រយៈពេលជាច្រើនឆ្នាំកន្លង សមាគមជំរុញការសិក្សាទីក្រុងកឹងធើ តែងផ្តល់អាហារូបករណ៍យឿងគីហេប រាប់ពាន់ចំណែកដល់សិស្សក្រីក្រ សិស្សជនជាតិខ្មែរដែលមានជីវភាពលំបាក កំព្រានិងពិការ។ តាមរយៈនោះ អាហារូបករណ៍នេះបានបង្កជាកម្លាំងចលករនិងទំនុកចិត្តសម្រាប់សិស្ស និស្សិត ជម្នះរាល់ការលំបាកសិក្សាបានល្អ និងអនុវត្តក្តីប្រាថ្នាចូលរៀនមហាវិទ្យាល័យ។

សមមិត្ត លីរដ្ឋា សមាជិកគណៈកម្មាធិការបក្សទីក្រុងអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ជូនអាហារូបករណ៍ដល់សិស្សនិងនិស្សិត។
យោងតាមសមាគមជំរុញការសិក្សាទីក្រុងកឹងធើ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លង មូលនិធិជំរុញការសិក្សាយឿងគីហេប កៀរគរថវិកាបានជាង ៦,៦ ពាន់លានដុង និងជូនអាហារូបករណ៍គ្រប់ប្រភេទចំនួន ២.៩៣៦ ចំណែកដល់សិស្ស និស្សិតដែលមានជីវភាពលំបាក សិស្សជនជាតិខ្មែរកំព្រានិងពិការនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ចលំបាកខ្លាំង ដើម្បីជួយឱ្យប្អូនៗ មានលក្ខណៈបន្តទៅសាលានិងរៀនសូត្របានល្អ។ ជាក់ស្ដែង ដូចជានិស្សិត ង្វៀងទ្រុងហ៊ីវ រៀនឆ្នាំទី៣ នៅសកលវិទ្យាល័យកឹងធើ ឱ្យដឹង៖ “ឆ្លងកាត់ការរស់នៅក្នុងគ្រួសារខ្វះខាត ខ្ញុំតែងប្រឹងប្រែងរៀនសូត្រដើម្បីមានមុខរបរចិញ្ចឹមជីវិត និងកសាងអនាគតឱ្យបានល្អប្រសើរ។ ច្រើនឆ្នាំមកនេះ ខ្ញុំតែងទទួលបានអាហារូបករណ៍ឧបត្ថម្ភជាប្រចាំ ម្ល៉ោះហើយមានសេចក្តីរីករាយណាស់និងជាកម្លាំងចិត្តយ៉ាងសំខាន់ ជួយឱ្យខ្ញុំជឿជាក់សម្រេចការសិក្សានៅសកលវិទ្យាល័យ”។
ក្នុងឆ្នាំ ២០២៦ គ្រួសារលោកយឿងគីហេប បន្តវិភាគទានថវិកាបន្ថែមចំនួន ៤៨០ លានដុង ជូនមូលនិធិជំរុញការសិក្សា ដើម្បីជួយដល់សិស្ស និស្សិតក្រីក្រឱ្យមានលទ្ធភាពបន្តការសិក្សាដើម្បីអនុវត្តក្ដីប្រាថ្នា។ លោកយឿងគីហ៊ុង កូនប្រុសរបស់អ្នកបដិវត្តន៍យឿងគីហេប មានប្រសាសន៍៖ “កាលនៅមានជីវិត ឪពុកខ្ញុំតែងតែយកចិត្តទុកដាក់ដល់ការអប់រំនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីកសាងមាតុភូមិនិងប្រទេសជាតិ។ បន្តប្រវេណីគ្រួសារ បងប្អូនយើងខ្ញុំទាំងអស់សុទ្ធតែជាបក្ខជនល្អ តែងតែខិតខំប្រឹងប្រែងសម្រេចឆ្នើមភារកិច្ច និងរស់នៅជាគំរូសម្រាប់កូនចៅជំនាន់ក្រោយ។ ជារៀងរាល់ឆ្នាំ បងប្អូនក្នុងគ្រួសារឯកភាពគ្នាជាមួយកូនចៅគ្រប់ជំនាន់ ខ្នះខ្នែងរួមវិភាគទានជូនមូលនិធិជំរុញការសិក្សាយឿងគីហេប ក្នុងគោលបំណងជួយដល់សិស្ស និស្សិតដែលមានជីវភាពខ្វះខាតរៀនសូត្របានល្អ ដើម្បីមានអនាគតភ្លឺស្វាង”។
លោកឡឹមសៅរ៍ អនុប្រធានសមាគមជំរុញការសិក្សាទីក្រុងកឹងធើ បញ្ជាក់៖ “សមាគមវាយតម្លៃខ្ពស់ចំពោះក្រុមគ្រួសារដែលតែងតែរួមដំណើរ ចូលរួមវិភាគទាននិងបន្តរក្សាមូលនិធិអាហារូបករណ៍យឿងគីហេប។ យើងខ្ញុំសន្យានឹងប្រើប្រាស់មូលនិធិឱ្យចំគោលដៅ ដើម្បីជួយឧបត្ថម្ភទាន់ពេលដល់ និស្សិតដែលមានជីវភាពលំបាក។ ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ សមាគមនឹងរាយការណ៍អំពីលទ្ធផលជូនក្រុមគ្រួសារ និងអង្គភាពជំនួយ ហើយសង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភអំពីក្រុមហ៊ុន សប្បុរសជននិងអង្គការសង្គមនានាជាយូរអង្វែងនិងចីរភាព ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស និងបំប៉នបញ្ញវន្តជូនមាតុភូមិ ស្របតាមបំណងប្រាថ្នារបស់អ្នកបដិវត្តន៍ជើងចាស់យឿងគីហេប”៕
លីធាន - ថាច់ធី