07/05/2026 - 20:37

បង្កើន​ការ​រំ​លឹក​មេ​រៀន​ឱ្យ​សិស្ស​ថ្នាក់​ទី ៩ 

សម័យ​ប្រ​ឡង​ជ្រើស​រើស​សិស្ស​ចូល​រៀន​ថ្នាក់​ទី ១០ សា​លា​វិទ្យា​ល័យ​ ឆ្នាំ​សិក្សា ២០២៦​-២០២៧ នៅ​ទី​ក្រុង​កឹង​ធើ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។ អំ​ឡុង​ពេល​នេះ បណ្តា​សា​លា​អនុ​វិទ្យា​ល័យ​លើ​ភូមិ​ភាគ​ទី​ក្រុង កំ​ពុង​ឈាន​ចូល​ដំ​ណាក់​កាល "មមា​ញឹក" បង្កើន​ការ​រំ​លឹក​មេ​រៀន ពង្រឹង​ចំ​ណេះ​ដឹង និង​ហ្វឹក​ហាត់​បំ​ណិន​ធ្វើ​មេ​រៀន ដើម្បី​ជួយ​ឱ្យ​សិស្ស​ថ្នាក់​ទី ៩ ទទួល​បាន​លទ្ធ​ផល​ល្អ។

ម៉ោង​រៀន​របស់​សិស្ស​ថ្នាក់​ទី ៩ សា​លា​អនុ​វិទ្យា​ល័យ​នៅ​ថើយ​ឡាយ។

នៅ​សា​លា​អនុ​វិទ្យា​ល័យ ដង​ធី​ឌីម (សង្កាត់​និញ​កេវ) ការ​ងារ​រំ​លឹក​មេ​រៀន​បាន​អនុ​វត្ត​តាំង​ពី​មុន។ ឆ្នាំ​សិក្សា​នេះ សា​លា​មាន​សិស្ស​ថ្នាក់​ទី ៩ ចំ​នួន ៦៧៣ នាក់។ ចាប់​តាំង​ពី​ដើម​ឆ្នាំ គណៈ​ចាង​ហ្វាង​សា​លា​បាន​រៀប​ចំ​ផែន​ការ​រំ​លឹក​មេ​រៀន​មាន​របៀប​រៀប​រយ​ល្អ ច្បាម​ទម្រង់​វិញ្ញា​សា​ប្រ​ឡង។ ទន្ទឹម​នឹង​ការ​រំ​លឹក​មេ​រៀន ការ​ងារ​ប្រឹក្សា​ណែ​នាំ​វិជ្ជា​ជីវៈ និង​ការ​បែង​ចែក​ចរន្ត​សិស្ស​ឆាប់​បាន​អនុ​វត​ផង​ដែរ។ សា​លា​ក៏​បាន​សហ​ការ​ណែ​នាំ​តម្រង់​ទិស​វិជ្ជា​ជីវៈ​ជា​មួយ​មូល​ដ្ឋាន​អប់រំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សេងៗ ដើម្បី​ពង្រីក​ការ​ជ្រើស​រើស​របស់​សិស្ស​ក្រោយ​ពី​បញ្ចប់​អនុ​វិទ្យា​ល័យ។

ទិស​ដៅ​របស់​ប្អូន ម៉ាយ​ង្វៀង​ថាញ​វី សិស្ស​ថ្នាក់​ទី ៩A១ ប្រ​ឡង​ចូល​សា​លា​វិទ្យា​ល័យ​ចូវ​វ៉ាំង​លីម។ ហេតុ​នេះ ប្អូន​បាន​ត្រៀម​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ ដើម្បី​ចៀស​វាង​សម្ពាធ​ខ្លាំង​នៅ​ដំ​ណាក់​កាល​ចុង​ឆ្នាំ។ ប្អូន​ហាត់​ធ្វើ​វិញ្ញា​សា​ប្រ​ឡង​តាម​ខេត្ត ទី​ក្រុង​ជា​ច្រើន ដើម្បី​ឱ្យ​ស៊ាំ​នឹង​ទម្រង់​ចម្រុះ និង​ហាត់​បំ​ណិន​ដោះ​ស្រាយ​វិញ្ញា​សា​នី​មួយៗ។ ប្អូន​ថាញ​វី ឱ្យ​ដឹង៖ "លោក​គ្រូ អ្នក​គ្រូ​ខំ​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​ខ្លាំង​ណាស់ សូម្បី​តែ​ក្រៅ​ម៉ោង​រៀន បាន​ជួយ​ឱ្យ​ប្អូន​បង្កើន​ចំ​ណេះ​ដឹង​និង​រៀន​សូត្រ​មាន​ប្រ​សិទ្ធ​ភាព​ល្អ​ជាង​មុន"។

