08/06/2026 - 18:01

វត្តស្រឡូងតាមកំណត់ហេតុរបស់វិទ្យាករវឿងហុងសេននិងស្នាព្រះហស្ថព្រះឧបជ្ឈាយ៍តាំងឌុច 

ស្ថិតនៅសង្កាត់មីស្វៀង ទីក្រុងកឹងធើ វត្តស្រឡូងគឺជាវត្តមួយល្បីល្បាញមានលក្ខណៈពិ​សេសគឺព្រះវិហារបិទដោយអំបែងចាន បង្កជាសម្រស់ប្លែកភ្នែក និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា។ មុនពេលក្លាយជាកន្លែងទេសចរណ៍ ទិដ្ឋភាពនៃវត្តនេះតាមចំណារយ៉ាង​រស់រវើកតាមរយៈទំព័រកំណត់ហេតុរបស់វិទ្យាករវឿងហុងសេន។ ច្រើនទសវត្សរ៍ក្រោយមក ក្រោម​ការដឹកនាំរបស់ព្រះឧបជ្ឈាយ៍ សុវណ្ណបញ្ញា តាំងឌុច វត្តនេះត្រូវបានកសាងឡើងជាមួយនឹងរូបរាងដ៏ពិសេស រួមចំណែកបង្កើតនូវកេរ្តិ៍ឈ្មោះនៃវត្តស្រឡូងនាពេលបច្ចុប្បន្ននេះ។

វត្តស្រឡូងតាមរយៈការចងចាំរបស់វិទ្យាករវឿងហុងសេន

វិទ្យាករវឿងហុងសេន (១៩០២ – ១៩៩៦) កើតនិងធំដឹងក្តីនៅខេត្តសុកត្រាំង (បច្ចុប្បន្នគឺទី​ក្រុង​កឹងធើ) ដែលជាកន្លែងមានវប្បធម៌ចម្រុះគ្នានៃសហគមន៍ជនជាតិទាំង៣គឺកិញ ខ្មែរ ហ្វា ដូច្នេះតាំងពីកុមារភាព លោកមានឱកាសស្វែងយល់ពីទំនៀមទម្លាប់ ជំនឿ និងវប្បធម៌ប្រ​ពៃ​ណី​ដ៏វិសេសវិសាលនៃស្រុកកំណើតរបស់លោក។ ក្នុងនោះ វត្តអារាមខ្មែររួមជាមួយនឹងជីវភាពសាសនា បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ ដែលលោកបានកត់ត្រាទុកតាម​រយៈកំណត់ហេតុ និងការស្រាវជ្រាវនៅពេលក្រោយៗមក។

លោកបានអ្នកជំនាញលើកតម្កើងជាអ្នកស្រាវជ្រាវមានចំណេះដឹងជ្រាលជ្រៅ ជាអ្នកប្រមូលវត្ថុបុរាណ និងជាបុគ្គលឆ្នើមផ្នែកស្រាវជ្រាវវប្បធម៌។ ស្នាដៃដ៏ល្បីល្បាញរបស់លោកដូចជា សាយហ្គនសម័យដើម ជាងពាក់កណ្តាលជីវិតអសារបង់ រឿងចាស់នៅសុកត្រាំង, វចនានុក្រមភាសាភាគខាងត្បូង។ល។ រហូតមកដល់បច្ចុប្បន្ននេះនៅតែជាឃ្លាំងឯកសារដ៏ធំ ឆ្លុះបញ្ចាំងជាក់ស្តែងនូវទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ភាគខាងត្បូង។

រូបថតវិទ្យាករ វឿងហុងសេន

ក្នុងឆ្នាំ ១៩១៤ ពេលមានអាយុ ១២ឆ្នាំ កុមារវឿងហុងសេនបានបួសសងគុណអ្នកម្តាយដែលទើបទទួលមរណភាព (ម្តាយរបស់លោកគឺកូនកាត់វៀតណាម ខ្មែរ រស់នៅភូមិដាយតឹម)។ ទោះ​បី​ជារយៈពេលបួសសងគុណមិនយូរក៏ដោយ ប៉ុន្តែលោកបានចងចាំនិងកត់ត្រាដើម្បីរៀបរាប់ពីព្រឹត្តិការណ៍ពិសេសមួយក្នុងជីវិតរបស់លោកនៅវត្តស្រឡូងនាដើមសតវត្សទី២០។

