតិត្រូវមាត់និងឆ្ងាញ់ ពិសា។ ហេតុនោះ ហូបបាយនៅសាលា ខ្ញុំមានអារម្មណ៍ដូចហូបបាយជាមួយគ្រួសារ”។
អ្នកគ្រូ ត្រឹងធីមិញធឺ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “ការថែទាំសុខភាពនិងធានាអាហារូបត្ថម្ភដល់សិស្ស គឺជាភារកិច្ចសំខាន់ខ្លាំងណាស់។ សាលាបានគ្រប់គ្រងប្រភពវត្ថុធាតុដើមយ៉ាងហ្មត់ចត់ ព្រមទាំងជ្រើសរើសអង្គភាពផ្គត់ផ្គង់គ្រប់លក្ខណៈ អនុវត្តការត្រួតពិនិត្យម្ហូបអាហារជា ៣ ជំហាន និងរក្សាទុកសំណាកម្ហូបអាហារតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ តែងត្រួតពិនិត្យលើការលាងសម្អាត ការចម្អិនសហការជាមួយផ្នែកសុខាភិបាលតាមដានផ្ទះបាយ និងណែនាំសិស្សរក្សាអនាម័យផ្ទាល់ខ្លួន និងការហូបចុកប្រកបដោយវិទ្យាសាស្ត្រ”។
ភាពហ្មត់ចត់រាល់ពេលបាយ មិនត្រឹមតែរួមចំណែកការពារសុខភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការទទួលខុសត្រូវ ផ្តល់ក្តីស្រឡាញ់របស់កងជួរកម្មាភិបាលសាលាចំពោះសិស្សខ្មែរទៀតផង។ តាមរយៈនោះ បង្កទីបង្អែកដើម្បីសិស្សស្ងប់អារម្មណ៍រៀនសូត្រលត់ដំ និងវិវឌ្ឍន៍ខ្លួនក្រោមដំបូលសាលាអន្តេវាសិក៕
យ្វីអាញ - វិមាន