នារសៀលថ្ងៃទី៣០ ខែមេសា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥១ឆ្នាំ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (៣០/០៤/១៩៧៥ – ៣០/០៤/២០២៦) សមមិត្ត ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរកម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។
ក្រោយពីបានស្តាប់វរសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ រាយការណ៍អំពីលទ្ធផលការងារក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ និងផែនការប្រចាំការត្រៀមប្រយុទ្ធ ការពារព្រឹត្តិការណ៍ និងសកម្មភាពពិធីរំលឹកខួបអនុស្សាវរីយ៍៥១ឆ្នាំ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ សមមិត្ត ដុងវ៉ាំងថាញ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះលទ្ធផលលេចធ្លោដែលកងទ័ពការពារព្រំដែនទីក្រុងសម្រេចបានក្នុងពេលកន្លង។ ជាពិសេសគឺក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខតំបន់ព្រំដែនសមុទ្រ រក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិឋាន។

សមមិត្ត ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អញ្ជើញសួរសុខទុក្ខនិងអបអរសាទរកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។
សមមិត្តបានសង្កត់ធ្ងន់៖ ក្នុងបរិការណ៍ដែលស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែននៅតែបង្កប់កត្តាស្មុគស្មាញជាច្រើន កងកម្លាំងកងទ័ពការពារព្រំដែនទីក្រុង គប្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនកិច្ចសហការក្តាប់នូវស្ថានភាពនៅលើភូមិឋាន ម្ចាស់ការលើគ្រប់សភាពការណ៍ មិនទុកឱ្យបាត់ភាពម្ចាស់ការ យថាហេតុ ឬកើតមានហេតុការណ៍ស្មុគស្មាញណាមួយឡើយ ដើម្បីបន្តរក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនរបស់ទីក្រុងក្នុងឱកាសពិធីបុណ្យ ថ្ងៃទី៣០ ខែមេសា។ ទន្ទឹមនឹងនោះ ត្រូវបង្កើនការត្រួតពិនិត្យស្ថានភាពឱ្យបានល្អ ការពាររឹងមាំអធិបតេយ្យភាព សន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែនសមុទ្រនិងកោះ ប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ទប់ស្កាត់មានប្រសិទ្ធភាពនូវស្ថានភាពកប៉ាល់នេសាទរំលោភដែនសមុទ្របរទេស ក៏ដូចជាទប់ស្កាត់ និងចាត់វិធានការតឹងរ៉ឹងចំពោះរាល់សកម្មភាពល្មើសសន្តិសុខសណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ...។

សមមិត្ត ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។
ក្នុងឱកាសនេះ សមមិត្ត ដុងវ៉ាំងថាញ បានផ្ញើសារសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទីក្រុង ឱ្យបន្តជម្នះការលំបាក អនុវត្តសម្រេចល្អរាល់ភារកិច្ចដែលបានប្រគល់ជូន ស័ក្តិសមជាកងកម្លាំងស្នូល និងទទួលបន្ទុកផ្ទាល់ក្នុងបុព្វហេតុគ្រប់គ្រង ការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិ។
*ក្នុងថ្ងៃនេះដែរ នាឱកាសរំលឹកខួបអនុស្សាវរីយ៍៥១ឆ្នាំ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ក៏បានចាត់តាំងនូវសកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើន បង្ហាញពីសីលធម៌ "ផឹកទឹកនឹកប្រភព" និង "តបស្នងសងគុណ" របស់ប្រជាជាតិ។

លោកវរសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនអំណោយដល់គ្រួសារលោកវរសេនីយ៍ឯក ឡេមិញគើ វីរកងកម្លាំងប្រដាប់អាវុធប្រជាជន។
យោងតាមនោះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង បានបង្កើតគណៈប្រតិភូចំនួន ២ ក្រុម ដោយមានវរសេនីយឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង និងវរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនទីក្រុង ធ្វើជាប្រធានក្រុម អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកវរសេនីយ៍ឯក ឡេមិញគើ វីរកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តសុកត្រាំង (បច្ចុប្បន្ន គឺគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ) គ្រួសារយុទ្ធជនពលី វីរកងកម្លាំងប្រដាប់អាវុធប្រជាជន ង្វៀងវៀតហ៊ុង អតីតស្នងការនយោបាយនៃកងអនុសេនាធំការពារគណៈកម្មាធិការបក្សខេត្តសុកត្រាំង (B៦៨) និងគ្រួសារលោកវរសេនីយ៍ត្រី ត្រឹងវ៉ាំងក្វាង ដែលកំពុងបម្រើការងារក្នុងអង្គភាព និងជាសាច់ញាតិយុទ្ធជនពលី។
នៅកន្លែងនីមួយៗ ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនទីក្រុង បានសួរសុខទុក្ខយ៉ាងកក់ក្ដៅ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់បណ្តាយុទ្ធជនពលី វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ និងគ្រួសារគោលនយោបាយ ក្នុងបុព្វហេតុតស៊ូរំដោះជាតិ កសាង និងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ លោកមានបំណងឱ្យបណ្តាគ្រួសារបន្តលើកកម្ពស់ប្រពៃណីបដិវត្តន៍ អប់រំកូនចៅឱ្យខិតខំរៀនសូត្រ និងពលកម្ម ដើម្បីរួមចំណែកកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន និងស្រស់បំព្រង។
នេះគឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង រួមចំណែកគិតគូរដល់ជីវភាពសម្ភារៈ និងស្មារតីចំពោះអ្នកដែលមានគុណូបការៈ តាមរយៈនោះពង្រឹងក្តីជំនឿទុកចិត្ត និងរឹតចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៅលើភូមិឋានថែមទៀត៕
យ្វីអាញ - សុផន