ចាប់ពីផ្លូវថ្នល់ដែលបានចាក់បេតុង រហូតដល់វាលស្រែដែលបានជំរុញយន្តូបនីយកម្ម ចាប់ពីបណ្តាញអគ្គិសនីជាតិ រហូតដល់ទឹកស្អាត សាលារៀន ដំណាក់សុខាភិបាល និងបណ្តាគោលនយោបាយបន្ថយភាពក្រីក្រដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព សុទ្ធសឹងជាលទ្ធផលនៃការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងខេត្តកាម៉ាវចំពោះតំបន់ជនជាតិភាគតិច។ លទ្ធផលទាំងនោះ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ថែមទាំងបង្កកម្លាំងចលករឱ្យជនរួមជាតិខ្មែរខេត្តកាម៉ាវខិតខំឈានឡើងដោយខ្លួនឯង សកម្មអភិវឌ្ឍសេដ្ឋកិច្ច ថែរក្សាវប្បធម៌ប្រពៃណី និងព្រួតដៃគ្នាកសាងស្រុកកំណើតទៀតផង។
*គោលនយោបាយចូលទៅក្នុងជីវភាពរស់នៅ
បុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរណាមបូឆ្នាំ ២០២៦ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា។ ក្នុងឱកាសនេះ ខេត្តកាម៉ាវបន្តអនុវត្តសកម្មភាពជាច្រើនដើម្បីគិតគូរដល់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិខ្មែរ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវបានសំណូមពរមន្ទីរ គណៈ ផ្នែក អង្គការនយោបាយ-សង្គម និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ម្ចាស់ការអនុវត្តគោលនយោបាយជនជាតិឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា។ បង្កលក្ខណៈងាយស្រួលឱ្យកម្មាភិបាល អ្នករដ្ឋការ បុគ្គលិករដ្ឋ ពលករ សិស្សានុសិស្សនិងនិស្សិតជាជនជាតិខ្មែរចូលរួមបណ្តាសកម្មភាពបុណ្យសែនដូនតា ស្របតាមសេចក្ដីកំណត់ និងលក្ខណៈជាក់ស្តែង។ ទន្ទឹមនឹងនោះ ចាត់តាំងទៅសួរសុខទុក្ខ និងអំណរបុណ្យសែនដូនតានៅតាមវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយខ្មែរ សាលាទាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ព្រះសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាព គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍ជាជនជាតិខ្មែរ។

ក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ ខេត្តកាម៉ាវតែងចាត់តាំងទៅសួរសុខទុក្ខ និងអំណរដល់បណ្តាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
បណ្តាសកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ជាប្រចាំរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចចំពោះជនរួមជាតិខ្មែរ ព្រមទាំងរួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ព្រះឧបជ្ឈាយ៍ ថាច់ហា អនុប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តកាម៉ាវ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងជាព្រះចៅអធិការវត្តមុនីវង្សាបុប្ផារាម សង្កាត់អាងស្វៀង មានថេរដីកាថា កន្លងមក ខេត្តតែងយកចិត្តទុកដាក់ដល់ជីវភាពរបស់ជនជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក។ តាមរយៈនោះ ជនរួមជាតិខ្មែរកាន់តែមានលក្ខណៈឈានឡើង ចូលរួមយ៉ាងសកម្មក្នុងបណ្តាចលនានៅភូមិឋាន ព្រមទាំងប្រតិបត្តិបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
*ហេដ្ឋារចនាសម្ព័ន្ធផ្លាស់ថ្មី ជីវភាពរស់នៅអភិវឌ្ឍ
