ជាស្រុកតំបន់ភ្នំក្រីក្រ ជាប់ព្រំដែននិងមានជនរួមជាតិភាគតិចរស់នៅជាង៣៣% ភាគច្រើនគឺជនជាតិខ្មែរ ដំណាក់កាល២០២១ - ២០២៥ ស្រុកទ្រីតូង ខេត្តអាងយ៉ាង មានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយសារការអនុវត្តគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព។

ទិដ្ឋភាពមួយជ្រុងនៃជនបទតំបន់ជនរួមជាតិភាគតិចស្រុកទ្រីតូង។
ស្រុកទ្រីតូង មានឃុំនិងទីប្រជុំជនចំនួន ៨ ត្រូវបានទទួលស្គាល់ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះ មានឃុំចំនួន ៥ ចំណុះតំបន់ ៣ (លំបាកខ្លាំង)។ គិតត្រឹមឆ្នាំ ២០២១ ទូទាំងស្រុកមានគ្រួសារក្រីក្រ ២.៣៣៤ គ្រួសារ ក្នុងនោះ គ្រួសារជនជាតិភាគតិចមានដល់ទៅ ១.៤៧៤ គ្រួសារ (ស្រូបអត្រា ៦៣,១៥%)។ល។ ភូមិសាស្រ្តមានភ្នំនិងវាលទំនាបលាយឡំ អាកាសធាតុមិនប្រក្រតី ជីវភាពជនរួមជាតិភាគតិចនៅមានការលំបាកច្រើនអំពីការងារធ្វើលំនៅឋាន ទឹកស្អាត ការទទួលសេវាសុខាភិបាលនិងការអប់រំ។
ផ្ដើមពីតថភាពខាងលើ លោកវ៉ថាញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូង ឱ្យដឹង៖ ស្រុកបានកំណត់ច្បាស់ការងារជនជាតិ មិនត្រឹមតែជាភារកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍចីរភាពទៀតផង។ ដំណាក់កាល ២០២១-២០២៥ ស្រុកបានប្រគល់ផ្សព្វផ្សាយគម្រោង ៧/១០ អនុគម្រោង ៨/១២ ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដោយដើមទុនសរុបប្រហែល ១៣៨,៤៧ ពាន់លានដុង។ មកទល់បច្ចុប្បន្ន ស្រុកបានរំសាយទុនជាង ៦៦,៣៨ ពាន់លានដុង។
ផ្ដើមពីប្រភពធនធានខាងលើ ស្រុកទ្រីតូងបានដោះស្រាយដីសង់លំនៅឋានជូន ៥ គ្រួសារ សាងសង់ផ្ទះជូន ២៤៧ គ្រួសារ ឧបត្ថម្ភឧបករណ៍ផលិតកសិកម្មជូន ៨០៤ គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូន ៨៥៦ គ្រួសារ កសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្ដុំ៣០ សំណង់ រួមជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សំណង់បម្រើសុខុមាលភាពសង្គមនៅតំបន់លំបាកខ្លាំង ៩២សំណង់។ ទន្ទឹមនឹងនោះ ស្រុកនៅទាំងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីជំនួយក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីជូនគ្រួសារជនជាតិជាង ១៧.០០០ លើក សរុបថវិកាជាង ៦,១ ពាន់លានដុង។ លោកចៅគីមសន នៅឃុំណុយតូ ឱ្យដឹង៖ សព្វថ្ងៃនៅស្រុកទ្រីតូង មានផ្លូវបេតុងរឹងមាំបានកសាងចូលទៅតាមភូមិឃុំ; ចំពោះសំណង់ធារាសាស្រ្ត អគិ្គសនី ទឹកស្អាត សុខាភិបាល សាលារៀនក៏មានគ្រប់សព្វ។ អាស្រ័យហេតុនោះ រួមចំណែកដ៏សំខាន់ក្នុងការផ្លាស់ប្ដូរជីវភាព ផ្លាស់ប្ដូរមុខមាត់ជនបទនៅតំបន់ជនរួមជាតិភាគតិច។ មកទល់បច្ចុប្បន្ន ឃុំទីប្រជុំជនទាំង ១៥/១៥ មានផ្លូវរថយន្តចូលដល់មជ្ឈមណ្ឌលឃុំ មានបណ្ដាញអគ្គិសនីជាតិ ១០០% អត្រាគ្រួសារជនជាតិភាគតិចប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩០% គ្រួសារប្រើប្រាស់អគ្គិសនី សម្រេច៩០%។ ស្រុកមានឃុំសម្រេចបទដ្ឋានជនបទថ្មី ៦/១២ ក្នុងនោះ ក៏មានឃុំតំបន់ជនជាតិភាគតិច។ល។ ចាប់តាំងពីឆ្នាំ ២០២១ មកទល់បច្ចុប្បន្ន ស្រុកទ្រីតូងបានរៀបចំបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករ៦.៥៦៥នាក់ ក្នុងនោះ មានពលករជនជាតិភាគតិច ២.០៣២នាក់។ អត្រាគ្រួសារមានការងារធ្វើក្រោយពីបណ្ដុះបណ្ដាលសម្រេច៩២,៥%។ គ្រួសារក្រីក្រ គ្រួសារគោលនយោបាយជាង ១៨.៩០០ គ្រួសារ បានបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម សរុបប្រាក់បំណុលជាង ២៣២ ពាន់ លានដុង ក្នុងនោះ គ្រួសារជនជាតិភាគតិចស្រូបអត្រា ៤៣,២%។ ការបុលបានដើមទុនជួយឱ្យជនរួមជាតិវិនិយោគផលិតកម្ម ចិញ្ចឹមសត្វ ពង្រីកសេដ្ឋកិច្ច ចាកផុតពីភាពក្រីក្រដោយចីរភាព។ អត្រាគ្រួសារក្រីក្រទូទាំងស្រុក ថយចុះយ៉ាងខ្លាំងពី ៦,៩៨% (ឆ្នាំ ២០២១) នៅត្រឹម ៤,៤២% (ឆ្នាំ២០២៤) ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិភាគតិច ថយចុះជាង ៤,៨% ក្នុងឆ្នាំ ២០២៤។
តាមប្រសាសន៍លោក វ៉ថាញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូង ដំណាក់កាល ២០២៦ - ២០៣០ ស្រុកទ្រីតូងបន្តការវិនិយោគសំខាន់ទៅលើការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងបង្វែរពីរូបភាពជំនួយ “ដោយការឱ្យទទេ” មក “ជំនួយមានលក្ខខ័ណ្ឌ”។ រយៈពេលខាងមុខ ស្រុកនឹងកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចស្វ័យភាព អនុវត្តឌីជីថលទៅក្នុងតំបន់ជនជាតិភាគតិច ព្រមទាំងពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីកងជួរកម្មាភិបាល បក្ខជនជនជាតិភាគតិចនៅមូលដ្ឋាន៕
ថាញឡុង - ថាច់ធី