កីឡា - ទេសចរណ៍ ទេសចរណ៍

05/09/2025 - 08:36

ស្រ​ណោះ​ភាព​ស្ងប់​ស្ងាត់​នៅ​ម៉ាង​ឌាង 

ក្នុង​ចំ​ណោម​អនុស្សាវ​រីយ៍​រាប់​មិន​អស់​សម្រាប់​ដំ​ណើរ​កម្សាន្ត​ឆ្ងាយៗ យើង​ខ្ញុំ​ស្រ​ណោះ​បំ​ផុត​នោះ គឺ​រមណី​យដ្ឋាន​ទេស​ចរណ៍​ម៉ាង​ឌាង។ ពី​ព្រោះ​នៅ​ទី​នោះ មាន​ដង​ផ្លូវ​បត់​បែន​ដ៏​ស្រស់​ស្អាត ខ្យល់​អា​កាស​បរិ​សុទ្ធ​។ល។ ពិ​សេស សម្រាប់​អ្នក​មាន​បំ​ណង​ចង់​មក “លម្ហែ​កាយ” បណ្តែត​អា​រម្មណ៍​ជា​មួយ​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​ស្អាត ធ្វើ​ឱ្យ​អ្នក​ទេស​ចរ​មាន​អា​រម្មណ៍​សុខ​សាន្ត។

​ គយ​គន់​ល្បាក់​ទឹក​ប៉ា​ស៊ី។

បច្ចុប្បន្ន ឃុំ​ម៉ាង​ឌាង ចំ​ណុះ​ខេត្ត​ក្វាង​ង៉ាយ ដើម្បី​ទៅ​ដល់​ទី​តាំង​នេះ ភ្ញៀវ​ទេស​ចរ​អាច​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ជា​ច្រើន។ ចេញ​ដំ​ណើរ​ពី​មជ្ឈ​មណ្ឌល​ខេត្ត​ក្វាង​ង៉ាយ តាម​ផ្លូវ​ជាតិ​លេខ ២៤ ឆ្លង​កាត់​ដង​ផ្លូវ​បត់​បែន​ដ៏​ស្រស់​ស្អាត​ប្រ​មាណ​១៤០​គីឡូ​ម៉ែត្រ គឺ​ទៅ​ដល់​ម៉ាង​ឌាង។ ប្រ​សិន​បើ​ចេញ​ដំ​ណើរ​តាម​ជើង​យន្ត​ហោះ ពី​ទី​ក្រុង​ហូ​ជី​មិញ ទៅ​ដល់​ព្រ​លាន​យន្ត​ប្លៃ​គូ រួច​បន្ត​ដំ​ណើរ​តាម​ដង​ផ្លូវ​បត់​បែន​ដែល​ទើប​នឹង​ពង្រីក កាត់​ជម្រាល​ភ្នំ​ប្រ​មាណ ១៣២ គីឡូ​ម៉ែត្រ​ក៏​ទៅ​ដល់​ម៉ាង​ឌាង។ ដង​ផ្លូវ​នេះ​ស្រស់​ស្អាត​មិន​អាច​ពណ៌​នា​បាន។ ប្រ​សិន​បើ​ចេញ​ដំ​ណើរ​តាម​រថ​យន្ត​ពី​តំ​បន់​ភាគ​ខាង​ត្បូង ត្រូវ​ចំ​ណាយ​ពេល​១​ថ្ងៃ​កន្លះ ទើប​ទៅ​ដល់​ទី​តាំង​ទេស​ចរណ៍​ម៉ាង​ឌាង។ ទោះ​បី​អង្គុយ​រថ​យន្ត​រយៈ​ពេល​យូរ​ក៏​ដោយ ប៉ុន្តែ អ្នក​ទេស​ចរ​នឹង​បាន​គយ​គន់​ទេស​ភាព​ដ៏​ស្រស់​ស្អាត​ដូច​ផ្ទាំង​គំ​នូរ។ បើ​ចំ​រដូវ​ដើមកា​ហ្វេ​ចេញ​ផ្កា សង​ខាង​ដង​ផ្លូវ​ក្លិន​ក្រ​អូប​សាយ ដូច្នេះ សំ​ចត​ដំ​ណើរ​នៅ​កន្លែង​ណា យើង​ក៏​អាច​ស្រង់ “ក្លិន​ពិ​ដោរ” នៃ​ធម្ម​ជាតិ​ដែរ។ លោក​អ្នក​ប្រា​កដ​ជា​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ពេល​អង្គុយ​លើ​រថ​យន្ត​តាម​ផ្លូវ​បត់​បែន​ស្រស់​ស្អាត​បំ​ផុត​តី​ង្វៀន - ជម្រាល​ភ្នំ​ម៉ាង​ឌាង។ ជា​មួយ​នឹង​ប្រ​វែង​ផ្លូវ​១៣​គីឡូ​ម៉ែត្រ ជម្រាល​ភ្នំ​ម៉ាង​ឌាង​គឺ​ជា​ទី​តាំង​ប្រ​មាញ់​ពពក​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ទេស​ចរ។ នៅ​កន្លែង​ដែល​អនុញ្ញាត​ឱ្យ​យាន​យន្ត​សំ​ចត​លើ​ដង​ផ្លូវ​ជម្រាល​ភ្នំ អ្នក​ទេស​ចរ​នឹង​ប្រ​ទះ​ឃើញ​ទិដ្ឋ​ភាព​ព្រៃ​ភ្នំ​ធម្ម​ជាតិ​លាត​សន្ធឹង។ ខណៈ​ពេល​នោះ ធ្វើ​ឱ្យ​លោក​អ្នក​មាន​អា​រម្មណ៍​ស្រស់​ស្រាយ បំ​បាត់​នូវ​ភាព​កង្វល់​ជា​មួយ​នឹង​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រ​កាល​នេះ​ឯង។

