កីឡា - ទេសចរណ៍ ទេសចរណ៍

24/04/2026 - 08:13

មក​ទស្សនា​សម្រស់​ធម្ម​ជាតិ​ឃុំ​ទ្រី​តូង 

គ្មាន​ភាព​អ៊ូ​អរ គគ្រឹក​គគ្រេង​ដូច​រមណី​យដ្ឋាន​ទេស​ចរណ៍​ដ​ទៃៗ​មែន ប៉ុន្តែ​ទ្រី​តូង​មាន​ភាព​ស្រស់​ស្អាត​ដោយ​សម្រស់​ធម្ម​ជាតិ​ព្រៃ​ភ្នំ​និង​បរិយា​កាស​ស្ងប់​ស្ងាត់​មនោ​រម្យ ផ្តល់​ភាព​សុខ​សាន្ត និង​ភាព​ជិត​ស្និទ្ធ​ជា​មួយ​សម្រស់​ធម្ម​ជាតិ។

​ ដង​ផ្លូវ​បត់​បែន​តាម​វាល​ស្រែ​តា​ប៉ា។

ពេល​មក​ដល់​ទ្រី​តូង ស្រះ​ទឹក​តា​ប៉ា​គឺ​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​មិន​គួរ​រំលង​សម្រាប់​ការ​ទស្ស​នា​សម្រស់​ធម្ម​ជាតិ​ព្រៃ​ភ្នំ ពី​ព្រោះ​ទី​នេះ​ជា​រមណី​យដ្ឋាន​ដ៏​ល្បី​ល្បាញ សម្លឹង​មើល​ពី​លើ ភ្ញៀវ​ទេស​ចរ​នឹង​បាន​គយ​គន់​ទិដ្ឋ​ភាព​ទ្រី​តូង​ជុំ​វិញ​ដ៏​ស្រស់​ស្អាត។ ស្រះ​ទឹក​តា​ប៉ា​មាន​ផ្ទៃ​ដី​ទំ​ហំ ២០ ហិក​តា ដោយ​ទឹក​ថ្លា​ឈ្វេង​អាច​មើល​ឃើញ​ដល់​បាត​ស្រះ។ ជុំ​វិញ​ស្រះ​មាន​ដើម​ឈើធំៗ​ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ បង្ក​ជា​បរិ​យា​កាស​ស្ងប់​ស្ងាត់​មនោ​រម្យ។

ចេញ​ពី​ស្រះ​ទឹក​តា​ប៉ា ភ្ញៀវ​ទេស​ចរ​អាច​ឆៀង​ចូល​ទស្សនា​និង​ធ្វើ​សក្ការ​បូ​ជា​នៅ​វត្ត​ភ្នំ​តា​ប៉ា ដែល​បាន​កសាង​នៅ​លើ​ភ្នំ​ខ្ពស់​ត្រ​ដែត។ ពី​បរិ​វេណ​វត្ត សម្លឹង​ចុះ​ភ្ញៀវ​ទេស​ចរ​អាច​នឹង​គយ​គន់​វាល​ស្រែ​តា​ប៉ា​ដ៏​ធំ​ល្វឹង​ល្វើយ​ឋិត​នៅ​ជើង​ភ្នំ។ វាល​ស្រែ​នេះ បាន​ចាត់​ទុក​ជា​វាល​ស្រែ​ដ៏​ពិ​សេស​បំ​ផុត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង។ នៅ​តាម​អំ​ពក​ស្រែ​នី​មួយៗ មាន​ដាំ​ដំ​ណាំ​ផ្សេងៗ​ឆ្លាស់​គ្នា មាន​ដូច៖ ស្រូវ ដំ​ណាំ​រួម​ផ្សំ និង​ដើម​ឈើ​ហូប​ផ្លែ​ជា​ដើម។ ពិ​សេស​នៅ​ទី​នេះ ក៏​ល្បី​ពី​ជួរ​ដើម​ព្រីង​ដែល​ដុះ​តាម​ភ្លឺ​ស្រែ បង្ក​ជា​ផ្ទាំង​គំ​នូរ​ធម្ម​ជាតិ​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត។ ជា​មួយ​ដង​ផ្លូវ​បត់​បែន​លាត​សន្ធឹង​កណ្តាល​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ។ វាល​ស្រែ​តា​ប៉ា គឺ​ជា​ទី​តាំង​ដ៏​ទាក់​ទាញ​សម្រាប់​ការ​ទស្ស​នា​និង​ផ្តិត​យក​រូប​ភាព ព្រម​ទាំង​គយ​គន់​ទេស​ភាព​ជើង​ភ្នំ។ មក​ទី​នេះ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ស្រូប​យក​ខ្យល់​អា​កាស​ដ៏​បរិ​សុទ្ធ គយ​គន់​ភាព​ស្រស់​ស្អាត​នៃ​តំ​បន់​ជន​បទ​ទ្រី​តូង ស្វែង​យល់​ពី​ជីវ​ភាព​សា​មញ្ញ​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ។

