21/04/2026 - 21:15

រំលឹក​ពី "ឈ្នាង" ឧប​ករណ៍​នេ​សាទ​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​រួមជាតិ​ខ្មែរ​ណាម​បូ 

ចំ​ពោះ​មា​មីង​ជន​រួមជាតិ​ខ្មែរ ឧប​ករណ៍​នេ​សាទ​ប្រ​ពៃ​ណី​គឺ​ជា​វត្ថុ​ប្រើ​ប្រាស់​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ឧបក​រណ៍​ទាំង​នេះ​សម្រាប់​ប្រ​កប​របរ​ចិញ្ចឹម​ជី​វិត​ក្នុង​បរិ​ស្ថាន​ព្រែក​ដង​អូរ​នៅ​តំ​បន់​ណាម​បូ ហើយ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​រហូត​ក្លាយ​ជា​លក្ខណៈ​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក។ ជា​ឧប​ករណ៍​នេ​សាទ​ដ៏​ពិ​សេស​មួយ​ដែល​ជន​រួមជាតិ​ខ្មែរ​តែង​ប្រើ​សម្រាប់​ចាប់​ត្រី​នៅ​វាល​ស្រែ​នា​រដូវ​ទឹក​ឡើង​កាល​ពី​ដើម​នោះ គឺ "ឈ្នាង"។

រូប​ភាព​ឈ្នាង​ដាក់​តាំង​បង្ហាញ​ក្នុង​សារ​មន្ទីរ។

ឈ្នាង​គឺ​ជា​ឧប​ករណ៍​នេ​សាទ​ធ្វើ​ពី​ឫស្សី​ដែល​មាន​តួ​ខ្លួន​វែង កន្ទុយ​ខុប​ជ្រៅ និង​មាន​ស៊ុម​ឫស្សី​ជា​គ្រោង​យ៉ាង​រឹង​មាំ។ ឧប​ករណ៍​នេះ​ជួយ​ឱ្យ​មា​មីង​អាច​ចាប់​ត្រី​តូចៗ​បាន​យ៉ាង​ងាយ​ស្រួល នៅ​ពេល​ទឹក​ជន់​លិច​វាល​ស្រែ។ តាម​រយៈ​សណ្ឋាន​ទំ​ហំ និង​អត្ថ​ប្រ​យោជន៍​នៃ​ឈ្នាង បាន​បង្ហាញ​ពី​ភាព​ផ្ចិត​ផ្ចង់​ក្នុង​របៀប​រស់​នៅ​របស់​ជន​រួមជាតិ​ខ្មែរ​សម្រប​តាម​ធម្ម​ជាតិ ដើម្បី​ឱ្យ​ជី​វិត​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

នៅ​ពេល​ទឹក​ឡើង​លិច​វាល​ស្រែ នារី​ខ្មែរ​តែង​តែ​កាន់​ឈ្នាង​ទៅ​ជញ្ជាត់​ត្រី។ កាល​ពី​មុន បង្កង​ត្រី​នៅ​ស្រែ​សម្បូរ​ណាស់ បើ​ចង់​ចាប់​ត្រី​ធំ​នៅ​កន្លែង​ទឹក​ជ្រៅ គេ​តែង​ដាក់​ថ្នង បោះ​សំ​ណាញ់ ឬ​ដាក់​មង... ចំ​ណែក​ចាប់​ត្រី​តូចៗ ឬ​កំ​ពឹស​ដែល​ជ្រក​តាម​គុម្ព​ស្មៅ​តាម​មាត់​ច្រាំង គឺ​ចាំ​បាច់​ត្រូវ​មាន​ឈ្នាង។ ពេល​មាន​ឈ្នាង​មួយ​និង​កញ្ច្រែង មនុស្ស​ធំ​ឬ​តូច​សុទ្ធ​តែ​អាច​រក​ម្ហូប​អា​ហារ​សម្រាប់​គ្រួ​សារ​បាន​ទាំង​អស់។

លោក​ឡឹម​សយ ជា​អ្នក​ប្រ​កប​របរ​តម្បាញ​នៅ​ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ បាន​ចែក​រំ​លែក៖ "ឈ្នាង​កាល​ពី​មុន យើង​ត្បាញ​សម្រាប់​ជញ្ជាត់​ត្រី កំ​ពឹស​នៅ​វាល​ស្រែ។ ប៉ុន្តែ​ឥឡូវ​នេះ​អស់​ហើយ គេ​ធ្វើ​ស្រែ ៣ រដូវ ត្រី​បង្កង​ក៏​មិន​សូវ​មាន​ច្រើន​ដែរ។ កាល​ពី​សម័យ​មុន យើង​តែង​ឃើញ​ទិដ្ឋ​ភាព​នារី​ខ្មែរ​ដៃ​កាន់​ឈ្នាង​ចេញ​ទៅ​វាល​ស្រែ​ជញ្ជាត់​ត្រី​យក​មក​ស្ល ឬ​ខ​សម្រាប់​អា​ហារ​គ្រួ​សារ​ជា​ញឹក​ញាប់។ តែ​សម័យ​នេះ​កម្រ​នឹង​បាន​ឃើញ កាល​នោះ​ឈ្នាង​ជា​ឧប​ករណ៍​ដ៏​ពេញ​និយម​ណាស់"។

