ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/09/2025 - 22:15

ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិធី​ជួប​ជុំ​និង​កម្ម​វិធី​សិល្បៈ " ប្រ​សាសន៍​របស់​លោក​អ៊ំ​ហូ​លាន់​ខ្ទរ​ពេញ​ផ្ទៃ​ប្រ​ទេស " 

(កឹង​ធើ) - ក្នុង​បរិ​យា​កាស​សប្បាយ​រីក​រាយ​នៃ​ទិ​វា​បុណ្យ​ឯក​រាជ្យ​ជាតិ រសៀល​ទី​២ ខែ​កញ្ញា គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​និង​កម្ម​វិធី​សិល្បៈ ក្រោម​ប្រ​ធាន​បទ “ប្រ​សាសន៍​របស់​លោក​អ៊ំ​ហូ​លាន់​ខ្ទរ​ពេញ​ផ្ទៃ​ប្រ​ទេស” អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍ ៨០​ឆ្នាំ បដិ​វត្តន៍​ខែ​សី​ហា​ជោគ​ជ័យ (១៩/​៨/​១៩៤៥ - ១៩​/៨​/២០២៥) និង​ខួប​បុណ្យ​ជាតិ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម (២/​៩/​១៩៤៥ - ២/​៩/​២០២៥)។

ថ្នាក់​ដឹក​នាំ អ​តីត​ថ្នាក់​ដឹក​នាំ​ក្រុង​និង​អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ចូល​រួម​នៅ​សួន​ឧទ្យាន​តៃ​ដូ
បណ្ដែតអារម្មណ៍ជាមួយបទចម្រៀង “មានអ៊ំហូ ក្នុងថ្ងៃជ័យជម្នះ”។ 