​ ដើរ​ជើង​ទទេ​កាត់​ទឹក​ជ្រោះហូរ​ធ្វើឱ្យ​អ្នក​ទេស​ចរ​មាន​អា​រម្មណ៍​សុខ​សាន្ត។

ពេល​ព្រឹក​ព្រ​លឹម អាកាស​ធាតុ​ត្រ​ជាក់​គ្រប​ដណ្តប់​ដោយ​ផ្សែង​អ័ព្ទ​លើ​
ដង​ផ្លូវ​ចូល​ទៅ​ឃុំ​ម៉ាង​ឌាង។

​ អ្នក​ទេស​ចរ​អាច​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ដើម្បី​ស្វែង​យល់​ពី​សួន​រូប​ចម្លាក់​
ក្នុងរមណីយដ្ឋានទេសចរណ៍ល្បាក់ទឹកប៉ាស៊ី។

មក​ដល់​ម៉ាង​ឌាង អ្នក​ទេស​ចរ​មិន​គួរ​រំលង​ល្បាក់​ទឹក​ប៉ា​ស៊ី។ ប្រ​សិន​ជា​មាន​ឱកាស លោក​អ្នក​គួរ​ជ្រើស​រើស​ធ្វើ​ដំ​ណើរ​ដោយ​ម៉ូតូ​ ជិះ​ឆ្លង​កាត់​ដង​ផ្លូវ​បត់​បែន​នៃ​ជម្រាល​ភ្នំ​ដ៏​ស្រស់​ស្អាត និង​ឆ្លង​ស្ពាន​យោល​ជា​ទី​មនោ​រម្យ​កាត់​ជ្រោះ​ជ្រ​លង​ដង​អូរ ទឹក​ថ្លា​ត្រ​ជាក់​ស្រិប ពេល​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង។ មក​កាន់​ទី​នេះ ពេល​ព្រឹក​ព្រ​លឹម អាស​ធាតុ​ត្រ​ជាក់​គ្រប​ដណ្តប់​ដោយ​ផ្សែង​អ័ព្ទ អង្គុយ​ពិ​សា​កា​ហ្វេ​គយ​គន់​ល្បាក់​ទឹក​ប៉ា​ស៊ី គឺ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​មិន​អាច​បំ​ភ្លេច​បាន​ឡើយ ពេល​ភ្ញៀវ​ទេស​ចរ​សម្រប​ខ្លួន​ជា​មួយ​ធម្ម​ជាតិ ហាក់​ដូច​ជា​បំ​បាត់​អស់​នូវ​ភាព​កង្វល់​ក្នុង​ជីវ​ភាព។

មណ្ឌល​ទេស​ចរណ៍​ល្បាក់​ទឹក​ប៉ា​ស៊ី​ស្ថិត​នៅ​ភូមិ Kon Tu Rang របស់​ជន​ជាតិ​រ៉ឺ​ម៉ម បាន​កើត​ចេញ​ពី​ជ្រោះ​ធំ​ជាង​គេ​ចំ​នួន​៣​នៅ​ម៉ាង​ឌាង ហេតុ​នោះ ត្រូវ​បាន​ហៅ​ថា ប៉ាវ​ស៊ូ (Pau Suh) ។ តាម​ភាសា​ជន​ជាតិរ៉ឺ​ម៉ម មាន​ន័យ​ថា ជ្រោះ​ទាំង​៣ រួម​បញ្ចូល​គ្នា​បង្កើត​លំ​ហូរ​តែ​មួយ។ ខាង​ក្រោយ​មក ឈ្មោះ​ល្បាក់​ទឹក​នេះ​ហៅ​ក្លាយ​ជា​ប៉ា​ស៊ី​វិញ។ ល្បាក់​ទឹក​ស្រស់​ស្អាត​ណាស់ ព្រោះ​មាន​ភាព​រហោ​ស្ថាន អម​ជា​មួយ​នឹង​ព្រៃ​ស្រល់​ដ៏​ល្វឹង​ល្វើយ។ ជា​គោល​ដៅ​ទេស​ចរណ៍​មិន​អាច​ខ្វះ​បាន ពេល​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​នៅ​តំ​បន់​ខ្ពង់​រាប៕

      ហា​ថាញ-មុនី

ចែករំលែកអត្ថបទ