28/08/2025 - 08:41

សាស្ត្រា​ស្លឹក​រឹត​ជា​បេតិក​ភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ 

សាស្រ្តាស្លឹក​រឹត គឺ​ជា​បណ្ដុំ​ឯក​សារ​ដែល​ចារ​នូវ​ក្បួន​ច្បាប់​ អក្សរ​សិល្ប៍​ កត់​ត្រា​រឿង​រ៉ាវ​ប្រ​វត្តិ​សាស្ត្រ​ និង​ធម៌​អាថ៌​ដែល​ជន​ជាតិ​ខ្មែរ​ពី​ជំ​នាន់​ដើម​បាន​ចេះ​ចាំ​និង​និយម​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​។​ មុន​ពេល​មាន​ក្រ​ដាស​ និង​បច្ចេក​ទេស​បោះ​ពុម្ព​សៀវ​ភៅ​តាម​បែប​ទំ​នើប​ដូច​សព្វ​ថ្ងៃ​ ដើម្បី​ចារ​ចង​ក្រង​និង​ផ្សព្វ​ផ្សាយ​នូវ​ចំ​ណេះ​ដឹង​។​

សាស្ត្រាសឹ្លករឹត។​

សាស្ត្រា​ស្លឹក​រឹត ជា​សំ​ខាន់​គឺ​ចារ​នៅ​លើ​ស្លឹក​ទ្រាំង ជា​រុក្ខ​ជាតិ​មួយ​ប្រ​ភេទ​មាន​សន្តាន​ជា​មួយ​នឹង​ជ្រៃ។​ ស្លឹក​ទ្រាំង​បាន​ជ្រើស​រើស​យ៉ាង​ហ្មត់​ចត់​ ហាល​ស្ងួត​ កែ​ច្នៃ​និង​យក​មក​ចារ​អក្សរ​ដោយ​ដែក​ចារ។​ បន្ទាប់​មក​ គេ​លាប​ទឹក​ខ្មៅ​ដើម្បី​ឱ្យ​អក្សរ​អណ្តែត​ឡើង​មើល​ឃើញ​ច្បាស់។​ សាស្ត្រា​ស្លឹក​រឹត​មួយ​ឈុត​ៗ​ មិន​ត្រឹម​តែ​ជា​ឯក​សារ​អក្សរ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​សិល្បៈ​សិប្ប​កម្ម​ដ៏​ប្រ​ណីត​ទៀត​ផង។​

សាស្ត្រាស្លឹក​រឹត​មាន​ខ្លឹម​សារ​សម្បូរ​បែប​ណាស់។​ ភាគ​ច្រើន​ជាធម៌​អាថ៌​សម្រាប់​ព្រះ​សង្ឃ​ សិក្សា​រៀន​សូត្រ​ បង្ហាត់​បង្រៀន​និង​ទេស​នា​កាល​ពី​ដើម។​ ទន្ទឹម​នឹង​នោះ​ មាន​សាស្រ្តា​ច្បាប់​ រឿង​ព្រេង​និទាន​ ច្បាប់​ទូន្មាន ឱសថ​បុ​រាណ តារា​សាស្រ្ត​ជា​ដើម​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឃ្លាំង​ចំ​ណេះ​ដឹង​និង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​សម័យ​ដើម។​

ដើម​ឡើយ​ សាស្រ្តា​ស្លឹក​រឹត​និយម​ប្រើ​ប្រាស់​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​ឬ​សម្រាប់​សម្តែង​ធម្ម​ទេស​នា។​ ទោះ​បី​ខ្លឹម​សារ​ក្នុង​សាស្រ្តា​ស្លឹក​រឹត និង​សៀវ​ភៅ​មាន​ភាព​ប្រ​ហាក់​ប្រ​ហែល​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ពុទ្ធ​បរិ​ស័ទ​ពី​ដើម​តែង​ឱ្យ​តម្លៃ​លើ​សាស្ត្រា​ស្លឹក​រឹត​ជាង។​ ហើយ​ព្រះ​សង្ឃ​តែង​ប្រើ​ប្រាស់​សាស្រ្តា​ស្លឹក​រឹត​ជំ​នួស​សៀវ​ភៅ​ ដើម្បី​សម្តែង​ធម៌​ទេស​នា​អំ​ពី​រឿង​ទស​ជា​តក៍​ជា​ដើម។​

