ការទាញយកផលមានប្រសិទ្ធភាពពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរកំពុងក្លាយជាទិសដៅដ៏សំខាន់ រួមចំណែកធ្វើឱ្យសម្បូរបែបផលិតផលទេសចរណ៍ ក្នុងនោះ លេចធ្លោបំផុតគឺទម្រង់ទេសចរណ៍វប្បធម៌ជំនឿសាសនា ផ្សារភ្ជាប់នឹងពិធីបុណ្យប្រពៃណីជាច្រើនទៀត។

ពិធីប្រណាំងទូក ង របស់ជនរួមជាតិខ្មែរ។
ទីតាំងទេសចរណ៍មួយក្នុងចំណោមទីតាំងទេសចរណ៍ជំនឿសាសនាដ៏ល្បីនៅទីក្រុងកឹងធើ នោះគឺវត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់សុកត្រាំង មានសំណង់ស្ថាបត្យកម្មជាច្រើនរំលេចពណ៌ស្រស់ស្អាត ក្នុងនោះលេចធ្លោបំផុត គឺសំណង់ព្រះពុទ្ធបដិមាទ្រង់បរិនិព្វាន មានខ្នាតធំបំផុតនៅប្រទេសវៀតណាម ប្រវែង ៦៣ ម៉ែត្រ កម្ពស់ ២២,៥ ម៉ែត្រ។ ក្នុងឆ្នាំ ២០២៥ វត្តនេះមានភ្ញៀវទេសចរជាង ១០០.០០០ លើកនាក់ មកទស្សនាកម្សាន្តនិងគោរពបូជា។ ទន្ទឹមនឹងនោះ ក៏មានពិធីបុណ្យប្រពៃណីផ្សេងៗជាច្រើន ក្នុងនោះ ពិធីបុណ្យអកអំបុកជាដើម បានបន្តអភិរក្សនិងពង្រីកក្លាយជាផលិតផលទេសចរណ៍ពិសេស។ ពិធីបុណ្យនេះមិនត្រឹមតែមានអត្ថន័យបែបជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសល្អដើម្បីផ្សព្វផ្សាយពីរូបភាពវប្បធម៌តាមរយៈសកម្មភាពដ៏វិសេសវិសាល ជាក់ស្តែង ដូចជាពិធីប្រណាំងទូក ង អកអំបុក សំពះព្រះខែ បណ្តែតប្រទីប សម្តែងបង្ហាញទូកគែហ៊ៅ ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើនកុះករ បង្កឱ្យមានបរិយាកាសគគ្រឹកគគ្រេង ផ្សព្វផ្សាយរូបភាពវប្បធម៌ដ៏ពិសេសរបស់ភូមិភាគ។
ជាក់ស្តែង បង្ហាញឱ្យឃើញថា ការរួមបញ្ចូលគ្នារវាងការអភិរក្សវប្បធម៌និងអភិវឌ្ឍន៍ទេសចរណ៍បាននាំមកនូវលទ្ធផលជាវិជ្ជមាន។ យោងតាមទិន្នន័យរបាយការណ៍ឆ្នាំ ២០២៥ ប្រព័ន្ធសារមន្ទីរកេរដំណែល និងទីតាំងវប្បធម៌ដ៏លេចធ្លោជាច្រើននៅក្នុងតំបន់ បានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តប្រមាណ ១.១៤៨ លើកនាក់។ ទន្ទឹមនឹងនោះ មានភ្ញៀវទេសចរមកកម្សាន្តសរុប ១១.១៨៥ លានលើកនាក់ ក្នុងនោះ ភ្ញៀវស្នាក់នៅមានប្រមាណជិត ៤.៩៨៥ លានលើកនាក់ ដោយរកបានប្រាក់ចំណូលសរុបប្រមាណ ៩.៩៩១ ពាន់លានដុង។
ការផ្សព្វផ្សាយគម្រោងទី៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់បណ្តាជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍” ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍។ តាមរយៈនោះ មានកេរដំណែលវប្បធម៌ជាច្រើនកន្លែង ត្រូវបានស្តារឡើងវិញនិងជួលជុលកែលម្អ ពិធីបុណ្យទានផ្សេងៗបានចាត់តាំងឡើងមានបែបបទត្រឹមត្រូវ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។
លោកង្វៀងវុាំងបៃ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ឱ្យដឹង៖ “ក្នុងឆ្នាំ ២០២៥ នៅតាមវត្តអារាមនិងពិធីបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរ ទាក់ទាញភ្ញៀវទេសចរចូលរួមច្រើនកុះករ រួមចំណែកក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរ ជំរុញការអភិវឌ្ឍទេសចរណ៍និងសេដ្ឋកិច្ច- សង្គម របស់ទីក្រុង”៕
ហុងទើ-មុនី