សា​លា​ក៏​បាន​បែង​ចែក​សិស្ស​តាមសមត្ថ​ភាព ដើម្បី​រៀប​ចំ​ការ​រំ​លឹក​មេ​រៀន​ឱ្យ​សម​ស្រប៖ ក្រុម​សិស្ស​រៀន​ល្អ​បង្គួរ និង​ពូ​កែ បាន​បំ​ប៉ន​កម្រិត​ខ្ពស់ ចំ​ណែក​ក្រុម​សិស្ស​រៀន​មធ្យម និង​ខ្សោយ​បាន​ពង្រឹង​ចំ​ណេះ​ដឹង​មូល​ដ្ឋាន។ អ្នក​គ្រូ ទ្រឿង​ធ្វី​ថៀង​ហឿង ចាង​ហ្វាង​រង​សា​លា​អនុ​វិទ្យា​ល័យ ដង​ធី​ឌីម មាន​ប្រ​សាសន៍ ៖ "ក្នុង​ការ​រំ​លឹក​មេ​រៀន សា​លា​បាន​រៀប​ចំ​បង្រៀន​បន្ថែម​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សិស្ស​ខ្សោយ ចាត់​តាំង​គ្រូ​បង្រៀន​ឱ្យ​តាម​ជិត​ដិត ផ្លាស់​ប្តូរ​វិ​ធី​សាស្ត្រ បង្កើន​ការ​ហាត់​ធ្វើ​វិញ្ញា​សា ហាត់​បំ​ណិន​ធ្វើ​មេ​រៀន​និង​អនុ​វត្ត​បច្ចេក​វិទ្យា។ ដំ​ណោះ​ស្រាយ​ទាំង​នេះ​ជួយ​ឱ្យ​សិស្ស​មាន​ចំ​ណេះ​ដឹង​រឹង​មាំ ស្មារតី​នឹង​នរ និង​ជ្រើស​រើស​ទិស​ដៅ​បាន​សម​ស្រប"។

ចំ​ណែក​សា​លា​អនុ​វិទ្យា​ល័យ​នៅ​ថើយ​ឡាយ ការ​ងារ​រំ​លឹក​មេ​រៀន​ត្រូវ​បាន​អនុ​វត្ត​ព្រមៗ​គ្នា​សម្រាប់​សិស្ស​ថ្នាក់​ទី ៩ ចំ​នួន ៣៦៩ នាក់។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​សិក្សា សា​លា​បាន​បង្កើត​ផែន​ការ​រំ​លឹក​មេ​រៀន​ឯក​ភាព​គ្នា​សម្រាប់​វិញ្ញា​សា​ គណិត​វិទ្យា អក្សរ​សាស្ត្រ និង​ភា​សា​អង់​គ្លេស។ គ្រូ​បង្រៀន​មាន​ផែន​ការ​បង្រៀន​ច្បាស់​លាស់ និង​តាម​ដាន​ជិត​ដិត​ដំ​ណើរ​ការ​រៀន​សូត្រ​របស់​សិស្ស។ កា​រ​រំ​លឹក​មេ​រៀន​បាន​រៀប​ចំ​ឡើង ៣ ពេល​ក្នុង​មួយ​សប្តាហ៍ តាម​ទម្រង់​សិក្សា ២ ពេល​ក្នុង​មួយ​ថ្ងៃ (មួយ​ពេល​រៀន ២ ម៉ោង) និង​មិន​យក​កម្រៃ​ពី​សិស្ស។

តាម​ប្រ​សាសន៍​លោក​គ្រូ ត្រឹង​ហ្វាង​ញឹក ចាង​ហ្វាង​សា​លា មាន​ប្រ​សាសន៍ បន្ទាប់​ពី​សម្រេច​រួច​រាល់​កម្ម​វិធី​សិក្សា​ជា​ផ្លូវ​ការ សា​លា​បង្កើន​ពេល​វេលា​រំ​លឹក​មេរៀន ព្រម​ទាំង​ណែ​នាំ​ឱ្យ​ក្រុម​ជំ​នាញ​ជ្រើស​រើស​ឯក​សារ​សម​ស្រប ឯក​ភាព​ខ្លឹម​សារ​បង្រៀន ផ្តោត​លើ​ការ​ពង្រឹង​ចំ​ណេះ​ដឹង និង​បំ​ណិន​ធ្វើ​មេ​រៀន​ប្រ​ឡង។ សា​លា​ក៏​បាន​សហ​ការ​ជិត​ដិត​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សិស្ស​ក្នុង​ការ​រំ​លឹក​មេ​រៀន។ ប្អូន​ត្រឹង​យ៉ា​តឹ្វង សិស្ស​ថ្នាក់​ទី ៩A៣ បាន​ចែក​រំ​លែក៖ “លោក​គ្រូ អ្នក​គ្រូ​ជួយ​ឱ្យ​ខ្ញុំ​យល់​មេ​រៀន​បាន​ជ្រៅ​ជ្រះ ច្បាស់​លាស់ និង​មាន​ទំ​នុក​ចិត្ត​ឈាន​ចូល​សម័យ​ប្រ​ឡង​ខាង​មុខ​នេះ”។