កម្ម​វិធី​នេះ​ប្រា​រព្ធ​ឡើង​នៅ ៣ ទី​តាំងៈ សួន​ឧទ្យាន​តៃ​ដូ (សង្កាត់​ហឹង​ភូ) សួន​ឧទ្យាន​សា​-ណ (សង្កាត់​វី​តឹង) និង​តំ​បន់​ទី​ប្រ​ជុំ​ជន ៥A (សង្កាត់​ភូ​ឡើយ) ហើយ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរ​ទស្សន៍​របស់​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​ទី​ក្រុង​កឹង​ធើ។ កម្ម​វិធី​មាន​ការ​អញ្ជើញ​ចូល​រួម​របស់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; បណ្ដា​សម​មិត្ត​អតីត​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស និង​អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​គ្រប់​ជំ​នាន់; វីរៈ​អ្នក​ម្តាយ​វៀត​ណាម; វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន និង​បណ្ដា​នាយ​ទា​ហាន​ជាន់​ខ្ពស់; អ្នក​តំ​ណាង​មក​ពី​បណ្ដា​ខេត្ត ក្រុង​នា​នា​និង​ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ ​រួម​ទាំង​ភ្ញៀវ​ទេស​ចរ។
* អញ្ជើញ​ចូល​រួម​នៅ​នៃ​សួន​ឧទ្យាន​តៃ​ដូ មាន​សម​មិត្ត ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; និង​សម​មិត្ត ត្រឿង​កាញ់​តៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។ ថ្លែង​សុន្ទរ​កថា​ក្នុង​កម្ម​វិធី សម​មិត្ត ដុង​វ៉ាំង​ថាញ បាន​សម្ដែង​នូវ​ការ​គោ​រព​ដឹង​គុណ​ចំ​ពោះ​លោក​ប្រ​ធាន​ហូ​ជី​មិញ; ចង​ចាំ​នូវ​សគុណ​ដ៏​ធំ​ធេង​របស់​វីរ​យុទ្ធ​ជន​ពលី វីរៈ​អ្នក​ម្តាយ​វៀត​ណាម យុទ្ធ​ជន​ពិ​ការ និង​គ្រួ​សារ​មាន​ស​គុណ​ចំ​ពោះ​បដិ​វត្តន៍​។ល។ ដែល​បាន​ពលី​ជី​វិត​និង​លះ​បង់​ដ៏​ធំ​ធេង​ក្នុង​បុព្វ​ហេតុ​បដិ​វត្តន៍​ដ៏​រុង​រឿង​របស់​ជាតិ។
ពង្រីក​ស្មារតី​បដិ​វត្តន៍​ខែ​សី​ហា បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សាមគ្គី ខិត​ខំ​ព្យា​យាម​បញ្ចេញ​កម្លាំង ឆ្លង​កាត់​ការ​លំ​បាក​សាក​ល្បង ដើម្បី​អនុ​វត្ត​ជោគ​ជ័យ​ក្នុង​បុព្វ​ហេតុ​ឧស្សា​ហូប​នីយ​កម្ម និង​ទំ​នើប​ភា​វូប​នីយ​កម្ម​ប្រ​ទេស​ជាតិ​ ក​សាង​និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព។ ពិ​សេស ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រុង​កឹង​ធើ ខេត្ត​សុក​ត្រាំង និង​ខេត្ត​ហូវ​យ៉ាង ត្រូវ​បាន​រួម​បញ្ចូល​ជា​ទី​ក្រុង​កឹង​ធើ​ថ្មី ជា​មួយ​នឹង​គោល​ជំ​ហរ​ថ្មី ចក្ខុ​វិស័យ​ថ្មី។
ក្នុង​ពេល​ខាង​មុខ បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​អនុវត្ត​ព្រមៗ​គ្នា ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ការ​ពារ​ជាតិ​និង​សន្តិ​សុខ កសាង​បក្ស កសាង​ប្រ​ព័ន្ធ​នយោ​បាយ។ ប្ដេជ្ញា​អនុ​វត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​សំ​ខាន់ៗ ដើម្បី​កសាង​ទី​ក្រុង​កឹង​ធើ​ឲ្យ​កាន់​តែ​ស៊ី​វិល័យ​និង​សម្បូរ​សប្បាយ ស័ក្ដិ​សម​ជា​ទី​ទុក​ចិត្ត​និង​ក្តី​រំពឹង​ទុក​របស់​បក្ស​និង​ប្រ​ជា​ជន។
នៅ​ក្នុង​ពិធី​នេះ តំ​ណាង​យុវ​ជន​ទី​ក្រុង បាន​ថ្លែង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​ពង្រីក​ប្រ​ពៃ​ណី​បដិវត្តន៍​របស់​ស្រុក​កំ​ណើត​និង​ប្រ​ទេស​ជាតិ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ពល​កម្ម កសាង​ទី​ក្រុង​កឹង​ធើ​កាន់​តែ​រីក​ចម្រើន។
បន្ទាប់​ពី​ការ​ជួប​ជុំ គឺ​ជា​កម្ម​វិធី​សិល្បៈ​ពិ​សេស​ ដោយ​ប្រ​ធាន​បទ “ប្រ​សាសន៍​របស់​លោក​អ៊ំ​ហូ​លាន់​ខ្ទរ​ពេញ​ផ្ទៃ​ប្រ​ទេស”។ កម្ម​វិធី​សិល្បៈ​នេះ រួម​មាន ៣ វគ្គ​គឺ៖ “សំ​ឡេង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខែ​សី​ហា” “ចម្រៀង​អប​អរ​សា​ទរ​ប្រ​ទេស​ជាតិ​ថ្ងៃ​នេះ” និង “កឹង​ធើ​ភ្លឺ​ចែង​ចាំង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង”។
ការ​ប្រ​គំ​តន្រ្តី បាន​រៀប​ចំ​យ៉ាង​ប្រុង​ប្រ​យ័ត្ន​និង​អស្ចារ្យ ដើម្បី​បំ​ផុស​អា​រម្មណ៍ មោ​ទន​ភាព​ជាតិ ទឹក​ចិត្ត​ស្នេ​ហា​ជាតិ និង​ចង​ចាំ​នូវ​គុណ​បំ​ណាច់​ដ៏​ធំ​ធេង​របស់​ប្រ​ធាន​ហូ​ជី​មិញ និង​បុព្វ​បុរស​ក្នុង​បុព្វ​ហេតុ​ប្រ​យុទ្ធ​ដើម្បី​ទទួល​បាន​ឯក​រាជ្យ និង​កសាង​ប្រ​ទេស​ជាតិ។ ក្រៅ​ពី​នេះ កម្ម​វិធី​ក៏​មាន​ឈុត​សម្ដែង​ជា​ច្រើន​ដែល​បង្ហាញ​ពី​សក្តា​នុ​ពល ចំ​ណុច​ខ្លាំង និង​ទិដ្ឋ​ភាព​អនា​គត​របស់​ទី​ក្រុង​កឹង​ធើ​ដូច​ជា៖ “បញ្ចេញ​អា​រម្មណ៍​រាត្រី​សា-ណ” “កឹង​ធើ​ថ្ងៃ​ថ្មី” “សែន​ស្រ​ឡាញ់​កឹង​ធើ”…។ កម្ម​វិធី​បាន​ទាក់​ទាញ​ទស្ស​និក​ជន​យ៉ាង​ច្រើន​កុះ​ករ​មក​ទស្សនា​និង​គាំ​ទ្រ បង្ក​ជា​បរិ​យា​កាស​សប្បាយ​រីក​រាយ អប​អរ​សា​ទរ​បុណ្យ​ជាតិ ២ កញ្ញា។
* អញ្ជើញ​ចូល​រួម​នៅ​ទី​ប្រ​ជុំ​ជន ៥A សង្កាត់​ភូ​ឡើយ (ទី​ក្រុង​កឹង​ធើ) មាន​សម​មិត្ត ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; សម​មិត្ត យឿង​សា​ខា សមា​ជិក​គណៈ​អចិន្ត្រៃយ៏​បក្ស​ទី​ក្រុង​កឹង​ធើ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​សុក​ត្រាំង; សម​មិត្ត លី​រដ្ឋា អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; សម​មិត្ត ង្វៀង​វ៉ាំង​គើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។ ព្រម​ទាំង​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

