ក្នុងអំឡុងខែមេសាជាប្រវត្តិសាស្រ្តនេះ ទូទាំងប្រទេសកំពុងរៀបចំសកម្មភាពអំណរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវាភូមិខាងត្បូងរំដោះទាំងស្រុង។ ក្រោយរយៈពេល ៥០ ឆ្នាំសន្ដិភាព ឯកភាពទឹកដី ផលវិបាកនៃសង្រ្គាមត្រូវបានជម្នះជាបណ្ដើរៗ ប្រទេសជាតិបានឆ្ពោះទៅកាន់យុគសម័យថ្មី។ ប៉ុន្តែស្នាមរបួសផ្លូវចិត្តរបស់អ្នកម្ដាយរបស់ប្រពន្ធ ដែលមានកូននិងប្ដីពលីជីវិត ដើម្បីមាតុភូមិមិនទាន់ធូរស្រាលនៅឡើយ ...។
លោកត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភា ជូនអំណោយដល់វីរមាតាវៀតណាម ត្រឹងធីហាយ នៅសង្កាត់ភូធឺ ខណ្ឌកៃរុាំង។ រូបថត៖ អាញ់យ៉ុង
មាតុភូមិដឹងគុណ វីរមាតាវៀតណាម
នៅតំបន់តីណាមបូ មានសហគមន៍ជនជាតិ កិញ ខ្មែរ ចិនរស់នៅក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិកឈ្លានពានទាំងពីរលើក សហគមន៍បណ្ដាជនជាតិបានរួបរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធនិងវាយកម្ចាត់សត្រូវឈ្លានពាន។ មានស្វាមីនិងកូនជាច្រើននាក់របស់អ្នកម្ដាយជនជាតិកិញ ខ្មែរ ចិន បានពលីជីវិត ដើម្បីសន្ដិភាព ឯករាជ្យ និងសេរីភាពរបស់ប្រជាជាតិ។ មានមាតាជាច្រើនបានបក្ស រដ្ឋនិងប្រជាជន គោរពដឹងគុណ លើកតម្កើងដោយកិត្តិនាមខ្ពង់ខ្ពស់និងថ្លៃថ្លា ដូច៖ វីរមាតាវៀតណាម។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ជាមួយគណៈប្រតិភូនិងថ្នាក់ដឹកនាំខេត្តក្វាងណាម
នៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរមាតាវៀតណាម (ឃុំតាមភូ ក្រុងតាមគី)។ រូបថត៖ VGP/ញ៉ឹកបាក់
យោងតាមមាត្រា ១៧ នៃបទប្បញ្ញត្តិអនុគ្រោះចំពោះអ្នកមានសគុណនឹងបដិវត្តន៍ ឆ្នាំ ២០២០ វីរមាតាវៀតណាម គឺអ្នកបានប្រទាន ឬប្រទានជូនជាកិច្ចបច្ឆាមរណៈកិត្តិនាម “វីរមាតាវៀតណាម”។ ចំពោះមាតាដែលស្ថិតក្នុងករណីមួយក្នុងចំណោមករណីខាងក្រោម ត្រូវបានប្រទាន ឬប្រទានជូនជាកិច្ចបច្ឆាមរណៈកិត្តិនាម វីរមាតាវៀតណាម៖ មានកូនពីរនាក់ឡើងទៅជាយុទ្ធជនពលី; មានកូនត្រឹមតែពីរនាក់ ប៉ុន្តែមានកូនម្នាក់ជាយុទ្ធជនពលីនិងម្នាក់ទៀតជាយុទ្ធជនពិការ ដែលថមថយកម្លាំងពលកម្មពី ៨១% ឡើងទៅ; មានកូនតែម្នាក់ជាយុទ្ធជនពលីនិងមានប្ដី ឬខ្លួនឯងផ្ទាល់ជាយុទ្ធជនពលី; មានកូនតែម្នាក់ជាយុទ្ធជនពលី និងខ្លួនឯងផ្ទាល់ជាយុទ្ធជនពិការ ដែលថមថយកម្លាំងពលកម្មពី ៨១% ឡើងទៅ។
