ក្នុងចង្វាក់រស់នៅដ៏ប្រញាប់ប្រញាលនៃយុគសម័យថ្មី ពេលដែលតម្លៃវប្បធម៌ប្រពៃណី ហាក់ដូចជាកំពុងសាបរលាបបន្តិចម្តងៗ តែបេះដូងយុវជនខ្មែរនៅខេត្តកាម៉ាវ នៅតែឆេះសន្ធោសន្ធៅដោយទឹកចិត្តស្រឡាញ់ ខិតខំថែរក្សា និងសាយភាយអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ ពួកគេគឺជា "ធនធានវ័យក្មេង" ជា "អ្នកថែរក្សាព្រលឹងវប្បធម៌ខ្មែរ" កំពុងតែចារទំព័រប្រវត្តិសាស្ត្រថ្មីពោរពេញដោយក្តីមោទនភាព។
រៀងរាល់ចុងសប្តាហ៍ នៅវត្តសិរីវង្សាអណ្តូងចេក ឃុំវិញម៉ី ខេត្តកាម៉ាវ សំឡេងតន្ត្រីបានបន្លឺឡើងយ៉ាងអ៊ូអរ អមនឹងសំនៀងច្រៀង បញ្ចូលជាមួយក្បាច់រាំដ៏ទន់ភ្លន់ បង្កើតជាផ្ទាំងទស្សនីយភាពវប្បធម៌ចម្រុះពណ៌។ ចាប់ពីចង្វាក់រាំវង់ សារ៉ាវ៉ាន់ដ៏សាមញ្ញ យុវជនខ្មែរនៅទាំងខិតខំហាត់សមក្បាច់របាំ និងឆៃយ៉ាំយ៉ាងរស់រវើកទៀតផង។ ក្រុមសិល្បៈនីមួយៗរបស់យុវជនទាំងឡាយ ពោរពេញដោយក្ដីស្រឡាញ់ដ៏ធំធេង និងគោលបំណងយ៉ាងមុតមាំក្នុងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ពេលសួរនាំអំពីក្រុមរបាំឆៃយ៉ាំ គឺទឹកមុខញញឹមរីករាយនិងសប្បាយចិត្តរបស់ប្អូនបានបង្ហាញច្បាស់ក្នុងក្រសែភ្នែក ប្អូនយឺថាញសឹង រៀបរាប់៖ “ប្អូនចូលចិត្តរាំឆៃយ៉ាំណាស់ ក្នុងរយៈពេល ៣ ឆ្នាំបានផ្សាភ្ជាប់ជាមួយក្រុមរបាំ ប្អូនមិនត្រឹមតែបំពេញចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកចូលរួមសម្តែងបម្រើក្នុងពិធីបុណ្យដ៏ពិសិដ្ឋនៅវត្តសិរីវង្សាអណ្តូងចេក និងវត្តជិតខាងទៀតផង។ ជាពិសេស ប្អូនបានចូលរួមសម្តែងក្នុងពិធីសមោសរ និងពិធីប្រឡងប្រណាំងថ្នាក់ខេត្ត ទទួលបានជ័យលាភី ធ្វើឱ្យប្អូនមានក្តីរីករាយខ្លាំងណាស់”។

សិល្បការិនី ថាច់ង៉ុកភឿង (កណ្តាល) រាំរបាំជូនពរ។
រឿងរ៉ាវរបស់ យ័ញធីង៉ុកម៉ាយ នៅឃុំនិញក្វើយ ជាភស្តុតាងមួយបង្ហាញពីក្ដីស្រឡាញ់ចូលចិត្ត និងភាពក្លាហានរបស់យុវវ័យ។ ផ្តើមពីក្មេងស្រីម្នាក់ដែលមានទេពកោសល្យខាងច្រៀង និងរាំ ង៉ុកម៉ាយ បានភ្ជាប់និស្ស័យជាមួយវង់ភ្លេងពិណពាទ្យ ជាប្រភេទសិល្បៈមួយសម្រាប់តែបុរស។ ដោយក្តីស្រឡាញ់ចូលចិត្ត និងការខិតខំប្រឹងប្រែងមិនឈប់ឈរ ប្អូនបានជម្នះរាល់គំនិតរើសអើង ក៏ក្លាយជាសមាជិកដ៏សំខាន់ម្នាក់នៃក្រុមភ្លេង បានបង្ហាញខ្លួននៅលើឆាកសម្តែងតូចធំជាច្រើន។ ង៉ុកម៉ាយ រៀបរាប់៖ “ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមប្រគំភ្លេងពិណពាទ្យជាមួយមិត្តប្រុសៗ។ ពេលបានចូលក្រុមភ្លេង ខ្ញុំខិតខំហ្វឹកហាត់ប្រគំឱ្យស្ទាត់ជំនាញ និងបង្រៀនបន្តដល់ប្អូនៗជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ”។ ពាក្យរៀបរាប់ទាំងនោះ មិនត្រឹមតែបង្ហាញពីក្តីមោទនភាពអំពីវប្បធម៌ជនជាតិប៉ុណ្ណោះទេ នៅទាំងជាពាក្យសន្យា និងជាការប្តេជ្ញាចិត្តបន្តការលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុថែរក្សា និងពង្រីកតម្លៃប្រពៃណីដ៏ថ្លៃថ្លា។

