31/07/2023 - 16:46

ប្រ​ជា​ជន​អាច​ចុះ​ឈ្មោះ​យាន​យន្ត​ នៅ​កន្លែង​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា​

ក្រ​សួង​នគរ​បាល​ បាន​ប្រ​កាស​ឱ្យ​ប្រើ​សា​រាចរ​លេខ​២៤/២០២៣ ជំ​នួស​ឱ្យ​សា​រាចរ​លេខ​ ៥៨/​២០២០ ស្តី​ពី​សេច​ក្តី​កំ​ណត់​នៃ​ការ​ផ្តល់​ជូន​ ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ចរាចរណ៍​ផ្លូវ​គោក។​ សារា​ចរថ្មី​បាន​កំ​ណត់​ពី​ឯក​សារ​ បែប​បទ​ផ្តល់​ជូន​ ដក​ហូត​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ ដែល​ត្រូវ​បាន​កំ​ណត់​ក្នុង​ច្បាប់​ចរា​ចរណ៍ ផ្លូវ​គោក រួម​មាន៖ ចុះ​ឈ្មោះ​យាន​យន្ត​លើក​ដំ​បូង​ ចុះ​ឈ្មោះ​ផ្ទេរ​កម្ម​សិទ្ធិ​ ផ្លាស់​ប្ដូរ​ទី​តាំង​ ផ្តល់​ជូន​ និង​ប្តូរ​ប័ណ្ណ​ចុះ​ឈ្មោះ​យាន​យន្ត​ និង​ផ្លាក​លេខ​ជាដើម។​

រូប​ជាឧទាហរណ៍។​

ប្រ​ការ​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ សារា​ចរថ្មី​អនុញ្ញាត​ឱ្យ​បុគ្គល អង្គ​ការ​បាន​ចុះ​ឈ្មោះ​រថ​យន្ត​ម៉ូតូ​នៅ​កន្លែង​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ ជំ​នួស​ឱ្យ​ការ​ចុះ​ឈ្មោះ​នៅ​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដូច​កាល​ពី​មុន។​

ឆ្លង​តាម​រយៈ​នោះ​ នៅ​មាត្រា​៣ ជំ​ពូក​ I នៃ​សា​រាចរ​ដែល​បាន​លើក​ឡើង​ថា​ ម្ចាស់​យាន​យន្ត​ជា​អង្គ​ការ​ឬ​បុគ្គល​មាន​ទីស្នាក់​ការ​ កន្លែង​ស្នាក់​នៅ​ (កន្លែង​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិ​ន្ត្រៃយ៍ ឬ​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន) នៅ​ភូមិ​ភាគ​ណា​ គឺចុះ​ឈ្មោះ​យាន​យន្ត​នៅ​ស្ថាប័ន​ចុះ​ឈ្មោះ​យាន​យន្ត​នៅ​ភូមិ​ភាគ​នោះ​ វៀរ​លែង​តែ​ក្នុង​ករណី​អង្គ​ការ​ បុគ្គល​ឈ្នះ​ការ​ដេញ​ថ្លៃ​ផ្លាក​លេខ​រថ​យន្ត។​ ប្រ​ការ​ខាង​លើ​នេះ​បាន​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ នឹង​លែង​មាន​ស្ថាន​ភាព​ប្រ​ជា​ជន​ទិញ​យាន​យន្ត​នៅ​កន្លែង​ដែល​ខ្លួន​កំ​ពុង​ស្នាក់​នៅ​បណ្តោះ​អា​សន្ន រួច​ត្រូវ​ធ្វើ​ដំ​ណើរ​រាប់​រយ​គីឡូ​ម៉ែត្រ​ទៅ​កន្លែង​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិ​ន្រ្តៃយ៍​ដើម្បី​ចុះ​ឈ្មោះ​យាន​យន្ត​ដូច​មុន​ទៀត។​

សារា​ចរ​ថ្មី​ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា​ ស្ថាប័ន​ចុះ​ឈ្មោះ​យាន​យន្ត​រួម​មាន៖ នា​យក​ដ្ឋាន​ ប៉ូលិស​ចរា​ចរណ៍ ការិ​យាល័យ​ប៉ូលិស​ចរា​ចរណ៍​គ្រប់​ខេត្ត​ ក្រុង​ នគរ​បាល​ថ្នាក់​ស្រុក​ និង​នគរ​បាល​ថ្នាក់​ឃុំ។​