យោងតាមឯកសារដែលលោកបានរៀបរាប់ វត្តស្រឡូងមានទីតាំងនៅលើមហាវិថីជាតិ ថាំង​ឡុង -មិញហាយ (បច្ចុប្បន្នហៅថាផ្លូវជាតិលេខ១A) ជុំវិញវត្តមានស្រះចិញ្ចឹមត្រី ត្រីក្នុងស្រះ​ឈូកធំប៉ុនៗខ្នើយឱប។ កាលណោះ ក្នុងវត្តមានដើមក្ងោកធំៗរាប់សិបដើម នៅលើដើមឈើទាំងនោះមានសត្វកុកធ្វើសំបុកច្រើនរាប់មិនអស់ ល្ងាចហើរមក ព្រឹកព្រលឹមស្រាងៗ​ហើរចេញទៅ​រក​ចំណី សំឡេងសត្វបក្សីយំទ្រហឹងអឺងកងជាងផ្សារណាត់ទៅទៀត។

លោកក៏បានរៀបរាប់ពីរូបភាពដ៏ពិសេសមួយ គឺនៅពេលព្រឹកព្រលឹម មុនពេលព្រះសង្ឃឡើងព្រះវិហារថ្វាយបង្គំព្រះ មានសាមណេរមួយអង្គកាន់ដងឫស្សីវែង ចុងពុះជាពីរដោយមាន​គាបដុំឥដ្ឋតូចមួយ ឈរនៅកណ្តាលទីធ្លា រួចគ្រវីដងឫស្សីឱ្យចុងទាំងពីរទង្គិចគ្នាឮសូរ ក្រុកៗ ភ្លាមនោះហ្វូងសត្វកុកក៏ស្ងាត់ឈឹងគ្មានឮសូរសំឡេងអ្វីបន្តិច។ នៅពេលព្រះសង្ឃថ្វាយបង្គំព្រះរួច ឱ្យតែឃើញព្រះសង្ឃនិមន្តចេញពីព្រះវិហារ ហ្វូងសត្វកុកក៏ចាប់ផ្តើមបញ្ចេញសំឡេងទ្រហឹងអឺង​កង​ដូចដើមវិញ។

កំណត់ហេតុនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្នាមដិតក្នុងវ័យកុមារភាពរបស់វិទ្យាករវឿងហុង​សេន​ប៉ុណ្ណោះទេ ថែមទាំងជាឯកសារដ៏មានតម្លៃ ឱ្យយើងដឹងនូវទិដ្ឋភាពនៃវត្តស្រឡូងនូវដើមសតវត្សរ៍ទី២០ទៀតផង។

វត្តស្រឡូងនិងស្នាព្រះហស្ថនៃព្រះឧបជ្ឈាយ៍តាំងឌុច

ព្រះឧបជ្ឈាយ៍តាំងឌុច ត្រូវបានចាត់ទុកជាព្រះថេរៈល្បីល្បាញមួយអង្គនៃព្រះពុទ្ធសាសនាថេរ​វាទខ្មែរនាសតវត្សរ៍ទី២០។ ព្រះអង្គប្រសូតនៅឆ្នាំ១៩០៩ នៅភូមិចាកទទឹង ឃុំតាយវ៉ាំង ទី​ក្រុង​កឹងធើ។ ព្រះអង្គគឺជាព្រះសង្ឃដែលពោរពេញដោយគុណធម៌ និងជាអ្នកផ្តួចផ្តើមគំនិត​សាង​សង់ព្រះវិហារវត្តស្រឡូងដោយស្ថាបត្យកម្មដ៏ប្លែក និងល្បីល្បាញទាំងក្នុងនិងក្រៅប្រ​ទេស។

ព្រះឧបជ្ឈាយ៍តាំងឌុច

ព្រះអង្គបួសនៅឆ្នាំ១៩២៧ និងបំពេញឧបសម្បទាជាភិក្ខុ១ឆ្នាំក្រោយមកនៅវត្តហ្លួងបាសាក់បាយឆៅ នៅសង្កាត់មីស្វៀង។ ក្នុងរយៈពេលបួសរៀន ព្រះអង្គបានសិក្សាកម្មដ្ឋានជាមួយព្រះវិបស្សនាចារ្យនឹងចេះចាំគម្ពីរព្រះត្រៃបិដក។

ឆ្នាំ១៩៤៧ បន្ទាប់ពីព្រះចៅអធិការថាច់ជា អនិច្ចធម្ម ដោយសារគ្មានព្រះសង្ឃអង្គណាមានវស្សាចាស់គ្រប់គ្រាន់ដើម្បីទទួលបន្ទុកធ្វើជាព្រះចៅអធិការបន្ត ព្រះសង្ឃ និងពុទ្ធបរិស័ទចំ​ណុះជើងវត្តស្រឡូងបាននិមន្តព្រះអង្គធ្វើជាព្រះចៅអធិការ ហើយព្រះអង្គក៏ជាព្រះចៅអធិការ​ទី៩ នៃវត្តនេះទៅ។