ក្នុង​បរិ​ការណ៍​នៃ​ជីវ​ភាព​ទំ​នើប ពេល​ប្រ​ភព​ផល​មច្ឆ​ជាតិ​ធម្ម​ជាតិ​តិច​ទៅ រីឯ​ត្រី​សាច់​បាន​មក​ពី​ការ​ចិញ្ចឹម​បែប​ឧស្សា​ហកម្ម​សម្បូរ​ណាស់ ម្ល៉ោះ​ហើយ​រូប​ភាព​ឈ្នាង​គ្រាន់​តែ​ដក​ជាប់​ក្នុង​អា​រម្មណ៍​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​សិល្ប​ករ​តម្បាញ់​នៅ​ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ របៀប​ជ្រើស​រើស​វត្ថុ​ធាតុ​ដើម និង​បច្ចេក​ទេស​ត្បាញ​ឈ្នាង​ឱ្យ​មាន​គុណ​ភាព ពួក​គាត់​នៅ​តែ​ចង​ចាំ​យ៉ាង​ច្បាស់។ លោក​យាយ​ឡាយ​ធី​រ៉ង ដែល​ធ្លាប់​ត្បាញ​ឈ្នាង​ពី​មុន​មក នៅ​ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ "កាល​ពី​ដើម ពេល​ធ្វើ​ឈ្នាង យើង​ត្រូវ​ជ្រើស​ដើម​ពក មិន​មែន​ធ្វើ​ដោយ​ប្ញស្សី​ទេ បន្ទាប់​មក​ត្រូវ​ច្រៀក​និង​បិត​ឱ្យ​ទៅ​ជា​បន្ទោះ​ស្ដើងៗ និង​ត្រង់ មិន​ត្រូវ​ឱ្យ​វៀច​ឡើយ។ បន្ទោះ​ទាំង​នេះ​មាន​ទំ​ហំ​ប៉ុន​ធូប រួច​ទើប​យើង​ចាប់​ផ្តើម​ត្បាញ​បណ្តើរៗ​ពី​ផ្នែក​បាត​ឡើង​លើ។ ដំ​ណាក់​កាល​ត្បាញ​បាត​នេះ​ហាក់​មាន​ការ​លំ​បាក​បន្តិច ប៉ុន្តែ​ពេល​ត្បាញ់​បាត​រួច​រាល់​ហើយ គឺ​ងាយ​ស្រួល។ លុះ​ត្រា​តែ​ត្បាញ​បាន​តាម​ទំ​ហំ​ដែល​កំ​ណត់ យើង​ត្រូវ​ចង​បង្កាច់​ឱ្យ​ជាប់ រួច​ស្វែង​រក​ដើម​ឫស្សី​ចាស់​មក​ដាប់​ធ្វើ​ជា​វណ្ឌ​មាត់ ដើម្បី​គ្រប​សង្កត់​លើ​មាត់ឈ្នាងឱ្យជាប់​មាំ​ល្អ"។

ទោះ​បី​ជា​ឈ្នាង​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ទូ​លំ​ទូ​លាយ​ដូច​ពី​មុន​ទៀត​មែន ប៉ុន្តែ​ក្នុង​មន​សិ​ការ​របស់​ជនរួម​ជាតិ​ខ្មែរ នៅ​តែ​ចង​ចាំ​ជា​និច្ច​ឧប​ករណ៍​នេ​សាទ​ប្រ​ភេទ​នេះ។ អាច​ឃើញ​ថា ឈ្នាង​មិន​ត្រឹម​តែ​ជា​ឧប​ករណ៍​នេ​សាទ​សម្រាប់​ចិញ្ចឹម​ជី​វិត​ប៉ុណ្ណោះទេ ប៉ុន្តែ​បាន​ក្លាយ​ជា​និ​មិត្ត​រូប​នៃ​ភាព​ប៉ិន​ប្រ​សប់ និង​របៀប​រស់​នៅ​សម្រប​ជា​មួយ​ធម្ម​ជាតិ​របស់​ជន​រួមជាតិ​ខ្មែរ​ណាម​បូ៕

ថាញ​ហ៊ុង - ថាច់​ធី

ចែករំលែកអត្ថបទ