លទ្ធផលជំហានដំបូងក្នុងការអនុវត្តគ្រោងការណ៍អភិវឌ្ឍន៍ អនុវត្តទិន្នន័យអំពីប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិច បម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ (គ្រោងការណ៍០៦) កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណែទម្រង់រដ្ឋបាលនៅទីក្រុងកឹងធើ ។ ជាមួយនឹងការយកចិត្តទុកដាក់ចង្អុលការយ៉ាងដិតដល់ និងវិធីសាស្ត្រធ្វើការប្រកបដោយវិជ្ជាជីវៈ ទីក្រុងជាជំហាន បានផ្លាស់ប្តូរពីវិធីសាស្ត្រគ្រប់គ្រងដោយដៃទៅជាឌីជីថល ដោយយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌលបម្រើ។

នគរបាលឃុំចូវថាញ់ បានចុះទៅដល់អាគារវប្បធម៌ភូមិប៊ិញភូ នៅថ្ងៃសៅរ៍ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានប្រជាជនស្នាក់នៅ និងដោះស្រាយនីតិវិធីរដ្ឋបាលទាក់ទងនឹងការស្នាក់នៅជូនប្រជាជន។
យោងតាមគណៈចង្អុលការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថលនិងគ្រោងការណ៍ ០៦ របស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទីក្រុងបាននិងកំពុងផ្តោតលើការត្រួតពិនិត្យ សម្អាតនិងភ្ជាប់ទិន្នន័យប្រជាជនជាមួយនឹងមូលដ្ឋានទិន្នន័យឯកទេសផ្សេងៗ។ ឆ្លងតាមរយៈការរួមបញ្ចូលទិន្នន័យលើមូលដ្ឋានឌីជីថល នីតិវិធីរដ្ឋបាលជាច្រើនបានធ្វើឱ្យសាមញ្ញ និងបន្ថយឯកសារដែលមិនចាំបាច់។ នៅពេលប្រើប្រាស់សេវារដ្ឋតាមអ៊ីនធឺណិត ប្រជាជននិងអាជីវកម្មមិនចាំបាច់ផ្តល់ព័ត៌មានដែលមានស្រាប់ក្នុងប្រព័ន្ធឡើងវិញទេ។ លេចធ្លោនោះគឺការផ្សព្វផ្សាយអនុវត្តសេវារដ្ឋចាំបាច់ចំនួន ២៥ តាមគ្រោងការណ៍ ០៦ គិតដល់ខែមេសា ឆ្នាំ២០២៦ ទីក្រុងទទួលបានសំណុំរឿងជាង ៤៤៣.១០០ ករណី ក្នុងនោះអត្រាសំណុំរឿងតាមអនឡាញសម្រេចបានជាង ៩៨,៤%។
បង ត្រឹងវ៉ាំងជុង - ម្ចាស់អាជីវកម្មសេវាផ្ទះសំណាក់នៅសង្កាត់តឹងអាង បានឱ្យដឹង៖ “អាស្រ័យមានកម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិច VNeID ខ្ញុំអាចរាយការណ៍ពីភ្ញៀវស្នាក់នៅតាមរយៈកម្មវិធីនេះ ជំនួសឱ្យការទៅរាយការណ៍ផ្ទាល់នៅស្ថាប័នសមត្ថកិច្ច។ តាមរយៈគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិច ខ្ញុំក៏ងាយស្រួលក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកជួល; ការគ្រប់គ្រងភ្ញៀវស្នាក់នៅមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ជាងមុន”។ តាមបងជុង ការផ្លាស់ប្តូរឌីជីថលជួយឱ្យបងងាយស្រួលជាងក្នុងការអនុវត្តសេវារដ្ឋជាច្រើនតាមអនឡាញ៖ ការបញ្ជាក់ស្ថានភាពអាពាហ៍ពិពាហ៍ (ដើម្បីអនុវត្តការដោះដូរអចលនទ្រព្យ) ការប្រកាសបង់ពន្ធចំពោះគ្រួសារអាជីវកម្មតាមរយៈកម្មវិធី eTaxMobile។ ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណបន្ទះឈីប និងគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិច VNeID បានរួមចំណែកផ្លាស់ប្តូរវិធីសាស្ត្រដោះដូររដ្ឋបាល។ ប្រជាជនអាចប្រើប្រាស់ឯកសារតែមួយប្រភេទដើម្បីអនុវត្តជាច្រើននីតិវិធី ជាជំហានបង្កជាទម្លាប់ក្នុងការប្រើប្រាស់សេវារដ្ឋតាមអ៊ីនធឺណិតក្នុងជីវភាព។
