តាមសាខាធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើបានឱ្យដឹង ក្នុងប៉ុន្មានខែដើមឆ្នាំ ២០២៦ នេះ សកម្មភាពផ្ទេរសិទ្ធិឱ្យបុលចំពោះគ្រួសារក្រីក្រ និងមុខសញ្ញាគោលនយោបាយផ្សេងៗ តាមរយៈអង្គការនយោបាយ-សង្គមនានា នៅតែបន្តអនុវត្តមានប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ រួមចំណែកជួយដល់ប្រជាជនមានទុនសម្រាប់អភិវឌ្ឍការផលិត ធ្វើអាជីវកម្ម បង្កការងារធ្វើ និងបង្កើនប្រាក់ចំណូល។

កម្មាភិបាលសមាគមសហព័ន្ធនារីឃុំកើ-ដ ចុះសួរសុខទុក្ខនិងទស្សនាទម្រង់ចិញ្ចឹមកង្កែបរបស់សមាជិកាដែលបានបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត។
គិតដល់ចុងត្រីមាសទី១ ឆ្នាំ២០២៦ សរុបបំណុលជំពាក់ផ្ទេរសិទ្ធិតាមរយៈអង្គការនយោបាយ-សង្គមនានា សម្រេចបានជាង ១៧.៧០០ ពាន់លានដុង ជាមួយនឹងគ្រួសារបុលទុនជាង ៣៥៧.០០០ គ្រួសារដែលនៅជំពាក់; ស្រូបអត្រាជាង ៩៦% សរុបបំណុលជំពាក់របស់សាខាធនាគារគោលនយោបាយសង្គមទីក្រុង។ ក្នុងនោះ សមាគមសហព័ន្ធនារីគ្រប់គ្រងបំណុលជំពាក់ជាង ៦.០០០ ពាន់លានដុង សមាគមកសិករជិត ៥.៧០០ ពាន់លានដុង សមាគមអតីតយុទ្ធជនជាង ៣.៤០០ ពាន់លានដុង សម្ព័ន្ធយុវជនជាង ២.៥០០ ពាន់លានដុង។ តាមរយៈសកម្មភាពផ្ទេរសិទ្ធិនេះ អង្គការនយោបាយ-សង្គមនានា បានសហការជាមួយធនាគារគោលនយោបាយសង្គមនិងរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយអំពីគោលនយោបាយឥណទានអនុគ្រោះ ពិនិត្យជម្រើសឱ្យបុល ត្រួតពិនិត្យ តាមដាននិងណែនាំគ្រួសារបុលទុនឱ្យប្រើប្រាស់ទុនចំគោលដៅ។
សាខាធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើនឹងបន្តសហការជាមួយនឹងអង្គការទទួលការផ្ទេរសិទ្ធិនានា ត្រួតពិនិត្យតម្រូវការបុលទុនរបស់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារទើបចាកផុតពីភាពក្រីក្រនិងមុខសញ្ញាគោលនយោបាយផ្សេងៗទៀត; ផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តកម្មវិធីឱ្យបុលជំនួយបង្កការងារធ្វើ រក្សានិងពង្រីកការងារធ្វើ។ ទន្ទឹមនឹងនោះ សហការជាមួយរដ្ឋអំណាចភូមិភាគបើកទូលាយទម្រង់បន្ថយភាពក្រីក្រ ណែនាំរបៀបរកស៊ី ផ្ទេរចំណេះដឹងពីវិទ្យាសាស្ត្របច្ចេកទេស ជួយដល់គ្រួសារនានាឱ្យប្រើប្រាស់ប្រភពទុនបុលចំគោលដៅ មានប្រសិទ្ធភាព ឈានឡើងលំនឹងជីវភាព៕
គៀងក្វុក-ដាលីន