ព្រះ​សង្ឃ​អា​នសាស្រ្តាស្លឹក​រឹត។

តាម​ប្រ​សាសន៍​លោក​គ្រូ​ ឡឹម​ឃូ អតីត​គ្រូ​បង្រៀន​នៅ​សា​លា​ឧត្តម​សិក្សា​គរុ​កោ​សល្យ​សុក​ត្រាំង៖ “កាល​ពី​ដើម​ ជន​ជាតិ​ខ្មែរ​ធ្លាប់​កត់​ត្រា​លើ​សម្ភារ៦​ប្រ​ភេទ។​ ដំ​បូង​គឺ​កត់​ត្រា​នៅ​លើ​ស្បែក​សត្វ​ ដូច​ជា​ស្បែក​គោ​ឬ​ក្រ​បី​ព្រៃ។​ គេ​យក​ស្បែក​នោះ​មក​ទាញ​ឱ្យ​តឹង​ដូច​ស្គរ រួច​យក​ដី​សសរ​សេរ​លើ​ល្បែក​សត្វ​នោះ។​ ក្រោយ​មក​ ដើម្បី​រក្សា​ទុក​បាន​យូរ​ ពួក​គាត់​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ដោយ​ឆ្លាក់​អក្សរ​លើ​ថ្ម ហៅ​ថា​ សិលា​ចា​រឹក។​ លុះ​ប្តូរ​ពី​ការ​កាន់​សាសនា​ព្រហ្មញ្ញ​មក​កាន់​ព្រះ​ពុទ្ធ​សាសនា​វិញ​ ជន​ជាតិ​ខ្មែរ​បាន​ចាប់​ផ្តើម​ចារ​សាស្ត្រា​ស្លឹក​រឹត”។​

សាស្ត្រា​ស្លឹក​រឹត​រក្សា​ទុក​បាន​យូរ​ ប្រ​សិន​បើ​ទុក​ដាក់​ដោយ​ហ្មត់​ចត់​អាច​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ។​ អា​ស្រ័យ​ហេតុ​នោះ​ ជន​ជាតិ​ខ្មែរ​យក​ស្លឹក​រឹត​ដើម្បី​ចារ​ធម៌​អាថ៌ វេយ្យា​ករណ៍ អក្សរ​សិល្ប៍​ ឱសថ​បុរាណ​។ល។​ ដើម្បី​រក្សា​ទុក។​ ចំ​ណុច​ពិសេស​ ពេល​យើង​អាន​អក្សរ​នៅ​លើ​សាស្រ្ត​ស្លឹក​រឹត គឺ​អក្សរ​ចារ​ស្មើ​និង​ស្អាត​ណាស់​ ផ្តើម​ពី​នោះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ បច្ចេក​ទេស​ចារ​អក្សរ​នៅ​លើ​សាស្រ្តា​ស្លឹក​រឹត គឺ​ជា​សិល្បៈ​ម្យ៉ាង​មិន​មែន​អ្នក​ណា​ក៏​ចេះ​តែ​ធ្វើ​បាន​នោះ​ទេ។​

ទោះ​បី​មិន​បាន​ប្រើ​ប្រាស់​ទូលំ​ទូលាយ​ដូច​មុន​ទៀត​ ប៉ុន្តែ​សាស្រ្តាស្លឹក​រឹត​នៅ​តែ​បាន​រក្សា​ទុក​យ៉ាង​ល្អ​នៅ​តាម​វត្ត​អា​រាម។​ មាន​ការ​លើក​ឡើង​ជា​ច្រើន​ថា​ បើ​គ្មាន​សាស្រ្តា​ស្លឹក​រឹត​ទេ​នោះ​ ប្រ​ភព​ចំ​ណេះ​ដឹង​របស់​ពុទ្ធ​សាសនា​ និង​ទំ​នៀម​ទម្លាប់​របស់​ជន​ជាតិ​ខ្មែរ​ ច្បាស់​ជា​ត្រូវ​បាត់​បង់។​ ទោះ​បី​បាន​ឆ្លង​កាត់​រាប់​រយ​ឆ្នាំ​ មាន​សាស្រ្តា​ស្លឹក​រឹត​ជា​ច្រើន​បាន​ខូច​ខាត​ទៅ​តាម​ពេល​វេលា​ និង​មិន​បាន​យក​ប្រើ​ប្រាស់​ដូច​មុន​ទៀត​ក៏​ដោយ​ ប៉ុន្តែ​នៅ​តែមាន​តម្លៃ​ដោយ​ឥត​កាត់​ថ្លៃ​បាន។​ សាស្រ្តា​ស្លឹក​រឹត​គឺ​ជា​ភ័ស្តុ​តាងប្រ​វត្តិ​សាស្ត្រ​ផង​ និង​ជា​មរតក​ដ៏​មាន​តម្លៃ​របស់​ជន​ជាតិ​ខ្មែរ​ផង​។​ សាស្រ្តាមាន​តម្លៃ​ជា​រូបី ពី​ព្រោះ​បាន​ធ្វើ​ឡើង​ដោយ​សិប្ប​កម្ម​ដ៏​ផ្ទិតផ្ចង់​ និង​មាន​តម្លៃ​អរូបី​ពី​ព្រោះ​រក្សា​ទុក​ក្បួន​ច្បាប់​ ធម៌​អាថ៌ ពិធី​កិច្ច​ផ្សេង​ៗ​ និង​ជីវ​ភាព​ស្មារ​តី​របស់​សហគមន៍៕​

                                       អាញទ្វឹង​-វិមាន​

ចែករំលែកអត្ថបទ