តាម​សារាចរ​ថ្មី​នេះ​ផង​ដែរ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា​ ការ​បំ​ពេញ​ព័ត៌​មាន​សម្រាប់​ការ​ចុះ​ឈ្មោះ​យាន​យន្ត​ ត្រូវ​បាន​អនុវត្ត​តាម​ប្រ​ព័ន្ធ​អន​ឡាញ។​ យោង​តាម​កថា​ខណ្ឌ​ទី​១០ មាត្រា​ ៣ នៃ​សា​រាចរ​នេះ​បាន​កំ​ណត់​ការ​បំ​ពេញ​ព័ត៌​ មាន​ចុះ​ឈ្មោះ​យាន​យន្ត​ ត្រូវ​បាន​អនុវត្ត​លើ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធា​រណៈ​ជាតិ​ ឬ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធា​រណៈ​ក្រសួង​នគរ​បាល។​ ម្ចាស់​យាន​យន្ត​ប្រើ​លេខ​កូដ​ ឯក​សារ​ដែល​បាន​ប្រ​កាស​លើ​ច្រក​ទ្វារ​អេ​ឡិច​ត្រូនិក​សេវា​សាធា​រណៈ​ ដើម្បី​ធ្វើ​បែប​បទ​ចុះ​ឈ្មោះ​យាន​យន្ត។​ ក្នុង​ករណី​មិន​អាច​អនុវត្ត​បាន​លើ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធា​រណៈ​ អា​ស្រ័យ​គ្មាន​ទិន្ន​ន័យ​អេឡិច​ត្រូនិក​ឬ​កំ​ហុស​បច្ចេក​ទេស គឺ​ម្ចាស់​យាន​យន្ត​អាច​មក​ធ្វើ​បែប​បទ​ដោយ​ផ្ទាល់​នៅ​ស្ថាប័ន​ចុះ​ឈ្មោះ​យាន​យន្ត។​

នៅ​មាត្រា​៩ សារា​ចរ​លេខ​២៤ ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ពី​សេច​ក្តី​កំ​ណត់​នៃ​លិខិត​ស្នាម​ចុះ​ឈ្មោះ​យាន​យន្ត​ ម្ចាស់​យាន​យន្ត​ចូល​ច្រក​ទ្វារ​អេ​ឡិច​ត្រូនិក​សេវា​សាធា​រណៈ​ និង​បំ​ពេញ​ព័ត៌​មាន​ច្បាស់​លាស់​តាម​ខ្លឹម​សារ​បាន​កំ​ណត់​ក្នុង​លិខិត​ស្នាម​ចុះ​ឈ្មោះ​យាន​យន្ត​ ចុះ​ហត្ថ​លេខា​ឌីជី​ថល ឬ​ចុះ​ហត្ថ​លេខា​ សរ​សេរ​នាម​ត្រ​កូល​ ឈ្មោះ​បោះ​ត្រា​ (ប្រ​សិន​បើ​ជា​ស្ថា​ប័ន​ ឬ​អង្គ​ការ)។​

បន្ទាប់​ពី​បំ​ពេញ​ព័ត៌​មាន​រួច​រាល់​ ម្ចាស់​យាន​យន្ត​ទទួល​បាន​លេខ​កូដ​ឯក​សារ​ចុះ​ឈ្មោះ​ យាន​យន្ត​អន​ឡាញ​ ណាត់​ពេល​ដោះ​ស្រាយ​ឯក​សារ​ អា​ស្រ័យ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សា​ធា​រណៈ​ជូន​ដំ​ណឹង​តាម​រយៈ​សារ​ទូរ​ស័ព្ទ​ ឬ​តាម​រយៈ​អា​សយដ្ឋាន​សារ​អេឡិច​ត្រូនិក​ ដើម្បី​ធ្វើ​បែប​បទ​ចុះ​ឈ្មោះ​យាន​យន្ត​ ផ្តល់​ជូន​លេខ​កូដ​លិខិត​ចុះ​ឈ្មោះ​យាន​យន្ត​ដល់​ស្ថាប័ន​ចុះ​ឈ្មោះ​យាន​យន្ត​ ដើម្បី​ធ្វើ​បែប​បទ​ចុះ​ឈ្មោះ​យាន​យន្ត​តាម​សេចក្តី​កំ​ណត់។​ ក្នុង​ករណី​មិន​អនុវត្ត​បាន​លើ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធា​រណៈ​ ម្ចាស់​យាន​យន្ត​អាច​បំ​ពេញ​ព័ត៌​មាន​លើ​លិខិត​ស្នាម​ចុះ​ឈ្មោះ​យាន​យន្ត​ដោយ​ផ្ទាល់​នៅ​ស្ថាប័ន​ចុះ​ឈ្មោះ​យាន​យន្ត៕​

              យោង៖ Vietnamnet.vn - វិមាន​

Chia sẻ bài viết