ខេត្តបាកលីវ បានសម្រេចកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូនជនរួមជាតិភាគតិចក្រីក្រ និងប្រកៀកបន្ទាត់ក្រលើភូមិសាស្ត្រខេត្ត។ កម្មវិធីមិនត្រឹមតែនាំមកទ្រនំសុខរឹងមាំប៉ុណ្ណោះទេ ថែមទាំងបណ្ដុះនូវក្តីទំនុកចិត្ត ឈានទៅរកអនាគតភ្លឺស្វាងដល់ជនរួមជាតិភាគតិចផងដែរ។

ប្រគល់ផ្ទះជូនដល់អ្នកមីងសើុងធីសាវី។
យោងតាមគណៈចង្អុលការកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមរបស់ខេត្តបាកលីវ គិតមកដល់ពេលនេះ ផែនការឧបត្ថម្ភសាងសង់ផ្ទះចំនួន ១៧៦ ខ្នង ជូនជនរួមជាតិភាគតិចក្រីក្រចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ដំណាក់កាលទី១៖ ២០២១-២០២៥) ត្រូវបានសម្រេច ១០០%។ ផ្ទះថ្មីៗសាងសង់យ៉ាងសមរម្យ បានកើតមានឡើងនៅតាមភូមិ ស្រុកលើភូមិសាស្រ្តខេត្ត ផ្ទះមួយខ្នងៗឧបត្ថម្ភថវិកាចំនួន ៦០ លានដុង ធានាលក្ខឋាន “ ៣ រឹង “ (គ្រឹះរឹងសសររឹង ដំបូលរឹង) តាមសេចក្តីកំណត់របស់ក្រសួងសាងសង់។
អ្នកមីងឡឹមហុងដាវ នៅភូមិកាយត្រាម A1 ឃុំឡុងថាញ ស្រុកវិញឡើយ រ៉ាយរ៉ាប់ “ពីមុននេះ គ្រួសារខ្ញុំរស់នៅក្នុងផ្ទះប្រក់ស្លឹកទ្រុឌទ្រោម នៅពេលភ្លៀងខ្យល់ម្តងៗ ក្នុងគ្រួសារគ្មាននរណាហ៊ានដេកទេ។ ឥឡូវបានរដ្ឋជួយសាងសង់ផ្ទះថ្មី ខ្ញុំរីករាយស្ទើរស្រក់ទឹកភ្នែក។ ពេលមានផ្ទះថ្មីសមរម្យស្នាក់នៅ គឺខ្ញុំលែងបារម្ភនិងខិតខំរកស៊ីដើម្បីឈានឡើងចាកភាពក្រីក្រ”។ ទន្ទឹមនឹងនោះ អ្នកមីងសើុងធីសាវី នៅភូមិកាវិញ ឃុំហឹងហោយ ស្រុកវិញឡើយ មិនទាន់អស់រំភើបនៅឡើយដោយបានឧបត្ថម្ភសង់ផ្ទះថ្មីសមរម្យ។ ពេញមួយជីវិតខិតខំប្រឹងប្រែងប្រកបការងារ ប៉ុន្តែ បានត្រឹមដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ វ័យកាន់តែចាស់រកប្រាក់ពីណាបានដើម្បីសាងសង់ផ្ទះរឹងមាំយ៉ាងហ្នឹងសម្រាប់ខ្ញុំហាក់ដូចជាការសុបិន។ អ្នកមីងសាវី ឱ្យដឹង៖ “ពីមុននេះ ផ្ទះខ្ញុំប្រក់ស្លឹកបណ្ដោះអាសន្ន សសរទ្រេតទ្រោត គ្រាន់តែសម្រាប់ជ្រកភ្លៀង បាំងក្តៅប៉ុណ្ណោះ ចំណែកភ្លៀងខ្យល់ម្តងៗ គឺទឹកស្រក់គ្រប់កន្លែង។ ខ្ញុំមានជំងឺ ចំណែកកូនប្រុសទៅធ្វើការឈ្នួលមិនគ្រប់ហូប ម្តេចមានប្រាក់ឯណាសម្រាប់ជួសជុលផ្ទះ ស៊ូទ្រាំរស់នៅបណ្ដោះអាសន្នដល់ណាគិតដល់ហ្នឹង។ ឥឡូវនេះ បានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះសមរម្យ ខ្ញុំសប្បាយរីករាយណាស់!។ មួយឆាកជីវិតរបស់ខ្ញុំ មិនហ៊ានស្រមៃថាខ្លួនបានផ្ទះឥដ្ឋនៅដូច្នេះទេ។ ខ្ញុំអរគុណបក្ស រដ្ឋ បានយកចិត្តទុកដាក់ជួយដល់គ្រួសារក្រលំបាកយើងខ្ញុំ”។
លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមាជិកគណៈចង្អុលការផ្សព្វផ្សាយលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ខេត្តបាកលីវ មានប្រសាសន៍៖ “ការបញ្ចប់ការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងការឧបត្ថម្ភថវិកាកសាង ភូមិភាគនីមួយៗក៏សកម្មកៀរគរប្រជាជន ចលនាប្រភពកម្លាំងឧបត្ថម្ភពីក្នុងសង្គម ដើម្បីសាងសង់ផ្ទះកាន់តែសមរម្យ។ លំនៅឋានថ្មីមិនត្រឹមតែជាកន្លែងសម្រាប់រស់នៅប៉ុណ្ណោះទេ នៅទាំងបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ការចែករំលែកនិងស្មារតី “ជួយគ្នាទៅវិញទៅមក” នៅក្នុងសហគមន៍ទៀតផង៕
យ្វីអាញ- ត្រឹងរ៉ូន