បច្ចុប្បន្ន បណ្តា​សា​លា​អនុ​វិទ្យា​ល័យ​នៅ​ក្នុង​ភូមិ​ភាគ​ទី​ក្រុង​កឹង​ធើ កំ​ពុង​ជំ​រុញ​ការ​រំ​លឹក​មេ​រៀន​សម្រាប់​សិស្ស​ថ្នាក់​ទី ៩ ព្រម​ទាំង​បង្កើន​ការ​សហ​ការ​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស​ដើម្បី​គាំ​ទ្រ​ដល់​ការ​រៀន​សូត្រ​របស់​ប្អូនៗ។ ក្នុង​ឆ្នាំ​សិក្សា​នេះ ទី​ក្រុង​មាន​សិស្ស​ថ្នាក់​ទី ៩ ជាង ៤៤.០០០ នាក់។ តាម​ការ​គ្រោង​ទុក ទូ​ទាំង​ក្រុង​នឹង​ជ្រើស​រើស​សិស្ស​ថ្នាក់​ទី ១០ ជាង ៣២.៣០០ នាក់ សម្រាប់​ឆ្នាំ​សិក្សា ២០២៦​-២០២៧ ចែក​ជា ២ ក្រុម​សំ​ខាន់។ ក្នុង​នោះ ក្រុម​ប្រ​ឡង​ជ្រើស​រើស​រួម​មាន ៥៩ សា​លា ជា​មួយ​នឹង​ភាគ​កម្រិត​ជ្រើស​រើស​សិស្ស ២៣.​១២០ នាក់ ចំ​ណែក​ក្រុម​ពិ​និត្យ​ជ្រើស​រើស (មិន​បាច់​ប្រ​ឡង) រួម​មាន ៣២ សា​លា និង​បណ្តា​មជ្ឈ​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ-អប់​រំ​ជា​ប្រ​ចាំ ជា​មួយ​នឹង​ភាគ​កម្រិត​ជ្រើស​រើស​សិស្ស ៩.១៨៤ នាក់។

លោក​ស្រី ត្រឹង​ធី​ហ្វៀង នា​យិកា​ស្តី​ទី​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍ សម័យ​ប្រ​ឡង​ជ្រើស​រើស​សិស្ស​ចូល​រៀន​ថ្នាក់​ទី ១០ ឆ្នាំ​សិក្សា ២០២៦​-២០២៧ ទី​ក្រុង​នឹង​អនុ​វត្ត​វិធី​សាស្ត្រ​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​ការ​ប្រ​ឡង​ជ្រើស​រើស និង​ការ​ពិ​និត្យ​ជ្រើស​រើស ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សិស្ស​ក្នុង​ការ​ជ្រើស​រើស​ឱ្យ​ស្រប​តាម​សមត្ថ​ភាព។ ផ្នែក​អប់រំ​បាន​ណែ​នាំ​ឱ្យ​បណ្តា​សា​លា​អនុ​វិទ្យា​ល័យ ផ្តោត​ការ​រំ​លឹក​មេ​រៀន​ឱ្យ​ស្រប​តាម​កម្ម​វិធី​សិក្សា​ថ្នាក់​ទី​៩ ដើម្បី​ជួយ​សិស្ស​ពង្រឹង​ចំ​ណេះ​ដឹង​មុន​ការ​ប្រ​ឡង។ នៅ​ពេល​ដាក់​ពាក្យ​ជម្រើស​គោល​បំ​ណង សិស្ស​ត្រូវ​ពិ​ចារ​ណា​ឱ្យ​បាន​ច្បាស់​ពី​សមត្ថ​ភាព និង​ស្ថាន​ភាព​ជាក់​ស្តែង អា​ទិ​ភាព​ជ្រើស​រើស​ឱ្យ​បាន​សម​ស្រប។ ព្រម​ទាំង​រក្សា​ស្មារតី​ឱ្យ​នឹង​នរ និង​មាន​ទំ​នុក​ចិត្ត ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​សម័យ​ប្រ​ឡង៕

ដាំង​ង៉ុក- ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