ព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ លោកអគ្គលេខាបក្ស តូឡឹម បានថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំនៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៥)។ កាសែតកឹងធើអេឡិចត្រូនិក សូមគោរពឧទ្ទេសនាមសុន្ទរកថាទាំងស្រុង។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ - រូបថត៖ VGP/ញ៉ឹកបាក់
សូមគោរពថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម; បណ្តាសមមិត្តបដិវត្តន៍ជើងចាស់; បណ្តាវីរអ្នកម្តាយវៀតណាម វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន វីរជនពលកម្ម; បណ្តាលោកឧត្តមសេនីយ៍ នាយទាហាន យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន,
សូមគោរពជនរួមជាតិនិងសមមិត្តគ្រប់រូប; ប្រជាជនវៀតណាមនៅបរទេស; មិត្តភក្តិ និងប្រជាជនជឿនលឿនលើពិភពលោក,
សូមគោរពអ្នកតំណាងគ្រប់រូប!
ថ្ងៃនេះ ក្នុងបរិយាកាសដ៏ពិសិដ្ឋ និងក្លៀវក្លានៃថ្ងៃបដិវត្តន៍ខែសីហា យើងចាត់តាំងយ៉ាងឱឡារិកនូវពិធីអបអរសាទរខួប ៨០ ឆ្នាំនៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ – ២/៩/២០២៥)។
កាលពី៨០ឆ្នាំមុន នៅវិសាលដ្ឋានបាឌិញប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញជាទីគោរពបានថ្លែងសេចក្តីប្រកាសឯករាជ្យយ៉ាងឧឡារិក ប្រកាសកំណើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រទេសប្រជាធិបតេយ្យដំបូងនៅអាស៊ីអាគ្នេយ៍ បើកយុគសម័យឯករាជ្យ និងសេរីភាពសម្រាប់ប្រទេសជាតិ។ ចាប់ពីពេលប្រវត្តិសាស្ត្រនោះ ប្រជាជាតិវៀតណាមបានឈានចូលដំណាក់កាលថ្មីមួយ៖ ការកសាងរដ្ឋាភិបាលប្រជាជន ការការពារមាតុភូមិ នាំប្រទេសជាតិឈានទៅមុខយ៉ាងរឹងមាំលើមាគ៌ាសង្គមនិយម ដើម្បីទិសដៅ “ប្រជាជនសម្បូរ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ ស្មើភាព និងស៊ីវិល័យ”។
នៅក្នុងវេលាដ៏ពិសិដ្ឋនេះ យើងសូមរំលឹកដល់ដូនតា បុព្វការីជនដោយការគោរពដ៏ខ្ពង់ខ្ពស់ សម្តែងនូវការដឹងគុណគ្មានដែនកំណត់ចំពោះលោកប្រធានហូជីមិញដ៏មហិមា; ដឹងគុណចំពោះបណ្តាឥស្សរជនជំនាន់មុននៃបដិវត្តន៍ និងប្រជាជន យុទ្ធជនរាប់លាននាក់ដែលបានបូជាជីវិត និងរួមចំណែកដើម្បីឯករាជ្យ សេរីភាព ឯកភាពមាតុភូមិ និងសុភមង្គលរបស់ប្រជាជន។
យើងសូមចងចាំនូវសគុណរបស់វីរមាតាវៀតណាម អតីតយុទ្ធជន យុទ្ធជនពិការ យុទ្ធជនជំងឺ ក្រុមគ្រួសារយុទ្ធជនពលី អ្នកមានគុណូបការៈចំពោះបដិវត្តន៍; ចងចាំនូវការរួមចំណែករបស់កម្មករ កសិករ ម្ចាស់សហគ្រាស បញ្ញវន្ត សិល្បករ ឥស្សរជនជើងចាស់ យុវជន យុវនារី កុមារ ជនរួមជាតិគ្រប់សាសនា ជនរួមជាតិរបស់យើងនៅបរទេស មិត្តភក្តិ និងប្រជាជនជឿនលឿនលើពិភពលោក ដែលបានរួមសាមគ្គីគ្នា ជួយឧបត្ថម្ភ និងគាំទ្របុព្វហេតុបដិវត្តន៍ដ៏ត្រឹមត្រូវរបស់ប្រជាជាតិវៀតណាមអស់រយៈពេល៨០ឆ្នាំកន្លងមក។