រយៈពេលកន្លង បក្សនិងរដ្ឋបន្តជំរុញចលនា “តបស្នងសងគុណ” ជាមួយនឹងសកម្មភាពជាក់ស្ដែង។ តួយ៉ាងដូច៖ ចិញ្ចឹមទំនុកបម្រុង សាងសង់ផ្ទះឧបការគុណជូនវីរមាតាវៀតណាមជាដើម។ ជាពិសេស នៅថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មី ទិវាអនុស្សាវរីយ៍សំខាន់ៗរបស់ប្រទេសជាតិ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ តែងរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ ជូនអំណោយ ថ្លែងការដឹងគុណចំពោះមាតាទាំងឡាយ ពីព្រោះបានរួមចំណែកយ៉ាងធំធេងសម្រាប់សន្តិភាពនិងរំដោះជាតិ។
ក្នុងអំឡុងខែមេសាជាប្រវត្តិសាស្រ្តនេះ ទូទាំងប្រទេសកំពុងឆ្ពោះដល់ការប្រារព្ធខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវាភូមិភាគខាងត្បូងរំដោះទាំងស្រុង ឯកភាពទឹកដី (៣០/៤/ ១៩៧៥-៣០/៤/២០២៥)។ ខែមេសាក៏ជាឱកាសដែលជនរួមជាតិខ្មែរ ត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ក្នុងឱកាសនេះ បើកនូវទំព័រប្រវត្តិសាស្រ្តណាមបូ ក្នុងសម័យតស៊ូដណ្ដើមឯករាជ្យជាតិ ក្រោមការដឹកនាំរបស់បក្ស ជនរួមជាតិខ្មែរណាមបូ បានសកម្មចូលរួមក្នុងរណសិរ្សជាតិរំដោះភាគខាងត្បូងវៀតណាម។ ក្រោមទង់ជ័យនៃសច្ចភាព និងសាមគ្គីភាពក្នុងការប្រយុទ្ធកម្លាំងបដិវត្តន៍នៅតំបន់ជនរួមជាតិខ្មែរមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទាក់ទាញព្រះសង្ឃនិងជនរួមជាតិខ្មែរចូល រួមយ៉ាងច្រើនកុះករក្នុងអង្គការបដិវត្តន៍។ មានចលនាតស៊ូបាតុកម្មបើកចំហជាច្រើនរបស់ជនរួមជាតិនិងព្រះសង្ឃខ្មែរ ដែលប្រឆាំងនឹងរដ្ឋាភិបាលអាយ៉ងបានកើតមានឡើង។ លេចធ្លោបំផុតក្នុងចំណោមនោះ មានដូចជា៖ ការតស៊ូរបស់ជនរួមជាតិខ្មែរជាង ២ ម៉ឺននាក់នៅខេត្តត្រាវិញ ក្នុងឆ្នាំ ១៩៦៧; ការតស៊ូរបស់ព្រះសង្ឃជាង ២០០ អង្គនៅរ៉ាច់សយ (គៀងយ៉ាង); ការតស៊ូរបស់ជនរួមជាតិខ្មែរនៅស្រុកថ្កូវជាង ៤ ម៉ឺននាក់។ល។ ទាំងអស់បានបង្ហាញពីស្មារតីមិនចុះញ៉មរបស់ជនរួមជាតិខ្មែរណាមបូ។ ព្រោះហេតុនោះ សឹងតែរាល់ភូមិភាគនៅណាមបូតែងមានវីរមាតាវៀតណាមជាជនរួមជាតិខ្មែរ។
យោងតាមស្ថិតិនៅវាលរាបទន្លេគឺវឡុង មានវីរមាតាវៀតណាមជាជនជាតិខ្មែរជាង ៨០ នាក់។ បច្ចុប្បន្ន មានមាតាតែ ៦ នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត។ល។ យើងខ្ញុំមានឱកាសបានទៅជួបវីរមាតាវៀតណាម ថាច់ធីគុម្ព នៅស្រុកយ្វៀងហាយ ខេត្តត្រាវិញ; វីរមាតាវៀតណាម ធីហែន នៅស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង និងវីរមាតាវៀតណាម ង្វៀងធីជឺ នៅស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ។ល។ ដើម្បីរំលឹកឡើងវិញនូវគុណូបការៈនិងការរួមចំណែកយ៉ាងធំធេងរបស់វីរមាតាទាំងឡាយ ឆ្លងតាមរយៈនោះ ជួយផ្ដល់ជាកម្លាំងចិត្ត ក្ដីជឿជាក់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិសង្គម និយមរឹងមាំនាបច្ចុប្បន្ន៕