ប្រសិទ្ធភាពនៃគោលនយោបាយជនជាតិបានបង្ហាញយ៉ាងច្បាស់ តាមរយៈការផ្លាស់ថ្មីក្នុងជីវភាពរបស់ជនរួមជាតិ។ ក្នុងដំណាក់កាលឆ្នាំ ២០១០-២០២៥ ថវិកាជាង ៣.២០០ ពាន់លានដុងបានកៀរគរដើម្បីវិនិយោគដល់តំបន់ជនជាតិភាគតិច។ ប្រព័ន្ធគមនាគមន៍ សាលារៀន សុខាភិបាល និងសំណង់ចាំបាច់នានាបានសុក្រឹតជាបណ្ដើរៗ ចំណែកបណ្តាគោលនយោបាយសុខុមាលភាពសង្គម និងបន្ថយភាពក្រីក្របានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា។ មកដល់ពេលនេះ ១០០% ឃុំតំបន់ជនជាតិភាគតិចមានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលឃុំ បានក្រាលកៅស៊ូ ឬចាក់បេតុង ហើយជាង ៩៩% នៃគ្រួសារប្រជាជនបានប្រើប្រាស់បណ្តាញអគ្គិសនីជាតិ និងជាង ៩០% នៃគ្រួសារបានប្រើប្រាស់ទឹកស្អាតស្របអនាម័យ។ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគ មិនត្រឹមតែបម្រើជីវភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងពង្រីកឱកាសអភិវឌ្ឍផលិត ដោះដូរពាណិជ្ជកម្ម និងងាយស្រួលក្នុងការទទួលបានសេវាកម្មសង្គមជាមូលដ្ឋាន។ លោកហ៊ឺវកែន នៅភូមិភ្នៀត ឃុំហូធីគី បានចែករំលែក៖ “កាលពីមុន ការធ្វើដំណើរមានការលំបាកខ្លាំងណាស់ ជាពិសេសក្នុងរដូវវស្សា ប្រជាជនភាគច្រើនប្រើប្រាស់ទូក កាណូត។ បច្ចុប្បន្ន ផ្លូវបេតុងបានវិនិយោគកសាង ធ្វើឱ្យការធ្វើដំណើរ ការសិក្សារៀនសូត្រ និងការដោះដូរទំនិញមានភាពងាយស្រួលជាងមុន ចំណែកជីវភាពរបស់មាមីងក៏មានការរីកចម្រើនជាជំហានៗផងដែរ”។ មិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ វិធីសាស្ត្រផលិតរបស់មាមីងក៏មានការផ្លាស់ប្តូរជាច្រើនផងដែរ។ លោកយ័ញថ្វាយ នៅឃុំភឿកឡុង បានឱ្យដឹង៖ “បច្ចុប្បន្ន ការផលិតរបស់មាមីងកសិករកាន់តែមានភាពងាយស្រួលជាងមុន ដោយសារមានការជំរុញយន្តូបនីយកម្ម និងការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ព្រមទាំងបច្ចេកវិទ្យាឌីជីថល។ ការផលិតស្រូវចាប់ពីពេលសាបព្រោះរហូតដល់ប្រមូលផល សុទ្ធតែប្រើគ្រឿងយន្តជំនួយ បន្ថយកម្លាំងពលកម្ម បង្កើនទិន្នផលនិងលំនឹងប្រសិទ្ធភាពផលិត”។

ផ្លូវគមនាគមន៍ជនបទនៅតំបន់ជនរួមជាតិខ្មែរខេត្តកាម៉ាវបានវិនិយោគយ៉ាងសមរម្យ។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ លោកងោវ៉ូវថាំង បានសង្កត់ធ្ងន់៖ ការអនុវត្តគោលនយោបាយជនជាតិ គឺជាភារកិច្ចនយោបាយដ៏សំខាន់ ដែលមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង។ ខេត្តបានផ្សព្វផ្សាយអនុវត្តទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវបណ្តាកម្មវិធីទិសដៅជាតិ សេចក្តីសម្រេចចិត្ត និងផែនការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ បានបញ្ចូលគ្នានូវកម្មវិធីបន្ថយភាពក្រីក្រ កសាងជនបទថ្មី និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាច្រើន។ មកទល់ពេលនេះ ផ្លូវថ្នល់បានវិនិយោគកសាង បង្កលក្ខណៈងាយស្រួល ការផលិតមានប្រសិទ្ធភាពជាងមុន លក្ខណៈសិក្សារៀនសូត្រ និងថែទាំសុខភាពបានកែលម្អ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែបានលើកកម្ពស់។ ក្នុងរយៈពេលខាងមុខ ខេត្តកាម៉ាវនឹងបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវបណ្តាកម្មវិធីទិសដៅជាតិ និងគោលនយោបាយចំពោះតំបន់ជនជាតិភាគតិច ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យអប់រំ សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស បន្ថយភាពក្រីក្រ និងការធានាសុខុមាលភាពសង្គម។ តាមរយៈនោះ បន្តបង្កើតមូលដ្ឋានគ្រឹះដើម្បីឱ្យជនរួមជាតិខ្មែរពង្រីកស្មារតីសាមគ្គី ខ្លួនទីពឹងខ្លួន លើកកម្ពស់ជីវភាពនិងរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងខេត្តកាម៉ាវឱ្យកាន់តែរីកចម្រើន៕
យ្វីអាញ - ថាច់ធី