បន្ទាប់ពីទទួលតំណែងជាព្រះចៅអធិការ នៅឆ្នាំ១៩៥០ ព្រះអង្គបានគូរប្លង់ដោយផ្ទាល់ និងដឹកនាំការសាងសង់កុដិធ្វើពីបេតុងពីរជាន់ ប្រវែងជាង២០ម៉ែត្រ ខាងលិចផ្នែកខាងក្រោយព្រះវិហារ។ សំណង់នេះបានសម្រេចក្រោយរយៈពេលសាងសង់៥ឆ្នាំ ដោយមានការចូលរួមពីពុទ្ធបរិស័ទគ្រប់ទិសទី។

ព្រះវិហារវត្តស្រឡូង

ឆ្នាំ១៩៥៥ ព្រះអង្គផ្តួចផ្តើមជួសជុលព្រះវិហារដែលចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង។ ប៉ុន្តែដោយ​សារ​តែស្ថានភាពសង្គ្រាមនិងខ្វះថវិកា បានជាព្រះវិហារនេះបានត្រឹមតែចាក់ដីលើកខឿនឱ្យខ្ពស់ប៉ុណ្ណោះ។

ក្នុងព្រឹត្តិការណ៍តេតម៉ូវថឹង ឆ្នាំ១៩៦៨ អាមេរិកទម្លាក់គ្រាប់បែក និងបាញ់រ៉ុកកែតចូលក្នុងវត្តធ្វើឱ្យខូចខាតសំណង់ជាច្រើន ក្នុងនោះមានព្រះវិហារធ្វើពីឈើផងដែរ។ ហេតុដូច្នេះ ព្រះឧបជ្ឈាយ៍​តាំងឌុច បានរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ឯកភាពគ្នា​សាង​សង់​ព្រះវិហារថ្មី ដែលព្រះអង្គរចនាប្លង់និងចូលរួមសាងសង់ដោយផ្ទាល់។

នៅពេលដែលសំណង់ឈានចូលដល់ដំណាក់កាលចុងក្រោយ វត្តមានការលំបាកជាច្រើនក្នុងការ​ស្វែងរកទិញឥដ្ឋ និងសម្ភារៈសាងសង់។ ម៉្លោះហើយ ព្រះអង្គមានគំនិតផ្តួចផ្តើមយកអំ​បែង​ចាន​មកបិទលើដំបូល និងផ្នែកផ្សេងៗទៀតនៃព្រះវិហារ។ ក្នុងអំឡុងពេលសាងសង់ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមកម្លាំង តាំងពីការជីកដី កាត់ចាន រហូតដល់ការប្រគេនវត្ថុធាតុ​ដើមបម្រើដល់ការសាងសង់។

ប៉ុន្តែ នៅពេលដែលសំណង់ជិតសម្រេច ព្រះឧបជ្ឈាយ៍តាំងឌុច មានអាពាធធ្ងន់ និងទទួលអនិច្ចធម្មនៅឆ្នាំ១៩៨៤។ ដើម្បីបន្តសម្រេចបំណងរបស់ព្រះអង្គ វត្តបាននិមន្តព្រះតេជគុណក្វាច់មេង ពីវត្តបាយឆៅមកធ្វើជាព្រះចៅអធិការ បន្តការសាងសង់រហូតដល់ព្រះវិហារសម្រេចរួចរាល់ និងប្រារព្ធពិធីបញ្ចុះខណ្ឌសីមា។

ទោះបីជាមិនទាន់បានឃើញសំណង់ព្រះវិហាររួចរាល់ក៏ដោយ ប៉ុន្តែព្រះឧបជ្ឈាយ៍តាំងឌុច បានបន្សល់ទុកនូវកេរដំណែលស្ថាបត្យកម្មដ៏វិសេសវិសាល ព្រមទាំងបន្សល់ទុកនូវស្មារតីរក្សាអត្តសញ្ញាណវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។

បច្ចុប្បន្ន ដោយស្មារតីអភិរក្សនូវសិល្បៈវប្បធម៌ដ៏ល្អឯករបស់ជាតិ ព្រះចៅអធិការវត្តស្រឡូងគ្រប់ជំនាន់ រួមជាមួយនឹងគណៈកម្មការវត្ត បានរួមគ្នាថែរក្សាឱ្យកាន់តែអភិវឌ្ឍន៍ កសាងវត្តស្រឡូងទៅជាវត្តដ៏ល្បីល្បាញមួយដោយមានស្ថាបត្យកម្មដ៏ពិសេស ទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសមកទស្សនា៕

វឌ្ឍា

ចែករំលែកអត្ថបទ