វីរមាតាវៀតណាម ថាច់ធីគុម្ព
វីរមាតាវៀតណាម ថាច់ធីគុម្ព នៅភូមិប៉ាយាម ឃុំដូងស្វឹង ស្រុកយៀងហាយ ខេត្តត្រាវិញ មានប្តីកូននិងបងប្រុសពលីជីវិតក្នុងសម័យតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ។
វីរមាតាវៀតណាម ថាច់ធីគុម្ព។
អាយុ ២០ ឆ្នាំ អ្នកម្តាយថាច់ធីគុម្ព រៀបការជាមួយលោកង្វៀងវ៉ាន់តិត នៅភូមិស្លាប៉ាង ឃុំដូងចូវ ស្រុកយៀងហាយ។ កាលនោះ ទីនេះគឺជាតំបន់មូលដ្ឋានបដិវត្តន៍ លោកតិត ចូលរួមតស៊ូប្រយុទ្ធរំដោះប្រទេសជាតិ។ ចំណែកអ្នកម្តាយធីគុម្ព ចូលរួមកងឈ្លបបំពេញភារកិច្ចសមរភូមិក្រោយ ជួយជំរុញទឹកចិត្តដល់កងកម្លាំងប្រយុទ្ធ។ រស់នៅទីនេះ កូនទាំង៦នាក់របស់អ្នកម្តាយ កើតមកជាបន្តបន្ទាប់។ ពេលធំពេញវ័យ កូនទី ១ របស់អ្នកម្តាយឈ្មោះង្វៀងវ៉ាន់សាង ក៏ចូលរួមកងជីវពលនៅភូមិភាគ។ ពេលប្រយុទ្ធនៅសមរភូមិតំបន់ផ្សារង៉ូវឡាក់ ថ្ងៃទី ១៥/៤/១៩៧៤ បងសាង ពលីជីវិតក្នុងសមរភូមិនោះ។
ក្រោយពីបាត់បង់កូនប្រុសពីរបីខែ អ្នកម្តាយថាច់ធីគុម្ព បានរងទុក្ខជាន់លើទុក្ខ ដោយលោកតិតជាប្តីបានពលីជីវិតទៀតនិងបងប្រុសម្នាក់ឈ្មោះថាច់សក ដែលរស់នៅជាមួយក្នុងគ្រួសារ បានពលីជីវិតនៅសមរភូមិប្រយុទ្ធភូមិសាយុាំង ឃុំដូងចូវ នៅថ្ងៃទី ១៦/៨/១៩៧៤។ ចាប់តាំងពីពេលនោះ អ្នកម្តាយតែម្នាក់ឯងចិញ្ចឹមកូន៥នាក់ ក្រោយមកទៀតមានកូនស្រីម្នាក់បានឈឺស្លាប់។ រស់នៅភូមិស្លាប៉ាងបាន ២០ ឆ្នាំ គ្រួសារអ្នកម្តាយថាច់ធីគុម្ព ក៏បានរើផ្ទះមករស់នៅភូមិប៉ាយាម ឃុំដូងស្វឹងរហូតមកដល់សព្វថ្ងៃ។
អ្នកម្តាយថាច់ធីគុម្ព លើកបង្ហាញប័ណ្ណទទួលស្គាល់កិត្តិនាមវីរមាតាវៀតណាមដែលប្រធានរដ្ឋប្រទាន
អួតនឹងកម្មាភិបាលឃុំដូងស្វឹង។
អាយុ ៩៣ ឆ្នាំ ដូច្នេះ ការចងចាំរបស់អ្នកម្តាយមិនបានល្អទៀត ការនិយាយរៀបរាប់របស់អ្នកម្តាយមិនបានហូរហែ ប៉ុន្តែក៏ល្មមឱ្យយើងខ្ញុំអាចយល់ពីការលើកទឹកចិត្តរបស់អ្នកម្តាយ ដើម្បីប្តីនិងកូនអនុវត្តភារកិច្ចបដិវត្តន៍រហូតដល់ពលីជីវិត។ អ្នកម្តាយតែងលើកទឹកចិត្តខ្លួនឯង ដោយបញ្ជាក់ថា “ជីវិតរបស់ម្តាយ ស៊ូលះបង់គ្រប់យ៉ាងដើម្បីការពារមាតុភូមិ”។ អ្នកម្តាយរៀបរាប់ មានម្តងនោះពេលប្តីខ្ញុំនិងបងប្អូនក្នុងកងកំពុងប្រជុំនៅក្នុងផ្ទះក្រោយរបស់ខ្ញុំ នៅភូមិស្លាប៉ាង មានខ្មាំងម្នាក់កាន់កាំភ្លើងដើរសំដៅមករកខ្ញុំហើយសួរថា