មន្ទីរនិងផ្នែកនានា បានផ្តុំកម្លាំងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម និងមូលដ្ឋានទិន្នន័យឯកទេស៖ ទិន្នន័យអត្រានុកូលដ្ឋាន ទិន្នន័យដីធ្លី ទិន្នន័យកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ទិន្នន័យពន្ធ ទិន្នន័យអាជីវកម្ម ទិន្នន័យកប៉ាល់នេសាទ និងទិន្នន័យនីតិវិធីរដ្ឋបាល។ គិតមកទល់ពេលនេះ បានសម្រេច ១០០% ការធ្វើឌីជីថលអត្រានុកូលដ្ឋាន ការធ្វើសមកាលកម្មលេខក្បាលដីលើប្រព័ន្ធកម្មវិធី VBDLIS ជាតិសម្រេចបាន ៧០,៤% នៃផែនការ; ១០០% ទិន្នន័យកប៉ាល់នេសាទបានកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ និងពេញលេញនៅលើមូលដ្ឋានទិន្នន័យ VNFishbase។
គ្រប់ថ្នាក់ គ្រប់ផ្នែក បានជំរុញយ៉ាងខ្លាំងក្លាការទាញយកផលពីមូលដ្ឋានទិន្នន័យជាតិអំពីប្រជាជន ដើម្បីបម្រើវិស័យសំខាន់ៗដូចជា៖ អប់រំ សុខាភិបាល ធនាគារ និងសំណងប្រាក់សុខុមាលភាពសង្គម។ ជាក់ស្តែង ចំពោះវិស័យសុខាភិបាលមូលដ្ឋានសុខាភិបាលនានាបានរួមបញ្ចូលសៀវភៅសុខភាពអេឡិចត្រូនិចជាង ១,០៦ លានទៅលើ VNeID សម្រេច ២៥,៨៤% នៃចំនួនប្រជាជនសរុបក្នុងទីក្រុង; ធ្វើបច្ចុប្បន្នភាពលេខអត្តសញ្ញាណប័ណ្ណបានជាង ៣ លាននាក់ដែលចូលរួមធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព (សម្រេច៩៩,៩២%)។ ចំពោះការសំណងប្រាក់សុខុមាលភាពសង្គមដោយមិនប្រើសាច់ប្រាក់៖ ចំនួនអ្នកទទួលប្រាក់សោធននិវត្តន៍ និងប្រាក់ឧបត្ថម្ភធានារ៉ាប់រងសង្គមប្រចាំខែ និងរបបធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភបាត់អាជីពតាមរយៈវិធីទូទាត់មិនប្រើសាច់ប្រាក់សម្រេចបាន ៩៣,៣៣%។
នៅឃុំចូវថាញ់ ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ការិយាល័យវប្បធម៌-សង្គម បានសហការជាមួយនគរបាលឃុំ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលឃុំ ចុះទៅភូមិទាំង ១៨ ដើម្បីត្រួតពិនិត្យ និងណែនាំប្រជាជនដំឡើងកម្មវិធី VNeID។ តាមប្រសាសន៍លោក ង្វៀងវ៉ាំងវឹង ប្រធានការិយាល័យវប្បធម៌-សង្គមនៃគណៈកម្មាធិការប្រជាជនឃុំចូវថាញ់ ឆ្លងតាមរយៈការត្រួតពិនិត្យ មានកម្មករជាង ៩.២០០ នាក់កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងឃុំ។ ការផ្សព្វផ្សាយ ណែនាំប្រជាជនឱ្យដំឡើង និងទាញយកផលពីកម្មវិធី VNeID បានរួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យ។
ទោះជាដូច្នោះក៏ដោយ ដំណើរការផ្សព្វផ្សាយអនុវត្តគ្រោងការណ៍ ០៦ នៅជួបការលំបាកមួយចំនួន៖ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានមិនទាន់ព្រមគ្នា ប្រជាជនមួយចំនួននៅមានកម្រិតផ្នែកបំនិនឌីជីថល និងទិន្នន័យរវាងវិស័យមួយចំនួនមិនទាន់មានភាពរលូននៅឡើយ។ នាពេលខាងមុខ ទីក្រុងនឹងបន្តជំរុញការទាញយកផល ធ្វើឱ្យទិន្នន័យប្រជាជនកាន់តែសម្បូរបែប; បង្ហើយហេដ្ឋារចនាសម្ព័ន្ធឌីជីថល; លើកកម្ពស់គុណភាពធនធានមនុស្សនិងបង្កើនការផ្សព្វផ្សាយ ណែនាំប្រជាជនឱ្យប្រើប្រាស់សេវារដ្ឋតាមអ៊ីនធឺណិត ឆ្ពោះទៅរកការកសាងរដ្ឋបាលទំនើប តម្លាភាពនិងប្រសិទ្ធភាព៕
ក្វឹកថាយ - វ៉ាន់តឹន