មាតុភូមិវៀតណាមគឺជាការរួមបញ្ចូលគ្នានៃប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស; នៃភាពក្លាហាន ភាពឆ្លាតវៃ ទឹកចិត្តមនុស្សធម៌ និងគោលបំណងរីកចម្រើន។ ស្មារតីនេះបានបណ្តុះបណ្តាលឱ្យមានកម្លាំងដ៏មហិមារបស់បដិវត្តន៍ខែសីហា; នៃសម័យតស៊ូដ៏យូរអង្វែងទាំងពីរលើកប្រឆាំងនឹងពួកអាណានិគមនិងចក្រពត្តិ; នៃកិច្ចការកសាង និងការពារមាតុភូមិក្នុងសន្តិភាព; នៃបុព្វហេតុផ្លាស់ថ្មី សមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ នោះគឺជាកម្លាំងដែលកើតចេញពីប្រជាជន ជាកម្មសិទ្ធិរបស់ប្រជាជន ដើម្បីប្រជាជន; កម្លាំងនៃធ្លុងមហាសាមគ្គីទូទាំងប្រជាជនក្រោមទង់ជ័យដ៏ត្រចះត្រចង់របស់បក្សកុម្មុយនីស្តវៀតណាម ដែលលោកប្រធានហូជីមិញបានបង្កើត ដឹកនាំ និងបណ្តុះបណ្តាល។
យើងមានមោទនភាពអះអាងថា៖ រាល់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម តែងផ្សារភ្ជាប់ជាមួយនឹងតួនាទីដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយប្រាជ្ញារបស់បក្ស និងឧត្តមគតិ សីលធម៌ ឥរិយាបទរបស់ហូជីមិញ។ បក្សរបស់យើង ជាកងកម្លាំងឈានមុខរបស់វណ្ណៈកម្មករ ព្រមទាំងជាកងកម្លាំងឈានមុខរបស់ប្រជាពលករ និងរបស់ប្រជាជាតិវៀតណាម តែងតែប្រកាន់ខ្ជាប់នូវទិសដៅឯករាជ្យជាតិផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម; អនុវត្តនិងអភិវឌ្ឍប្រកបដោយគំនិតច្នៃប្រតិដ្ឋនូវលទ្ធិម៉ាក្ស-លេនីន ឧត្តមគតិហូជីមិញ សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសក្នុងដំណាក់កាលនីមួយៗ; យកផលប្រយោជន៍របស់មាតុភូមិ របស់ប្រជាជនជាចម្បង។ អាស្រ័យហេតុនេះ ប្រជាជាតិយើងបានជំនះនូវការលំបាក និងបញ្ហាប្រឈមជាច្រើន; ប្រទេសយើងផ្តើមពីប្រទេសក្រោមអាណានិគមបានក្លាយជាប្រទេសឯករាជ្យ ឯកភាព កំពុងឈានទៅរកភាពទំនើប សមាហរណកម្មយ៉ាងស៊ីជម្រៅ; ឋានៈនិងកិត្យានុភាពបានបញ្ជាក់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។
សូមគោរពជនរួមជាតិ និងសមមិត្តគ្រប់រូប!
ភារកិច្ចការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់មាតុភូមិ; រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យបានជឿនលឿននិងនិរន្តរភាព; លើកកម្ពស់ជីវភាពនិងសុភមង្គលរបស់ប្រជាជនដោយឥតឈប់ឈរ ជាបទបញ្ជាសកម្មភាពរបស់យើង។ អនុវត្តជោគជ័យនូវទិសដៅទាំងបីនោះ គឺជាការសម្រេចនូវបំណងប្រាថ្នារបស់អ៊ំហូ មុនពេលលោកឃ្លាតឆ្ងាយ៖ "បំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំគឺ៖ បក្សទាំងមូល ប្រជាជនទាំងមូលសាមគ្គី ខិតខំកសាងប្រទេសវៀតណាមសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងសម្បូរសប្បាយ ហើយរួមចំណែកយ៉ាងស័ក្តិសមដល់បុព្វហេតុបដិវត្តន៍ពិភពលោក”។
តាមរយៈដំណើរ ៨០ ឆ្នាំដែលពោរពេញដោយការលំបាក ប៉ុន្តែពោរពេញដោយភាពក្លៀវក្លា យើងបានអះអាងនូវសច្ចភាព៖ ក្រោមទង់ជ័យដ៏រុងរឿងរបស់បក្ស ជាមួយនឹងពន្លឺរបស់ហូជីមិញដែលចង្អុលបង្ហាញផ្លូវ ពឹងផ្អែកលើកម្លាំងរបស់ប្រជាជន និងធ្លុងមហាសាមគ្គីជនជាតិដ៏ធំធេង គ្មានការលំបាក និងបញ្ហាប្រឈមណាដែលប្រជាជនយើងមិនអាចជំនះបាន; គ្មានទិសដៅដ៏ថ្លៃថ្លាណាដែលប្រជាជាតិយើងមិនអាចសម្រេចបាននោះទេ។ ដូច្នេះហើយ គ្មានឧបសគ្គ ឬហេតុផលណាមួយអាចរារាំងយើងឆ្ពោះទៅរកសន្តិភាព វិបុលភាព ភាពស្ថិតស្ថេរ និងការអភិវឌ្ឍរបស់ប្រជាជាតិយើងបានឡើយ។
