ប៉ុន្មានថ្ងៃកន្លង នៅលើភូមិឋានខេត្តកាម៉ាវ មានភ្លៀងធំ ខ្យល់កំបុតត្បូង និងខ្យល់ឆក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ប៉ះពាល់ដល់ការផលិតនិងជីវភាពរបស់ប្រជាជន។ ចំពោះមុខស្ថានភាពនោះ កងកម្លាំងនគរបាលខេត្តកាម៉ាវ បានម្ចាស់ការអនុវត្តវិធានការបង្ការ ទប់ទល់គ្រោះធម្មជាតិ ស្វែងរកជួយសង្គ្រោះ; ទន្ទឹមនឹងនោះ ជួយប្រជាជនជម្នះផលវិបាកនិងឆាប់លំនឹងជីវភាពឡើងវិញ។

កម្មាភិបាល យុទ្ធជននគរបាលខេត្តកាម៉ាវ ជួយប្រជាជនប្រក់ផ្ទះដែលរបើកដំបូលដោយសារខ្យល់ព្យុះ។
អនុវត្តទិសស្លោកម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិ នគរបាលខេត្តបានចង្អុលការដល់អង្គភាពនគរបាល និងភូមិភាគនានាកសាងផែនការទប់ទល់ បែងចែកកងកម្លាំងប្រចាំការ ត្រៀមដោះស្រាយនូវស្ថានការណ៍ដែលកើតមានឡើង។ ទន្ទឹមនឹងនោះ សហការជាមួយរដ្ឋអំណាច កងកម្លាំងការពារព្រំដែន និងផ្នែកសមត្ថកិច្ចផ្សព្វផ្សាយ តាមដានព័ត៌មានអាកាសធាតុដល់អ្នកនេសាទ ណែនាំកប៉ាល់នេសាទចូលកាន់ជម្រកសុវត្ថិភាព និងផ្តល់អនុសាសន៍ កាត់បន្ថយសកម្មភាពនៅលើសមុទ្រក្នុងពេលមានភ្លៀងខ្យល់ព្យុះ។ វរសេនីយ៍ឯកបម្រុង ចូវថាញ់កុង ប្រធាននគរបាលឃុំវិញហូវ ឱ្យដឹង៖ “ជាភូមិភាគជាប់សមុទ្រ មានជនរួមជាតិខ្មែររស់នៅកុះករ និងភាគច្រើនប្រកបរបរនេសាទ ម្ល៉ោះហើយនគរបាលឃុំម្ចាស់ការសហការជាមួយគណៈបញ្ជាការយោធាឃុំ និងប៉ុស្តិ៍ការពារព្រំដែនកៃគុងដើរល្បាត ធានាសន្តិសុខសណ្តាប់ធ្នាប់បណ្តោយតាមឆ្នេរសមុទ្រ។ ទន្ទឹមនឹងនោះ រក្សាកម្លាំងប្រចាំការ ត្រៀមជួយអ្នកនេសាទពេលមានគ្រោះធម្មជាតិ ឬឧបទ្ទវហេតុកើតឡើងនៅសមុទ្រ”។
ទន្ទឹមនឹងការទប់ទល់ កម្លាំងនគរបាលតែងមានវត្តមានទាន់ពេលវេលានៅភូមិឋានដែលរងផលប៉ះពាល់ ដើម្បីជួយប្រជាជនជម្នះផលវិបាក។ កាលពីខែកក្កដាកន្លងហើយ មានភ្លៀងធំនិងខ្យល់កំបុតត្បូង បានកើតឡើងនៅឃុំខាញ់ប៊ិញ បានបំផ្លិចបំផ្លាញផ្ទះចំនួន ២៩ ខ្នង ក្នុងនោះផ្ទះរលំទាំងស្រុង៨ខ្នង ផ្ទះរបើកដំបូល២១ខ្នង និងរងរបួស៤នាក់។ បន្ទាប់ពីគ្រោះធម្មជាតិភ្លាម នគរបាលឃុំខាញ់ប៊ិញ បានប្រមូលកម្លាំងដើម្បីជម្លៀសអ្នកមានវ័យចំណាស់ និងកុមារទៅកាន់កន្លែងសុ វត្ថិភាព ជួយសង្គ្រោះ នាំអ្នករងរបួសទៅកាន់មូលដ្ឋានសុខាភិបាល កាប់ដើមឈើដែលរលំ និងរំដោះផ្លូវដែលរាំងផ្ទះ។ កម្មាភិបាល យុទ្ធជននៅទាំងជួយប្រជាជនប្រក់ផ្ទះដែលរបើកដំបូល; សហការជាមួយរដ្ឋអំណាចភូមិភាគសង់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងដឹកជញ្ជូនអាហារ ទឹក និងគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានផ្ទះរលំ។ វរសេនីយ៍ទោ វ៉ធីប៊ិចញៀង អនុប្រធាននគរបាល ឃុំខាញ់ប៊ិញ ឱ្យដឹង៖ “យើងខ្ញុំបានអនុវត្តវិធានការព្រមៗគ្នាដើម្បីកាត់បន្ថយការ ខូចខាតពីគ្រោះធម្មជាតិឱ្យនៅកម្រិតទាបបំផុត។ ចំពោះគ្រួសារដែលមានផ្ទះរបើកដំបូល កម្លាំងនគរបាលជួយជួសជុលផ្ទះឡើងវិញ គ្រួសារដែលមានផ្ទះរលំទាំងស្រុងបានសង់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគដើម្បីឆាប់បានលំនឹងជីវភាពឡើងវិញ”។
ក្នុងស្ថានភាពអាកាសធាតុមានការប្រែប្រួលពិបាកប៉ាន់ស្មាន ស្មារតីម្ចាស់ការទទួលខុសត្រូវ និងមានវត្តមានទាន់ពេលវេលារបស់កម្លាំងនគរបាលនៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ បានរួមចំណែកកាត់បន្ថយការអន្តរាយដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិឱ្យនៅកម្រិតទាបបំផុត។ រូបភាពកម្មាភិបាល យុទ្ធជនមិនខ្លាចការលំបាក និងជិតដិតជាមួយប្រជាជនក្នុងពេលជួបការលំបាក បន្តសាយភាយនូវគុណសម្បត្តិរបស់យុទ្ធជននគរ បាលប្រជាជនជិតដិតនឹងប្រជាជន ដើម្បីប្រជាជនធ្វើការបម្រើ រួមចំណែករក្សាជីវភាពសុខសាន្តនៅលើភូមិឋាននីមួយៗ៕
យ្វីអាញ - វិមាន