ពេលរំលឹកដល់វត្តសាលវនឧទ្យាន (ព្រែកឈូក) ឃុំង៉ាយតឺ ខេត្តវិញឡុង មាមីងខ្មែរភាគច្រើនតែងនឹកឃើញភ្លាមដល់ព្រះចៅអធិការវត្តជាទីគោរព នោះគឺព្រះតេជព្រះគុណថាច់ញើុង។ ព្រះអង្គមិនត្រឹមតែជួយគ្រួសារក្រីក្រជាច្រើនជម្នះការលំបាកក្នុងជីវភាពប៉ុណ្ណោះទេ ចំពោះព្រះអង្គផ្ទាល់ក៏មិនបង្អង់រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញផងដែរ។ ព្រះអង្គបានរួមចំណែកកសាងវត្តឱ្យកាន់តែរីកចម្រើន និងក្លាយជាទីបង្អែកស្មារតីជូនមាមីងពុទ្ធបរិស័ទនៅទីនេះ។

ព្រះតេជព្រះគុណថាច់ញើុង (ព្រះអង្គទី១) កំពុងពិភាក្សាយោបល់ជាមួយកម្មាភិបាលនិងគណៈកម្មការវត្ត ស្ដីពីការកសាងជនបទថ្មីនៅភូមិភាគ។
ព្រះតេជព្រះគុណថាច់ញើុង បានចូលសាងផ្នួសនៅវត្តសាលវនឧទ្យានតាំងពីឆ្នាំ១៩៩២។ ក្នុងដំណាក់កាលបួសរៀន ព្រះតេជព្រះគុណថាច់ញើុង បានរួមជាមួយព្រះសង្ឃនិងគណៈកម្មការវត្ត ចលនាមាមីងអនុវត្តល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ឆ្នាំ ២០១៨ ព្រះតេជព្រះគុណ ថាច់ញើុង បានគណៈកម្មការវត្តនិងពុទ្ធបរិស័ទ ទំនុកចិត្តតែងតាំងជាព្រះចៅអធិការរង លុះដល់ឆ្នាំ២០២៤ ទើបបានតែងតាំងជាព្រះចៅអធិការវត្តរហូតមកទល់សព្វថ្ងៃ។
ជាមួយតួនាទីជាព្រះចៅអធិការវត្ត ព្រះតេជព្រះគុណថាច់ញើុង បានជួសជុលនិងកសាងថ្មីនូវសមិទ្ធផលជាច្រើនក្នុងវត្ត។ រៀងរាល់ឆ្នាំ ព្រះតេជព្រះគុណនៅទាំងបវារណាពុទ្ធបរិស័ទនិងសប្បុរសជនសាងសង់ផ្ទះមេត្តាធម៌ ចែកជូនអង្ករ។ល។ ដើម្បីជួយដល់អ្នកក្រ។ ទន្ទឹមនឹងនោះ ព្រះអង្គថែមទាំងខ្នះខ្នែងចូលរួមការងារសប្បុរសធម៌សង្គមនៅភូមិភាគ មានដូច៖ ចូលរួមវិភាគទានមូលនិធិដើម្បីអ្នកក្រ ឧបត្ថម្ភជនរួមជាតិរងគ្រោះទឹកជំនន់ មិនតែប៉ុណ្ណោះ ព្រះអង្គឧស្សាហ៍និមន្តចុះទៅផ្ទះបរិស័ទក្នុងចំណុះជើងវត្ត ដើម្បីលើកទឹកចិត្តនិងឧបត្ថម្ភដល់គ្រួសារក្រ ជម្នះការលំបាកជាដើម។ ព្រះតេជព្រះគុណថាច់ញើុង មានថេរដីកា៖ “រយៈពេលកន្លង បណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ បានយកចិត្តទុកដាក់គិតគូរយ៉ាងល្អដល់ជីវភាពជនរួមជាតិខ្មែរលើវិស័យជាច្រើន។ ដើម្បីរួមដំណើរជាមួយនឹងរដ្ឋអំណាចភូមិភាគ ក្នុងពេលខាងមុខ អាត្មាភាពនឹងបន្តពង្រីកនូវទង្វើដ៏មានអត្ថន័យនេះ រួមចំណែកជាមួយនឹងភូមិភាគកសាងភូមិវប្បធម៌ជនបទថ្មី”។
លោកគឹមស៊ីវ អនុប្រធានគណៈកម្មការវត្តព្រែកឈូក មានប្រសាសន៍៖ “ព្រះតេជព្រះគុណថាច់ញើុង ព្រះអង្គតែងយកព្រះទ័យទុកដាក់គិតគូរការងារសាសនានិងសង្គម។ ក្រោមការដឹកនាំរបស់ព្រះអង្គ វត្តព្រែកឈូកបានកសាងកាន់តែមានភាពសមរម្យ។ ក្រៅពីនោះ ព្រះអង្គនៅទាំងយកព្រះទ័យទុកដាក់ដល់ការងារអប់រំព្រះសង្ឃនិងចលនាពុទ្ធបរិស័ទរស់នៅសាមគ្គី គោរពរាប់អាននិងជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់ការលំបាក អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។
លោកថាច់សូផាត ប្រធានភូមិព្រែកទន្សង បានបញ្ជាក់៖ “ចាប់តាំងពីបានទទួលតួនាទីជាព្រះចៅអធិការវត្តព្រែកឈូកមកទល់បច្ចុប្បន្ន ព្រះតេជព្រះគុណបានជួយរដ្ឋអំណាចភូមិភាគយ៉ាងច្រើនក្នុងការចលនាពុទ្ធបរិស័ទរស់នៅអនុវត្តល្អតាមច្បាប់ គិតគូរការងាររកស៊ីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងយកចិត្តទុកដាក់ដល់ការងារថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិទៀតផង។ ជាពិសេស ក្នុងឱកាសវិស្សមកាល៣ខែ ព្រះតេជព្រះគុណបានចលនានិងបើកបង្រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥ សម្រាប់កូនចៅពុទ្ធបរិស័ទមករៀនសូត្រ ជាមួយនឹងទង្វើជាក់ស្ដែងនេះ ទើបពុទ្ធបរិស័ទចំណុះជើងវត្តតែងមានសទ្ធានិងគោរពរាប់អាន”៕
សើុងម៉ាល័យ - បកប្រែ៖ ថាច់ធី