នេះ​ក៏​ជា​ឱកាស​សម្រាប់​អ្នក​តំ​ណាង​ទាំង​ឡាយ រំ​លឹក​ឡើង​វិញ​នូវ​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​រុង​រឿង​របស់​ជាតិ បញ្ជាក់​ពី​តួ​នា​ទី​ដឹក​នាំ​របស់​បក្ស និង​លោក​ប្រ​ធាន​ហូ​ជី​មិញ ក្នុង​បុព្វ​ហេតុ​ប្រ​យុទ្ធ​ដើម្បី​ទទួល​បាន​ឯក​រាជ្យ​និង​ឯក​ភាព​ជាតិ។ ព្រម​ទាំង​ជា​ការ​ជំ​រុញ​លើក​ទឹក​ចិត្ត​ដល់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ បន្ត​ពង្រីក​ស្មារតី​មហា​សាម​គ្គី ប្ដេជ្ញា​កសាង​ទី​ក្រុង​កឹង​ធើ​កាន់​តែ​ស៊ី​វិ​ល័យ ទំ​នើប។
ដោយ​មាន​រយៈ​ពេល​ប្រ​មាណ៩០​នា​ទី កម្ម​វិធី​សិល្បៈ “ប្រ​សាសន៍​របស់​លោក​អ៊ំ​ហូ​លាន់់​ខ្ទរ​ពេញ​ផ្ទៃ​ប្រ​ទេស” រួម​មាន ៣ វគ្គ​គឺ៖ “សេច​ក្តី​រីក​រាយ​ខែ​សី​ហា” “ស្រុក​កំ​ណើត​ថ្ងៃ​ថ្មី” និង “ជំ​ហាន​រឹង​មាំ​សម្រាប់់​អនា​គត”។ កម្ម​វិធី​រួម​មាន​បទ​ចម្រៀង​និង​របាំ​ដ៏​ពិ​សេសៗ អា​ស្រ័យ​ដោយ​សិល្ប​ករ អ្នក​ចម្រៀង ក្រុម​រាំ​និង​ក្រុម​ចម្រៀង​ប្រុស​ស្រី ចូល​រួម​សម្ដែង។

*នៅ​សួន​ឧទ្យាន​សា​-ណ សង្កាត់​វី​តឹង ទី​ក្រុង​កឹង​ធើ មាន​សម​មិត្ត ត្រឹង​វ៉ាំង​ហៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង; សម​មិត្ត ម៉ា​ធី​តើយ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង; សម​មិត្ត ផាម​ធី​ភឿង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង; សម​មិត្ត វ៉​ធី​មី​ត្រាង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង; សម​មិត្ត ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​។ល។ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​និង​កម្ម​វិធី​សិល្បៈ។
ក្រោម​ប្រ​ធាន​បទ “ប្រ​សាសន៍​របស់​លោក​អ៊ំ​ហូ​លាន់​ខ្ទរ​ពេញ​ផ្ទៃ​ប្រ​ទេស” កម្ម​វិធី​សិល្បៈ​ចែក​ជា ៣ វគ្គ។
វគ្គ​ទី១៖ “ជ្រោង​ខ្ពស់​ទង់​ជ័យ​ឯក​រាជ្យ” បង្ហាញ​ឡើង​វិញ​ពី​ការ​ប្រ​យុទ្ធ​ដើម្បី​ទទួល​ឯក​រាជ្យ​ជាតិ ក្នុង​នោះ មាន​ឈុត​សម្តែង​ដូច​ជា៖ បទ​ “អ្នក​កុម្មុយ​នីស្ត​ដំ​បូង - បក្ស​យើង​ជា​ព្រះ​អា​ទិត្យ​កំ​ពូល” បទ “កង​ទ័ព​វៀត​ណាម - ទង់​ជាតិ​ខែ​សី​ហា បទ​ចម្រៀង “ស្ងើច​សរ​សើរ​ហូ​ជី​មិញ” បទ​ចម្រៀង “ភាគ​ខាង​ត្បូង​ត​ស៊ូ​ប្រ​យុទ្ធ” បទ​ចម្រៀង​និង​របាំ “ផ្លូវ​ឆ្ពោះ​ទៅ​មុខ - រំដោះ​ឌៀង​បៀង”។ វគ្គ​ទី​២៖ “ស្រស់​ស្អាត​ណាស់​មាតុ​ភូមិ​យើង” ជា​បទ​ចម្រៀង​បង្ហាញ​អត្ត​សញ្ញាណ​វប្ប​ធម៌​តំ​បន់​ព្រែក​ទន្លេ ដូច​ជា៖ “សរ​សើរ​ស្រុក​កំ​ណើត​អូន” “វិល​មក​ហូវ​យ៉ាង​ណា​វិញ​អូន” “ហ្វូង​សា​រិកា​ហូវ​យ៉ាង”។ វគ្គ​ទី ៣៖ ដោយ​មាន​ឈ្មោះ “វៀត​ណាម - យុគ​សម័យ​រុង​រឿង” ជា​ក្តី​ស្រ​មៃ​អំ​ពី​ការ​អភិ​វឌ្ឍ​ព្រមៗ​គ្នា ភាព​លេច​ធ្លោ​របស់​ទី​ក្រុង​កឹង​ធើ​នា​បច្ចុប្បន្ន​និង​អនា​គត រួម​មាន​កម្ម​វិធី​សិល្បៈ ដូច​ជា៖ ការ​ប្រ​គំ​តន្ត្រី “មនោ​សញ្ចេត​នា​នៃ​ដង​ទន្លេ” ការ​សម្ដែង​វី​យូ​ឡុង “សួ​ស្ដី​វៀត​ណាម” បទ​ចម្រៀង “មាន​អ្វី​ស្រស់​ស្អាត​ជាង​នេះ​ទៀត” និង “ក្តី​ស្រ​មៃ​យុវ​ជន” mash-up “មាតុ​ភូមិ​រុង​រឿង - កឹង​ធើ​ក្តី​ស្រ​មៃ ឆ្ពោះ​ទៅ​ឆ្ងាយ”។

ប្រ​ជា​ជន​បាន​ទស្ស​នា​ការ​បាញ់​កាំ​ជ្រួច​សិល្បៈ​នៅ​សួន​ឧទ្យាន​តៃ​ដូ (សង្កាត់​ហឹង​ភូ)។ 

* បញ្ចប់​កម្ម​វិធី​គឺ​ជា​ការ​បាញ់​កាំ​ជ្រួច​សិល្បៈ​នៅ​សួន​ឧទ្យាន​តៃ​ដូ (សង្កាត់​ហឹង​ភូ) សួន​ឧទ្យាន​សា-ណ (សង្កាត់​វី​តឹង) និង​តំ​បន់​ទី​ប្រ​ជុំ​ជន ៥A (សង្កាត់​ភូ​ឡើយ)៕

ក្រុម​អ្នក​យក​ព័ត៌​មាន - ប្រែ​សម្រួល៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