នៅ​មិន​ឆ្ងាយ​ពី​វត្ត​ភ្នំ​តា​ប៉ា មាន​ស្រះ​ទឹក​ស្វាយ​ចេក ជា​រម​ណី​យដ្ឋាន​ដ៏​ទាក់​ទាញ​បំ​ផុត​ពេល​ព្រះ​អា​ទិត្យ​ហៀប​អស្តង្គត ដែល​មិន​គួរ​ចោល​រំ​លង​ពេលមក​ទស្សនា​តំ​បន់​ភ្នំ​ទ្រី​តូង។ ស្រះ​ទឹក​ស្វាយ​ចេក គឺ​ជា​មណ្ឌល​ស្រះ​ទឹក​សិប្ប​និមិ្មត​ដែល​មាន​ទី​តាំង​ធំ​ទូ​លាយ​និង​ស្ងប់​ស្ងាត់ ស្រះ​ទឹក​ស្វាយ​ចេក​ស្ថិត​នៅ​ជើង​ភ្នំ បង្ក​ជា​ទិដ្ឋ​ភាព​ដ៏​មនោ​រម្យ​ឋិត​នៅ​ព្រៃ​ភ្នំ ក្លាយ​ជា​រម​ណីយ​ដ្ឋាន​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​ចំ​ពោះ​ភ្ញៀវ​ និង​យុវ​វ័យ​ដែល​ចូល​ចិត្ត​ស្វែង​យល់​ពី​ធម្ម​ជាតិ​និង​ផ្តិត​យក​រូប​ភាព។ ទន្ទឹម​នឹង​សម្រស់​ធម្ម​ជាតិ ពេល​មក​ដល់​ទ្រី​តូង បើ​មាន​ឱកាស​ភ្ញៀវ​ទេស​ចរ​គួរ​ឆៀង​ចូល​ទស្ស​នា​វត្ត​ខ្មែរ​ដែល​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ ដូច​ជា៖ វត្ត​ស្វាយ​ទង វត្ត​ជី​ក្អេង​ក្រោម វត្ត​ព្រៃ​វែង។ល។ ក្រៅ​ពី​ទី​តាំង​ទេស​ចរណ៍​ដ៏​ទាក់​ទាញភ្ញៀវ​ទេស​ចរ​អាច​ភ្លក់​រស​ជាតិ​ម្ហូប អា​ហារ​ពិ​សេស​ប្រ​ចាំ​តំ​បន់ ដូច៖ បបរ​គោ​ទ្រី​តូង នំ​អា​កោ​ត្នោត មាន់​ដុត​ស្លឹក ក្រូច​សើច។ល។ បង​ង្វៀង​ថាយ​វិញ ភ្ញៀវ​ទេស​ចរ​មក​ពី​ខេត្ត​ដុង​ថាប ចែក​រំលែក៖ “ទី​នេះ​ផ្តល់​ភាព​សុខ​សាន្ត ជា​មួយ​ព្រៃ​ភ្នំ ស្រះ​ទឹក​និង​វាល​ស្រែ​លាត​សន្ធឹង។ បរិ​យា​កាស​បរិ​សុទ្ធ មនុស្ស​រួស​រាយ​រាក់​ទាក់​ភ្ញៀវ ព្រម​ទាំង​ម្ហូប​អា​ហារ​ស្រុក​ស្រែ ធ្វើ​ឱ្យ​ដំ​ណើរ​កម្សាន្ត​មិន​អាច​បំ​ភ្លេច​បាន”។

អាច​និយាយ​បាន​ថា ទ្រី​តូង​មាន​លក្ខណៈ​ពិ​សេស​នៃ​តំ​បន់​បៃ​ណុយ ជា​មួយ​ទេស​ភាព​ព្រៃ​ភ្នំ វត្ត​អា​រាម ជួរ​ដើម​ត្នោត មួយ​អន្លើ​ដោយ​ជីវ​ភាព​វប្ប​ធម៌​ខ្មែរ​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ខេត្ត​អាង​យ៉ាង៕

    វឌ្ឍា-មុនី

ចែករំលែកអត្ថបទ