មានឃើញអ្នកបដិវត្តន៍ឈ្មោះនេះឈ្មោះនោះនៅក្នុងផ្ទះទេ ខ្ញុំស្រែកខ្លាំងៗថា “មាននៅពេញផ្ទះ” ដោយសម្តីគំហែកគំហោករបស់ខ្ញុំ ខ្មាំងគិតថាជាការសម្លុត មិនមែនជាការពិត ទើបវាចាកចេញទៅ។ រៀបរាប់ដល់ចំណុចនេះ អ្នកម្តាយសើច រួចបន្ត “កាលនោះ ប្រសិនបើខ្មាំងចូលផ្ទះ ឃើញកងកម្លាំងយើងកំពុងប្រជុំ វាមានកាំភ្លើង ក្នុងដៃស្រាប់ ប្រាកដជាបាញ់កម្ទេសកងកម្លាំងរបស់យើងភ្លាមៗនោះតែម្តង”។
លោកត្រឹមហាយវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំដូងស្វឹង បញ្ជាក់៖ “រយៈពេលកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំដូងស្វឹង តែងយកចិត្តទុកដាក់ចង្អុលការដល់គណៈ ផ្នែក អង្គការមហាជននានាក្នុងឃុំ សហការជាមួយការិយាល័យការងារ យុទ្ធជនពិការ-សង្គមកិច្ចស្រុក កសាងផែនការដើម្បីអនុវត្តល្អនូវគោលនយោបាយតបស្នងសងគុណ ចាត់ទុកនេះជាភារកិច្ចមួយដ៏សំខាន់ក្នុងចំណោមភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខនយោបាយនៅភូមិភាគ។ ហេតុនោះ ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ តែងសហការជាមួយគណៈ ផ្នែកអង្គការមហាជន អនុវត្តនូវគោលនយោបាយចំពោះមានអ្នកសគុណចំពោះបដិវត្តន៍ ធានាបានពេញលេញនិងទាន់ពេល។ ក្រៅពីនោះ ភូមិភាគនានាលើភូមិសាស្ត្រឃុំនៅទាំងចលនាមជ្ឈដ្ឋានប្រជាជនអនុវត្តល្អចលនាតបស្នងសងគុណ ទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយនៅថ្ងៃបុណ្យទានផ្សេងៗ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ មិនត្រឹមតែបង្ហាញពីគុណធម៌ដ៏ប្រសើរអំពីការផឹកទឹកនឹកប្រភពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ រក្សារឹងមាំសន្តិសុខនយោបាយ នៅភូមិភាគ”៕
វីរមាតាវៀតណាមធីហែន នៅវិញហ្វាហឹងណាម
ឆ្លងកាត់សម័យតស៊ូទាំង ២ លើក ប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក ខេត្តគៀងយ៉ាង មានវីរមាតាវៀតណាមជាង ១៧០០ នាក់ ក្នុងនោះ មានវីរមាតាវៀតណាមជនជាតិខ្មែរជាច្រើន។ អនុវត្តគោលនយោបាយតបស្នងសងគុណ គ្រប់ថ្នាក់ គ្រប់ផ្នែកលើភូមិសាស្ត្រខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វីរមាតាវៀតណាមធីហែន នៅភូមិ ៤ ឃុំវិញហ្វាហឹងណាម ស្រុកហ្គក្វាវ។
វីរមាតាវៀតណាម ធីហែន។