ប្អូនង៉ុកម៉ាយ (ទីពីររាប់ពីឆ្វេង) រួមជាមួយក្រុមប្រគំភ្លេងពិណពាទ្យ ក្នុងសមោសរភ្លេងពិណពាទ្យ និងរបាំប្រជាប្រិយថ្នាក់ខេត្ត ឆ្នាំ ២០២២។
ខាងក្រោយនៃការជោគជ័យរបស់យុវជនទាំងឡាយ គឺការយកចិត្តទុកដាក់ និងរវៀសរវៃរបស់លោកគ្រូជាសិល្បករ ដូចជា បងយ័ញទូល នៅឃុំហ្វាប៊ិញ។ កើតក្នុងគ្រួសារដែលមានប្រពៃណីសិល្បៈ បងបានចំណាយពេលមួយជីវិតដើម្បីបង្រៀននូវខ្លឹមសារវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ។ បងបានណែនាំប្អូនៗ ឱ្យចេះលេងឧបករណ៍ភ្លេង និងភ្លេងពិណពាទ្យ និងរបាំឆៃយ៉ាំ រួមចំណែកថែរក្សាតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ។ ចំណែកសិល្បការិនី ថាច់ង៉ុកភឿង ក្រុមសិល្បៈចម្រុះខ្មែរបាកលីវ ខេត្តកាម៉ាវ តែងតែលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកក្បាច់រាំប្រពៃណីរបស់ជនជាតិមកជូនដល់កូនចៅតំបន់ជនរួមជាតិខ្មែរ។ ក្រៅពីការចូលរួមសម្តែងជាមួយក្រុម ចាប់ពីឆ្នាំ ២០១៣ មកដល់បច្ចុប្បន្ន ង៉ុកភឿង បង្កើតបាន២ក្រុមភ្លេង សម្រាប់កុមារនៅតំបន់ជនបទឃុំហឹងហូយ ដោយមានសមាជិកជិត ៧០ នាក់ ដើម្បីបម្រើសកម្មភាពពិធីបុណ្យក្នុងវត្តនិងភូមិស្រុក។ ក្រៅពីនោះ ង៉ុកភឿង ថែមទាំងចងក្រងកម្មវិធីច្រៀងរាំសម្រាប់វត្តអារាមខ្មែរចូលរួមការប្រឡងថ្នាក់ខេត្ត ព្រមទាំងចងក្រងកម្មវិធីសិល្បៈសម្រាប់សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកបាកលីវ ចូលរួមក្នុងទិវាវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរណាមបូ ទទួលបានជ័យលាភីខ្ពស់។ ង៉ុកភឿង បានចែករំលែក៖ “ខ្ញុំសប្បាយចិត្តនិងមានសុភមង្គលណាស់ ដែលបានក្លាយជាគ្រូបង្រៀនរបាំដល់ប្អូនៗនៅស្រុកស្រែចំការ។ រាល់ពេលឃើញប្អូនៗសម្តែងក្បាច់រាំប្រពៃណី ដូចជា៖ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ... រហូតដល់ក្បាច់របាំដូច របាំអប្សរា របាំជូនពរ របាំនារីជាជួរ... ខ្ញុំកាន់តែមានមោទនភាពខ្លាំងឡើង ព្រោះក្បាច់របាំប្រពៃណីរបស់ជនជាតិ តែងបានយុវជនជំនាន់ក្រោយថែរក្សា និងពង្រីកជាបន្តបន្ទាប់”។
ក្នុងចរន្តនៃយុគសម័យថ្មី ពេលដែលទម្រង់វប្បធម៌ជាច្រើនកំពុងសាបរលាបបន្តិចម្តងៗ គឺ "ធនធានយុវវ័យ" នៅតែខិតខំថែរក្សា និងធ្វើឱ្យថ្មីនូវតម្លៃប្រពៃណីមានភាពស្រស់បំព្រងឡើងវិញ។ ពួកគេគឺជាអ្នកដែលកំពុងចារទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ជនជាតិ រួមចំណែកធ្វើឱ្យវប្បធម៌វៀតណាមកាន់តែសម្បូរបែប ជឿនលឿន និងប្រកបដោយអត្តសញ្ញាណជាតិដ៏ជ្រាលជ្រៅ៕
យ្វីអាញ-ត្រឹងរ៉ូន