ឆ្ពោះទៅអនាគត បក្សរបស់យើងបានកំណត់ទិសដៅដល់ឆ្នាំ ២០៤៥ ខួប ១០០ ឆ្នាំនៃការបង្កើតប្រទេសវៀតណាមនឹងក្លាយជាប្រទេសដ៏រឹងមាំ រុងរឿង និងសុភមង្គល។ នោះគឺជាបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូល ជាសម្បថកិត្តិយសនៅចំពោះមុខប្រវត្តិសាស្ត្រ ចំពោះមុខប្រជាជន។
ខ្ញុំសូមអំពាវនាវដល់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព ជនរួមជាតិយើងទាំងនៅក្នុងនិងក្រៅប្រទេស តាមរយៈកិច្ចការជាក់ស្តែង ជាក់លាក់ សូមសាមគ្គីគ្នា រួមចិត្តរួមគំនិត បំប្លែងគោលបំណងប្រាថ្នាឱ្យទៅជាការពិត; ខិតខំបន្ថែមទៀត ប្តេជ្ញាចិត្តជាងទៀត; ពង្រីកខ្លាំងក្លានូវបញ្ញា គំនិតច្នៃប្រតិដ្ឋ និងភាពក្លាហានរបស់វៀតណាម; អនុវត្តជោគជ័យនូវទិសដៅនិងភារកិច្ចដែលបក្ស និងរដ្ឋបានដាក់ចេញ ប្រជាជនទន្ទឹងរង់ចាំ។
យើងប្តេជ្ញាចិត្ត ព្យាយាមការពារឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិ តាំងពីមួយតឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិដោយកម្លាំងចម្រុះនៃទូទាំងប្រជាជាតិ៖ កម្លាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ការទូត និងកម្លាំងទឹកចិត្តប្រជាជន។ យើងចង់ធ្វើជាមិត្ត ជាដៃគូដ៏គួរឱ្យទុកចិត្តជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។ យើងគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ; ដោះស្រាយរាល់ការខ្វែងគំនិត និងជម្លោះដោយវិធានការសន្តិភាព។ យើងដាច់ខាតមិនយោគយល់ចំពោះឧបាយកលនិងទង្វើរំលោភលើឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី; ប្តេជ្ញាការពារយ៉ាងរឹងមាំនូវផលប្រយោជន៍ជាតិនិងប្រជាជាតិ។
សូមគោរពជនរួមជាតិ និងសមមិត្តគ្រប់រូប!
ក្នុងវេលាដ៏ពិសិដ្ឋនេះ យើងគ្រប់គ្នាហាក់ដូចជាបានឮសូរឡើងវិញនូវសេចក្តីប្រកាសឯករាជ្យឆ្នាំ ១៩៤៥ របស់អ៊ំហូ ឃើញបេះដូងរាប់លានរបស់ប្រជាជនវៀតណាមលោតក្នុងចង្វាក់តែមួយប្រកបដោយមោទនភាព រួមគ្នាស្រែកនូវពាក្យសម្បថ “ស៊ូស្លាប់ដើម្បីឱ្យមាតុភូមិទទួលបានជ័យជម្នះ”។ យើងកាន់តែយល់ពីតម្លៃនៃ “ឯករាជ្យ” “សេរីភាព” “សុភមង្គល”; កាន់តែស្រឡាញ់ និងកាន់តែប្តេជ្ញាកសាងសន្តិភាព; កាន់តែជ្រួតជ្រាបនូវអត្ថន័យដ៏ពិសិដ្ឋនៃពាក្យ “ប្រជាជនខ្ញុំ” “មាតុភូមិខ្ញុំ”។
ជាថ្មីម្តងទៀត សូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញដ៏មហិមា និងបណ្តាវីរយុទ្ធជនពលី ដែលបានក្លែងខ្លួនចូលនឹងប្រទេសជាតិ ចូលក្នុងវិញ្ញាណដ៏ពិសិដ្ឋរបស់ជាតិ។
សូមផ្ញើជូនជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស ប្រជាជនវៀតណាមនៅបរទេស និងមិត្តភក្តិអន្តរជាតិនូវវាចាជូនពរយ៉ាងកក់ក្តៅបំផុតក្នុងឱកាសខួប ៨០ ឆ្នាំនៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រទេសវៀតណាមស្ថិតស្ថេរជានិរន្តរ៍; មាតុភូមិវៀតណាមមានសន្តិភាព ប្រជាជាតិវៀតណាមមានភាពរុងរឿងនិងអភិវឌ្ឍន៍។
សាធារណរដ្ឋសង្គមនិយមវៀតណាមរុងរឿង ម៉ឺនឆ្នាំ។
បក្សកុម្មុយនីស្តវៀតណាមរុងរឿង ម៉ឺនឆ្នាំ។
លោកប្រធានហូជីមិញដ៏អស្ចារ្យ រស់នៅជានិច្ចក្នុងបុព្វហេតុរបស់យើង។
សិរីរុងរឿងជានិច្ចកាលបានមកប្រជាជន។
សូមគោរពអរគុណ៕