ស្ពានចំណុះទម្ងន់ផ្ទុក ៥ តោន ឆ្លងព្រែកមើយដើម នៅចម្ងាយពីផ្ទះរបស់វីរមាតាវៀតណាមធីហែន ពីរបីរយម៉ែត្រ បានកសាងរួច។ ឥឡូវនេះ អង្គភាពនានាពេលចុះមកសួរសុខទុក្ខអ្នកម្តាយមានភាពងាយស្រួល។ ពីក្បាលស្ពានទៅដល់ផ្ទះអ្នកម្តាយ មានផ្លូវដានរត់ទៅត្រង់អមដោយផ្ទះថ្មទើបសង់ថ្មីៗ តាមរបងមានដាំផ្កាចម្រុះពណ៌និងវាលស្រែពណ៌បៃតង។ បងយ័ញហូវ កូនប្រសាពៅ ហើយក៏ជាអ្នកនៅថែទាំអ្នកម្តាយ ឱ្យដឹង៖ “ជាងមួយឆ្នាំមកនេះ អ្នកម្តាយមានអាការៈបាត់បង់ការចងចាំ ភ្លេចភ្លាំងច្រើន ដូច្នេះ យើងខ្ញុំសម្រេចចិត្តធ្វើរបងព័ទ្ធជុំវិញផ្ទះ ព្រោះថា ធ្វេសប្រហែសតែបន្តិច គាត់ដើរចេញទៅក្រៅ។ ព្រោះតាមទម្លាប់ គាត់ច្រើនដើរទៅលេងផ្ទះកូននៅជិតៗ”។ តាមមាត់ព្រែកមើយដើង ចម្ងាយពីផ្ទះអ្នកម្តាយ ឆ្លងតែប្រឡាយមួយ គឺផ្ទះកូនស្រីទី ៦ បន្ទាប់ទៀតគឺផ្ទះកូនប្រុសទី ៤ និងកូនស្រីច្បង។ល។ ផ្ទះមានដីស្រែ ៣០ កុងជាប់តាមមាត់ប្រឡាយ អ្នកម្តាយចែកឱ្យកូន ៧ នាក់ស្មើៗគ្នា សព្វថ្ងៃកូនៗមានផ្ទះសម្បែងសមរម្យ។ ចំណែកអ្នកម្តាយវិញ រស់នៅក្នុងផ្ទះឧបការគុណភ្ជាប់នឹងផ្ទះកូនស្រីពៅ ធីហុងភឿង -ប្រពន្ធបងហូវ។
ភូមិភាគតែងទៅមកសួរសុខទុក្ខវីរមាតាវៀតណាមធីហែនជាប្រចាំ។
បងស្រីធីសើុង កូនស្រីទី៣របស់អ្នកម្តាយ រ៉ាយរ៉ាប់៖ “ពេលដែលអ្នកម្តាយនៅចងចាំល្អ អ្នកម្តាយតែងនិយាយពីប្រវត្តិនៃការតស៊ូរបស់គាត់ជូនមាតុភូមិ គាត់ថា ចំពោះអ្នកម្តាយនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការតស៊ូប្រឆាំងទាមទារឯករាជ្យ ឯកភាពទឹកដី។ អ្នកម្តាយយល់ថា ប្រជាពលរដ្ឋគ្រប់គ្នាក៏ធ្វើដូចម្តាយដែរ ពេលមានឱកាសចូលរួមតស៊ូប្រឆាំង។ ឥឡូវ អ្នកម្តាយបានរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំង តាំងពីប្រាក់ចំណាយប្រចាំថ្ងៃ ផ្ទះស្នាក់នៅនិងរបបពេលឈឺថ្កាត់ទៀតផង”។ ក្នុងរឿងរបស់អ្នកម្តាយដែលកូនៗចងចាំមិនភ្លេចនោះគឺ កាលពីឆ្នាំ ២០២០ អ្នកម្តាយបានរួមជាមួយនឹងវីរមាតាវៀតណាម ៤ នាក់ទៀត ដែលខេត្តគៀងយ៉ាងអញ្ជើញទៅកាន់រដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីជួបជុំវីរមាតាវៀតណាមឆ្នើមទូទាំងប្រទេស ដែលរៀបចំជាលើកដំបូង បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ អនុវត្តតាមបទប្បញ្ញត្តិអនុគ្រោះដល់អ្នកមានសគុណចំពោះបដិវត្តន៍។ បងយ័ញហា កូនប្រុសទី ៤ របស់អ្នកម្តាយ រំលឹកឡើងវិញ៖ “ក្រោយពីត្រឡប់មកវិញ អ្នកម្តាយសប្បាយរីករាយខ្លាំងណាស់ ព្រោះបំណងរបស់ម្តាយ គឺបានទៅទស្សនាប្រាង្គតម្កល់សពអ៊ំហូ ឥឡូវនេះ ម្តាយបានសម្រេចក្តីបំណងហើយ”។
ក្នុងសម័យសង្រ្គាម អ្នកម្តាយធីហែន ជាអ្នកមានសគុណចំពោះបដិវត្តន៍ ប្តីនិងកូនបានពលីជីវិត។ ប្រទេសជាតិបានឯករាជ្យ អ្នកម្តាយរស់នៅស្រុះស្រួលជាមួយមាមីងភូមិផងរបងជាមួយ។ ដូច្នេះហើយ កូនចៅបានរៀនសូត្រតាមគំរូអ្នកម្តាយ តែងខិតខំឈានឡើងក្នុងជីវភាព និងរួមចំណែកកសាងមាតុភូមិ។ បងយ័ញហា ឱ្យដឹង៖ “ឥឡូវ ម្តាយមានកូនចៅ ជិតម្ភៃនាក់ អ្នកទាំងអស់បានរៀនចប់កម្រិតវិទ្យាល័យ ខ្លះក៏បានទៅធ្វើការនៅក្រុមហ៊ុន សហគ្រាសនៅទីក្រុងហូជីមិញ ប៊ិញយឿង និងមណ្ឌលឧស្សាហកម្មវិញហ្វាហឹងណាម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កូនចៅមកលេងនិងសួរសុខទុក្ខពេញផ្ទះ”។ តាមប្រសាសន៍ លោកយ័ញតឹ្វង អនុប្រធានភូមិ ៤ ឃុំវិញហ្វា ហឹងណាម គ្រួសារអ្នកម្តាយធីហែននិងកូនចៅរបស់គាត់ គឺជាគំរូសម្រាប់ភូមិលើកឡើងពេលចលនាកសាងជនបទថ្មី ភូមិវប្បធម៌ជាដើម ព្រោះស្មារតីសាមគ្គីនិងការរួមចំណែកកសាងមាតុភូមិរបស់មហាគ្រួសារនេះ។
គ្រួសារអ្នកម្តាយធីហែន រស់នៅស្រុះស្រួលជាមួយភូមិផងរបងជាមួយ ភូមិភាគតែងយកចិត្តទុកដាក់ក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មី និងទិវាអនុស្សាវរីយ៍យុទ្ធជនពិការ-ពលី ផ្នែកការងារ-យុទ្ធជនពិការនិងសង្គមកិច្ច សហការរួមជាមួយគណៈ ផ្នែក អង្គការមហាជនដែលពាក់ព័ន្ធនៅខេត្តគៀងយ៉ាង តែងរៀបចំចុះទៅសួរសុខទុក្ខ សម្ដែងការដឹងគុណ។ សម្រាប់ថ្ងៃធម្មតា បងត្វឹង រ៉ាយរ៉ាប់៖ “ខ្ញុំតែងមកសួរសុខទុក្ខនិងមើលអ្នកម្តាយជាប្រចាំ បើគ្រួសារអ្នកម្តាយត្រូវការជំនួយអ្វីបន្ថែម យើងខ្ញុំនិងធ្វើសេនាធិការជូនថ្នាក់លើបានទាន់ពេល ដើម្បីរួមចំណែកអនុវត្តល្អគោលនយោបាយតបស្នងសងគុណរបស់បក្ស និងរដ្ឋ”៕
អ្នកម្ដាយចឺ នៅឃុំខាញ់ប៊ិញដុង
ឆ្នាំនេះ អ្នកម្ដាយមានអាយុ ៩៣ ឆ្នាំហើយ។ ទោះឋិតក្នុងបច្ឆិមវ័យក៏ដោយ តែមានពេលខ្លះស្មារតីរបស់គាត់ “នៅចងចាំល្អណាស់” គាត់តែងនឹកដល់កូនប្រុសទាំង ២ នាក់។ អ្នកម្ដាយនិយាយដោយទឹកមុខស្រងូតស្រងាត់ ប៉ុន្តែពោរពេញដោយមោទនភាព៖ “ពួកវាពីរនាក់… ពួកវាទើបជាអ្នកមើលថែម្តាយពេលវ័យចាស់ជរា!”...។
វីរមាតារៀតណាមង្វៀងធីចឺសំណេះសំណាលយ៉ាងសប្បាយរីករាយជាមួយលោក ត្រឹងទ្រុងថេ
អនុប្រធានគណៈកម្មាធិការប្រជាជនឃុំខាញ់ប៊ិញតី។
អ្នកម្ដាយគឺជាវីរមាតាវៀតណាម ង្វៀងធីចឺ ជាជនជាតិខ្មែរ នៅភូមិ ៥ ឃុំខាញ់ប៊ិញដុង ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ។ គាត់មានកូន ២ នាក់ជាយុទ្ធជនពលីគឺ ហ្វិញវ៉ាន់យ៉ៀក និងហ្វិញវ៉ាន់បាវ។ តាមការរៀបរាប់របស់បងស្រី ហ្វិញកីមត្រាង ជាកូនស្រីពៅរបស់វីរមាតាវៀតណាម ង្វៀងធីចឺ៖ កាលម្ដាយនៅចងចាំល្អ ពេលបុណ្យដារបងប្រុសម្តងៗ គាត់តែងនិយាយរៀបរាប់រឿងរ៉ាវពីដើម។ រឿងរ៉ាវពីសម័យសង្រ្គាម អំពីទុក្ខលំបាករបស់គ្រួសារ រឿងអ្នកភូមិដែលរងការឈឺចាប់ជាច្រើនដោយសារសង្គ្រាម។ រស់នៅក្នុងតំបន់មូលដ្ឋានតស៊ូ ឪពុករបស់បងស្រី បន្ទាប់មកបងប្រុសទីពីរ (យុទ្ធជនពលីយ៉ៀក) និងបងប្រុសទីបី (យុទ្ធជនពលីប៉ាវ) ឆាប់ភ្ញាក់រលឹករួចទៅតាមបដិវត្តន៍។ មានពេលមួយប្រយុទ្ធនឹងសត្រូវនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៧៣ នៅភូមិរ៉ាច់គុយ បងប្រុសទីបីបានពលីជីវិត។ ចំណែកបងប្រុសទីពីរ ជាយុទ្ធជនយោធភូមិភាគ ៩ បន្ទាប់ពីបងប្រុសទីបីពលីជីវិតបាន ៧ ខែ គាត់ក៏ពលីជីវិតក្នុងសមរភូមិប្រយុទ្ធនៅខេត្តតីនិញ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៧៣។ “ម្តាយគាត់និយាយថា បងប្រុសទីពីរ ជាប្រធានកងអនុសេនាតូច ពេលគាត់ពលីជីវិតអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ។ ចំណែកបងប្រុសទីបី បានពលីជីវិតនៅស្រុកកំណើតខាញ់ប៊ិញដុង ពេលគាត់អាយុ ១៧ ឆ្នាំ ។ល។ ម្តាយគាត់និយាយថា បងប្រុសទីពីរ និងទីបី បានពលីជីវិតក្នុងវ័យនៅក្មេងណាស់ ប៉ុន្តែពួកគាត់ពលីជីវិតដើម្បីនាំមកសន្តិភាព នាំមកជីវភាពសម្បូរសប្បាយជូនភូមិស្រុក ម្ល៉ោះហើយម្តាយគាត់មិនសូវកើតទុក្ខព្រួយទៀត...” សំដីរបស់បងស្រីត្រាង អួលណែនដើមក និងស្រក់ទឹកភ្នែក ខណៈពេលរៀបរាប់ឡើងវិញ ដូច្នេះ...។
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជាថ្ងៃដែលភាគខាងត្បូងបានរំដោះទាំងស្រុង ជាសញ្ញាបង្ហាញពីការបញ្ចប់សង្រ្គាមនិងឯកភាពទឹកដី។ ប៉ុន្តែផលវិបាករបស់សង្គ្រាមបានបន្សល់ទុកយ៉ាងធ្ងន់ធ្ងរ ជីវភាពនៅតំបន់ជនបទខាញ់ប៊ិញដុងលំបាកខ្លាំងណាស់។ បងស្រីហ្វិញកីមត្រាង រៀបរាប់ឡើងវិញ៖ “ឪពុកខ្ញុំរងរបួសដោយសារជាប់គុកក្នុងសម័យសង្គ្រាម ហេតុនោះ គាត់មិនបានជួយកិច្ចការម្តាយខ្ញុំទេ។ គាត់បានទទួលមរណៈភាពនៅឆ្នាំ ២០១៥ ។ល។ ម្តាយខ្ញុំគាត់ពូកែណាស់ ហើយលំបាកណាស់ដែរ។ ការងារស្រែចម្ការ ផ្ទះសម្បែង។ល។ គឺម្តាយគាត់រ៉ាប់រងទាំងអស់ដើម្បីចិញ្ចឹមគ្រួសារ។ ម្តាយជាក្តីមោទនភាព ជាគំរូល្អសម្រាប់យើងខ្ញុំយកតម្រាប់តាម”។
ខ្ញុំមានឱកាសរួមជាមួយគណៈប្រតិភូកម្មាភិបាល អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរវីរមាតាវៀតណាម ង្វៀងធីចឺ ស្របក្នុងឱកាសដើមឆ្នាំថ្មី។ រឿងរ៉ាវសប្បាយអំពីអ្នកម្តាយ បងស្រីត្រាង រៀបរាប់ឱ្យដឹង៖ “ប៉ុន្មានឆ្នាំមកនេះ ដោយអ្នកម្តាយមានវ័យចាស់ ហេតុនោះពេលខ្លះគាត់ចងចាំ ពេលខ្លះក៏ភ្លេច។ ប៉ុន្តែគាត់តែងនឹករលឹកដល់បងប្រុសទាំង ២ នាក់។ ពេលនឹកកូនម្តងៗ គាត់និយាយដោយទឹកមុខស្រងូតស្រងាត់ ប៉ុន្តែពោរពេញដោយមោទនភាព៖ “ពួកវាទាំងពីរនាក់ស្លាប់ទាំងវ័យនៅក្មេងពេកណាស់! ប៉ុន្តែពួកវាទើបជាអ្នកចិញ្ចឹមម្តាយ ពេលចាស់ជរា”។ ដោយឃើញខ្ញុំមានក្តីរំភើប បងស្រីត្រាង ញញឹមរួចនិយាយបន្ត៖ “ច្រើនឆ្នាំមកនេះ ក្នុងឱកាសបុណ្យទានម្តងៗ ឬព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសរបស់ភូមិភាគ តែងមានគណៈប្រតិភូកម្មាភិបាលនៅឃុំ ស្រុក សូម្បីតែខេត្តនិងមជ្ឈិមក៏អញ្ជើញមកសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់អ្នកម្តាយដែរ។ ខណៈនោះ ម្តាយខ្ញុំត្រេកអរណាស់ រួចរៀបរាប់ពីការពលីជីវិតរបស់បងប្រុសទាំងពីរជូនប្រទេសជាតិ គឺពិតជាសក្តិសមណាស់។ អាស្រ័យហេតុនោះ ទើបម្តាយនិងយើងខ្ញុំ មានជីវភាពសុខសាន្តដូចសព្វថ្ងៃនេះ”។
នៅចាំបានថា ថ្ងៃនោះ ពេលរៀបរាប់ពី រឿងរ៉ាវអតីតកាលរបស់ម្តាយ លោកត្រឹង ទ្រុងថែ អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំខាញ់ប៊ិញតី ឱ្យដឹងដោយមោទនភាព៖ កាលពីមុន ពេលមានគណៈប្រតិភូមកសួរសុខទុក្ខម្តងៗ អ្នកម្តាយនិយាយទំនាក់ទំនងល្អណាស់។ អ្នកម្តាយរាក់ទាក់អញ្ជើញពិសាទឹក ហូបបាយយ៉ាងកក់ក្តៅ។ល។ ហើយតែងឆ្លើយយ៉ាងម៉ឺងម៉ាត់ ពេលមានអ្នកណាសួរអំពីការបាត់បង់ដ៏ឈឺចាប់ដែលអ្នកម្តាយស៊ូទ្រាំដោយសារសង្គ្រាម៖ “ម្តាយមិនស្ដាយអ្វីទាំងអស់។ ម្តាយត្រេកអរពេលឃើញស្រុកកំណើតយើងកាន់តែអភិវឌ្ឍន៍ជនរួមជាតិខ្មែរ ឈានឡើងជាសន្សឹមៗ”… ធ្វើតាមគំរូរបស់ម្តាយ ម្ល៉ោះហើយកូនចៅរបស់គាត់សព្វថ្ងៃ អ្នកណាក៏មានការងារធ្វើលំនឹង។ អ្នកណាក៏រស់នៅស្រុះស្រួល រួមគ្នាកសាងភូមិស្រុកឱ្យកាន់តែសម្បូរសប្បាយនិងស៊ីវិល័យដែរ”៕
ក្រុមអ្នកយកព័ត៌មាន-ប្រែសម្រួល ធាច់ធី-មុនី-ត្រឹងរ៉ូន
…រូបភាពវីរមាតាវៀតណាមជនជាតិខ្មែរដែលយើងខ្ញុំបានជួបតែងដក់ជាប់ក្នុងចិត្តជានិច្ចពេលនិយាយដល់គាត់ម្តងៗ។ ទោះបីមានវ័យចំណាស់ទៅតាមពេលវេលា ប៉ុន្តែកែវភ្នែក អាកប្បកិរិយា សកម្មភាពរបស់ម្តាយ នៅតែបង្ហាញពីឆន្ទៈមិនធម្មតា និងកម្លាំងជីវិត ដ៏ខ្លាំងក្លាគ្មានអ្វីអាចធ្វើឱ្យចុះញ៉មបាន។ “… វីរមាតាវៀតណាមអើយ! សូមអរគុណអ្នកម្តាយ អ្នកម្តាយរបស់ខ្ញុំ”។ មែនហើយ យើងខ្ញុំជាកូនចៅជំនាន់ក្រោយ សូមថ្លែងការដឹងគុណនិងសន្យាស្នងបន្តប្រវេណីដ៏អង់អាច រុងរឿងរបស់ប្រជាជាតិ។ សូមប្តេជ្ញាចិត្ត កសាងប្រទេសវៀតណាមឱ្យកាន់តែសម្បូរសប្បាយ និងស្រស់ស្អាតជាងទៀត! យើងខ្ញុំជានិច្ចកាលនឹកដល់វីរមាតាវៀតណាមគ្រប់ៗរូប! |
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។